
Health
RFI
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Location:
France
Genres:
Health & Wellness Podcasts
Networks:
RFI
Description:
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Language:
Khmer
Episodes
តើត្រូវសម្អាតជាតិគីមីពុលក្នុងអាហារយ៉ាងដូចម្តេច?
6/25/2025
អាហារ បន្លែផ្លែឈើ ដែលមានជាតិគីមី កំពុងក្លាយជាកង្វល់របស់មនុស្សទូទៅណាស់ រហូតខ្លះសម្រេចចិត្តមិនបរិភោគតែម្តង បើមិនដឹងប្រភពនៃបន្លែផ្លែឈើនោះច្បាស់លាស់។ ចុះបើអង្ករក៏មានជាតិគីមីដែរ តើយើងនឹងឈប់បរិភោគបាយឬយ៉ាងណា? បើតាមការសិក្សាទើបចេញថ្មី អង្ករក៏មានផ្ទុកជាតិគីមីដែរ នាពេលបច្ចុប្បន្ននេះ។ បើដូច្នេះមែន តើវាអាចបង្កហានិភ័យដល់សុខភាពយ៉ាងណា បើខ្មែរយើងបរិភោគបាយជារៀងរាល់ថ្ងៃនោះ?
ជាតិពុលគីមី ក្នុងអាហារ ក្នុងបន្លែផ្លែឈើ ជាអ្វីដែលប្រជាពលរដ្ឋខ្មែរទូទៅខ្លាចរអារ រហូតខ្លះលែងហ៊ានទទួលទាន បើទោះបីជាដឹងថាបន្លែផ្លែឈើមានគុណប្រយោជន៍ធំធេងខ្លាំងសម្រាប់សុខភាពក៏ដោយ។ ចំណែកឯអង្ករសម្រាប់ដាំបាយដែលជាអាហារគ្រឹះរបស់បណ្តាជនជាច្រើនណាស់នៅលើពិភពលោក ក៏មិនបរិសុទ្ធប៉ុន្មានឡើយ។ បើតាមការសិក្សាថ្មីចុងក្រោយបានបង្ហាញថា អង្ករភាគច្រើន មានផ្ទុកទៅសារធាតុគីមីពុលច្រើនប្រភេទណាស់ មានតាំងពីពពួកថ្នាំសម្លាប់សត្វល្អិត ថ្នាំគីមី និងពពួករ៉ែធ្ងន់ ជាពិសេសជាតិគីមី Arsenic។
ករណីរ៉ែធ្ងន់ ប្រភេទArsenic មានឆ្លងទៅក្នុងអង្ករ មិនមែនជាបញ្ហាថ្មីថ្មោងទេ។ គេបានដឹង និងរកឃើញវត្តមានរ៉ែArsenicក្នុងអង្ករតាំងពីយូរមកហើយ ប៉ុន្តែបរិមាណជាតិរ៉ែពុលArsenicនេះ មានកំណើនកាន់តែច្រើនឡើងៗក្នុងអង្ករ ដោយហេតុតែការប្រែប្រួលអាកាសធាតុ។ នេះបើតាមការសិក្សាទើបចេញផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រវេជ្ជសាស្ត្រ The Lancet ដោយបញ្ជាក់លម្អិតថា កំរិតជាតិរ៉ែពុល Arsenic ក្នុងគ្រាប់ស្រូវ និងអង្ករប្រែប្រួលទៅតាម របៀបដាំដុះ ទីតាំងដាំដុះ និងពូជស្រូវ។
Arsenic ជាអ្វី?
ជាសមាសធាតុធម្មជាតិក្នុងស្រទាប់ដី ក្នុងទឹក ក្នុងខ្យល់ គ្មានក្លិន គ្មានរសជាតិ Arsenic ត្រូវបានគេចាត់ទុកជាសារធាតុពុលខ្លាំងក្នុងទម្រង់ជាអសរីរាង្គ ព្រមទាំងធ្លាប់ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំពុលផង។ អង្គការសុខភាពពិភពលោកបានបញ្ចូលArsenic ក្នុងបញ្ជីឈ្មោះភ្នាក់ងារបង្កជំងឺមហារីក សម្រាប់មនុស្សលោក តាំងពីឆ្នាំ១៩៨០មក។ នៅលើពិភពលោក តៃវ៉ាន់ ស៊ីលី បង់ក្លាដែស អាហ្សង់ទីន កម្ពុជា។ល។ និង។ល។ សុទ្ធសឹងជាតំបន់ដែលមានអត្រាជាតិArsenicខ្ពស់។ នេះបើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក។ ការស្រូបខ្យល់ ការបរិភោគអាហារឬទឹក មានជាតិពុលArsenic ជាប្រភពនាំឱ្យមនុស្សទូទៅប្រឈមនឹងគ្រោះកើតជំងឺមហារីកសួត ស្បែក និងប្លោកនោម។ មានក្នុងធម្មជាតិ កាន់តែច្រើនឡើងៗ ដោយការប្រែប្រួលអាកាសធាតុ និងដោយសកម្មភាពឧស្សាហកម្មផលិតជីរគីមីសម្លាប់សត្វល្អិត ថ្នាំពណ៌ ឬឧស្សាហកម្មរ៉ែ Arsenic អាចជ្រៀតឆ្លងចូលទៅបំពុលទឹក បំពុលដំណាំជាពិសេសដល់ក្នុងគ្រាប់ស្រូវ-អង្ករ។ រ៉ែArsenic អាចប៉ះពាល់ពុលដល់សុខភាព ទៅតាមកំរិតនៃការស្រូវជាតិArsenicចូលក្នុងខ្លួន។ ប៉ុន្តែគ្រប់អង្ករមិនសុទ្ធតែមានជាតិArsenicទេ។ របៀបចម្អិន អាចជួយកាត់បន្ថយនិងបញ្ចុះបរិមាណជាតិពុលArsenic នេះបាន។ វិធីដ៏ល្អប្រពៃបំផុត គឺត្រូវត្រាំអង្កររយៈពេល១២ម៉ោង រួចលាងឱ្យស្អាត សិមយកមកដាំ។ នេះបើតាមការណែនាំរបស់វេជ្ជបណ្ឌិតជាតិបារាំង Laurent Chevallier គ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភ។ បើពុំនោះទេ អ្នកវិទ្យាសាស្ត្រអាមេរិកណែនាំឱ្យដាំបាយជាត់ ដូចចាស់បូរាណខ្មែរ ពោលគឺដាំបាន៥នាទី ត្រូវចាក់ទឹកចោល ដោយថែមទឹកថ្មី ដើម្បីឱ្យបាយបានឆ្អិនល្អ។ ការដាំរបៀបនេះ អាចលុបបំបាត់ជាតិពុល បានជិតពីរភាគបីនៃរ៉ែពុលArsenicដែលមានកប់ក្នុងអង្ករ។
បើមិនអាចដាំបាយតាមវិធីទាំងពីរខាងលើបាន អ្នកបរិភោគបាយតិច ក្នុងកំរិតមធ្យមភាគ៥គីឡូម្នាក់ក្នុងមួយឆ្នាំដូចយ៉ាងបណ្តាជនរស់នៅអឺរ៉ុប គ្មានអ្វីគួរឱ្យព្រួយបារម្ភទេ ព្រោះម្យ៉ាងទៀត សរីរាង្គកាយមនុស្សមានយន្តការអាចកម្ចាត់ជាតិរ៉ែធ្ងន់ Arsenic បាន ប្រសិនបើបរិមាណរ៉ែមិនច្រើនជ្រុលហួសហេតុ។ ប៉ុន្តែសម្រាប់ប្រជាជននៅអាស៊ី ពលរដ្ឋម្នាក់ៗទទួលទានបាយមធ្យមជាង១០០គីឡូក្នុងមួយឆ្នាំ។
បន្ទាប់មកទៀត អង្ករអាចមានផ្ទុកសារធាតុគីមី ជាថ្នាំសម្លាប់សត្វល្អិត។ នៅក្នុងគំរូអង្ករជាង៤០មុខដែលមានដាក់លក់នៅលើទីផ្សារបារាំង (អឺរ៉ុប) មួយភាគបីមានផ្ទុកសារធាតុគីមីសម្លាប់សត្វល្អិត។ ជាការប្រៀបធៀប អង្ករបាស្មាទីឥណ្ឌាមានកំរិតជាតិពុលគីមីខ្ពស់ជាងអង្ករមកពីថៃ ដែលមិនសូវប្រើជីរឬថ្នាំគីមីខ្លាំង ហើយជាប្រភេទកសិកម្ម មិនសូវមានលក្ខណៈប្រពលវប្បកម្មខ្លាំង។ ឯអង្ករថៃមានផ្ទុករ៉ែArsenic...
Duration:00:08:03
ធ្វើចលនា ជួយបំបាត់បញ្ហាឈឺចង្កេះ ឈឺខ្នង
6/18/2025
ឈឺខ្នង ឈឺចង្កេះ ក្លាយជាអាការៈរោគប្រចាំសតវត្សរ៍។ ការឈឺចង្កេះនេះ អាចព្យាបាល ដោយធ្វើលំហាត់ និងថ្នាំប្រឆាំងនឹងការរលាកអាចជួយបន្ធូរបន្ថយការឈឺចុកចាប់បាន ឬក្នុងករណីខ្លះ គ្រូពេទ្យត្រូវការប្រើវិធីព្យាបាលដោយវិធីវះកាត់។ ប៉ុន្តែជាកិច្ចការពារនិងដើម្បីកុំឱ្យបញ្ហាឈឺចង្កេះឈឺខ្នងក្លាយជាជំងឺរ៉ាំរ៉ៃនិងធ្ងន់ធ្ងរ មធ្យោបាយដ៏ប្រពៃគឺការធ្វើចលនា។ តើត្រូវធ្វើចលនាដូចម្តេចខ្លះ?
ឈឺចង្កេះ ឬឈឺខ្នងជាអាការៈរោគដែលមនុស្សទូទៅជួបប្រទះញឹកញយណាស់។ នៅប្រទេសបារាំង ក្នុងចំណោមមនុស្ស៥នាក់ មានបួននាក់ហើយជួបបញ្ហាឈឺចង្កេះ-ឈឺខ្នង។ តែជាសំណាងល្អ ក្នុងករណីភាគច្រើន ការឈឺចង្កេះមិនមែនជាជំងឺធ្ងន់ធ្ងន់ទេ។ មូលហេតុចម្បងដែលនាំឈឺចង្កេះឈឺខ្នងនោះ គឺមកពីសាច់ដុំខ្វះកម្លាំងនិងមិនសូវមានចលនានៅត្រង់ចង្កេះ។ ករណីឈឺបែបនេះ គេអាចព្យាបាលជា ដោយត្រូវបញ្ចេញសកម្មភាព និងបំប៉នសាច់ដុំ តាមរយៈលំហាត់ប្រាណ ដើម្បីពង្រឹងសាច់ដុំនិងបន្ទន់តំបន់ចង្កេះឱ្យមានចលនារលូនជាងមុន។
ភ្នាក់ងារសុខាភិបាលបារាំង បានថែមទាំងណែនាំនិងចេញពាក្យស្លោកថា ធ្វើចលនាជាវិធីព្យាបាលដ៏ប្រពៃនៃការឈឺចង្កេះ។ ជាការបញ្ចេញសកម្មភាពដោយសន្សឹមៗ បន្តិចម្តងៗ និងច្រើនឡើងៗជាលំដាប់ ក្នុងបំណងបញ្ចៀសកុំឱ្យអាការៈឈឺខ្នងឈឺចង្កេះក្លាយជាអាការៈ រ៉ាំរ៉ៃទាន់។ ពាក្យថាធ្វើសកម្មភាព ធ្វើចលនា មិនមែនសំដៅលើការបញ្ចេញសកម្មភាពបែបកីឡា ហើយក៏គ្មានដែរលំហាត់កាយសម្ព័ន្ធពិសេសសម្រាប់ព្យាបាលការឈឺចង្កេះនោះ។ គ្រប់កាយវិការ និងចលនាប្រចាំថ្ងៃ ដែលធ្វើដោយមិនបង្ខំ សុទ្ធតែផ្តល់ផលល្អ។ ផ្ទុយទៅវិញ ការសំងំសុខ ស្ពឹកស្រពន់ រកតែភាពស្រណុក មិនបញ្ចេញចលនា និងសកម្មភាពកាយសម្បទា ជាសត្រូវដ៏ចម្បងនៃការឈឺចង្កេះខ្នង ព្រោះអាចនឹងជំរុញមានអាការៈជាប់ខ្នងជាប់ចង្កេះបាន។ ដេកស្ងៀម មិនហ៊ានកម្រើក មិនហ៊ានធ្វើសកម្មភាព មិនហ៊ានដើរ ថមខ្លួនជ្រុលពេកអាចនឹងបង្អូសពេលវេលានៃការជាសះស្បើយទៅវិញទេ។ នេះបើតាមពន្យល់របស់អាជ្ញាធរសុខាភិបាលបារាំងនៅក្នុងទំព័រវេបសាយAmeli.fr។
ប៉ុន្តែសម្រាប់អ្នកជំងឺខ្លះ ការឈឺចង្កេះឈឺខ្នងមានអមដោយអាការឈឺចាក់ចុះទៅជើង ត្រង់ភ្លៅ និងកំភួនជើង ដោយមានអារម្មណ៍ស្ពឹក ស្រពន់ ឬខ្សោយ នៅជើងម្ខាង។ អាការៈនេះគេហៅថាជាជំងឺសរសៃ Sciatique។ មូលហេតុគោលដែលនាំមានបញ្ហាsciatique គឺមកពី ទ្រនាប់ឆ្អឹង ដែលស្ថិតចន្លោះពីឆ្អឹងកងមួយទៅឆ្អឹងកងមួយ ឬដែលយើងមានទម្លាប់ហៅថាឌីស មានបញ្ហា មានភាពមិនប្រក្រតី បាត់ទម្រង់ដើម។
ឌីស ឬទ្រនាប់ឆ្អឹងកង មានតួនាទីជាអ្នកទប់-កល់កុំឱ្យឆ្អឹងកងខ្នងប៉ះកកិតឬបុកទង្គិចគ្នា នៅពេលធ្វើចលនា ឬអុកទង្គិចជាយថាហេតុណាមួយ។ ទ្រនាប់ឆ្អឹងនេះ (Disques intervertébrales) មានរចនាសម្ព័ន្ធស្មុគស្មាញ ផ្សំដោយប្រព័ន្ធសរសៃប្រសាទផង ឆ្អឹងខ្ចីផង និងស្នូលជាខ្លាញ់អន្ធឹលៗផង។ នៅពេលមានការទង្គិចអុកគ្នាខ្លាំង គឺឆ្អឹងកងជាអ្នកខូចខាតមិនមែនទ្រនាប់ឆ្អឹងឌីសនេះទេ។ ទ្រនាប់ឌីស មាននាទីជាអ្នកធានាការធ្វើចលនារបស់ឆ្អឹងខ្នង កុំឱ្យកកិតគ្នា និងមានសកម្មភាពជាអ្នកអប ទប់កុំឱ្យមានករណីអុកទង្គិចខ្លាំង។
ប៉ុន្តែ ដោយមូលហេតុផ្សេងៗ ទ្រនាប់ឌីសបានចាស់រិចរិល ខូចទម្រង់ដើម ឬបាត់បង់សមត្ថភាពរបស់ខ្លួន ឬលៀនឌីសដូចទម្លាប់ហៅរបស់បណ្តាជនខ្មែរភាគច្រើន ទើបធ្វើឱ្យសរសៃsciatiqueរលាក ហើយលេចអាការៈឈឺចុកចាប់ឡើង នៅត្រង់ចង្កេះ និងនៅជើង។ ជាការឈឺចុកចាប់យ៉ាងខ្លាំង ស្ទើរទ្រាំមិនបាននាពេលខ្លះ។ ហេតុដូច្នេះហើយបានគ្រូពេទ្យត្រូវចាប់ផ្តើមព្យាបាល ដោយជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺបាត់ឈឺ។ ជាទូទៅ និងជាដំបូងគេ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យលេបថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងនឹងការរលាក Anti-inflammatoire ឬពពួកCorticoïde ដើម្បីកាត់បន្ថយអាការៈរលាកទ្រនាប់ឆ្អឹង និងសរសៃប្រសាទ។ បន្ទាប់មក បើតាមវេជ្ជបណ្ឌិតប្រចាំវិទ្យុជាតិបារាំង លោក Martin Ducret នៅពេលការឈឺចុកចាប់ចុះថយ អ្នកជំងឺចាំបាច់ត្រូវហាត់ធ្វើចលនាពីសំណាក់គ្រូពេទ្យជំនាញផ្នែកចលនា នូវលំហាត់មួយចំនួន តាមវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺវិធីសាស្ត្រ McKenzie។
តើវិធីសាស្ត្រMcKenzieជាអ្វី?
រកឃើញនៅឆ្នាំ១៩៥០ Mckenzie ជាវិធីសាស្ត្រព្យាបាលដោយចលនា ដើម្បីជាកិច្ចការពារផង ជាកិច្ចព្យាបាលអាការៈឈឺចង្កេះឈឺខ្នង។ អាជ្ញាធរសុខាភិបាលបារាំង បានណែនាំជាផ្លូវការ ឱ្យប្រើវិធីសាស្ត្រMcKenzie...
Duration:00:08:35
បន្លែជ្រក់-ត្រាំ ជាអាហារល្អសម្រាប់សុខភាព?
6/11/2025
ម្ហូបអាហារទទួលទាន ក៏មានប្រជាប្រិយភាពឡើងចុះដែរ។ ត្រសក់ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃជ្រក់ ជ្រក់បន្លែគ្រប់មុខ គីមឈី... វិធីត្រាំឬជ្រក់បន្លែដើម្បីទុកបរិភោគបានយូរថ្ងៃ កំពុងពេញនិយមឡើងវិញ ដោយគេជឿថាអាហារប្រភេទនេះអាចជួយបង្កើនបាក់តេរីល្អនៅក្នុងពោះ។ តើអាហារជ្រក់ បន្លែត្រាំ មានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងណាចំពោះសុខភាព?
ជារបៀបរក្សាទុក មានធ្វើនៅក្នុងស្ទើរគ្រប់វប្បធម៌គ្រប់តំបន់ បន្លែត្រាំ បន្លែជ្រក់ កំពុងក្លាយជាអាហារដ៏ពេញនិយម ជាថ្មី តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ខ្មែរធ្វើជ្រក់ ត្រសក់ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃជ្រក់ ជ្រក់បន្លែគ្រប់មុខ ម្ទេសត្រាំ កូរ៉េធ្វើគីមឈី បារាំងធ្វើស៊ូក្រូត ... គ្រឿងត្រាំ គ្រឿងជ្រក់ គ្រឿងផ្អាប់ទាំងអស់នេះ មនុស្សលោកចេះធ្វើតាំងពីយូរយារ តាំងពីសម័យមិនទាន់មានទូរទឹកកក។ ការត្រាំ ការធ្វើជ្រក់ ជាវិធីសាស្ត្រ នៃការរក្សាទុកអាហារបែបបូរាណ តាមដំណើរធម្មជាតិ ដោយយកបន្លែទៅត្រាំឬទៅប្រលាក់ផ្អាប់ក្នុងទឹកអំបិល។ ចុះតាមបែបវិទ្យាសាស្ត្រនិងគីមីវិទ្យាវិញ តើរបៀបរក្សាទុកបន្លែឱ្យបានយូរ តាមរយៈការត្រាំ ឬដោយធ្វើជ្រក់ ហៅតាមរបៀបខ្មែរ មានគុណប្រយោជន៍យ៉ាងណាចំពោះសុខភាព?
បើតាមការពន្យល់របស់លោក Rafael Haumont សាស្ត្រាចារ្យនិងជាអ្នកឯកទេសស្រាវជ្រាវម្ហូបតាមបែបវិទ្យាសាស្ត្រ (គីមីវិទ្យា) វិធីត្រាំបន្លែ ជារបៀបរក្សាទុកបន្លែឱ្យបានយូរ ដោយមិនឆ្លងកាត់ការចំអិនលើភ្លើងសម្លាប់មេរោគ។ ម្ហូបមិនប្រើកំដៅល្អខ្លាំងណាស់បើគិតពីគុណប្រយោជន៍ផ្នែកសុខភាព ព្រោះវាអាចរក្សាវីតាមីនរបស់បន្លែនោះបានស្ទើរទាំងស្រុង។ វីតាមីនខ្លាចភ្លើងនិងកម្តៅណាស់ ជាពិសេសវីតាមីនសេ។ សម្រាប់លោកសាស្តាចារ្យ Haumont ត្រាំឬជ្រក់បន្លែជាវិធីប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយអាហារ គោរពបរិស្ថាន សន្សំសំចៃថវិកា និងល្អសម្រាប់សុខភាពទៀត។
វិធីត្រាំអាហារ មានច្រើនយ៉ាង និងច្រើនមុខដែលអាចផ្តល់លទ្ធផលប្លែកគ្នាខ្លាំង ទៅតាមការលាយគ្រឿងផ្សំ ដោយ ត្រូវការតែបន្លែ ទឹក អំបិល និងក្រឡស្អាតមួយអាចបិទជិត រួចទុកដាក់ក្នុងទីកន្លែងត្រជាក់ ស្ងួតមិនត្រូវថ្ងៃជាការស្រេច។ ជាគោលការណ៍ ការត្រាំផ្អាប់អាហារក្នុងទឹកអំបិលដើម្បីរក្សាទុកបានយូរ មានដំណើរតែមួយដូចគ្នា គឺប្រើបាក់តេរីឱ្យ បំប្លែង។ យន្តការត្រាំផ្អាប់នេះ អាចនាំឱ្យជាតិស្ករឬអាមីដុងឱ្យបំប្លែងទៅជាអាល់កុល និងពីអាល់កុលទៅជាទឹកខ្មេះ ឬពីស្ករទៅជាអាស៊ីតឡាទិក (ជូរ)។ ក្នុងករណីត្រាំឬជ្រក់បន្លែ គេឱ្យទុកឱ្យបាក់តេរីបំប្លែងជាតិស្កររបស់បន្លែ ផ្លែឈើ ឱ្យទៅជាអាស៊ីតឡាក់ទិក ដើម្បីប្តូរសណ្ឋាននិងរសជាតិបន្លែ ហើយជួយរក្សាអាហារឱ្យទុកបានយូរ តាមរយៈការជំរុញបាក់តេរីល្អឱ្យលូតលាស់ និងរារាំងកម្ចាត់បាក់តេរីអាក្រក់។ គឺអំបិលនិងការផ្អាប់បំប្លែងទៅជាអាស៊ីតឡាក់ទិកជាតិជូរនេះហើយដែលធ្វើឱ្យបន្លែមានរសជាតិជូរអែមដ៏សែនឆ្ងាញ់។ បើជាអំបិលតែឯង ឬផ្អាប់តែឯង មិនគ្រប់គ្រាន់ទេ។
សូមបញ្ជាក់ថា គ្រប់បន្លែ ផ្លែឈើទាំងអស់សុទ្ធតែមានមីក្រូសរីរាង្គ ដូចជាបាក់តេរី មេ ឬ ផ្សិត រាប់ពាន់លាន។ ទោះបីជាលាងសម្អាតយ៉ាងដូចម្តេចក៏មិនអស់ដែរ។ តែយើងក៏ត្រូវការឱ្យនៅសល់បាក់តេរីខ្លះដែរ ដើម្បីជួយបំប្លែងជាតិស្ករ fructoses glucose Saccharose របស់បន្លែផ្លែឈើ ទៅជាអាស៊ីតឡាក់ទិក ដែលបើទុកកាន់តែយូរ អាហារកាន់តែជូរ និងជួយញែករើសទុកបាក់តេរីល្អៗ ហើយកម្ចាត់បាក់តេរីដែលមិនល្អចេញ។ បាក់តេរីមិនមែនសុទ្ធតែជាសត្រូវរបស់មនុស្សលោក ដូចការគិតពីមុនទេ។ បាក់តេរីមានល្អ មានអាក្រក់។ វេជ្ជសាស្ត្រទើបរកឃើញគុណសម្បត្តិនៃបាក់តេរីសម្រាប់សុខភាព។
មានន័យថា ការបរិភោគបន្លែត្រាំឬជ្រក់ ជាប្រភពនាំបាក់តេរីធម្មជាតិល្អៗ ទៅជួយបង្កើនលំនឹងដល់ពពួកមីក្រូសរីរាង្គ (Microbiote) នៅក្នុងពោះវៀន។ នៅពេលមានលំនឹងមីក្រូប៊ីយ៉ុង ដំណើរការរំលាយអាហារក៏ល្អ សុខភាពប្រព័ន្ធរំលាយអាហារក៏លែងសូវមានបញ្ហា។ បើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជំនាញផ្នែកក្រពះពោះវៀន នៅក្នុងខ្លួនមនុស្សយើងមាន ក្រុមមីក្រូសរីរាង្គដូចជាបាក់តេរីផ្សិតវីរុស ដែលហៅតាមភាសាបច្ចេកទេសថាមីក្រូប៊ីយ៉ុតរស់ផ្តុំគ្នាក្នុងប្រព័ន្ធរំលាយអាហារ (ពីមាត់ទៅទ្វាធំ) ក្នុងចំនួនរាប់ពាន់កោដិលាន ឬស្មើនឹងប្រមាណមួយគីឡូកន្លះឯណោះ។ មីក្រូប៊ីយ៉ុតនេះមានភារកិច្ចរំលាយអាហារ ផលិតវីតាមីន ប្រព័ន្ធការពារខ្លួន...
Duration:00:09:51
បារីអេឡិចត្រូនិកអាចប៉ះពាល់ដល់សុខភាពខ្លាំងជាងបារីធម្មតា?
6/10/2025
ទិវាពិភពលោកប្រឆាំងនឹងថ្នាំជក់ ឆ្នាំ២០២៥ ផ្តោតប្រធានបទទៅលើឥទ្ធិពលអាក្រក់នៃឧស្សាហកម្មថ្នាំជក់ទៅលើយុវវ័យ។ ដើម្បីទាក់ទាញក្មេងឱ្យជក់ ឧស្សាហកម្មបានប្រើក្លិន ប្រើរសជាតិបន្ថែម កែច្នៃប្តូរទម្រង់ ផ្លាស់របៀបជក់ បង្កើតផលិតផលបារីអេឡិចត្រូនិកថ្មីៗ ប្លែកៗ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការជក់បារីអេឡិចត្រូនិកបានកើនឡើងនៅទូទាំងពិភពលោក ក្នុងចំណោមក្មេងជំទង់និងក្មេងទើបពេញវ័យ។ តើបារីអេឡិចត្រូនិកជាអ្វី ? អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងនាំឱ្យញៀនដូចបារីធ្វើពីថ្នាំជក់ដែរទេ?
បង្កើតឡើងនៅឆ្នាំ២០០៦ នៅប្រទេសចិនដោយHon Lik បារីអេឡិចត្រូនិកផលិតឡើងក្នុងទម្រង់ជាស្រដៀងនឹងបារីបូរាណ ក្នុងគោលការណ៍តែមួយ គឺបឺតបង្ហុយផ្សែង ដែលបានមកពីដុតកម្តៅល្បាយរាវ ក្នុងសីតុណ្ហភាពស្រទន់ត្រឹមប្រមាណ៦០អង្សា។ ល្បាយរាវក្នុងបារីអេឡិចត្រូវនិក ឬហៅកាត់ថាល្បាយអេឡិចត្រូនិកនេះ មានសមាសធាតុផ្សំច្រើនមុខខ្លាំងណាស់ ដោយអាចមានទាំងជាតិនីកូទីនមួយដែរផង។ ចំណែកក្លិនក៏មានច្រើនប្លែកៗគ្នា។ បច្ចុប្បន្ននេះបារីអេឡិចត្រូនិក (E-cigarette) មានរសជាតិ និងក្លិនជាង៧៧០០មុខ កំពុងធ្វើចរាចរណ៍ និងមានឈ្មោះហៅប្លែកៗគ្នាច្រើន។ នៅប្រទេសកម្ពុជា គេច្រើនហៅខ្លីថាវ៉ាប់។
គ្រោះថ្នាក់នៃបារីអេឡិចត្រូនិក
កាន់តែពេញនិយម គ្រោះថ្នាក់នៃបារីអេឡិចត្រូនិកចំពោះសុខភាព ក៏ត្រូវបានរកឃើញកាន់តែច្រើនឡើងៗដែរ។
ការសិក្សាថ្មីដំបូងរបស់សកលវិទ្យាល័យManchester បានរកឃើញថា ការបឺតបារីអេឡិចត្រូវនិក អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងជាងជក់បារីបូរាណទៅទៀត។ អ្នកប្រព្រឹត្តការជក់បារីអេឡិចត្រូនិក មានហានិភ័យខ្លាំងនឹងកើតជំងឺភ្លេច ជំងឺបេះដូង និងជំងឺខូចសរីរាង្គ។ វេជ្ជបណ្ឌិត Maxime Boidin អ្នកទទួលខុសត្រូវលើការសិក្សា ស្តីអំពីឥទ្ធិពលរយៈពេលយូរនៃការបឺតបារីអេឡិចត្រូនិក ចំពោះសុខភាព បានពន្យល់ថា អ្នកជក់បារីធម្មតា ត្រូវដើរចេញទៅក្រៅដើម្បីជក់ អស់មួយដើមត្រូវអុជជក់មួយដើមទៀត។ ប៉ុន្តែសម្រាប់អ្នកបឺតបារីអេឡិចត្រូនិក គេអាចបឺតមួយខ្សឺតហើយមួយខ្សឺតទៀត តគ្នា នៅកន្លែងណាក៏បានជាហេតុធ្វើឱ្យគេពិបាករាប់បរិមាណនៃការជក់ណាស់។ ម្យ៉ាងទៀត បើតាមលោកវេជ្ជបណ្ឌិតដដែល បារីអេឡិចត្រូនិក ជាល្បាយនៃធាតុរ៉ែនិងផលិតផលគីមី ព្រមទាំងសារធាតុបន្ថែមក្លិននិងរសជាតិសិប្បនិម្មិត ដែលអាចបង្កឱ្យមានការរលាក និងកំណើនកោសិកាសេរី ធ្វើឱ្យយន្តការការពារខ្លួនចុះខ្សោយ។ ជាផលវិបាក បើតាមលោកវេជ្ជបណ្ឌិតMaxime Boidin ការបឺតល្បាយអេឡិចត្រូនិកនឹងធ្វើឱ្យផ្ទៃខាងក្នុងនៃសរសៃអាទែមានរបួស មានដំបៅ ហើយកោសិកាល្អងាប់។ នៅពេលមានស្នាមមានរបួស សរសៃឈាមអាទែច្បាស់ជាគ្មានសមត្ថភាពរលាស់ រីករួម ជារោគសញ្ញានាំទៅមានជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ។ ឯលំហូរចរន្តឈាមទៅចិញ្ចឹមសរីរាង្គ និងខួរក្បាលក៏លែងត្រឹមត្រូវគ្រប់គ្រាន់ វិបត្តិខួរក្បាលចុះខ្សោយ អន់បញ្ញាស្មារតីពោលគឺការភ្លេចភ្លាំងនឹងលេចឡើង។ សម្រាប់ក្រុមអ្នកស្រាវជ្រាវនេះ បារីអេឡិចត្រូនិក គួរតែស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងហ្មត់ចត់បំផុតពីអាជ្ញាធរ និងអាចប្រើប្រាស់បានតាមរយៈវេជ្ជបញ្ជា ក្នុងរយៈពេលដ៏ខ្លី សម្រាប់ជួយផ្តាច់ការញៀនបារី។
បារីអេឡិចត្រូនិកនឹងក្លាយជាអាវុធមុខពីរ។
បារីអេឡិចត្រូនិកអាចញៀនដូចជក់បារីបូរាណ?
ត្រូវបានគេចាត់ទុកកាលពីដំបូង ថាជម្រើសមួយ សម្រាប់ផ្តាច់បារី ផ្តាច់ភាពញៀននឹងជាតិនីកូទីន បារីអេឡិចត្រូនិកកំពុងពេញនិយមកាន់តែខ្លាំងឡើងក្នុងស្រទាប់យុវវ័យជាក្មេងជំទង់និងក្មេងទើបធំពេញវ័យ ដែលជាវ័យងាយរងគ្រោះខ្លាំង។ និន្នាការនេះបានក្លាយជាក្តីបារម្ភពិតនិងយ៉ាងជាក់ស្តែងសម្រាប់សុខភាពសាធារណៈ ព្រោះបារីអេឡិចត្រូនិកអាចជាឱកាសស្រូបបឺតយកជាតិដ៏គ្រោះថ្នាក់ ដែលធ្វើប៉ះពាល់ដល់ខួរក្បាល។ ហើយខួរក្បាលក្មេង ក្នុងវ័យជំទង់ ជាខួរក្បាលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយ និងងាយទទួលភាពញៀនពីជាតិនីកូទីនខ្លាំងណាស់។ ដូច្នេះ បុគ្គលដែលចាប់ផ្តើមបឺតបារីអេឡិចត្រូនិកនៅវ័យជំទង់ប្រឈមនឹងហានិភ័យញៀននីកូទីនខ្ពស់ជាងអ្នកចាប់ផ្តើមជក់នៅវ័យចំណាស់ខ្លាំងឆ្ងាយណាស់។
អ្នកជំនាញសុខភាពបានដឹងយ៉ាងច្បាស់ ថាជាតិនីកូទីនជះឥទ្ធិពលអាក្រក់ខ្លាំងណាស់លើលូតលាស់នៃខួរក្បាលរបស់ក្មេងជំទង់ ដោយអាចធ្វើឱ្យក្មេងមានវិបត្តិផ្ចង់អារម្មណ៍ វិបត្តិក្នុងការសិក្សា...
Duration:00:07:27
ដុំស្បូន៖ វិធីវះកាត់ជំនាន់ក្រោយ មិនសូវឈឺចាប់និងគ្មានបន្សល់ស្លាកស្នាម
5/28/2025
គីស ដុំសាច់ ក្នុងស្បូន ជាករណីដែលកើតមានជាញឹកញាប់លើស្ត្រី។ គីស ឬដុំសាច់នេះ មិនសុទ្ធតែកាច ក្លាយជាជំងឺមហារីកទេ។ ប៉ុន្តែ អាការៈតម្រូវឲ្យ គ្រូពេទ្យវះកាត់យកវាចេញ។ តើគីសប្រភេទណា ត្រូវយកចេញ ? គីសណាអាចទុកតាមដានបាន? ការវះកាត់យកចេញប្រព្រឹត្តទៅយ៉ាងដូចម្តេច?
បទសម្ភាសន៍របស់អៀង សុខម៉ិញ ជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នាយកឯកទេសផ្នែកសម្ភព រោគស្ត្រី និងជាប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ។
Duration:00:12:10
ជំងឺមិនឆ្លងកំពុងក្លាយជាជំងឺរាតត្បាតថ្មី?
5/21/2025
អាជ្ញាធរសុខាភិបាលកម្ពុជា បានអះអាងថា កម្ពុជាកំពុងប្រឈមនឹងកំណើនជំងឺមិនឆ្លង ដែលស្ទើរក្លាយជាមូលហេតុទីមួយនៃមរណភាពរបស់ពលរដ្ឋ។ បើមិនឆ្លងផង ហេតុអ្វីជំងឺនេះមានកំណើនខ្លាំង? តើអ្វីជាកត្តាជំរុញឱ្យមានជំងឺមិនឆ្លង ? តើគេអាចទប់ស្កាត់និងបង្ការជំងឺមិនឆ្លងបានដែរឬទេ?
មនុស្សគ្រប់រូបប្រយ័ត្នប្រយែងខ្លាំងណាស់ ខ្លាចឆ្លងមេរោគ ឆ្លងជំងឺផ្សេងៗ ពីអ្នកដទៃ។ អាជ្ញាធរប្រទេសនីមួយៗក៏ប្រឹងប្រែងខ្លាំងដែរក្នុងការបើកយុទ្ធនាការជាតិ ឬមូលដ្ឋាន ចាក់ថ្នាំបង្ការ ឬរកមធ្យោបាយទប់ស្កាត់ជំងឺឆ្លង។ ប៉ុន្តែបច្ចុប្បន្ននេះ បើតាមស្ថិតិពិភពលោក ជំងឺមិនឆ្លងកំពុងសម្លាប់មនុស្សច្រើនជាងគេ។ នៅឆ្នាំ២០២១ មានមនុស្សជាង៤៣លាននាក់បានស្លាប់ ដោយជំងឺមិនឆ្លង ពោលគឺស្មើនឹងប្រមាណ៧៥%នៃចំនួនមរណភាពសរុបនៅលើពិភពលោក ដែលមិនពាក់ព័ន្ធនឹងជំងឺរាតត្បាត។ នៅក្នុងឆ្នាំ២០២១ដដែល ជំងឺមិនឆ្លងបានសម្លាប់មនុស្សអាយុក្រោម៧០ឆ្នាំអស់១៨លាននាក់ ឬស្មើនឹង៨២%នៃមរណភាពមុនកាលនៅតាមបណ្តាប្រទេសក្រីក្រនិងមធ្យម។ នេះបើតាមតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក។ មិនដូចជាការគិត ជំងឺមិនឆ្លងមិនមែនជាជំងឺរបស់ប្រទេសអ្នកមានទេ ៧៣%នៃអ្នកស្លាប់ដោយជំងឺមិនឆ្លង រស់នៅក្នុងប្រទេសក្រីក្រនិងមធ្យម។
ជាក់ស្តែង នៅប្រទេសកម្ពុជា បើតាមលទ្ធផលអង្កេតរបស់ក្រសួងសុខាភិបាល ដោយមានជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០២៣ ករណីជំងឺមិនឆ្លងបានកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ និងក្លាយជាមូលហេតុទីមួយនៃមរណភាព ដែលមានចំនួនប្រមាណ៦ម៉ឺននាក់ក្នុងមួយឆ្នាំ។ អាជ្ញាធរសុខាភិបាលកម្ពុជាបានទទួលស្គាល់ថាជាស្ថានភាពអាក្រក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋប្តូរទម្លាប់រស់នៅ។
តើជំងឺមិនឆ្លងនេះជាអ្វី?
ដូចឈ្មោះហៅ ជំងឺមិនឆ្លង ជាក្រុមជំងឺដែលមិនបង្កឡើងដោយការឆ្លងពីអ្នកផ្សេង ឬដោយការចម្លងមេរោគឱ្យគ្នា ឬអាចហៅម្យ៉ាងទៀត ថាជាជំងឺរ៉ាំរ៉ៃ និងជាជំងឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងឥរិយាបថរបស់បុគ្គលខ្លួនឯង ភ្ជាប់ដោយកត្តាពូជ កត្តាសរីរៈវិទ្យា និងបរិស្ថាននៅជុំវិញខ្លួន។ ជំងឺមិនឆ្លងច្រើនតែឈឺអូសបន្លាយទៅតាមពេលវេលា ហើយទាមទារការព្យាបាល និងថែទាំយូរអង្វែង ទម្រាំបានជាសះស្បើយឡើងវិញ។
ជំងឺមិនឆ្លងដ៏ធំចម្បងគេ មានបួន គឺជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ វិបត្តិផ្លូវចិត្ត បញ្ហាខួរក្បាល ក៏ចាត់បញ្ចូលជាជំងឺមិនឆ្លង ដែលកំពុងមានកំណើនខ្លាំងដែរ។ ជំងឺក្រពះពោះវៀន ជំងឺថ្លើម ជំងឺវង្វេងវង្វាន់ ក្រលៀនតម្រងនោម និងអត្តឃាត ក៏ស្ថិតក្នុងចង្កោមជំងឺមិនឆ្លងធំៗ ១០ដំបូងគេដែរ។
ដោយលម្អិត ជំងឺមហារីកបានកើនស្ទើរទ្វេដង នៅទូទាំងពិភពលោក ជាពិសេសក្នុងចំណោមអ្នកជំងឺក្មេងអាយុក្រោម៥០ឆ្នាំ។ កម្ពុជា ជាឧទាហរណ៍ពិតៗ ដោយមានអត្រាអ្នកកើតជំងឺមហារីកកើនឡើងដល់ទៅ៨៧,៤២%នៅឆ្នាំ២០២៤ជាមួយនឹងអត្រាមរណៈខ្ពស់ខ្លាំងដល់ទៅជាង៧០% ឬបើគិតជាចំនួន មានស្លាប់ជាមធ្យម៣៨នាក់ក្នុងមួយថ្ងៃៗ។ នេះបើតាមស្ថិតិរបស់ក្រសួងសុខាភិបាលកម្ពុជា។ ចំណែកជំងឺទឹកនោមផ្អែម បានកើនឡើង៥៩% នៅឆ្នាំ២០២៤បើប្រៀបទៅនឹងឆ្នាំ២០២៣។ សន្ទុះដ៏ខ្លាំងហួសនិស្ស័យ និងគួរឱ្យភ្ញាក់ផ្អើលបំផុត គឺករណីជំងឺផ្លូវចិត្ត។ Le petit Journal Cambodge បានចុះផ្សាយនៅថ្ងៃទី៦ឧសភា២០២៥ ថាមានអ្នកជំងឺផ្លូវចិត្តចំនួនជាង២សែន៨ម៉ឺនករណីថ្មីនៅឆ្នាំ២០២៤។ ជំងឺមិនឆ្លងគួរជាទីព្រួយបារម្ភមួយទៀត ទាក់ទងជំងឺសរសៃឈាមបេះដូង (ជំងឺលើសឈាម) បានកើនឡើង២១,៤%។ នេះបើតាមប្រភពដដែល។
តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យមានករណីជំងឺមិនឆ្លងកើនឡើងយ៉ាងខ្លាំងដូច្នេះ?
កុមារ មនុស្សធំពេញកម្លាំង មនុស្សចាស់ ប្រឈមនឹងកត្តាហានិភ័យនៃជំងឺមិនឆ្លងដូចគ្នា។ កត្តាហានិភ័យនាំឱ្យកើតជំងឺមិនឆ្លងមានច្រើនយ៉ាង៖
ទីមួយ ឥរិយាបថនៃការរស់នៅ។ ការជក់បារី ស្រូបផ្សែងបារីពីគេ របៀបរបបហូបចុកប្រចាំថ្ងៃ (ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក) ផឹកស្រាហួសហេតុ និងកង្វះសកម្មភាពផ្លូវកាយ សុទ្ធសឹងជាកត្តាហានិភ័យបង្កើនគ្រោះកើតជំងឺមិនឆ្លងហើយ។
ទីពីរ គឺកត្តាមេតាបូលិក។ របបអាហារមិនល្អ និងភាពអសកម្មមិនបញ្ចេញចលនាកាយសម្បទា អាចជំរុញឱ្យលេចឡើងនូវអាការៈ លើសឈាម (មានសម្ពាធឈាមខ្ពស់) លើសជាតិស្ករ លើសជាតិខ្លាញ់ និងឡើងធាត់ជ្រុលចុកខ្លាញ់។ អាការៈទាំងអស់នេះ ជាកត្តាហានិភ័យមេតាបូលិក ដែលនាំឆ្ពោះទៅរកជំងឺសរសៃឈាមបេះដូង គ្រោះថ្នាក់ស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល ឬ នៅបេះដូង។
កត្តាបរិស្ថាន ជាពិសេសខ្យល់ពុលក្នុងបរិយាកាស និងខ្យល់ពុលក្នុងផ្ទះ...
Duration:00:10:22
តើមានមធ្យោបាយបញ្ចៀសអាការៈពុលឡានទេ?
5/2/2025
អ្នកពុលឡានខ្លាចណាស់ការធ្វើដំណើរ។ ការដើរសម្រាកកំសាន្តវិស្សមកាលអាចក្លាយជាទណ្ឌកម្ម ព្រោះនៅពេលជិះឡាន អ្នកពុល អាចមានអាការៈមិនស្រួលខ្លួន វិលមុខ ចង់ក្អួត ចង្អោរ ឬបែកញើសស្អិត ។ល។ និង។ល។ ហេតុអ្វីបានជាគ្រាន់តែជិះក្នុងឡានសោះ ក៏ពុលដែរ? តើមានវិធីបង្ការ និងប្រយុទ្ធប្រឆាំងការពុលឡានដែរឬទេ?
គ្រាន់តែឮថាត្រូវធ្វើដំណើរឆ្ងាយដោយជិះរថយន្ត ជិះយន្តហោះ ឬជិះកប៉ាល់ អ្នកខ្លះព្រួយខ្វល់ឡើងឈឺជាមុនស្រេចទៅហើយ។ អ្នកខ្លះទៀត សុខចិត្តនៅផ្ទះ មិនធ្វើដំណើរតែម្តងផង ព្រោះពួកគេជំងឺពុលឡាន។
ហេតុអ្វីពុលឡាន?
កប៉ាល់ជាមធ្យោបាយធ្វើដំណើរដែលផ្តល់អាការៈពុលខ្លាំង និងច្រើនជាងគេ។ ករណីពុលឡានមានច្រើនជាងករណីពុល រថភ្លើងនិងយន្តហោះ។ ជាទូទៅ អាការៈពុលឡានច្រើនលេចឡើងជាញឹកញាប់ខ្លាំងលើ ស្ត្រី កុមារ អាយុពី២ទៅ១២ឆ្នាំ ដែលនឹងជាបាត់ទៅវិញ នៅពេលចម្រើនវ័យកាន់តែធំឡើង។ មនុស្សចាស់អាយុចាប់ពី៥០ឆ្នាំឡើងទៅ ក៏លែងសូវ ឬកម្រមានអាការៈពុលឡានណាស់។
អាការៈពុលមធ្យោបាយធ្វើដំណើរ ឬនិយាយឱ្យខ្លី ពុលឡាន បណ្តាលមកពីខួរក្បាលទទួលព័ត៌មានផ្ទុយគ្នា ដោយភ្នែកមើលឃើញផ្សេង ត្រចៀកស្តាប់ឮផ្សឹងនិងអារម្មណ៍ប្រាប់ផ្សឹង។ ភ្នែកមើលឃើញទៅមុខ (កំពុងធ្វើដំណើរ) តែខ្លួននៅអង្គុយស្ងៀម អត់មានរង្គើដើរសោះ។ ឧទាហរណ៍ នៅពេលជិះឡាន យើងអង្គុយក្នុងឡានដែលកំពុងធ្វើចលនាបើកទៅមុខ ខ្លួនប្រាណទាំងមូល នៅនឹងស្ងៀម ប៉ុន្តែភ្នែកមើលឃើញវត្ថុមានចលនា។
ខ្លួនយើងមានលំនឹង សុខស្រួល អាចដើរឈរអង្គុយបាន ដោយសារតែមានកិច្ចសហការគ្នាល្អរវាងប្រព័ន្ធវិញ្ញាណ គឺប្រព័ន្ធកាយវិញ្ញាណ សោតវិញ្ញាណ និងចក្ខុវិញ្ញាណ ពោលគឺ បាតជើង ត្រចៀក ភ្នែក។ ខួរក្បាលវិភាគជាប្រចាំរាល់គ្រប់ទិន្នន័យផ្តល់ដោយវិញ្ញាណទាំងអស់របស់សរីរាង្គកាយ រួចបញ្ជាឱ្យមានការសម្របខ្លួន ទៅតាមស្ថានការណ៍នីមួយៗ។ ប៉ុន្តែ ពេលជិះឡាន ឬជិះទូក (កប៉ាល់) ភ្នែកមើលឃើញទេសភាពដើរ តែបាតជើង ខ្លួនប្រាណនិងប្រព័ន្ធត្រចៀកខាងក្នុង មិនសម្គាល់ឃើញមានចលនាសោះ។ ផ្ទុយទៅវិញ នៅក្នុងយន្តហោះ ត្រចៀក និងសាច់ដុំ (ប្រព័ន្ធកាយវិញ្ញាណ)ចាប់អារម្មណ៍ដឹងថាមានចលនាញ័រ អង្គុយលើរបស់កំពុងហោះហើរ តែភ្នែកមើលមិនឃើញជើងមេឃ ពុំឃើញមានអ្វីប្តូរផ្លាស់ រង្គីរង្គើទៅមុខសោះ។ ការបញ្ជូននិងដឹងព័តមានខុសគ្នា បែបបញ្ច្រាសបណ្តោយគ្នា រំខានណាស់ដល់ខួរក្បាល និងធ្វើឱ្យខួរក្បាលមិនអាចវិភាគថាតើយើងកំពុងមានសកម្មភាពអ្វីឱ្យប្រាកដ ទើបធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលខ្លួន រកកលចង់ក្អួត ចង់ចង្អោរ ឈឺក្បាល ឬនិយាយឱ្យខ្លីគឺមានអាការៈពុលល្ងាក់ល្ងើ។
ដូច្នេះមនុស្សណាក៏អាចពុលដែរនៅពេលធ្វើដំណើរ ជិះឡាន ជិះយន្តហោះ ជិះរថភ្លើងឬជិះទូក ឬជិះគ្រឿងហោះ គ្រឿងវិល។ គ្រាន់តែអ្នកខ្លះមានញាណរសើបខ្លាំង ខ្លះមិនសូវ។ ឯទារកអាយុក្រោម២ឆ្នាំ កម្រពុល ឬសឹងមិនចេះពុលសោះ ក៏ព្រោះតែខួរក្បាលនៅខ្ចីពេក មិនទាន់ថតផ្តិតចាំអំពីទំនាក់ទំនងរវាងភ្នែក ត្រចៀក និងចលនា។
អាការៈសញ្ញាពុលមធ្យោបាយធ្វើដំណើរមានច្រើនយ៉ាង និងបន្តបន្ទាប់គ្នា ដោយចាប់ផ្តើមដំបូងតិចៗ រួចបន្តឡើងខ្លាំងជាលំដាបនិងធ្ងន់ធ្ងរឡើងៗ ប្រសិនបើចលនាដែលនាំឱ្យពុលមិនព្រមឈប់។
រោគសញ្ញាពុលឡានអាចជា - អាការៈវិលមុខ មានអារម្មណ៍ធ្ងន់ក្បាល ល្ងាក់ល្ងើ បាត់លំនឹង - មានអារម្មណ៍ចង់ក្អួត- ក្អួត- ឈឺក្បាល- ឡើងស្លេក- បែកញើស- អស់កម្លាំង។
ជាទូទៅ អាការៈពុលឡាននេះ នឹងបាត់ទៅវិញនៅប្រមាណ២០នាទីក្រោយ ឬទាល់តែជើងបានជាន់ប៉ះដី បើនិយាយតាមក្រុមអ្នកដើរទូក។ ផ្ទុយទៅវិញ បើជាអាការៈពុលឡានធ្ងន់ធ្ងរ អ្នកជំងឺត្រូវការពេលដល់ទៅ២៤ម៉ោង ទើបស្រួលខ្លួនឡើងវិញ។
តើមានវិធីព្យាបាល និងបង្ការ អាការៈពុលឡានដែរឬទេ?
ដើម្បីប្រយុទ្ធប្រឆាំងនឹងអាការៈពុលឡាន ថ្នាំពេទ្យក៏មាន វិធីបែបធម្មជាតិក៏មាន។ ថ្នាំបំបាត់ការពុលឡាន មានច្រើនប្រភេទណាស់ ដោយអាចជាថ្នាំទប់កុំឱ្យមានអាការៈចង់ក្អួត ល្ងាក់ល្ងើ ឬថ្នាំសម្រាប់លេបពេលក្អួតពុលឡានហើយ។ ប៉ុន្តែថ្នាំពុលឡាន ក៏ដូចជាថ្នាំផ្សេងទៀតដែរ មិនត្រូវលេបច្របល់ចូលគ្នាច្រើនមុខទេ។ មិនប្រាកដថាមានប្រសិទ្ធភាព ថ្នាំពុលឡានសុទ្ធតែអាចផ្តល់ផលរំខាន ដូចជាងងោកងងុយ ឬស្ងួតមាត់។ វត្ថុនិងរបស់របរប្លែកៗ ជាខ្សែពាក់ដៃ ឬការចាក់ម្ជុលវិទ្យាសាស្ត្រ គ្មានប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រទេ។ តែការសិក្សាជាច្រើន បានបង្ហាញអំពីផលល្អនៃក្បួនឬវិធីបែបធម្មជាតិ ដោយហិតប្រេងជីរអង្កាម ប្រភេទMenthe-Poivrée (តែប្រយ័ត្នកុំឱ្យក្មេងក្រោម៧ឆ្នាំប្រើ)។...
Duration:00:09:32
មីឆុងមិនល្អសម្រាប់សុខភាពយ៉ាងណាខ្លះ?
4/23/2025
ឆុងបរិភោគបានភ្លាម មិនថ្លៃ ហើយឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះមិនសូវល្អទេ។ តើមីកញ្ចប់នេះមានផ្ទុកសារធាតុអ្វីខ្លះ ? តើគេអាចបរិភោគមីកញ្ចប់នេះដោយគ្មានបារម្ភ គិតដល់ហានិភ័យសម្រាប់សុខភាពដែរឬទេ?
មិនថាជាផលិតផលរបស់ចិន វៀតណាម ជប៉ុន កូរ៉េ ឬថៃទេ មីកញ្ចប់អាចជាអាហារសម្រន់ អាហារថ្ងៃត្រង់ ឬល្ងាច យ៉ាងស្រួលសម្រាប់អ្នកមានការងាររវល់ច្រើន ឬសម្រាប់អ្នកខ្សត់លុយកាក់។ ថែមតែទឹកក្តៅដាំពុះហើយរង់ចាំពីរបីនាទីជាការស្រេច !
ប៉ុន្តែក្នុងសម័យដែលគេចាប់ផ្តើមយល់ និងគិតគូរដល់គុណភាពអាហារ ដើម្បីផ្តល់លំនឹងល្អដល់សុខភាព ដោយផ្តល់តម្លៃដល់អាហារបែបធម្មជាតិ ឬអាហារសរីរាង្គ១០០% មីកញ្ចប់ដែលមានលក់ពេញពិភពលោក ក្នុងទម្រង់និងរសជាតិផ្សេងៗច្រើនយ៉ាងនោះ កំពុងក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ក្រុមអ្នកការពារគុណភាពនិងសុវត្ថិភាពចំណីអាហារ យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង។ តាមទស្សនៈនេះ មីកញ្ចប់ត្រូវបានគេចាត់ទុកជាអាហារដ៏គ្រោះថ្នាក់ ដោយសារមូលហេតុច្រើនយ៉ាង។
នៅលើកញ្ចប់ បើតាមរូប និងការរាយឈ្មោះបញ្ជីគ្រឿងផ្សំ គេសង្កេតឃើញថា មីមួយកញ្ចប់អាចបរិភោគជាអាហារបានមួយពេលប្រកបដោយលំនឹង ព្រោះមានផ្ទុកជាតិក្លុយស៊ីត ដែលផ្តល់ដោយសរសៃមី និងប្រូតេអ៊ីន ផ្តល់ដោយសាច់ ដូចជាមីសាច់ជ្រូក សាច់មាន់ ឬសាច់គោ។ ប៉ុន្តែបើគេវិភាគឱ្យបានល្អិតល្អន់ និងមើលតារាងអាហារូបត្ថម្ភលើកញ្ចប់មីវិញ គឺខុសគ្នាស្រលះ។ ជាឧទាហរណ៍ មីឆុងមួយកំប៉ុង រសជាតិសាច់គោ ម៉ាក Teppanyaki របស់ជប៉ុន មានផ្ទុកជាតិក្លុយស៊ីតតែ ១០ក្រាម ប្រូតេអ៊ីន ១,៩ក្រាម សម្រាប់សាច់មីក្រៀម១០០ក្រាម។ នៅពេលចាក់ទឹកក្តៅចូលទៅ មីរីកឆ្អិន អាចទទួលទានបាន ជាតិក្លុយស៊ីតបានឡើងដល់៣៦ក្រាម និង៧ក្រាមប្រូតេអ៊ីន តែប៉ុណ្ណោះ។ ជាការប្រៀបធៀប ញ៉ាំមីឆុងមួយកញ្ចប់ គឺស្មើនឹងបរិភោគនំប៉័ងមួយដុំ៨០ក្រាម ហើយស្ទើរគ្មានជាតិប្រូតេអ៊ីនសម្រាប់ចិញ្ចឹមសរីរាង្គកាយសោះ។ ចំណែកបន្លែវិញ កញ្ចប់មីខ្លះគ្មានជាតិបន្លែសោះ មីម៉ាកខ្លះមានដាក់បន្លែការ៉ុតមួយភាគរយ ឬស្លឹកខ្លឹម០,៤% ដែលបើគិតជាក្រាម គឺ ការ៉ុត៣,៦ក្រាម ស្លឹកខ្ទឹម១,៤ក្រាម។ កាន់តែអាក្រក់ខ្លាំងទៅទៀត បន្លែដ៏តិចតួចបំផុតនេះ មានទម្រង់ជាបន្លែសម្ងួតដែលបាត់បង់ស្ទើរអស់វីតាមីន និងអាហារូបត្ថម្ភ។
ដូច្នេះមីកញ្ចប់មិនមែនជាអាហារប្រកបដោយលំនឹង អាចជំនួសបាយម្ហូបមួយពេលបានទេ។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង បានហៅមីឆុងថាជាអាហារដែលផ្តល់កាឡូរីប្រហោង បរិភោគចូលទៅឆ្អែតពេញពោះតែគ្មានផ្តល់ជីវជាតិ គ្មានវីតាមីន អាហារចិញ្ចឹមទេ។ ងាយស្រួលធ្វើមែន តែមីឆុងជាផលិតផលអាហារដែលគួរជ្រើសរើសទទួលទាន ដោយប្រុងប្រយ័ត្នបំផុត ព្រោះគ្មានគុណភាពផ្នែកអាហារូបត្ថម្ភហើយ មានបង្កប់គុណវិបត្តិជាច្រើនផ្សេងទៀតណាស់។
គ្រឿងផ្សំជាសារធាតុគីមីគ្រោះថ្នាក់
គ្មានវីតាមីន គ្មានជីវជាតិផ្នែកអាហារូបត្ថម្ភទេ ប៉ុន្តែតើលោកអ្នកមានចាប់អារម្មណ៍ទេ ថាហេតុអ្វីបានជាមីកញ្ចប់មានរសជាតិឆ្ងាញ់ ឆ្ងាញ់ជាប់មាត់យ៉ាងចម្លែក បានញ៉ាំម្តងហើយហាក់ចង់ញ៉ាំទៀត សឹងដូចញៀន?! នេះគឺបណ្តាលមកពីមីកញ្ចប់ភាគច្រើន មានផ្ទុកសារធាតុគីមីសិប្បនិម្មិតសម្រាប់លើកក្លិននិងដំឡើងរសជាតិ ឱ្យកាន់តែឆ្ងាញ់ខ្លាំង ដោយទៅភ្ញោចប្រព័ន្ធប្រសាទអារម្មណ៍ឱ្យចង់តែបរិភោគ។ ដើម្បីឱ្យមីកញ្ចប់ មានរសជាតិដូចអាហារជប៉ុនពិតៗ អ្នកផលិតបានដាក់បន្ថែមនូវ រសជាតិ ក្លិនសិប្បនិម្មិត។ ហើយម៉ាកខ្លះ ខំអួតអាងថាគ្មានប្រើសារធាតុគីមី Monosodium de glutamate ប៊ីចេងទេ តែបែរជាប្រើសារធាតុគីមីលើករសជាតិម្យ៉ាងទៀត មិនសូវល្បីឈ្មោះ 5’-ribonucléotide disodique ដែលខ្លាំងជាងប៊ីចេងធម្មតា (Glutamate)ដល់ទៅ៤ទៅ១០ដង។ បើតាមវេបសាយលក់ផលិតផលគីមី សារធាតុផ្សំបន្ថែមដាក់ក្នុងមីកញ្ចប់ 5’-ribonucléotide disodique ត្រូវបានគេចាត់ទុកជារសជាតិទី៥ គឺរសជាតិ Umami។ រសជាតិដើមដែលមនុស្សលោកស្គាល់កន្លងមកគឺ ប្រៃ ផ្អែម ជូរ និងចត់ឬល្វីង។ ឯUmami ជារសជាតិ ដែលទើបរកឃើញ និងមានប្រភពមកពីប្រទេសជប៉ុន ឬនិយាយឱ្យចំជាប្រៃឆ្ងាញ់របស់ប៊ីចេង។ ដាក់រសជាតិនេះចូល គេអាចកាត់បន្ថយបរិមាណសាច់ និងបិទបាំងរសជាតិដើម ធ្វើឱ្យអាហារមានឱជារស ឆ្ងាញ់ ទាំងមិនសូវដាក់សាច់ ដាក់បន្លែ។
ពោលគឺ ប៊ីចេង ឬ សារធាតុគីមីដំឡើងរសជាតិនេះ មិនត្រឹមតែជួយឱ្យអាហារកាន់តែឆ្ងាញ់ កាន់តែ មានជាតិទេ តែវាអាចបំភាន់អណ្តាត ប្តូររសជាតិ ដោយបង្កើនជាតិផ្អែម និងរសជាតិទី៥ ហើយកាត់បន្ថយជាតិជូរចត់ល្វីង និង ជាតិប្រៃខះ។ ការប្រើប្រាស់សារធាតុគីមីដំឡើងរសជាតិ...
Duration:00:09:34
ស្រាបៀរ បង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណាខ្លះ?
4/9/2025
ស្រាបៀរជាគ្រឿងស្រវឹងដែលមនុស្សបរិភោគច្រើនជាងគេបំផុតនៅលើពិភពលោក។ សូម្បីតែនៅក្នុងប្រទេសអ្នកផលិតស្រា ដូចយ៉ាងបារាំង ក៏ប៊ីយ៉ែរកំពុងឡើងប្រជាប្រិយភាព និងកំពុងពេញនិយមខ្លាំងដែរ។ ប៉ុន្តែប៊ីយ៉ែរឬស្រាបៀរ សុទ្ធតែអាចបង្កគ្រោះដល់សុខភាព។
កាលពីថ្ងៃទី៣១មីនា២០២៥ វិទ្យាស្ថាននយោបាយសាធារណៈអាស៊ីអាគ្នេយ៍និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីអាគ្នេយ៍បានចេញរបាយការណ៍ បង្ហាញថាមួយភាគបួននៃយុវជនខ្មែរ អាយុពី១៥ទៅ១៩ឆ្នាំ (២៥ភាគរយ) មានទម្លាប់ផឹកគ្រឿងស្រវឹងជោគជាំលើសលុប។ ជាងនេះទៅទៀត មានមនុស្សដល់ទៅប្រមាណ៦០% យល់ថាស្រាបៀរជាជម្រើសគ្រឿងស្រវឹងដ៏មានសុវត្ថិភាព។ នេះបើតាមរបាយការណ៍ដដែល។
ចុះវេជ្ជសាស្ត្រនិងអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសុខភាពយល់យ៉ាងណាទៅវិញ ចំពោះស្រាបៀរនេះ ? មនុស្សលោកបានស្គាល់ បានដឹង ចេះផលិត និងទទួលទានស្រាបៀរ តាំងពី៧០០០ឆ្នាំមុនគ្រឹស្តសករាជឯណោះ។ ក្នុងសម័យបុរប្រវត្តិ ជនជាតិអេហ្ស៊ីប ធ្លាប់ប្រើស្រាបៀរនេះជាប្រាក់សម្រាប់ដោះដូរ ជាប្រាក់បៀរវត្សរ៍ ឬជាថ្នាំព្យាបាលជំងឺផង។ ផលិតចេញពីគ្រាប់ធញ្ញជាតិ ដូចយ៉ាង ស្រូវសាឡី បច្ចុប្បន្នស្រាបៀរបានក្លាយជាគ្រឿងស្រវឹង ដ៏ពេញនិយម និងដ៏មានប្រជាប្រិយភាព ដែលមានទទួលទានច្រើនជាងគេបំផុតនៅលើពិភពលោក។ សូម្បីតែនៅក្នុងប្រទេសផលិតស្រា ដូចយ៉ាងបារាំង ក៏ស្រាបៀរមានចំណែករួមតុ អមម្ហូបអាហារដ៏ប្រណិតៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែរ។ ពលរដ្ឋបារាំងទទួលទានស្រាបៀរជាមធ្យម៣៣លីត្រ ក្នុងឆ្នាំ២០២១ ឬស្មើប្រមាណ២,៧៥លីត្រក្នុងមួយខែ។
គេត្រូវរង់ចាំរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ទើបចាប់ឃើញមានអ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ អេពីដេមីសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ផ្តើមចាប់អារម្មណ៍សិក្សាអំពីឥទ្ធិពល និងផលប៉ះពាល់នៃជាតិអាល់កុល (ស្រាបៀរ) ចំពោះសុខភាព។ ជាលទ្ធផល និងដោយគ្មានអ្វីគួរឱ្យសង្ស័យ អាល់កុលឬគ្រឿងស្រវឹង ទោះជាស្រាបិត ស្រាផ្អាប់ ឬស្រាបៀរ សុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពទាំងអស់ ឱ្យតែផឹកច្រើនហួសហេតុ។ ប៉ុន្តែជំនឿ និងសម្មតិកម្មបញ្ច្រាសអួតអាងអំពីគុណប្រយោជន៍នៃស្រាបៀរ ក៏មានច្រើន។ ការសិក្សាចុងក្រោយ របស់សាកលវិទ្យាល័យហាវ៉ាតអាមេរិកដែលសារព័ត៌មានជាច្រើនបានយកមកចុះផ្សាយ បានអះអាងគុណប្រយោជន៍ជាច្រើននៃស្រាបៀរចំពោះសុខភាព តាមរយៈការសង្កេត ដែលឃើញថា ការទទួលទានស្រាបៀរស្រាលៗ ក្នុងបរិមាណបន្តិចបន្តួច បីថ្ងៃក្នុងមួយសប្តាហ៍ អាចជួយសម្រួលការរំលាយអាហារជួយបញ្ចុះជាតិខ្លាញ់អាក្រក់ក្នុងឈាម ដែលអាចជួយកាត់បន្ថយហានិភ័យមានគ្រោះស្ទះឬដាច់សរសៃឈាមបេះដូង ឬជួយកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែម និងជួយពង្រឹងឆ្អឹង។ ប៉ុន្តែសម្រាប់សាស្ត្រាចារ្យវេជ្ជបណ្ឌិត Olivier Cottencin ឯកទេសផ្នែកចិត្តវិទ្យានិងវិទ្យាញៀនគ្រឿងស្រវឹង នៅមន្ទីរពេទ្យនិងមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុងLille ប្រទេសបារាំង លោកបានប្រកាសដោយច្បាស់លាស់ថា គ្មានអាល់កុលណាដែលល្អសម្រាប់សុខភាពទេ ហើយគ្មានទេភស្តុតាងតាមបែបវិទ្យាសាស្ត្របញ្ជាក់អំពីផលល្អនៃសុរាមកលើរាងកាយ។ គុណសម្បត្តិនៃស្រាបៀរចំពោះសុខភាព ជាជំនឿចាស់គំរិលដែលក្រុមអ្នកជំនួញ យកមកធ្វើហេតុផលសម្រាប់បម្រើផលប្រយោជន៍ទីផ្សារលក់ស្រាបៀរតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យOlivier Cottencin បានរៀបរាប់ដូច្នេះថា ស្រាបៀរល្អសម្រាប់សុខភាព ជាសំណល់ទស្សនៈ កាលពីសម័យដែលមនុស្សមានអាយុខ្លី រស់បានមិនដល់៤០ឆ្នាំ និងមានទឹកបរិភោគជាទឹកមិនស្អាត។ ជាទឹកកខ្វក់ មានមេរោគ ពិសាទៅនាំឱ្យមានជំងឺជាច្រើន។ ហេតុដូច្នេះហើយមនុស្សសម័យនោះស្វែងរកភេសជ្ជៈស្អាត។ ភេសជ្ជៈមានជាតិអាល់កុលដែលរកឃើញមុនគេក្នុងសម័យបុរេប្រវត្តិអេហ្ស៊ីប គឺស្រាបៀរ។ បន្ទាប់មកទើប ជនជាតិក្រិកនិងរ៉ូម៉ាំងចេះស្រាបិត។ ស្រា ស្រាបៀ គឺទឹកមានជាតិអាល់កុល ដែលផលិតឡើងដោយការផ្អាប់ បិតគ្រាប់ធញ្ញជាតិ ទើបជាប់ឈ្មោះជាភេសជ្ជៈស្អាត ព្រោះបានបិត ព្រោះមានជាតិអាល់កុល។ បើប្រៀបទៅនឹងទឹកមិនស្អាត ដែលមនុស្សសម័យនោះហូបទៅអាចឆ្លងរោគកើតជំងឺ ច្បាស់ណាស់ដែលថាស្រាបៀរជាភេសជ្ជៈល្អ ស្អាតនោះ។ នេះហើយជាប្រភពនិងជាដើមហេតុនាំឱ្យគេលេចគំនិតជឿថា ស្រាបៀរ ជាថ្នាំព្យាបាលរោគ ជាឱសថ អាចជួយឱ្យជាពីជំងឺ អាចការពារពីរោគាផ្សេង ពោលគឺស្រាបៀរល្អសម្រាប់សុខភាពនិងសម្រាប់ឆ្អឹង។
គ្រោះថ្នាក់នៃការផឹកស្រាបៀរច្រើនជ្រុល
ជំនឿនេះបានដក់ជាប់ក្នុងចិត្ត និងជឿតគ្នាៗ ឆ្លងសតវត្សរ៍ បើទោះបីបច្ចុប្បន្ននេះវិទ្យាសាស្ត្រាបញ្ជាក់យ៉ាងប្រាកដថា អាល់កុលបង្កើនហានិភ័យគ្រោះថ្នាក់តាំងពីផឹកចូលមួយកែវដំបូងក៏ដោយ។...
Duration:00:09:05
របៀបទំពារអាហារមានសារៈសំខាន់យ៉ាងណាចំពោះសុខភាព?
4/2/2025
ដើម្បីជួយក្រពះ សម្រួលប្រព័ន្ធរំលាយអាហារ ពង្រឹងសុខភាពធ្មេញ ត្រូវទំពារអាហារឱ្យម៉ដ្ឋល្អ នៅពេលបរិភោគ។ ប៉ុន្តែពេលនេះគេបានដឹងទៀតថា ការទំពារអាហារអាចប៉ះពាល់ដល់គុណភាពដំណេក។ ទំពារអាហារបានម៉ដ្ឋល្អនឹងជួយឱ្យសំរាន្តលក់ស្រួល។ តើសកម្មភាពទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្តេច?
ទំពារជាសកម្មភាពដំបូងនិងជាដំណាក់កាលដ៏សំខាន់ខ្លាំងណាស់នៃការរំលាយអាហារ។ ប៉ុន្តែមនុស្សទូទៅច្រើនតែធ្វេសប្រហែស និងមើលរំលងកាយវិការដ៏សាមញ្ញ និងដ៏មានប្រយោជន៍បំផុតមួយនេះ។ សង្គមបច្ចុប្បន្នតម្រូវឱ្យមនុស្សចង់តែធ្វើអ្វីឱ្យបានលឿន ឱ្យបានឆាប់ សូម្បីតែពេលបរិភោគបាយ ក៏ចង់ហូបលឿនៗ ឆ្អិនស្រាប់ៗនូវម្ហូបងាយៗ ទន់ ផុយ ដើម្បីកុំឱ្យពិបាកទំពារយូរ ឬ កិនក្រឡុកអាហារជាស្មូតទី ដើម្បីលើកផឹក-បឺតចូលបានលឿនទាំងកែវៗ ឬខាំគ្រលៀសលេបនូវបន្លែផ្លែឈើខ្ចីស្រួយ មិនខ្វល់អង្គុយបរិភោគឱ្យបានត្រឹមត្រូវ ទំពារឱ្យបានម៉ដ្ឋល្អមុននឹងបញ្ជូនទៅក្រពះទេ។
តាមការពិត ការទំពារអាហារ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពជាទូទៅ ដូចជាអាចជួយបញ្ចុះទម្ងន់ ជួយក្រពះ ពោះវៀន និងជួយសម្រួលដំណេកឱ្យលក់ស្កប់ស្កល់ល្អទៀត។
ទំពារនិងប្រព័ន្ធរំលាយអាហារ
ទំពារ ជាការកាត់ បំបែក និងកិនកម្ទេចអាហារ ឱ្យប្តូរផ្លាស់ទម្រង់ទៅជាធាតុល្អិត មុននឹងលេបបញ្ជូនចូលទៅក្នុងក្រពះ។ ការលេបអាហារចូលទាំងដុំ និងយ៉ាងលឿន ជាការបង្ខំសរីរាង្គក្រពះឱ្យប្រឹងផលិតបញ្ចេញនូវវត្ថុរាវ Suc Gastrique ជាជាតិជូរខ្លាំង ដើម្បីជួយបង្ហើយការងារកិនបំបែកអាហារ។ តែវត្ថុរាវជាតិជូរនេះអាចដុតឱ្យរលាកភ្នាសរបស់ក្រពះ និងបង្កើនគ្រោះមានអាការៈភើច្រាល ដែលរាលដាលជាញឹកញយទៅបំផ្លាញកាចាធ្មេញនិងរលាកបំពង់ក។ ដូច្នេះប្រសិនបើអ្នកមានជំងឺបញ្ហាក្រពះ រលាកក្រពះ ក្រពះខ្សោយពិបាកកិនរំលាយអាហារ ឬហើមពោះទល់ខ្យល់ សូមចំណាយពេលបរិភោគបាយឱ្យបានគ្រប់គ្រាន់ ដោយទំពារអាហារឱ្យបានត្រឹមត្រូវមុនលេប។
មិនតែប៉ុណ្ណោះ ទំពារជាយន្តការមួយដែលនឹងទៅភ្ញោចក្រពេញទឹកមាត់ ឱ្យបញ្ចេញទឹកមាត់ មកជួយបន្ទន់និងរំលាយអាហារ។ ទឹកមាត់មានផ្ទុកសារធាតុម្យ៉ាងដែលអាចជួយរំលាយបំបែកអាហារប្រភេទអាមីដុង ក្លុយស៊ីតនិងម្សៅ។ បើជាតិអាមីដុងមិនត្រូវបានកិនបំបែកបំប្លែងគ្រប់គ្រាន់នៅក្នុងមាត់ទេ នៅពេលធ្លាក់ចូលទៅដល់ក្នុងក្រពះ ក្រពះមិនអាចស្រូបយកជាតិអាមីដុងទៅចិញ្ចឹមសរីរាង្គកាយផ្សេងៗបានដោយពេញលេញឡើយ។ ហើយបើជាតិអាមីដុងនៅសល់ច្រើន នឹងធ្លាក់ទៅក្នុងពោះវៀនធំ រួចបង្កបង្កើតឱ្យមានខ្យល់និងហើមពោះ។ ដើម្បីបញ្ចៀសនិងការពារកុំឱ្យមានបញ្ហាទល់ខ្យល់ទល់ពោះវៀន ហើមពោះ សូមគិតគូរបរិភោគអាហារយឺតៗ ដោយគោរពយន្តការរំលាយអាហារដែលចាប់ផ្តើមដំបូងដោយការទំពារក្នុងមាត់។
ទំពារ ជាការអភិវឌ្ឍរសជាតិអាហារ និងដំណាក់កាលកិនច្របាច់អាហារឱ្យបញ្ចេញជីវជាតិនិងអាហារូបត្ថម្ភ។ ទំពារកាន់តែយូរ យើងនឹងបានដឹងរសជាតិពិតនៃអាហារកាន់តែច្បាស់ ថាមានឱជារសយ៉ាងណា។ លោកអ្នកជ្រាបទេ ក្នុងប្រព័ន្ធបំពង់អាហារផ្នែកខាងលើ របស់មនុស្ស ដែលរួមមានមាត់ បំពង់អាហារ និងក្រពះ សុទ្ធតែមានផ្ទុកញាណបញ្ជូនព័ត៌មានទៅខួរក្បាល ថាក្នុងអាហារមានធាតុអ្វីខ្លះ។ អ៊ីចឹងហើយបានជានៅពេលយើងចំណាយពេលវេលាគ្រប់គ្រាន់ សម្រាប់បរិភោគបាយ ខួរក្បាលអាចរាប់ អាចដឹងអំពីបរិមាណនៃកាឡូរីនិងផ្តល់សញ្ញាថាឆ្អែត ត្រូវឈប់ទទួលទាន ទៅប្រាប់ខួរក្បាល។ ទទួលទានអាហារដោយប្រញេបប្រញាប់ លេបត្របាក់គ្រឹបៗ អង្គុយមិនជាប់នៅតុបាយ ខួរក្បាលមិនអាចដឹងយើងថាកំពុងធ្វើអ្វីទេ។ ខួរក្បាលនឹងទទួលព័ត៌មានខុស ហើយបញ្ចេញអារម្មណ៍ចង់តែបរិភោគច្រើនទៀត ទាំងខ្លួនប្រាណមិនត្រូវការផង។ តើអ្នកធ្លាប់ទេ បរិភោគអាហាររួច តែមានអារម្មណ៍ថាពោះទទេ និងហាក់នៅឃ្លាន ដដែលនោះ?! នេះទំនងបណ្តាលមកពីអ្នកបរិភោគអាហារលឿនពេក ភ្លេចទំពារ។
ដើម្បីពង្រឹងសុខភាពធ្មេញនិងអញ្ចាញ សូមជ្រើសរើសទទួលអាហារណាដែលត្រូវការទំពារយូរ ព្រោះវានឹងជួយឱ្យបរិភោគដោយយឺតៗ។ វេជ្ជបណ្ឌិតជំនាញអាហារូបត្ថម្ភ Arnaud Cocaul អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “របបទំពារ” Régime mastication បានណែនាំឱ្យចាប់ផ្តើមទទួលទានបន្លែផ្លែឈើឆៅមុន។ ពេលវេលានៃការទំពារក្នុងមាត់ឱ្យម៉ដ្ឋល្អ ដើម្បីងាយរំលាយពេលទៅដល់ក្រពះ យើងច្បាស់ជាចាប់ឆ្អែត លែងសូវឃ្លានខ្លាំង ហើយក៏បរិភោគអាហារផ្សេងៗទៀត ជាបាយ ជាសាច់ប្រកបដោយថាមពលខ្លាំងយ៉ាងយឺតៗ...
Duration:00:09:37
មីក្រូប្លាស្ទិក៖ បន្លែផ្លែឈើពណ៌ក្រហមស្វាយជួយបន្សាបជាតិពុលប្លាស្ទិកក្នុងខ្លួនមនុស្ស?
3/26/2025
ការសិក្សាអាមេរិកទើបចេញផ្សាយកាលពីដើមខែកុម្ភៈ២០២៥ បានបង្ហាញថា មានកំហាប់លម្អងប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលមនុស្ស ក្នុងបរិមាណដ៏ច្រើនគួរឱ្យព្រួយបារម្ភ។ វត្តមាននៃមីក្រូប្លាស្ទិកនេះ អាចជាដើមហេតុនាំមនុស្សកាន់តែច្រើនឡើងៗមានជំងឺភ្លេច។ តើប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលបានយ៉ាងដូចម្តេច និង មានវិធីអាចទប់ស្កាត់មិនឱ្យជាតិប្លាស្ទិកបង្កបញ្ហាដល់សុខភាពមនុស្សបានដែរឬទេ?
គ្រប់គ្នាបានដឹងហើយថាមីក្រូប្លាស្ទិក ដែលជាធាតុល្អិតនិចលប្លាស្ទិកបានរុករានឆ្លងទន្ទ្រានពេញភពផែនដី។ លម្អងមីក្រូប្លាស្ទិកដែលមានទំហំតូចជាង៥មីល្លីម៉ែត្រ និងលម្អងណាណូប្លាស្ទិក ដែលតូចជាងមីក្រូប្លាស្ទិកមួយពាន់ដងទៅទៀត ឬ តូចជាងសរសៃសក់មួយពាន់ដង) បានកើនឡើងជាលំដាប់តាំងពីប៉ុន្មានទសវត្សរ៍ចុងក្រោយមកនេះ។ មូលហេតុធំគឺមនុស្សចោលសំរាមប្លាស្ទិកកាន់តែច្រើនឡើងៗក្នុងបរិមាណជាង៤០០លានតោនក្នុងមួយឆ្នាំៗ ដោយអាចកែច្នៃសំរាមប្លាស្ទិកសម្រាប់ប្រើឡើងវិញ ក្នុងចំនួនដ៏តិចតួចបំផុត។ សំរាមប្លាស្ទិកមួយភាគធំត្រូវរសាត់អណ្តែតក្នុងបរិស្ថាន។ គេប៉ាន់ប្រមាណថា មានសំរាមប្លាស្ទិកប្រមាណជាង១០០លានតោនបានហូរអណ្តែតទៅចាក់បំពុលនៅក្នុងមហាសមុទ្ទ។
តើមីក្រូប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលមនុស្សបានយ៉ាងដូចម្តេច?
មីក្រូប្លាស្ទិកបានទៅដល់តំបន់ដែលកម្រឃើញវត្តមានមនុស្ស ដូចជាតំបន់អង់តាកទិក មហាសមុទ្ទ... ហើយការសិក្សាជាច្រើនក៏បានរកឃើញមីក្រូប្លាស្ទិកនិងណាណូប្លាស្ទិក តោងជាប់ក្នុងសរីរាង្គកាយផ្សេងៗរបស់មនុស្សមានជាអាទិ៍ក្នុងសរីរាង្គនៃប្រព័ន្ធរំលាយអាហារ ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធបេះដូង ប្រព័ន្ធអរមូន ឬប្រព័ន្ធបន្តពូជ ព្រោះទឹកដែលយើងហូប ខ្យល់ដែលយើងស្រូបសម្រាប់ដកដង្ហើម ចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃ សុទ្ធតែបង្កប់ទៅដោយលម្អងមីក្រូប្លាស្ទិកទាំងអស់។
កាលពីដើមកុម្ភៈ២០២៥នេះទៀត ក្រុមអ្នកស្រាវជ្រាវអាមេរិកនៃសាកលវិទ្យាល័យNew Mexique បានចេញផ្សាយលទ្ធផលនៃសិក្សាដែលបញ្ជាក់ថាមីក្រូប្លាស្ទិកបានឆ្លងចូលទៅកកផ្តុំនៅត្រង់ខួរក្បាលមនុស្ស ក្នុងបរិមាណដ៏ច្រើនគួរឱ្យព្រួយបារម្ភ និងច្រើនជាងនៅកន្លែងផ្សេងទៀតនៃរាងកាយ ក្នុងកំរិតពី៧ ទៅ៣០ដង។ ក្នុងមួយសប្តាហ៍ៗ មនុស្សលោក បានលេបលម្អងប្លាស្ទិកចូលក្នុងពោះដោយមិនដឹងខ្លួន ប្រមាណពីរពាន់ធាតុ និងក្នុងបរិមាណជិតមួយស្លាព្រាកាហ្វេ។ នេះជាលទ្ធផលនៃការសិក្សាវិភាគលើខួរក្បាលមនុស្សអនិច្ចកម្មជាច្រើនសិបនាក់នៅរវាង ឆ្នាំ១៩៩៧ដល់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថាបណ្តុំនៃជាតិមីក្រូប្លាស្ទិក នៅក្នុងខួរក្បាលបានកើនឡើង៥០% តាំងពីឆ្នាំ២០១៦មក។ បរិមាណនៃលម្អងធាតុល្អិតមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលរបស់អ្នកជំងឺទាំងអស់នោះ គ្មានរាប់ពាក់ព័ន្ធនឹងអាយុនៅពេលស្លាប់ និងភេទ ពូជសាសន៍ ឬមូលហេតុនៃមរណភាពទេ។
ជាងនេះទៅទៀត បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកដដែល បរិមាណមីក្រូប្លាស្ទិកមានចំនួនច្រើនខ្លាំង នៅក្នុងខួរក្បាលរបស់អ្នកជំងឺមានរោគភ្លេចភ្លាំង។ ខ្លាំងលើសប្រមាណពីបីទៅ៥ដងបើប្រៀបទៅនឹងខួរក្បាលអ្នកស្លាប់គ្មានជំងឺភ្លេចវង្វេង។
មីក្រូប្លាស្ទិកនិងផលប៉ះពាល់សុខភាព
អ្នកស្រាវជ្រាវមិនទាន់យល់ទេថាតើហេតុអ្វីបានមីក្រូប្លាស្ទិកចូលចិត្តទៅកកផ្តុំនៅលើសរីរាង្គខួរក្បាល ឬហេតុអ្វីបានជាខួរក្បាលហាក់ងាយស្រូបបឺតយកជាតិមីក្រូ-ណាណូប្លាស្ទិក ពពួកPolyethyleneខ្លាំងជាងសរីរាង្គដទៃ។ ប៉ុន្តែសម្រាប់វេជ្ជបណ្ឌិត Nicholas Fabiano ដែលចូលរួមធ្វើអត្ថាធិប្បាយខំមិនលើលទ្ធផលស្រាវជ្រាវអាមេរិកលើកនេះ ការរកឃើញមានកំហាប់ប្លាស្ទិកក្នុងខួរក្បាលមនុស្សដ៏ច្រើន អាចជួយក្រុមគ្រូពេទ្យឱ្យកំណត់សេចក្តីសន្និដ្ឋានបានថា ខួរក្បាលអាចរងផលប៉ះពាល់ ខូចសុខភាព និងកើតរោគភ្លេចភ្លាំង បណ្តាលមកពីមានមីក្រូប្លាស្ទិកច្រើនចូលទៅតោងនៅក្នុងខួរក្បាល។ គេមិនអាចផ្តាច់សម្មតិកម្មដែលថាការស្រូបមីក្រូប្លាស្ទិកជាគ្រោះបង្កឱ្យមានជំងឺភ្លេចភ្លាំងបានឡើយ។
ការពិសោធន៍លើសត្វកណ្តុរបានបង្ហាញឱ្យឃើញថា មីក្រូប្លាស្ទិកអាចជះឥទ្ធិពលអាក្រក់មួយរយៈធំលើការចងចាំទីកន្លែងនិងសមត្ថភាពបញ្ជារបស់ខួរក្បាល។ នៅពេលគេចាក់បញ្ចូលលម្អងមីក្រូប្លាស្ទិកទៅក្នុងកោសិកាខួរក្បាលរបស់សត្វកណ្តុរ ចរន្តឈាមតាមសរសៃឈាមតូចៗចាប់ផ្តើមហូរយឺត។ បើចរន្តឈាមហូរយឺត សមត្ថភាពចងចាំក៏ចាប់ធ្លាក់ចុះ សមត្ថភាពផ្នែកបញ្ជាក៏ហាក់គាំង...
Duration:00:08:18
វិសមភាពសុខភាពរវាងស្ត្រីនិងបុរស
3/12/2025
ថ្វីបើស្ត្រីមានអាយុវែង និងចំនួនច្រើនជាងបុរស តែស្ត្រីមានសុខភាពអន់ជាងបុរស។ ទោះបីជាវិទ្យាសាស្ត្រជឿនលឿនខ្លាំងយ៉ាងណាក៏ដោយ ក៏ស្ត្រីនិងបុរសនៅតែមានវិសមភាពផ្នែកសុខភាពដដែល។ ទម្លាប់រស់នៅប្រចាំថ្ងៃ ការងារ ជីវិតផ្លូវភេទ ឬសុខភាពផ្លូវចិត្ត ផ្លូវកាយនិងខួរក្បាល របស់មនុស្សស្រីនិងមនុស្សប្រុស នៅតែបន្តមានគម្លាតខ្លាំង។ ក្នុងឱកាសទិវានារីអន្តរជាតិ៨មីនា កម្មវិធីសុខភាព សូមចាប់អារម្មណ៍អំពី សុខភាពស្ត្រី តើខុសពីបុរសយ៉ាងណា។
ពិភពលោកបច្ចុប្បន្នគិតគូរខ្លាំងអំពីសិទ្ធិស្មើគ្នារវាងស្ត្រី និងបុរស ប៉ុន្តែគេពិបាកជំនះខ្លាំងណាស់ក្នុងផ្នែកសុខភាព។ វិសមភាពសុខភាពបន្តមានគម្លាតខ្លាំងរវាងស្ត្រីនិងបុរស។ បើទោះបីជាវិទ្យាសាស្ត្រជឿនលឿនខ្លាំងទាំងផ្នែកស្រាវជ្រាវនិងព្យាបាលយ៉ាងណាក៏ដោយ ក៏ ស្ត្រីហាក់នៅកៀនជញ្ជាំង ហើយចំណុចបាំងច្រើន។
ពិភពអ្នកស្រាវជ្រាវវេជ្ជសាស្ត្រមិនសូវធ្វើការសាកល្បងគ្លិនិកលើស្ត្រីទេ ដោយយល់ថាបុរសនិងស្ត្រីដូចតែគ្នា។ តែដល់ចេញលទ្ធផលមក គេនៅតែមិនដឹងអំពីលក្ខណៈពិសេសរបស់ស្រីចំពោះប្រសិទ្ធភាពថ្នាំនិងការវិវឌ្ឍរបស់ជំងឺនៅលើខ្លួនស្ត្រី។ កាយវិភាគវិទ្យានៃសរីរាង្គសំរើបស្ត្រីទើបរកឃើញដោយលម្អិតនៅឆ្នាំ១៩៩៨ និងត្រូវរង់ចាំដល់ថ្នាំ២០០៥ ទើបមានរូបភាពប្រដាប់ភេទនេះថតដោយបច្ចេកវិទ្យាMRI។
សុខភាពផ្លូវកាយ
វិសមភាពដ៏ធំមួយទៀតរវាងស្ត្រីនិងបុរស គឺការអស់រដូវ ដែលជាដំណាក់កាលធម្មជាតិមួយនៃជីវិតស្ត្រី។ មុនទសវត្សរ៍៥០-៦០ ផលវិបាកនៃការអស់រដូវល្មមៗត្រូវគេចាត់ទុកជាបញ្ហាផ្លូវចិត្តរបស់ស្រី។ ឧទាហរណ៍មួយទៀត គឺជំងឺអង់ដូមេទ្រីយ៉ូស ឈឺពោះពេលធ្លាក់រដូវ ដែលស្ត្រីមួយភាគ១០ឈឺ ត្រូវបានគេគិតពីមុនថាជារឿងធម្មតារបស់ស្រី និងទើបត្រូវបានគេទទួលស្គាល់ថាជាជំងឺមួយ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។
ពុកឆ្អឹង ត្រូវបានគេចោទថាជាជំងឺរបស់ស្ត្រីភេទ តែតាមការពិត មានបុរសម្នាក់ក្នុងចំណោម៥នាក់ឈឺពុកឆ្អឹង។ ជំនឿដក់ក្នុងចិត្តថាជាជំងឺរបស់ស្ត្រី ជាផ្នែកមួយនៃវិសមភាពសុខភាពដែរ ព្រោះវាធ្វើឱ្យមានភាពយឺតយ៉ាវក្នុងវិភាគនិងព្យាបាលជំងឺ។
ការពន្យារកំណើតកូន ជាបន្ទុកប្រកបដោយវិសមភាពបំផុត។ ថ្វីបើមានការបំផុសនិងពន្យល់អំពីសារៈសំខាន់នៃស្រោមអនាម័យក៏ដោយ ក៏ស្ត្រីនៅតែមានបន្ទុកធ្ងន់ក្នុងការប្រើមធ្យោបាយពន្យារកំណើត អមដោយផលរំខានដល់សុខភាពជាទូទៅដែលមិនគួរមើលរំលងសោះ។ នេះក៏ព្រោះតែទស្សនៈស្ត្រីជាអ្នកពរពោះ ភារៈត្រូវផ្អៀងមកខាងស្រី។
សុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្តជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិសមភាពនៃភេទ។ មិនមែនត្រឹមតែជាវិសមភាពបណ្តាលមកពីធម្មជាតិមនុស្សស្រីប្រុសខុសគ្នាទេ តែស្ត្រីប្រឈមនឹងសម្ពាធបទដ្ឋានសង្គម ប្រពៃណីទៀត។ ប្រេវ៉ាឡង់ស្ត្រីមានជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភខ្ពស់ខ្លាំងណាស់។ ចំណែកបុរស បញ្ហាផ្លូវចិត្តច្រើនតែបណ្តាលមកពីការប្រព្រឹត្តគ្រឿងញៀន គ្រឿងស្រវឹង តែអត្រាសម្លាប់ខ្លួនដោយជំងឺខូចចិត្តខ្ពស់ខ្លាំងជាងស្រ្តី។ អំពើហិង្សាក្នុងគ្រួសារ និងលើផ្លូវភេទ ដែលជាប្រភពនៃវិបត្តិផ្លូវចិត្តមួយដែរ មានស្ត្រីជាជនរងគ្រោះយ៉ាងយុត្តិធម៌។
សុខភាពផ្លូវភេទ
ចុះបញ្ហាផ្លូវភេទ តើយ៉ាងណាទៅវិញ? ស្ត្រីនិងបុរសមានសមភាពក្នុងផ្នែកចំណង់ផ្លូវភេទហើយឬនៅ? ចំណង់ផ្លូវភេទ ក្នុងទម្រង់ជាការចង់រួមរក្ស ឬគ្រាន់តែគំនិតរវើរវាយទាក់ទងនឹងរឿងភេទ អាស័្រយទៅលើកត្តាច្រើន ដូចជាកត្តាសង្គម កត្តាអប់រំ កត្តាបុគ្គល ឬកត្តាអរមូន ។ល។ និង។ល។
ដោយសារអរមូន មានតួនាទីខ្លះក្នុងចំណង់តណ្ហាផ្លូវភេទ។ ត្រង់ចំណុចនេះ ស្ត្រីមានអរមូនឡើងចុះ ចំណង់តណ្ហាផ្លូវភេទក៏ឡើងចុះទៅតាមអរមូន (វដ្តរដូវ)។ ស្ត្រីខ្លះមានចំណង់ខ្លាំងនៅពេលមេជីវិតញីទុំ ខ្លះមានចំណង់ពេញនៅពេលកំពុងធ្លាក់រដូវ ។ ផ្ទុយទៅវិញ អស់លោកបុរស គ្មានអរមូនឡើងចុះដូចស្ត្រីទេ គឺមានចំណង់តណ្ហាថេរស្មើរហូត។
បើតាមការសិក្សា បុរសពិតជាមានគំនិតស្រមើស្រមៃនិងចំណង់ចង់រួមភេទ ស្ទើរគ្រប់ពេល ឬទាំងកណ្តាលថ្ងៃត្រង់។ ចំណែកស្ត្រីចំនួន២០ទៅ៣០%មានចំណង់ខ្លាំងជាងមធ្យមភាគ របស់បុរស។ នេះបើតាមការសិក្សាដដែល។ ប៉ុន្តែជាទូទៅ បុរសមានចំណង់ផ្លូវភេទច្រើននិងខ្លាំងជាងស្ត្រី។ ជាងនេះទៅទៀត មិនដូចស្ត្រី តណ្ហាផ្លូវភេទរបស់មនុស្សប្រុសអាចផុសឡើងយ៉ាងលឿនរហ័ស ដោយគ្រាន់តែឃើញស្រីស្អាត ឬរូបភាពស៊ិចស៊ី។ អ្នកស្រាវជ្រាវវិភាគឃើញថា...
Duration:00:08:15
ដំណេក៖ តើឥរិយាបថគេងណាដែលល្អបំផុតសម្រាប់សុខភាព?
2/27/2025
ដំណេកស្កប់ស្កល់ នឹងជួយឱ្យមានសុខភាពល្អ។ ផ្ទុយទៅវិញ បើដំណេកមិនល្អ មិនគ្រប់គ្រាន់ សុខភាពអាចនឹងធ្លាក់ចុះទៅតាមនោះដែរ។ ប៉ុន្តែសួរថាតើត្រូវប្រកាន់យកឥរិយាបថ បែបណានៅពេលដេក ទើបលក់ស្រួល និងមិនប៉ះពាល់ដល់សុខភាព? គេងផ្កាប់ ឬគេងផ្ងារ ? គេងផ្អៀង ខាងស្តាំ ឬខាងឆ្វេង? តើត្រូវធ្វើដូចម្តេចទើបមានដំណេកល្អ និងស្កប់ស្កល់ កុំឱ្យភ្ញាក់កណ្តាលយប់? បើឧស្សាហ៍ភ្ញាក់កណ្តាលយប់ តើអាចមានបញ្ហាសុខភាពអ្វីខ្លះ?
បច្ចុប្បន្ននេះ មនុស្សទូទៅ សំរាន្តតិចជាងកាលពី៣០ឆ្នាំមុន ជាមធ្យមមួយម៉ោងកន្លះ។ ទាំងនេះ ក៏ដោយសារតែរបៀបរបបរស់នៅប្រចាំថ្ងៃខុសពីមុន និងសម្បូរទៅដោយបច្ចេកវិទ្យាទំនើបជាងមុន។ នៅប្រទេសបារាំង ប្រជាពលរដ្ឋបារាំង៨០% បានប្រកាសថា មានបញ្ហាដំណេក ដោយតែងតែភ្ញាក់នៅពេលយប់ និងប្រើពេលប្រមាណ៣៩នាទីទម្រាំលក់ទៅវិញ។ នេះបើតាមការអង្កេតរបស់វិទ្យាស្ថានជាតិផ្នែកដំណេករបស់បារាំង។
បើតាមវេជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រជំនាញផ្នែកដំណេក លោក Shelby Harris គ្មានអ្វីចម្លែកដែល មនុស្សម្នាក់ៗអាចភ្ញាក់ពេលយប់ ប្រមាណពីប្រាំទៅ៧ដងឯណោះក្នុងមួយយប់ៗ ហើយគេងលក់ទៅវិញភ្លាមនោះ។ មានមូលហេតុច្រើនដែលបណ្តាលឱ្យភ្ញាក់ញយទាំងកណ្តាលយប់ បែបនេះ។ គេសង្ស័យនិងចោទទៅលើទម្លាប់អាក្រក់ក្នុងការរស់នៅ ដូចជាហូបចុក នៅយប់ជ្រៅពេក ទើបអាហារកិនមិនបានល្អ ឬមកពីមើលអេក្រង់ មើលទូរស័ព្ទច្រើន។លនិង។ល។
ភ្ញាក់កណ្តាលយប់ ជាប្រចាំ គួរឱ្យព្រួយបារម្ភ
ដំណេកគ្មានគុណភាពល្អ ឧស្សាហ៍ភ្ញាក់ ក៏អាចបណ្តាលមកពីមានបញ្ហាសុខភាពផ្លូវកាយ ឬផ្លូវចិត្ត។ ការឈឺចុកចាប់ ការរាន់នោមចង់លេចយ៉ាងបន្ទាន់ បណ្តាលមកពីប្រូស្តាតធ្វើទុក្ខ ការខ្វល់ខ្វាយក្នុងចិត្ត ស្ត្រេស សុទ្ធសឹងជាប្រភពធ្វើឱ្យគេងមិនលក់ ឬគេងចេះតែភ្ញាក់ដែរ។
ប៉ុន្តែអ្វីដែលគួរឱ្យខ្វល់ចាប់អារម្មណ៍និងគួរចោទជាសំណួរនោះ គឺការភ្ញាក់យប់ យ៉ាងទៀងទាត់ នៅម៉ោងតែមួយ ជារៀងរាល់យប់។ យើងគួរតែឆ្ងល់និងស្វែងរកចម្លើយជុំវិញទម្លាប់ដ៏អាក្រក់នេះ។
ដូចពាក្យចាស់តែងពោលថា លក់មួយវឹង ដំណេកជាវដ្តនៃការសម្រាកដែលមានរយៈពេល៩០ទៅ១១០នាទីប្រទាក់បន្តគ្នា។ ដូច្នេះក្នុងមួយយប់ៗ មនុស្សយើងឆ្លងកាត់វដ្តដំណេកច្រើនណាស់។ ហើយក្នុងមួយវដ្តដំណេក មានចែកជាបីបួនដំណាក់កាលទៅទៀត។ ដំណាក់កាលដំបូង ជាការលក់រលីវៗ បន្ទាប់មកជាវគ្គលង់លក់ខ្លាំង និងចុងក្រោយជាវគ្គយល់សុបិន។ ពីក្បាលព្រលប់ វដ្តដំណេកនីមួយៗមានវគ្គលង់លក់វែង មានន័យថាយើងគេងលង់លក់ ស្កប់ស្កល់ខ្លាំង ទោះបីជាភ្ញាក់នៅចន្លោះវគ្គណាមួយក៏យើងគេងលក់ទៅវិញភ្លាមដោយមិនដឹងខ្លួនផង។ តែនៅពេលយប់កាន់តែជ្រៅ ការភ្ញាក់កាន់តែងាយ និងក្រោយពីសំរាន្តបានបី-បួនម៉ោង វគ្គលង់លក់ខ្លាំងមានរយៈពេលកាន់តែខ្លី ហើយវគ្គដំណេកស្រាលនិងវគ្គយល់សប្តិកាន់តែវែង ទើបហានិភ័យភ្ញាក់កណ្តាលយប់កើនឡើងកាន់តែខ្ពស់។ ហេតុដូច្នេះហើយបានជាមនុស្សខ្លះ ភ្ញាក់ជាប្រចាំ និងជាស្វ័យប្រវត្តិនៅម៉ោង៣ឬ៤ ទៀបភ្លឺ ព្រោះបើអ្នកមានទម្លាប់ចូលដេកទៀងទាត់ នៅម៉ោង១១ឬម៉ោង១២អាធ្រាត្រ អ្នកច្បាស់ជាងាយភ្ញាក់នៅ៣ឬ៤ម៉ោងក្រោយ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Greg Murray ដែលជានាយកមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តនៃសកលវិទ្យាល័យបច្ចេកវិទ្យាSwinburne របស់អូស្ត្រាលី បានពន្យល់ថា ការភ្ញាក់នៅម៉ោងបី-បួនទៀបភ្លឺ ព្រោះតែសេចក្តីត្រូវការផ្នែកដំណេកបានធ្លាក់ចុះ។ ការបញ្ចេញអរមូនងងុយមេឡាតូនីន បានឡើងដល់កំរិតកំពូល ហើយកំរិតអរមូនស្ត្រេសCortisol ក៏ចាប់ចេញច្រើនឡើងៗដើម្បីត្រៀមធ្វើសកម្មភាពនៅពេលថ្ងៃ។
ម្យ៉ាងទៀត អាយុក៏មានចំណែកដែរ។ ចាប់ពី៥៥ឬ៦០ឆ្នាំឡើងទៅ ការភ្ញាក់យប់កើតមានកាន់តែញយ ព្រោះសមត្ថភាពផលិតអរមូនដំណេកធ្លាក់ចុះកាន់តែខ្សោយ។ ស្ទើរអរមូនមេឡាតូនីន មនុស្សវ័យចំណាស់នេះងាយភ្ញាក់នៅម៉ោង៤-៥ភ្លឺ ហើយមិនអាចលក់ទៅវិញបានទេនៅម៉ោងនេះ។
ប៉ុន្តែវេជ្ជសាស្ត្រចិន មានការពន្យល់បែបផ្សេង។ បើតាមក្បួនពេទ្យចិន សរីរាង្គនីមួយៗរបស់មនុស្សធ្វើការម្តងម្នាក់។ នៅរវាងពីម៉ោង១១យប់ ដល់ម៉ោងមួយរំលងអាធ្រាត្រ គឺថង់ទឹកប្រម៉ាត់ជាអ្នកធ្វើការ។ មានបន្ទុករក្សាទឹកប្រម៉ាត់ដែលបញ្ចេញដោយថ្លើម ប្រម៉ាត់នឹងច្រាលហើយដាស់យើងឱ្យភ្ញាក់ បើថង់ប្រម៉ាត់ត្រូវទទួលទុកខ្លាញ់អាក្រក់ច្រើនពេក។ បន្ទាប់មកចាប់ពីម៉ោង១ភ្លឺដល់ម៉ោងបីភ្លឺ ថ្លើមចាប់ដំណើរការ កម្ចាត់និងបញ្ចេញជាតិពុល ដើម្បីបន្សុទ្ធសរីរាង្គនានា។ ប៉ុន្តែដោយហេតុតែយើងបរិភោគអាហារ...
Duration:00:09:00
បត់ជើងតូចញយពេលយប់ ជាអាការៈគួរឱ្យបារម្ភ?
2/19/2025
បត់ជើងតូច (នោម) ជាសេចក្តីត្រូវការចាំបាច់របស់មនុស្សគ្រប់រូប។ ប៉ុន្តែបើមួយថ្ងៃៗ ត្រូវបត់ជើងតូចរាប់សិបដង ក៏មិនល្អដែរ។ ឈឺនោមញយខុសប្រក្រតី រហូតស្ទើរចាត់ទុកជាជំងឺ អាចជាបញ្ហាធ្ងន់ នៅត្រង់ផ្លោកនោម ឬ មានជំងឺរ៉ាំរ៉ៃផ្សេង។ តើដូចម្តេចដែលហៅថានោមញយ ជាជំងឺ? ត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់បញ្ហានេះ?
មនុស្សមានសុខភាពល្អត្រូវបត់ជើងតូចប៉ុន្មានដងមួយថ្ងៃ? តើជាករណីធម្មតាឬដែលយើងត្រូវងើបជាច្រើនដងដើម្បីទៅបន្ទប់ទឹក នៅពេលយប់? ចុះបើប្រឹងទប់ តើល្អទេ? ថ្ងៃនេះកម្មវិធីសុខភាពសូមជម្រាបជូនអំពីប្រព័ន្ធបត់ជើងនិងជំនឿទាំងឡាយទាក់ទងនឹងការបត់ជើងតូច។
៨ម៉ោងបានទៅបត់ជើងតូចមួយដង ឬទៅបត់ជើងតូចស្ទើរជារៀង២០នាទីម្តង ពិតជាមិនធម្មតាទេ! ការបត់ជើងតូចអាស្រ័យទៅលើអាហារនិងទឹកដែលយើងបរិភោគចូលរាល់ថ្ងៃ។ ប៉ុន្តែបើយើងផ្តល់ជាតិសើមដល់សរីរាង្គកាយ ដោយត្រឹមត្រូវ តាមក្បួនខ្នាត ពោលគឺទទួលទានទឹកមួយលីត្រកន្លះក្នុងមួយថ្ងៃ នោះយើងនឹងទៅបត់ជើងតូចប្រមាណ៤ទៅ៦ដងក្នុងមួយថ្ងៃ ឬត្រូវនឹងប្រមាណ២ទៅ៣ម៉ោងម្តង ព្រោះប្លោកនោមមនុស្សអាចផ្ទុកទឹកបានប្រមាណ៤០០មីល្លីត្រតែប៉ុណ្ណោះ។
ឈឺបត់ជើងជាអាការៈឈឺបន្តិចម្តងៗដេញឡើងជារហូត។ ឱ្យតែមានដក់ទឹកនោមក្នុងប្លោកបន្តិច យើងចាប់មានអារម្មណ៍ថាឈឺចង់ទៅបត់ជើងភ្លាម។ នៅពេលចង់ខ្លាំងនិងទ្រាំលែងបាន នោះមានន័យថាបរិមាណទឹកនោមឡើងពេញប្លោកហើយ។
ប្រឹងទប់នោម អាចផ្តល់ផលអាក្រក់យ៉ាងណា?
បើប្រឹងទប់ យើងអាចជំនះបាន និងមិនលេចដាក់ខោខ្មាសគេមែន ប៉ុន្តែទង្វើបែបនេះនឹងធ្វើខូចប្លោកនោមទៅថ្ងៃក្រោយ។ ប្លោកនោម ជាថង់សាច់ដុំ បើពេញខ្លាំងនិងច្រើនជ្រុលនោះប្លោកនឹងរីកធំ។ ហើយបើរីកធំយូរៗ និងញយៗពេក ប្លោកនោមនឹងយារ រួចលែងសូវកន្ត្រាក់ល្អ។ ដូច្នេះយន្តការប្លោកនោមនឹងមានដំណើរការមិនល្អ ហើយមិនសូវមានកម្លាំងធាក់បញ្ចេញចេញមកក្រៅទេ។ ផ្ទុយទៅវិញ ការប្រឹងទៅនោម ទាំងមិនទាន់ឈឺដើម្បីបង្ការកុំឱ្យរាន់ខ្លាំងទាន់ ក៏មិនល្អដែរ។ គ្រូពេទ្យជំនាញក៏មិនណែនាំឱ្យធ្វើដូច្នេះដែរ ព្រោះវាអាចធ្វើឱ្យប្លោកនោមធ្លាប់ ឆាប់មានសំរើបដាស់ឱ្យឈឺនោម ឱ្យតែផលិតទឹកនោមបានបន្តិច។ យូរៗទៅ ប្រព័ន្ធបញ្ចេញទឹកនោមដើរខុសចង្វាក់ ជំរុញឱ្យទៅចង់បត់ជើងភ្លាម និងយ៉ាងបន្ទាន់។
នោមញយនៅពេលយប់ ជាជំងឺ?
បត់ជើងតូចជាតម្រូវការធម្មជាតិ តែបើទៅញយឥតឈប់នៅពេលថ្ងៃ ពិតជារំខានខ្លាំងណាស់ នៅពេលធ្វើដំណើរឆ្ងាយឬកំពុងបំពេញការងារនានានិងកាន់តែរំខានខ្លាំងទៀតនៅពេលយប់។ បើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Thierry Lebret ឯកទេសវះកាត់ប្រព័ន្ធទឹកនោម នៅមន្ទីរពេទ្យFoch ក្បែរក្រុងប៉ារីស “ការទៅបត់ជើងតូច ដែលគេចាត់ទុកថា ញឹក ឬញយហួសហេតុផល គឺនៅពេលយប់ អ្នកត្រូវភ្ញាក់លើសពីពីរដងដើម្បីទៅនោម។ សម្រាប់ពេលថ្ងៃ ការបត់ជើងតូច ចាប់ពី៧ដងឡើងទៅក្នុងថ្ងៃ (១២ម៉ោង) អាចចាត់ទុកថា ញយដែរហើយ។ ការឈឺបត់ជើងញយ និងញាប់ពេក អាចជាសញ្ញាដាស់បង្ហើបឱ្យដឹងថាអាចមានជំងឺរ៉ាំរ៉ៃលាក់កប់ក្នុងខ្លួន មានជាអាទិ៍ ជំងឺប្រព័ន្ធសរសៃប្រសាទ ព្រោះប្លោកនោម ស្ថិតក្រោមការបញ្ជារបស់សរសៃប្រសាទ។ ដូច្នេះប្រសិនបើមានជំងឺអ្វីមួយកើតឡើងនៅនឹងប្រព័ន្ធសរសៃប្រសាទ នោះផលរំខានអាចនឹងធ្លាក់ដល់ប្លោកនោម ដោយធ្វើឱ្យប្លោកនោមកន្ទ្រាក់យ៉ាងអនាធិបតេយ្យ មិនដឹងពេលវេលា និងមិនអាចគ្រប់គ្រងបាន ទើបចេះតែចង់ទៅបត់ជើងតូចឥតឈប់។ នោមញយ ក៏អាចជាសញ្ញារោគនៃជំងឺទឹកនោមផ្អែមដែរ។ អ្នកជំងឺទឹកនោមផ្អែម ផលិតទឹកនោមក្នុងបរិមាណច្រើនជាងមនុស្សធម្មតា ទើបមានទឹកនោមដក់ក្នុងប្លោកច្រើន ដែលត្រូវតែទៅបញ្ចេញចោលញយដែរ”។
ហេតុអ្វីនោមញយនៅពេលយប់?
ដូច្នេះ ងើបបត់ជើងតូចម្តងឬពីរដងក្នុងមួយយប់ គ្មានអ្វីគួរឱ្យព្រួយបារម្ភ និងមិនមែនជាសញ្ញានៃជំងឺអ្វីមួយឡើយ។ ប៉ុន្តែបើញយជាងនេះ ទើបអាចចាត់ទុកជាបញ្ហា ដែលត្រូវរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យ។ អាការៈនោមយប់ញយនេះ មានឈ្មោះថា Nycturie និងចាប់លេចឡើងញយ ទៅតាមវ័យ។ បើតាមគ្រូពេទ្យឯកទេសប្រព័ន្ធទឹកនោម ចាប់ពីអាយុ៤៥-៥០ឆ្នាំឡើងទៅ តម្រងនោមចាប់ប្តូរផ្លាស់ និងមាននិន្នាការផលិតទឹកនោមច្រើននៅពេលយប់ ជាងនៅពេលថ្ងៃ។ ចូលដល់វ័យនេះ មនុស្សប្រុសក៏ដូចមនុស្សស្រី ច្រើនតែជួបអាការៈនោមញយដូចគ្នា តែបុរសចំណាស់ច្រើនមានបញ្ហាខ្លាំងជាង។
សម្រាប់មនុស្សប្រុស...
Duration:00:07:12
ភេសជ្ជៈផ្អែមជាតំណាងគ្រោះថ្នាក់យ៉ាងណាចំពោះសុខភាព?
2/12/2025
រឿងអាស្រូវក្មេងជាច្រើននាក់ធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែម បានបំផុសមតិសាធារណៈឱ្យចាប់អារម្មណ៍អំពីគ្រោះថ្នាក់នៃទទួលទានភេសជ្ជៈផ្អែមច្រើន និងអាហារមានជាតិស្ករខ្ពស់។ តើស្ករពិតជាអាចបង្កបញ្ហាដល់សុខភាពមែនឬ? ភេសជ្ជៈផ្អែម ដែលខ្មែរមានទម្លាប់ហៅថាទឹកក្រូចកំប៉ុងនោះបំផ្លាញសុខភាពយ៉ាងណា?
មានហ្កាស អត់ហ្កាស មានពណ៌ មានក្លិន មានរសជាតិផ្លែឈើផ្សេងៗ ភេសជ្ជៈផ្អែម ភេសជ្ជៈកំប៉ុង ឬដប ជាទីពេញនិយមសម្រាប់មនុស្សគ្រប់វ័យមិនថាចាស់ឬក្មេង និងស្ទើរមិនអាចខ្វះបាននៅពេលមានបុណ្យ និងការជួបជុំរីករាយទទួលទានអាហារជុំគ្នាម្តងៗ។ ភេសជ្ជៈពេញនិយមខ្លាំង រហូតអ្នកខ្លះមិនអាចអត់បាន ព្រោះភេសជ្ជៈផ្អែម មានជាតិស្ករ ងាយផ្តល់ភាពញៀនណាស់។
ក្រៅអំពីនាំឱ្យញៀន បានញ៉ាំហើយចង់ញ៉ាំទៀត ភេសជ្ជៈផ្អែមនេះអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ហេតុដូច្នេះហើយបានជាកាលពីថ្ងៃទី៣កុម្ភៈ២០២៥ សភាបារាំងបានបោះឆ្នោតអនុម័តច្បាប់ដំឡើងពន្ធលើភេសជ្ជៈផ្អែមបន្ថែមទៀត ដើម្បីបង្កើនថវិកាក្នុងហិបធានារ៉ាប់រងសង្គមផង និងដើម្បីបំបាក់ទឹកចិត្តក្រុមហ៊ុនឧស្សាហកម្មកុំឱ្យបន្ថែមស្ករក្នុងភេសជ្ជៈ។ គោលការណ៍នៃការយកពន្ធលើភេសជ្ជៈផ្អែម ដែលមានឈ្មោះថា “ពន្ធសូដា” គឺ បើភេសជ្ជៈមានកំរិតជាតិស្ករកាន់តែច្រើន ពន្ធលើភេសជ្ជៈនោះកាន់តែខ្ពស់។ កាលពីឆ្នាំ២០២៣ រដ្ឋបារាំងប្រមូលពន្ធពីភេសជ្ជៈផ្អែម បានប្រមាណ៤៤៣លានអឺរ៉ូ។ ជាមួយច្បាប់ថ្មី ចំណូលពន្ធសូដា នឹងឡើងបាន៣០០លានបន្ថែមទៀត នៅឆ្នាំ២០២៥។
ដូច្នេះពន្ធសូដា ជាដំណឹងល្អសម្រាប់សុខភាព? ក្នុងន័យធៀប ហិបរដ្ឋបានចំណូលច្រើនជាងមុន ឯក្នុងន័យចំ បើភេសជ្ជៈកំប៉ុងលែងសូវមានជាតិស្ករ សុខភាពរបស់អ្នកបរិភោគក៏ប្រសើរទៅតាមទៅនោះ។ ការបរិភោគភេសជ្ជៈមានជាតិស្ករទាប មិនផ្អែម ជួយកាត់បន្ថយហានិភ័យកើតជំងឺ ទឹកនោមផ្អែមផង ជំងឺសរសៃឈាមបេះដូងផង និងជំងឺមហារីកទៀត។
បារាំងមានពន្ធសូដា តាំងពីឆ្នាំ២០១២មក និងធ្លាប់ដំឡើងម្តងកាលពីឆ្នាំ២០១៨។ សមាជិកសភា រង់ចាំរបាយការណ៍វាយតម្លៃអំពីឥទ្ធិពលនៃការដំឡើងពន្ធសូដានៅឡើយ។ ប៉ុន្តែ ខាងសមាគមអ្នកបរិភោគនិងសេដ្ឋវិទូ បានសិក្សាអង្កេតឃើញថាការដំឡើងពន្ធលើភេសជ្ជៈផ្អែម អាចកាត់បន្ថយការទទួលទានភេសជ្ជៈមានជាតិស្ករនេះ បានយ៉ាងហោច២គីឡូក្រាម ទៅ៥គីឡូក្រាមក្នុងមួយឆ្នាំ ជាមធ្យម ពោលគឺកាត់បន្ថយជាតិស្ករបានបីស្លាបព្រាកាហ្វេ ក្នុងមួយថ្ងៃ សម្រាប់ប្រជាពលរដ្ឋពេញវ័យ ចំនួន៥%ដែលមានអាការៈធាត់ជ្រុល។
នៅសហរដ្ឋអាមេរិក ពន្ធសូដាមានឥទ្ធិពលខ្លាំង។ អាជ្ញាធរសង្កេតឃើញថាការបរិភោគភេសជ្ជៈផ្អែមបានធ្លាក់ចុះអស់៣៣% នៅពេលតម្លៃពន្ធសូដា ឡើង៣៣%។
នៅកម្ពុជា គ្រោះថ្នាក់នៃភេសជ្ជៈផ្អែម គ្រឿងកំប៉ុង ទើបត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងចំណោមមតិសាធារណៈ បន្ទាប់ពី រកឃើញករណីក្មេងធ្លាក់ខ្លួនឈឺ ជំងឺទឹកនោមផ្អែម ជាបន្តបន្ទាប់ ដោយហេតុសង្ស័យថាមកពីទទួលទានទឹកផ្អែមច្រើនពេក។
តើភេសជ្ជៈផ្អែម ជាអ្វី?
ភេសជ្ជៈផ្អែម ឬគ្រឿងកំប៉ុង ឬទឹកក្រូចកំប៉ុង គឺជាល្បាយរាវ ដែលផ្សំជាគោលការណ៍ ដោយទឹក ជាមួយស្ករ និងក្លិនរុក្ខជាតិ ឬផ្លែឈើ ជួនមានហ្កាស ជួនអត់។ សមាសធាតុផ្សំនៃភេសជ្ជៈនីមួយៗ ខុសគ្នានិង ប្រែប្រួល ទៅពីភេសជ្ជៈមួយទៅភេសជ្ជៈមួយ ពីម៉ាកមួយទៅម៉ាកមួយ។ ប៉ុន្តែ កំរិតជាតិស្ករមានប្រហាក់ប្រហែលគ្នាទាំងអស់។ ក្នុងមួយកំប៉ុង៣៣សង់ទីលីត្រ គេតែងដាក់ស្ករជាមធ្យមក្នុងកំរិត៣០ក្រាម ឬត្រូវជា៦ដុំការ៉េស្ករ។ ភេសជ្ជផ្អែមនេះ គ្មានផ្ទុកសោះឡើយ ជាតិខ្លាញ់ ជាតិវីតាមីន និងក៏គ្មានដែរជាតិប្រូតេអ៊ីន។ សម្រាប់អ្នកជំនាញសុខភាព ភេសជ្ជៈផ្អែម ជាអាហារដែលមានតែកាឡូរីទទេ ឬជាអាហារដែលគ្មានផ្តល់អាហារូបត្ថម្ភឬមីក្រូអាហារូបត្ថម្ភ ប្រកបដោយអត្ថប្រយោជន៍ដល់សរីរាង្គកាយសោះ។
ជាតិផ្អែមមានឥទ្ធិពលលើសរីរាង្គកាយយ៉ាងណា?
សរីរាង្គកាយមនុស្សត្រូវការជាតិស្ករប្រមាណ២៥ក្រាមក្នុងមួយថ្ងៃ។ នេះបើតាមអនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោក។ ដូច្នេះបើអ្នកទទួលទានភេសជ្ជៈផ្អែមតែមួយកំប៉ុង៣៣សង់ទីលីត្រ ដែលមានស្ករដល់ទៅ ៣០ក្រាម នោះមានន័យថាសរីរាង្គកាយអ្នកបានទទួលជាតិស្ករលើសកំរិតចាំបាច់ប្រចាំថ្ងៃបាត់ទៅហើយ។ ហើយស្ករក្នុងភេសជ្ជៈផ្អែម មិនមែនជាពពួកស្ករល្អ ក្លុយកូសទេ តែជាស្ករចម្រាញ់ដែលគ្មានគុណសម្បត្តិល្អដូចស្ករធម្មជាតិទេ ព្រោះវាមានតែកាឡូរី តែគ្មានវីតាមីននិងជាតិរ៉ែទេ។
ការបរិភោគទឹកផ្អែម គ្រឿងកំប៉ុង ដូចជាកូកា ហ្វាន់តា ស្ព្រៃ កូឡា...
Duration:00:09:26
បារាំងចង់មានច្បាប់កំរិតការប្រើប្រាស់អេក្រង់របស់កុមារ
1/3/2025
ដោយចង់ដាស់ស្មារតីអ្នកជាឪពុកម្តាយទាំងអស់ឱ្យយល់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់អេក្រង់របស់ក្មេង អាជ្ញាធរបារាំងបានបញ្ចូលអនុសាសន៍ស្តីពីការប្រើប្រាស់អេក្រង់ក្នុងសៀវភៅតាមដានសុខភាពកុមារ ចាប់ពីថ្ងៃទី១មករា២០២៥នេះទៅ។ តើការលេងទូរស័ព្ទ ឬនៅមុខអេក្រង់ តាំងពីតូច មានគ្រោះថ្នាក់យ៉ាងណា?
ការប្រើប្រាស់អេក្រង់ (មើលទូរស័ព្ទ មើលទូរទស្សន៍ មើលអាយផេត...) កំពុងក្លាយជាចំណោទសង្គមកាន់តែធំៗឡើង។ នៅប្រទេសបារាំង ក្មេងអាយុក្រោម២ឆ្នាំ នៅមុខអេក្រង់រយៈពេលបីម៉ោងនិង១១នាទី ជាមធ្យម ក្នុងមួយថ្ងៃ នៅឆ្នាំ២០២២។ ដើម្បីផ្តល់ព័ត៌មានជុំវិញគ្រោះថ្នាក់របស់អេក្រង់ចំពោះទារក និងកុមារ រដ្ឋបារាំងបានសម្រេចចិត្ត ចាប់ពីថ្ងៃទី ១មករា២០២៥នេះ បោះពុម្ពសារណែនាំអំពីរបៀបប្រើប្រាស់អេក្រង់ សម្រាប់ទារកចាប់ពីបីខែដល់វ័យជំទង់ នៅក្នុងសៀវភៅតាមសុខភាពរបស់ទារកតែម្តង។ សៀវភៅតាមដានសុខភាពថ្មីដែល មានចែកជូនទារកកើតចាប់ពីថ្ងៃពុធទី ១មករា២០២៥នេះទៅ បានចំណាយជាច្រើនទំព័ររំឭកឪពុកម្តាយ អំពីផលប៉ះពាល់ និងបម្រាមកុំឱ្យកូនក្មេងអាយុក្រោមបីឆ្នាំ លេងអេក្រង់ ឬនៅមុខអេក្រង់ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាលរបស់ក្មេង។
គ្រោះថ្នាក់នៃអេក្រង់បានក្លាយជាភាពបន្ទាន់នៃសុខភាពសាធារណៈ។ ហេតុដូច្នេះហើយបានជាប្រធានាធិបតីបារាំង លោក អេម៉ានុយអែលម៉ាក្រុង បានស្នើកាលពីដើមឆ្នាំ២០២៤ឱ្យគណៈកម្មាធិការជំនាញ សិក្សាអង្កេត និងរៀបចំគម្រោងច្បាប់ដើម្បីឈានទៅកំរិតរយៈពេលប្រើប្រាស់អេក្រង់របស់ក្មេង អាយុក្រោម៦ឆ្នាំ។
ក្នុងសម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើប គេមិនអាចហាមឃាត់ការប្រើប្រាស់អេក្រង់បានទេ ប៉ុន្តែដើម្បីប្រយោជន៍សុខភាពសាធារណៈ អាជ្ញាធរចាំបាច់ត្រូវមានវិធានការគោល សម្រាប់ឱ្យស្ថាប័នអប់រំ-សុខាភិបាល ស្ថាប័នទទួលបន្ទុកថែទាំទារក បានយល់ដឹងកាន់តែច្បាស់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់អេក្រង់របស់ក្មេង និងដើម្បីផ្សព្វផ្សាយសារការពារ បង្ការហានិភ័យបង្កឡើងដោយអេក្រង់ចំពោះកុមារ ព្រមទាំងមនុស្សធំ ក្នុងទម្រង់ជាមគ្គុទេសក៍ចង្អុលប្រាប់ឪពុកម្តាយអំពីរបៀបប្រើប្រាស់ និងគ្រប់គ្រងអេក្រង់ឱ្យបានត្រឹមត្រូវ។
រហូតមកទល់នឹងពេលនេះ ពុំទាន់មានទេអនុសាសន៍ផ្លូវការ ថាតើត្រូវធ្វើដូចម្តេចទើបអាចហាមឃាត់ការប្រើអេក្រង់ហួសហេតុដែលអាចប៉ះពាល់ដល់លូតលាស់របស់កុមារ។ ប៉ុន្តែអ្នកជំនាញបានយល់ស្របគ្នាទាំងអស់ និងបានបញ្ចេញមតិយោបល់ដូចគ្នាថា “ក្រោមអាយុ៣ខួប ក្មេងមិនត្រូវប្រឈមនឹងអេក្រង់ទេ”។ អង្គការសុខភាពពិភពលោកសំណូមពរឱ្យហាមផ្តាច់មិនឱ្យក្មេងក្រោមអាយុពីរខួបមើលអេក្រង់ទេ។ ពាក្យថាអេក្រង់គឺរាប់ទាំង ទូរទស្សន៍ ទូរស័ព្ទ អាយផេត អាយផាត់ ស្មាតហ្វូន។ ពោលគឺមិនត្រូវបណ្តោយក្មេងឱ្យមើលវត្ថុទាំងអស់នេះទេ។ ហេតុអ្វី? ពីព្រោះមិនមែនតួអេក្រង់ទេដែលជាបញ្ហា។ បញ្ហានៅត្រង់ភាពអសកម្ម។ នៅពេលក្មេងរវល់វក់លេង ឬមើលអេក្រង់ ក្មេងលែងមានអន្តរកម្ម (សកម្មភាពប្រទាក់គ្នា)ជាមួយឪពុកម្តាយ ជីដូនជីតា បងឬប្អូនហើយ គឺស្លុងជាប់នឹងអេក្រង់។ ក្នុងវ័យនេះ ដើម្បីលូតលាស់ ខួរក្បាលក្មេងត្រូវការសកម្មភាពរំញោចជាប់ជាប្រចាំ។ បើគ្មានការភ្ញោចទេ ខួរក្បាលអាចនឹងរងផលប៉ះពាល់លូតលាស់មិនបានល្អត្រឹមត្រូវទេ។ ក្មេងនៅមុខអេក្រង់កាន់តែច្រើន កាន់តែជួបការលំបាកខ្លាំងក្នុងការនិយាយស្តី ក្នុងការរៀន ក្នុងការអាន ក្នុងការផ្ចង់អារម្មណ៍ ក្នុងការដេក ហើយមិនសូវចេះប្រើពាក្យពេចន៍ទេ។
ការសិក្សា របស់ក្រុមអ្នកជំនាញបារាំង បានសង្កេតឃើញទៀតថា គ្រាន់តែបើកទូរទស្សន៍ចោល ពេលកំពុងញ៉ាំបាយ ហើយក្មេងគ្រាន់តែឮ និងមិនទាំងផ្តោចភ្នែកមើលផង ក៏ផលរំខានមានលក្ខណៈធ្ងន់ធ្ងរខ្លាំងអាចធ្វើក្មេងក្រចេះនិយាយ ជាងក្មេងដែលគ្មានទូរទស្សន៍នៅក្បែរសោះ។ ម្យ៉ាងវិញទៀត ការមើលទូរទស្សន៍ មើលអាយផេត ឬទូរស័ព្ទដៃ ពេលកំពុងបាយ នឹងធ្វើឱ្យក្មេងញ៉ាំបាយដោយបង្ខិតបង្ខំ ដោយមិនទំពារ ដោយបៀមភ្លេច ឬលេបចូលទាំងមិនដឹងរសជាតិ ដែលជាហេតុនាំឱ្យមានបញ្ហារំលាយអាហារ ឈឺពោះនិងទល់លាមក។ ជាចុងក្រោយ គ្រប់អេក្រង់សុទ្ធតែបញ្ចេញពន្លឺពណ៌ខៀវ ដែលរំខានខ្លាំងណាស់ដល់ប្រព័ន្ធអរមូនមេឡាតូនីន។ ដូចមនុស្សចាស់ដែរ ក្មេងណាដែលមើលអេក្រង់នៅពេលល្ងាច ពីព្រលប់ មុនចូលដំណេក នឹងពិបាកដេក ក្រលង់លក់ណាស់ ហើយលក់មិនស្កប់ស្កល់ល្អទេ។ បើក្មេងដេកមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវ ការលូតលាស់ក៏មិនសូវល្អដែរ។
នៅក្នុងរបាយការណ៍ ដែលបានប្រគល់ជូនប្រធានាធិបតីបារាំង...
Duration:00:07:11
ការបង្អត់អាហារមួយពេល ពិតជាមានប្រសិទ្ធភាព ជួយឱ្យចុះស្គមមែនឬ?
12/25/2024
ចង់បញ្ចុះទម្ងន់ ចង់មានអាយុវែង ចង់ថែបំប៉នសុខភាព ចង់ជាពីជំងឺ ចង់បានរាងស្វែល ស្គម ខ្លាចធាត់ ... ជំនឿមានច្រើនណាស់ជុំវិញរបៀបរបបហូបចុក។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការបង្អត់អាហារមួយពេល Fasting បានក្លាយជម្រើសមួយ យ៉ាងពេញនិយម។ ការផ្សព្វផ្សាយមានច្រើនអនេក ជាពិសេសនៅតាមបណ្តាញសង្គម ដែលពេលខ្លះមានអមដោយព័ត៌មានមិនត្រឹមត្រូវជាច្រើនផង។ ចុះតើផ្នែកវេជ្ជសាស្ត្រយល់យ៉ាងណាទៅវិញ ចំពោះរបបបង្អត់អាហារមួយពេលនេះ?
ជាវិធីសាស្ត្របញ្ចុះទម្ងន់ សម្រកគីឡូ និងដើម្បីភាពប្រសើរឡើងនៃសុខភាព ការបង្អត់អាហារមួយពេល ឬហៅជាភាសាអង់គ្លេស Fasting ជាការអត់ មិនទទួលទានអាហារក្នុងរយៈពេលកំណត់ណាមួយ។ វិធីអត់អាហារដើម្បីសុខភាពនេះ កំពុងពេញនិយមខ្លាំងណាស់ ប៉ុន្តែវិធីសាស្ត្រនេះ មិនមែនថ្មីស្រឡាងនោះឡើយ។ ទម្លាប់អត់អាហារ មួយរយៈ ជាប្រពៃណីបុរាណតាំងពីយូរលង់មកហើយ នៅឥណ្ឌា នៅរ៉ូម ... ជាសរុប ការមិនទទួលទានអាហារមួយពេល-មួយរយៈ មានកំណត់នៅក្នុងស្ទើរគ្រប់គម្ពីរសាសនា តាំងពីសាសនាគ្រិស្ត ទៅអ៊ីស្លាម ព្រាហ្មណ៍ ទៅព្រះពុទ្ធសាសនា។ ឧទាហរណ៍ សាសនិកជនអ៊ីស្លាម តបអាហារពេញមួយថ្ងៃរយៈពេលមួយខែ។ តាមវិន័យសាសនាព្រះពុទ្ធ ព្រះសង្ឃមិនឆាន់ចាប់ពីថ្ងៃត្រង់រហូតដល់ថ្ងៃរះឡើងវិញ។ អ្នកសុំសីល៨ មិនបរិភោគអាហារចាប់ពីថ្ងៃត្រង់រហូតដល់ថ្ងៃរះឡើងវិញដែរ តែជារៀងរាល់ថ្ងៃសីល ។ល។ និង។ល។
បច្ចុប្បន្ននេះ ការបង្អត់អាហារខ្លួនឯងក្នុងរយៈពេលកំណត់ណាមួយ មិនមែនធ្វើឡើងព្រោះជំនឿសាសនាតែមួយម្យ៉ាងទេ តែដើម្បីជាប្រយោជន៍សម្រាប់សុខភាព។ ការប្រកាន់របបអត់អាហារ អាចមានច្រើនសណ្ឋាន និងខ្លះត្រូវបានទទួលស្គាល់ តាមបែបវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ។
របបបង្អត់អាហារ១៦/៨នេះ មានអ្នកជ្រើសរើសអនុវត្តច្រើនជាងគេ និងទទួលស្គាល់ដោយក្រុមអ្នកវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រទៀតផង។ ធម្មជាតិមនុស្សមិនបរិភោគនៅពេលយប់ទេ។ ក្នុងរយៈពេលអត់អាហារនោះ អត្រាជាតិស្ករ ជាតិខ្លាញ់ ប្រែប្រួលបន្តិច តែគ្មានការធ្លាក់ចុះជាគំហុកនាំព្រួយបារម្ភឡើយ។ ឯការបង្អត់អាហារ១៦-៨ គ្រាន់តែជាពន្យាររយៈពេលអត់អាហារ ឱ្យវែងជាងច្បាប់ធម្មជាតិបន្តិចតែប៉ុណ្ណោះ។ នៅពេលអត់អាហារយូរលើសធម្មតា សរីរាង្គកាយនឹងឃ្លាន ពោលគឺនឹងទៅទាញស្រូបយកជាតិខ្លាញ់ ពីស្តុក ទើបបរិមាណជាតិខ្លាញ់ត្រូវថយចុះ ហើយយើងមានអារម្មណ៍ថាស្រកទម្ងន់ និងចុះស្គមនោះ។
អ៊ីចឹងហើយបានជា អ្នកជ្រើសរើសធ្វើFasting ១៦/៨ បានអួតអាងអំពីប្រសិទ្ធភាព និងភាពវិជ្ជមាននៃការអត់អាហារមួយពេលថាពិតជាបានធ្វើស្រកគីឡូ មានអត្រាជាតិស្ករ ជាតិខ្លាញ់ ក្នុងឈាមដើរទៀងទាត់ល្អ បញ្ចុះសម្ពាធឈាម និងមិនសូវមានរោគរលាក។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Gabriel Perlemuter ប្រធានផ្នែកជំងឺក្រពះពោះវៀននិងថ្លើម ព្រមទាំងអាហារូបត្ថម្ភនៅមន្ទីរពេទ្យ Antoine Béclère de Clamart ក្បែរក្រុងប៉ារីស និងជាអ្នកនិពន្ធសៀវភៅ Jeûner en mangeant “បង្អត់អាហារដោយការបរិភោគ” ទទួលស្គាល់គុណប្រយោជន៍នៃការធ្វើរបបបង្អត់អាហារមួយពេល ថាជាការរក្សាសេរីភាពក្នុងការហូបចុកខ្លះ មិនសូវតឹងតែង និងផ្តល់ផលល្អដល់ប្រព័ន្ធមេតាបូលិករបស់សរីរាង្គកាយ ព្រោះរបៀបរបបរស់នៅសម័យថ្មី បរិភោគច្រើនជ្រុល។ ការទទួលទានឥតឈប់ឈរ ច្រើនជ្រុល ជាមូលហេតុនាំមានជំងឺជាច្រើន មានជាអាទិ៍ខ្លាញ់ក្នុងថ្លើម។ ប៉ុន្តែការបង្អត់អាហារមិនត្រូវដោយហួសហេតុនិងដោយគ្មានរបៀបរបបទេ។ សម្រាប់លោកសាស្ត្រាចារ្យ របបបង្អត់អាហារFasting មានឬ គ្មានប្រសិទ្ធភាព អាស្រ័យទៅលើរបៀបអនុវត្ត ហើយបុគ្គលគ្រប់រូបមិនមែនសុទ្ធតែអាចធ្វើបានឡើយ។
តើការបង្អត់អាហារមួយពេលមានប្រសិទ្ធភាពយ៉ាងណា?
លោកសាស្ត្រាចារ្យ Perlemuter ៖ “ការបង្អត់អាហារមានប្រសិទ្ធភាពអាស្រ័យទៅលើកត្តាសុខភាពច្រើនយ៉ាង ដូចជា ទម្ងន់ សម្ពាធឈាម លំនឹងជាតិស្ករ ជាតិខ្លាញ់ សភាពចាស់របស់បុគ្គលម្នាក់ៗផង និងរបៀបអត់អាហារផង។ ការបង្អត់អាហារសុខភាពមិនមែនចេះតែធ្វើតាមចិត្តនឹកឃើញឡើយ។ ការបង្អត់អាហារក៏មិនប្រាកដថានឹងធ្វើឱ្យយើងចុះស្គមដែរ។ យើងចាំបាច់ត្រូវយល់ដឹងអំពីរបៀបបង្អត់អាហារ ថាតើត្រូវចាប់ផ្តើមយ៉ាងដូចម្តេច? តើត្រូវទទួលទានអាហារបែបណាពេលផុតម៉ោងបង្អត់អាហារ?
ដូចរាល់គ្រប់មធ្យោបាយព្យាបាលតាមបែបវេជ្ជសាស្ត្រ ការបង្អត់អាហារដើម្បីសុខភាព ក៏មានបម្រាមនិងការហាមឃាត់ខ្លះដែរ។ ក្មេងក្នុងពេញវ័យលូតលាស់មិនត្រូវធ្វើរបបបង្អត់អាហារទេ...
Duration:00:10:14
សុខភាពសាច់ដុំ និងការចងចាំ
12/18/2024
ថែទាំសុខភាពសាច់ដុំ ជាប្រការចាំបាច់ខ្លាំងណាស់ មិនសម្រាប់តែសុខភាពផ្លូវកាយមួយមុខទេ។ សុខភាពខួរក្បាល បញ្ញាញាណ និងការចងចាំល្អ ក៏ត្រូវការទម្រពីសាច់ដុំដែរ។ បើតាមការសិក្សាចុងក្រោយរបស់អាមេរិក មានសុខភាពសាច់ដុំល្អ ជួយចូលរួមចំណែកលើកកម្ពស់សុខភាពខួរក្បាលនិងជួយកាត់បន្ថយគ្រោះភ្លេចភ្លាំង។
សរីរាង្គកាយមនុស្សផ្គុំដោយសាច់ដុំប្រមាណជាង៦០០ដុំ ដែលមានទម្រង់ និងតួនាទីខុសៗគ្នាទៅតាមទីតាំងរបស់វា។ សាច់ដុំតំណាងឱ្យ៣០ទៅ៤០%នៃទម្ងន់សរុបរបស់ខ្លួនប្រាណយើង។ ចំណែកសមាសធាតុក្នុងសាច់ដុំទៀតសោត ៨០%ជាជាតិទឹក ១៧%ជាប្រូតេអ៊ីន ហើយបីភាគរយទៀត ជាជាតិស្ករ (glycogène១%) ខ្លាញ់(១%) និងអំបិលរ៉ែ (១%)។
ដើម្បីមានដំណើរការល្អ សាច់ដុំត្រូវការខ្យល់អុកស៊ីសែនដែលផ្តល់តាមរយៈការដកដង្ហើម និងជាតិស្ករ Adénosine TriPhosphate ដែលបំប្លែងចេញពីចំណីអាហារ។ ហេតុដូច្នេះហើយបានជាអ្នកប្រើកម្លាំងខ្លាំង ត្រូវទទួលទានអាហារមានជាតិគ្លុយស៊ីតខ្ពស់ ដូចយ៉ាង ដំឡូងបារាំង បាយ ស្រូវសាលី ...
សាច់ដុំមនុស្សមានបីប្រភេទធំៗ ដែលមានតួនាទីប្លែកៗពីគ្នា។ សាច់ដុំអវៈយវៈ មានភារៈគ្រប់គ្រងរាល់គ្រប់ចលនាដោយភាពរវៀស ឬដោយចេតនា ដូចជាការ ដើរ លើកជើង ឬកាន់ ចាប់វត្ថុអ្វីមួយ ... សាច់ដុំបេះដូង សម្រាប់ច្របាច់និងធ្វើចលនាបេះដូង និងចរន្តឈាម។ ចុងក្រោយ ជាប្រភេទសាច់ដុំរលោង ដែលធ្វើសកម្មភាពដោយឯកឯង ដោយមិនត្រូវការការបញ្ជា ឬគិតឡើយ នោះគឺការដកដង្ហើម ការកិនរំលាយអាហារ និងដំណើរការល្អរបស់គ្រឿងក្នុងពោះ។
សាច់ដុំក៏មានតួនាទីជាអ្នកការពារ នៅពេលមានបុកទង្គិច ដួល ព្រមទាំងជួយរក្សាលំនឹងខ្លួនប្រាណ ហើយក៏ជាអ្នកផលិតកម្តៅការពារខ្លួនទៀត។ លក្ខណៈពិសេសរបស់សាច់ដុំគឺ មានសមត្ថភាព ក្នុងការបញ្ចេញសកម្មភាពតាមការបញ្ជា ឬទៅតាមការបំប៉ន។ មានសមត្ថភាពរួញ រួចលាទៅរកទម្រង់ដើមវិញ រក្សាកម្លាំងទាំងពេលសម្រាកទាំងពេលបញ្ចេញសកម្មភាព និងអាចប្តូរទម្រង់ យឺតយារហើយត្រលប់មករកសភាពដើមវិញ។ ប៉ុន្តែសមត្ថភាពពិសេសនេះ អាចប្រែប្រួលទៅតាមវ័យ ទៅតាមភេទ និងកំរិតនៃសកម្មភាពផ្លូវកាយរបស់មនុស្សម្នាក់ៗ។
ដើម្បីឱ្យសាច់ដុំមានសុខភាពនិងដំណើរការល្អជានិច្ច យើងត្រូវប្រើសាច់ដុំឱ្យធ្វើចលនា ឱ្យបានទៀងទាត់ តាមរយៈការហាត់ប្រាណ បញ្ចេញសកម្មភាពផ្លូវកាយ និងធ្វើកីឡា។ ភាពអសកម្ម នៅស្ងៀមជាសត្រូវធំបំផុតរបស់សាច់ដុំ។ អ្នកជំងឺ អ្នកដេកស្ងៀម នៅមួយកន្លែងយូរ តែងមានសាច់ដុំទន់ជ្រាយ និងខ្លះមិនអាចងើបដើរវិញបានភ្លាមទេ បើគ្មានការហាត់ធ្វើចលនាឡើងវិញនោះ។ គ្រប់ចលនា និងដំណើរការចាំបាច់របស់ជីវិតមនុស្ស អាស្រ័យទាំងស្រុងទៅលើសាច់ដុំ។ មានន័យថាបើសាច់ដុំមានសុខភាពរឹងមាំល្អ សុខភាពទូទៅរបស់សរីរាង្គកាយទាំងមូលក៏ល្អទៅតាមនោះដែរ។ ផ្ទុយទៅវិញ បើសាច់ដុំចាប់ចុះខ្សោយនោះ សមត្ថភាពសុខភាពផ្លូវកាយអ្នកក៏ចុះថយ មិនសូវមានកម្លាំង និងមិនសូវធន់ដូចមុនដែរ ជាមួយផលវិបាកមួយចំនួន ដូចជាត្រូវប្រឈមនឹងហានិភ័យងាយដួល ឬមិនអាចធ្វើសកម្មភាពមួយចំនួនបាន មានជាអាទិ៍មិនអាចយួរកាន់លើករបស់ធ្ងន់បាន។ របស់តូចមួយសោះតែមានអារម្មណ៍ថាធ្ងន់ខ្លាំង។
ប៉ុន្តែតាមច្បាប់ធម្មជាតិ នៅពេលចាប់ចូលដល់វ័យខ្ទង់៥០ឆ្នាំឡើងទៅ មនុស្សគ្រប់រូប តែងបាត់បង់ម៉ាសមាឌសាច់ដុំ ក្នុងបរិមាណប្រមាណ១ទៅ២% ក្នុងមួយឆ្នាំៗ។ ការបាត់បង់សាច់ដុំទៅតាមវ័យនេះ ប៉ះពាល់ដល់សមត្ថភាពផ្លូវកាយផង និងដល់សមត្ថភាពផ្នែកបញ្ញាញាណផង។
បើតាមការសិក្សាថ្មីរបស់ក្រុមគ្រូពេទ្យជំនាញប្រព័ន្ធប្រសាទនិងវិទ្យុសកម្មអាមេរិក ការរលាយស្រកស្រុតនៃសាច់ដុំ ពាក់ព័ន្ធនឹងអាយុ ជះផលវិបាកដល់ខួរក្បាល ដោយបង្កើនគ្រោះហានិភ័យភ្លេចភ្លាំងច្រើន និងធ្វើឱ្យភាពវៀងវៃធ្លាក់ចុះ។
តើត្រូវធ្វើដូចម្តេចដើម្បីកុំឱ្យបាត់បង់សាច់ដុំ?
មានតែការបញ្ចេញសកម្មភាពផ្លូវកាយ ហាត់ប្រាណធ្វើកីឡាជាប្រចាំទេ ទើបអាចប្រយុទ្ធប្រឆាំង ឬយ៉ាងហោច ពន្យឺតពេលវេលានៃការស្រកបាត់បង់សាច់ដុំបាន។ ហើយក៏មានតែវិធីនេះដែរ ដែលសម្រួលការថែទាំខួរក្បាលនៅមានសុខភាពល្អនោះ។ ការសិក្សាមុនៗ ជាច្រើនមកហើយបានលាតត្រដាងឱ្យឃើញអំពីគុណប្រយោជន៍នៃការធ្វើសកម្មភាពផ្លូវកាយជាប្រចាំថាបានជួយទ្រទ្រង់សុខភាពខួរក្បាលបញ្ញាញាណ និងជួយកាត់បន្ថយគ្រោះហានិភ័យធ្លាក់ខ្លួនមានជំងឺវង្វេងវង្វាន់។
ជាទូទៅ Hippocampe ខួរក្បាលទទួលបន្ទុកផ្នែកចងចាំ មាននិន្នាការរួមទំហំទៅតាមវ័យ អាយុកាន់តែច្រើន ខួរកាន់តែរួមតូច។ តែលំហាត់ប្រាណអាចជួយទប់ខួរក្បាលត្រង់ផ្នែកនេះមិនឱ្យស្រកមាឌបាន ព្រោះនៅពេលប្រឹងធ្វើសកម្មភាព...
Duration:00:08:27
ជំងឺទឹកនោមផ្អែមប្រភេទទីមួយ នឹងមានវិធីព្យាបាលជា?
11/27/2024
អ្នកជំងឺទឹកនោមផ្អែមភេទស្រី នៅប្រទេសចិន អាយុ២៥ឆ្នាំម្នាក់ អាចផលិតអរមូនអាំងស៊ូលីនបានឡើងវិញ បន្ទាប់ពីបានទទួលការព្យាបាលដោយការបន្សាំសរីរាង្គ ជាកោសិកាដែលកាត់ចេញពីជាលិការបស់អ្នកជំងឺខ្លួនឯងផ្ទាល់។ លទ្ធផលនេះ កំពុងផ្តល់ក្តីសង្ឃឹមដល់ពិភពអ្នកស្រាវជ្រាវរកវិធីព្យាបាលជំងឺទឹកនោមផ្អែម ដែលពិភពលោកតែងប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមជារៀងរាល់ឆ្នាំនៅថ្ងៃ ១៤វិច្ឆិកា។
ជាករណីដំបូងបង្អស់នៅលើពិភពលោក ! ស្ត្រីវ័យ២៥ឆ្នាំម្នាក់ មានជំងឺទឹកនោមផ្អែមប្រភេទទីមួយ អាចផលិតអាំងស៊ុយលីនបានដោយខ្លួនឯងឡើងវិញ បន្ទាប់បានទទួលកោសិកាបន្សាំ ដែលបង្កាត់ចេញពីជាលិកាខ្លាញ់របស់អ្នកជំងឺខ្លួនឯងផ្ទាល់។ ពិតជារបកគំឃើញដ៏អស្ចារ្យមែន ប៉ុន្តែគេត្រូវរង់ចាំ៥ឆ្នាំទៀតទើបអាចប្រកាសចាត់ទុកថាអ្នកជំងឺ ពិតជាបានជាសះស្បើយពីជំងឺទឹកនោមផ្អែមបាន។
បទពិសោធន៍ចិន មានដំណើរការយ៉ាងដូចម្តេច?
ក្រុមអ្នកវេជ្ជសាស្ត្រចិននៅសាកលវិទ្យាល័យប៉េកាំង ដែលជាអ្នកដឹកនាំការសិក្សា បន្សាំកោសិកាព្យាបាលជំងឺទឹកនោមផ្អែមនេះ បានទម្លាយលម្អិតអំពីបទពិសោធន៍ និងលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន កាលពីថ្ងៃទី ២៥កញ្ញា២០២៤ ក្នុងទស្សនាវដ្តីCell ថា ធ្លាក់ខ្លួនឈឺទឹកនោមផ្អែមនៅអាយុ១២ឆ្នាំ នាងត្រូវការចាក់ថ្នាំអាំងស៊ូលីនក្នុងបរិមាណច្រើនណាស់ក្នុងមួយថ្ងៃៗ កាលពីពេលមុន ដើម្បីមានលំនឹងជាតិស្ករក្នុងខ្លួន។ ឥលូវ ស្រ្តីអ្នកជំងឺអាចទទួលទានស្ករ និងបញ្ចេញអរមូនអាំងស៊ុយលីន ដោយគ្មានជំនួយវេជ្ជសាស្ត្រអ្វីទាំងអស់ តាំងពីជាងមួយឆ្នាំមកហើយ។ ពោលគឺតាំងពីអ្នកជំងឺបានទទួលការព្យាបាលដោយប្រើបច្ចេកវិទ្យាដ៏ជឿនលឿនថ្មីនោះមក។
បទពិសោធន៍ថ្មីនេះ ប្រព្រឹត្តទៅជាបឋម ដោយការច្រិបយកជាលិកាខ្លាញ់ ចេញពីខ្លួនប្រាណរបស់អ្នកជំងឺផ្ទាល់ មកបង្ហាត់បង្ហាញចិញ្ចឹមក្នុងកែវមន្ទីរពិសោធន៍ ដើម្បីក្លាយជាកោសិកាថ្មី មានសមត្ថភាពភ្ជាប់ជាមួយគ្រប់ជាលិការបស់សីររាង្គកាយ។ កោសិកានេះត្រូវបានបណ្តុះឱ្យចេះផលិតអាំងស៊ុយលីន ដែលជាអរមូនគ្រប់គ្រងអត្រាជាតិស្ករនៅក្នុងឈាម និងដែលអ្នកជំងឺទឹកនោមផ្អែមលែងអាចផលិតបាន។ នៅខែមិថុនាឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រចិនបានចាក់កោសិកាបង្ហាត់រួច ចូលទៅក្នុងដាច់ដុំពោះរបស់ស្ត្រីអ្នកជំងឺ ប្រមាណជាងមួយលានកន្លះកោសិកា។ ការចាក់បន្សាំកោសិកាចូលក្នុងខ្លួនអ្នកជំងឺ ប្រើពេលមិនដល់កន្លះ ម៉ោងទេ។ ពីរខែកន្លះក្រោយមក កោសិកាបន្សាំនៅក្នុងខ្លួនស្ត្រីអ្នកជំងឺចាប់ផ្តើមផលិត អាំងស៊ូលីន។ ជាអាំងស៊ូលីន ក្នុងបរិមាណដ៏គ្រប់គ្រាន់សម្រាប់ឱ្យអ្នកជំងឺរស់ដោយមិនចាំបាច់ត្រូវចាក់ថ្នាំអាំងស៊ូលីន ដែលធ្លាប់ជាថ្នាំប្រើប្រចាំថ្ងៃដោយមិនអាចខ្វះបានពីមុន។ មួយឆ្នាំក្រោយមកទៀត កោសិកាបន្សាំនៅតែបន្តផលិតអាំងស៊ុយលីនក្នុងបរិមាណខ្ពស់ដដែល ហើយស្ត្រីអ្នកជំងឺបន្តរស់ដោយមិនត្រូវការចាក់អាំងស៊ុយលីនដែរ។ អត្រាជាតិស្ករក្នុងឈាមរបស់គាត់ មានលំនឹងល្អ ក្នុងកំរិតដល់ទៅ៩៨%នៅពេលថ្ងៃ ដែលជាអត្រាធម្មតារបស់មនុស្សជា។ ស្ត្រីអ្នកជំងឺ លែងឈឺសាច់ដោយសារម្ជុលចាក់អាំងស៊ូលីន និងក៏លែងមានអាការៈស្ករធ្លាក់ចុះរួចធ្វើទុក្ខខ្លាំងដែរ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថាជំងឺទឹកនោមផ្អែមប្រភេទទីមួយ ច្រើនកើតឡើងលើអ្នកជំងឺវ័យក្មេង មួយភាគបីនៅមុនអាយុ១៥ឆ្នាំ និងត្រូវបានគេចាត់ទុកជាជំងឺស៊ាំនឹងខ្លួនឯង។ កោសិកានៃប្រព័ន្ធការពារខ្លួន (គ្រាប់ឈាមស) របស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ បានទៅបំផ្លាញកោសិកាBêtaរបស់លំពែង ដែលជាមានភារៈផលិតអាំងស៊ុយលីន ដោយលែងស្គាល់ថាជាកោសិការបស់សរីរាង្គឯង។ គ្មានអាំងស៊ុយលីន គ្មានការចាត់ចែងជាតិស្ករ ទើបអ្នកជំងឺត្រូវចាក់ថ្នាំអាំងស៊ុយលីនដើម្បីរស់។
បើតាមការពន្យល់របស់វេជ្ជបណ្ឌិត Eric Renard ជំនាញខាងអរមូនលូតលាស់នៅមន្ទីរពេទ្យម៉ុងប៉ឺលីយ៉េរប្រទេសបារាំង នៅពេល រោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមប្រភេទទីមួយចាប់លេចឡើង ជាអាការៈស្រេកទឹកខ្លាំង នោមញយនោះ កោសិកាបេតារបស់លំពែង បានរងការបំផ្លាញអស់៩០%បាត់ទៅហើយ។ ជំងឺទឹកនោមផ្អែមប្រភេទទីមួយ មានតែប្រមាណមិនដល់១០%នៃអ្នកជំងឺទឹកនោមផ្អែមទេ។ ជាង៩០% ជាជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលមានកើតច្រើនលើមនុស្សធំ មនុស្សចាស់ និងកំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ដល់ដំណាក់កាលណាមួយ ជំងឺទឹកនោមផ្អែមប្រភេទទីពីរ...
Duration:00:07:30
ទំហំក្បាលពោះនឹងក្លាយជារង្វាស់ថ្មីសម្រាប់សុខភាព?
11/2/2024
អ្នកស្រាវជ្រាវអាមេរិក និងចិន បានណែនាំឱ្យគ្រូពេទ្យជំនួសការវាស់វែងមាឌ ដោយប្រើ សន្ទទស្សន៍ម៉ាសរាងកាយ (ហៅកាត់ជាភាសាបារាំង IMC ឬBMI ជាភាសាអង់គ្លេស) ដោយការវាស់ទំហំក្បាលពោះវិញ។ ហេតុអ្វី? តើសន្ទទស្សន៍ទំហំក្បាលពោះ Body Roundness Index ជាអ្វី ? អាចបញ្ជាក់អំពីឥទ្ធិពលចំពោះសុខភាពយ៉ាងណា?
រង្វាស់សម្រាប់កំណត់ភាពស្គមឬធាត់តាមបទដ្ឋាន គណនាម៉ាសមាឌរបស់រាងកាយ (កម្ពស់ និងទម្ងន់់) ឬ សន្ទទស្សន៍ម៉ាសរាងកាយ ជាភាសាបច្ចេកទេស កំពុងមានអ្នកប្រកួតប្រជែងហើយ។
ដើម្បីកំណត់អំពីសុខភាពរាងកាយទាំងមូល ក្រុមអ្នកស្រាវជ្រាវអាមេរិកនិងចិន បានស្នើសុំយកការវាស់វែងទំហំក្បាលពោះ ជំនួសការប្រើសន្ទទស្សន៍ម៉ាសរាងកាយ ព្រោះរង្វាស់ទំហំពោះមានភាពប្រាកដប្រជាជាង ក្នុងការវាយតម្លៃហានិភ័យទាំងឡាយទាក់ទងនឹងភាពធាត់ជ្រុល ជំងឺសរសៃឈាមបេះដូង និងជំងឺមេតាបូលិក។
តើសន្ទទស្សន៍ម៉ាសរាងកាយជាអ្វី?
រហូតមកទល់ពេលនេះ អ្នកជំនាញសុខាភិបាលតែងធ្វើការវិនិច្ឆ័យថាអ្នកជំងឺមានសភាពលើសទម្ងន់ ធាត់ ឬធាត់ជ្រុលចុកខ្លាញ់ដោយផ្អែកលើសន្ទទស្សន៍ម៉ាសរាងកាយ។ ដើម្បីដឹងអំពីសន្ទទស្សន៍ម៉ាសរាងកាយ ត្រូវយកទម្ងន់ចែកនិងកម្ពស់លើកជាការ៉េ។ ជាឧទាហរណ៍ បើអ្នកមានកម្ពស់១,៦០ម៉ែត្រ ទម្ងន់៦០គីឡូក្រាម ត្រូវយក ៦០៖២,៥៦ (១,៦០X១,៦០) នឹងឃើញលទ្ធផល២៣,៤។
ការវិភាគលទ្ធផល BMI
នេះជារបៀបគណនាសន្ទទស្សន៍ម៉ាសរាងកាយដែលមានប្រើប្រាស់ជាទូទៅ និងដែលអនុម័តដោយអង្គការសុខភាពពិភពលោក តាំងពីឆ្នាំ១៩៩៧មក ទាំងសម្រាប់ស្ត្រីនិងបុរស គ្រប់វ័យ (១៨ទៅ៦៥ឆ្នាំ) លើកលែងតែកុមារនិងស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។ រូបមន្ត នេះ ក៏មិនបានគិតដល់ម៉ាសឆ្អឹង ម៉ាសសាច់ដុំនិងខ្លាញ់ក្នុងសរីរាង្គកាយឡើយ។ ដូច្នេះមនុស្សពីរនាក់មានសន្ទទស្សន៍ម៉ាសរាងកាយស្មើគ្នា អាចមានមាឌ-ទម្រង់រូបរាងខុសគ្នាស្រលះ។ កីឡាករអាជីព អាចមានលទ្ធផលIMCឬBMIខ្ពស់ខ្លាំង ព្រោះមានសាច់ដុំច្រើន តែពួកគេគ្មានជំងឺលើសទម្ងន់ ឬធាត់ជ្រុលទេ។ អ៊ីចឹងហើយបានជាអ្នកស្រាវជ្រាវចាប់ផ្តើមពិចារណា និងយល់ថារបៀបគណនាសន្ទទស្សន៍ម៉ាសរាងកាយ មិនគ្រប់គ្រាន់ និងមានកំរិត។ អាជ្ញាធរសុខាភិបាលបារាំងក៏បានទទួលស្គាល់ដែរថា ប្រសិនបើការគណនាសន្ទទស្សន៍ម៉ាសរាងកាយឃើញថាមានអាការៈធាត់ ធាត់ជ្រុល ដែលជាកត្តាហានិភ័យនាំឱ្យមានជំងឺសរសៃរឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមេតាបូលិកហើយ គេត្រូវការវាស់ទំហំក្បាលពោះមួយទៀត ព្រោះទំហំក្បាលពោះក៏សំខាន់ដែរ ដោយវាអាចផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងបរិមាណខ្លាញ់ក្នុងពោះ។ សន្ទទស្សន៍ទំហំពោះជាការផ្តល់រូបភាពដ៏សាមញ្ញមួយ ប្រាប់ពីចំនួនខ្លាញ់ហួសបរិមាណ កប់នៅក្នុងពោះ។
រង្វាស់ទំហំពោះជាអ្វី?
សម្រាប់អ្នកស្រាវជ្រាវអាមេរិកនិងចិន រង្វាស់ដ៏ត្រឹមត្រូវប្រាកដប្រជា ក្នុងការគណនាសុខភាពផ្លូវកាយ និងរូបរាងកាយ គឺសន្ទទស្សន៍ក្បាលពោះ Body Roundness Index (BRI) ដែលវាស់ទំហំក្បាលពោះជាមូលដ្ឋាន មិនមែនការគិតអំពីសមមាត្រទម្ងន់និងកម្ពស់ទេ។ អ្នកវិទ្យាសាស្ត្រសង្កេតឃើញថា ខ្លាញ់ពោះដែលកកផ្តុំជាពិសេសនៅត្រង់ចង្កេះ ជាចំណុចសម្គាល់ហានិភ័យកើតជំងឺនិងហានិភ័យសុខភាព ដ៏ប្រាកដប្រជា។
ការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកចិនដែលបានចេញផ្សាយក្នុងទស្សនាវដ្តីJama Network Open បានផ្ចង់លើសំណុំឯកសារសុខភាពអ្នកជំងឺជាងបីម៉ឺននាក់ នៅរវាងពីឆ្នាំ ១៩៩៩-២០១៨ ដើម្បីភ្ជាប់ចំណងរវាងសន្ទទស្សន៍ក្បាលពោះនិងហានិភ័យមរណៈ។ លទ្ធផលបានបង្ហាញថា អ្នកមានសន្ទទស្សន៍ទំហំក្បាលពោះ ទាប ច្រើនតែបណ្តាលមកពីខ្វះអាហារូបត្ថម្ភ។ ផ្ទុយទៅវិញអ្នកមានក្បាលពោះធំ ច្រើនតែងាយមានជំងឺសរសៃឈាមបេះដូង ជំងឺមេតាបូលិក និងជំងឺមហារីក។
ដូច្នេះការសម្គាល់ថា “ក្បាលពោះធំ ជាអ្នកមាន” បែបហួសសម័យ និង មិនមែនជាពាក្យសរសើរដូចមុនទេ។ ទំហំពោះ គឺជាសន្ទទស្សន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់វិភាគស្ថានភាពសុខភាព ល្អឬអាក្រក់របស់មនុស្សម្នាក់ៗ។ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រនេះ សន្ទទស្សន៍ទំហំក្បាលពោះ អាចនឹងជួយគ្រូពេទ្យឱ្យកំណត់បានថាអ្នកជំងឺណាមានហានិភ័យប្រឈមនឹងគ្រោះកើតជំងឺសរសៃឈាមបេះដូង ព្រោះការគណនា BRI ផ្អែកទៅលើចង្កេះ និងទំហំចង្កេះ (ពោះ) ដោយមិនគិតអំពីទម្ងន់ទេ។ សន្ទទស្សន៍ទំហំពោះ ផ្តោតទាំងស្រុងទៅបរិមាណនៃខ្លាញ់ពោះ ដែលគេចាត់ទុកជាគំនូសបំព្រួញសុខភាពដ៏ច្បាស់និងសមហេតុសមផល។
ខ្លាញ់ពោះអាក្រក់យ៉ាងណា?
ខ្លាញ់ពោះ ខ្លាញ់នៅក្នុងពោះ ជាខ្លាញ់ដ៏គ្រោះថ្នាក់សម្រាប់សុខភាព ជាងខ្លាញ់នៅភ្លៅ ឬនៅត្រកៀក។...
Duration:00:09:05