Focus on the world
RFI
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
Location:
Paris, France
Networks:
RFI
Description:
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។
Language:
Khmer
Episodes
ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាចលោកដូណាល់ ត្រាំវិលត្រលប់មកដឹកនាំអាមេរិកសាជាថ្មី?
11/4/2024
ពិភពលោកកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ៥វិច្ឆិកានេះ។ ជាសម្ព័ន្ធមិត្តដែលត្រូវការពឹងផ្អែកខ្លាំងលើជំនួយយោធារបស់អាមេរិក តៃវ៉ាន់ដឹងច្បាស់ថា អាមេរិកនឹងនៅតែបន្តលក់សព្វាវុធទៅឲ្យតៃវ៉ាន់ មិនថា បេក្ខជនណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីសឈ្នះឆ្នោតចូលដឹកនាំអាមេរិក៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យតៃវ៉ាន់មិនច្បាស់ និងបារម្ភនៅត្រង់ថា តើលោកដូណាល់ ត្រាំនឹងចេញមុខជួយការពារតៃវ៉ាន់ ក្នុងករណីចិនចូលឈ្លានពានដែរតៃវ៉ាន់ដែរឬទេ?
អាមេរិកជាសម្ព័ន្ធមិត្តយូរអង្វែង និងជាអ្នកលក់ផ្គត់ផ្គង់សព្វាវុធធំជាងគេរបស់តៃវ៉ាន់។ ប៉ុន្តែ អាមេរិកនៅតែប្រកាន់ជំហរ យុទ្ធសាស្រ្តស្រពិចស្រពិល នៅពេលនិយាយដល់រឿងពង្រាយទ័ពការពារតៃវ៉ាន់។ នៅក្នុងអាណត្តិ៤ឆ្នាំមកនេះ លោកប្រធានាធិបតីចូ បៃដិនធ្លាប់បាននិយាយថា លោកនឹងអាចលូកដៃអន្តរាគមន៍ជួយតៃវ៉ាន់ បើសិនចាំបាច់។ ប៉ុន្តែ រាល់លើក សេតវិមានបានចេញមកបកស្រាយវិញ ដើម្បីបន្ថយភាពតានតឹងជាមួយប្រទេសចិន។
នៅក្នុងករណីរបស់លោកដូណាល់ ត្រាំ និងលោកស្រី ខាម៉ាឡា ហារីស ដែលជាបេក្ខជនប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកលើកនេះ គ្មាននរណាម្នាក់ចេញមកបញ្ជាក់ជំហរច្បាស់លាសពីរឿងតៃវ៉ាន់នោះទេ។ លោកស្រី ខាម៉ាឡា ហារីសផ្ទាល់ហាក់មានជំហរចង្អៀតចង្អល់ច្រើន មិនសូវបើកទូលាយក្នុងសំណុំរឿងអន្តរជាតិ ដូចលោកចូ បៃដិន នោះបើទោះបីជាអ្នកទាំងពីរមកពីគណបក្សតែមួយ បក្សប្រជាធិបតេយ្យ។
នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ បេក្ខនារីរបស់បក្សប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីសធ្លាប់លើកឡើងថា អាមេរិកមិនគួរបង្កើតជម្លោះជាមួយនឹងចិននោះទេ។ លោកស្រីនៅបានបដិសេធមិនឆ្លើយ នៅពេលគេសួរថា តើអាមេរិកនឹងបញ្ជូនទ័ពទៅជួយគាំទ្រតៃវ៉ាន់ដែរឬទេ?
ជំហរមិនច្បាស់លាស់របស់លោកខាម៉ាឡា ហារីសជាចំណុចមួយដែលធ្វើប្រជាជនតៃវ៉ាន់មិនសូវស្ងប់ក្នុងចិត្តប៉ុន្តែ មិនដល់ថ្នាក់បារម្ភខ្លាំង នៅពេលគិតថា លោកដូណាល់ ត្រាំអាចឈ្នះឆ្នោត ត្រលប់មកដឹកនាំអាមេរិកសាជាថ្មី។ ហេតុអ្វីបានជាដូច្នេះ?
នៅក្នុងអាណត្តិដឹកនាំរបស់លោកដូណាល់ ត្រាំ កាលពី៥ឆ្នាំមុន អាមេរិក និងតៃវ៉ាន់មានទំនាក់ទំនងល្អ មិនអាក្រក់ពេកនោះទេ។ លោកដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកលើកដំបូងគេ ដែលទូរស័ព្ទភ្លាមទៅអបអរលោកស្រី ត្សៃ អ៊ីងវេន ដែលទើបឈ្នះឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ទៀតផង។ ប៉ុន្តែ ប្រជាជនតៃវ៉ាន់មិនល្ងង់សោះឡើយ ព្រោះគេដឹងថា លោកដូណាល់ ត្រាំ ធ្វើដូច្នេះ គឺដើម្បីបញ្ឈឺចិត្ត ចិនដែលគូជម្លោះពាណិជ្ជកម្មរបស់អាមេរិក។
បើតាមលោក Fang Yu Chen អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃសកលវិទ្យាល័យ Soochow University នៅទីក្រុងតៃប៉ិ នៅចំពោះមុខការគំរាមកំហែង សមយុទ្ធយោធាឡោមព័ទ្ធរបស់ចិន ជាពិសេសនៅក្រោយ លោកស៊ី ជីនពីងបញ្ជាឲ្យកងទ័ពត្រៀមខ្លួនដើម្បីធ្វើសង្រ្គាម អនាគតរបស់តៃវ៉ាន់កាន់តែមិនច្បាស់លាស់ថែមទៀត បើសិនលោកដូណាល់ ត្រាំ ត្រលប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មី។ អ្នកជំនាញខាងលើបានរំលឹកថា នៅក្នុងបទសម្ភាសន៍ជាច្រើន នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក លោកដូណាល់ ត្រាំបានអះអាងថា អាមេរិកមិនអាចការពារតៃវ៉ាន់បានទេ ព្រោះថា អាមេរិកចង់ចរចា តថ្លៃជាមួយចិន។
ពាក្យប៉ុន្មានម៉ាត់នេះអាចឲ្យតៃវ៉ាន់ដឹងច្បាស់ថា ខ្លួននឹងក្លាយជាកូនអុកដែលលោកដូណាល់ ត្រាំយកទៅប្រើដើម្បីទាញយកផលប្រយោជន៍ នៅពេលចរចាជាមួយចិន។ តៃវ៉ាន់កាន់តែបារម្ភ នៅមិនស្រណុកក្នុងចិត្ត បន្ទាប់ពីលឺលោកដូណាល់ ត្រាំនិយាយគំរាមឲ្យបង់ប្រាក់ឲ្យអាមេរិកដែលបានការពារតៃវ៉ាន់។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលផ្តោតលើខ្លឹមសារ ផលប្រយោជន៍អាមេរិកដំបូងគេ លោកដូណាល់ នៅបានចោទប្រកាន់តៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ថា បានលួចឧស្សាហកម្មសឺមីកុងឌុចទ័រពីអាមេរិក។ លោកដូណាល់ ត្រាំនិយាយដូច្នេះ ក៏ដោយសារតែក្រុមហ៊ុនតៃវ៉ាន់ជាអ្នកផ្គត់ផ្គង់សឺមីកុងឌុចទ័រធំជាងគេបង្អស់ក្នុងពិភពលោក។
ជារួម គេអាចនិយាយបានថា ទោះអាមេរិកមានដឹកនាំដោយលោកដូណាល់ ត្រាំ ឬលោកស្រី ខាម៉ាឡា ហារីស ផ្លូវធ្វើដំណើររបស់តៃវ៉ាន់ដើម្បីការពារខ្លួន នៅចំពោះមុខការគំរាមកំហែងរបស់ចិន នឹងមិនរលូនដូចក្នុងអាណត្តិរបស់លោកចូ បៃដិននោះទេ ប៉ុន្តែ វានឹងរដិបរដុបខ្លាំងតែម្តង បើសិនលោកដូណាល់ ត្រាំ ត្រលប់មកគ្រប់គ្រងសេតវិមាន។
លោកដូណាល់ ត្រាំ ជាអនាគតប្រធានាធិបតីអាមេរិក នឹងទៅដាក់បន្ទុកបន្ថែមលើតៃវ៉ាន់ដែលកំពុងជួបបញ្ហាក្នុងការធ្វើទំនើបកម្មកងទ័ព ដើម្បីប្រឈមតទល់នឹងចិនដីគោក។ នៅឆ្នាំ ២០២៤ តៃវ៉ាន់បានចំណាយថវិកា បំបែកកំណត់ត្រា ដល់ទៅ ១៩ពាន់លានដុល្លារដើម្បីទិញ យន្តហោះចម្បាំង មីស៊ីលរបស់ក្រុមហ៊ុនអាមេរិក...
Duration:00:05:15
តើការប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការកាត់បន្ថយសំរាមប្លាស្ទិក បានលទ្ធផលយ៉ាងណាខ្លះ?
11/3/2024
កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបោះចោលកាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ ប្រមាណមួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានចាប់ផ្តើមអនុវត្តវិធានការមួយចំនួន ដើម្បីឈានទៅកាត់បន្ថយការប្រើប្រាស់ និងការបោះចោលកាកសំណល់ប្លាស្ទិកទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ ដែលបានដាក់កាតព្វកិច្ចឲ្យក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយការប្រើផលិតផលប្លាស្ទិក និងចូលរួមជាថវិកាដើម្បីកែច្នៃសំរាម។ តើបទពិសោធន៍កន្លងមកនេះរបស់ហ្វីលីពីន បានទទួលផលវិជ្ជមានយ៉ាងណាខ្លះ ?
បញ្ហាកាកសំណល់ប្លាស្ទិក គឺជំងឺរបស់ពិភពលោកទាំងមូល។ កាកសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឲ្យខូចសោភណ្ឌភាពធម្មជាតិ បំផ្លាញប្រព័ន្ធជីវចម្រុះប៉ុណ្ណោះទេ តែល្អងតូចល្អិតរបស់ប្លាស្ទិក អាចជ្រាបចូលមកដល់ក្នុងខ្លួនមនុស្ស តាមរយៈចំណីអាហារ ជាប្រភពបង្កបញ្ហាសុខភាពជាច្រើន។ យោងតាមតួលេខរបស់អង្គការ OCDE បើគិតចាប់ពីឆ្នាំ១៩៥០មក ផលិតផលធ្វើពីប្លាស្ទិក បានកើនឡើងចំនួនដល់ទៅ ២៣០ដង ពោលគឺប្រមាណ៤៦០លានតោនក្នុងមួយឆ្នាំ។ ហើយប្រសិនបើគ្មានវិធានការកាត់បន្ថយទេ កាកសំណល់ប្លាស្ទិកក្នុងធម្មជាតិ និងកើនចំនួន១គុណជា៣ ពោលគឺក្នុងទំហំប្រមាណ ១២០០លានតោន នៅរវាងឆ្នាំ២០៦០។
ហ្វីលីពីនដែលជាប្រទេសប្រជុំកោះ មានប្រជាជនប្រមាណ១៣០លាននាក់ ត្រូវគេស្គាល់ថា គឺជាប្រទេសដែលបោះចោលចូលទៅក្នុងសមុទ្រ នូវកាកសំណល់ប្លាស្ទិកគ្រប់ប្រភេទ ច្រើនជាងប្រទេសណាៗទាំងអស់ទូទាំងពិភពលោក។ មិនខុសពីប្រជាជននៅអាស៊ីជាទូទៅ ប្រជាជនហ្វីលីពីន មានទំលាប់ប្រើប្រាស់ដោយឥតសំចៃ នូវផលិតផលធ្វើប្លាស្ទិកគ្រប់ប្រភេទ ដូចជាថង់ប្លាស្ទិក បំពង់បឺត ប្រអប់ស្នោ និងសម្ភារៈប្រើប្រាស់ឬវេចខ្ចប់ផ្សេងៗទៀត។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលហ្វីលីពីនបានទទួលស្គាល់នូវបញ្ហានេះ ហើយបានព្យាយាមចេញវិធានការមួយចំនួន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្នុងន័យនេះ ហ្វីលីពីនគឺជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានធ្វើច្បាប់ ដាក់ពិន័យទៅលើក្រុមហ៊ុនសហគ្រាស ដែលបញ្ចេញចោលនូវកាកសំណល់ប្លាស្ទិក។ ច្បាប់ថ្មីនេះ បានចូលជាធរមានប្រមាណ១ឆ្នាំមកហើយ។ បទពិសោធន៍របស់ហ្វ៊ីលីពីន កំពុងត្រូវគេសំឡឹងរងចាំមើលយ៉ាងយកចិត្តទុកដាក់ ដើម្បីយកធ្វើជាគំរូ ស្របពេលដែលសហគមន៍អន្តរជាតិ កំពុងប្រឹងប្រែងស្វែងរកមធ្យោបាយ ដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិក។
គួរបញ្ជាក់ថា យោងតាមតួលេខរបស់ធនាគារពិភពលោក ក្នុងមួយឆ្នាំ ហ្វីលីពីនចោលកាកសំណល់ប្លាស្ទិក ចំនួន១លាន៧សែនតោន។ នៅហ្វ៊ីលីពីន ១ភាគ៣នៃកាកសំណល់ប្លាស្ទិក ត្រូវបានគេដឹកយកទៅទីកន្លែងចាក់សំរាម ខណៈនៅមាន៣៥% ដែលត្រូវគេបោះចោលពាសវាលពាលកាល ដោយគ្មានការគ្រប់គ្រង។ ច្បាប់គ្រប់គ្រងកាកសំណល់ប្លាស្ទិករបស់ហ្វ៊ីលីពីន មានកម្មវត្ថុធ្វើឲ្យហ្វ៊ីលីពីន ឈានទៅមានអព្យាក្រិត្យភាពប្លាស្ទិក។ ច្បាប់នេះ ដាក់កាតព្វកិច្ចឲ្យក្រុមហ៊ុនសហគ្រាស ត្រូវតែចូលរួមចំណែក នៅក្នុងប្រតិបត្តិការបំប្លែងកម្ទេចសំរាមប្លាស្ទិកឲ្យបាន២០% នៃទំហំប្លាស្ទិកសរុបដែលខ្លួនប្រើប្រាស់មិនថាដោយផ្ទាល់ឬដោយប្រយោល។ ទំហំកាតព្វកិច្ចនេះ នឹងឡើងដល់ ៨០% នៅរវាងឆ្នាំ២០២៨។
ដូច្នេះ សហគ្រាសនៅហ្វីលីពីនមានកាតព្វកិច្ច ត្រូវតែបញ្ចូលកម្មវត្ថុកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងប្រតិបត្តិការផលិតរបស់ខ្លួន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ច្បាប់នេះបានបង្កើតយន្តការពិសេសមួយ អនុញ្ញាតឲ្យសហគ្រាសអាចចូលរួមជាថវិកា នៅក្នុងដំណើរការប្រមូលយកមកកែច្នៃ ឬកម្ទេចចោល នូវសំរាមប្លាស្ទិកដែលមាននៅក្នុងធម្មជាតិ។ សហគ្រាស អាចជ្រើសយកយន្តការនេះ តាមរយៈការប្រគល់តួនាទីទៅឲ្យអង្គភាពមួយផ្សេងទៀត ដោយប្រើប្រាស់កញ្ចប់ថវិកាចំណាយ ដែលគេហៅថា ឥណទានប្លាស្ទិក។ មានន័យថា សហគ្រាសអាចចំណាយប្រាក់ ទិញលិខិតបញ្ជាក់ថាប្លាស្ទិកក្នុងទំហំ១តោន ត្រូវបានគេប្រមូលយកពីក្នុងធម្មជាតិ យកមកកែច្នៃប្រើប្រាស់ឡើងវិញ ឬុយកទៅដុតចោល ឬមួយក៏ប្រើប្រាស់ដើម្បីផលិតថាមពលជាដើម។
ក្រុមហ៊ុនមួយឈ្មោះថា PCX Solutions បានក្លាយជាតួអង្គមួយដ៏សំខាន់ នៅក្នុងយន្តការឥណទានប្លាស្ទិកនៅហ្វីលីពីន។ ក្រុមហ៊ុននេះ បានប្រើប្រាស់ថវិកា ក្នុងទំហំចន្លោះពី១០០ទៅ៥០០ដុល្លារ សម្រាប់ឲ្យទៅប្រជាជនហ្វីលីពីន ដែលចូលរូមប្រមូលសំរាមប្លាស្ទិក។ វាគឺជាមធ្យោបាយមួយ ដើម្បីជំរុញលើកទឹកចិត្តប្រជាជន ឲ្យចូលរួមនៅក្នុងការប្រមូលប្លាស្ទីក បញ្ជូនយកទៅទីតាំងកែច្នៃសំរាម។ ប្រជាជនហ្វីលីពីន ដែលប្រកបរបរជាអ្នកទិញសំរាមប្លាស្ទិក ក៏អាចទទួលបានផលចំណេញដែរ នៅក្នុងបណ្តាញការងារនេះ។ ក្នុងមួយគីឡូប្លាស្ទិក គេអាចលក់ចំណេញបានដល់ទៅ២៥%ជាមធ្យម។
ទោះជាយ៉ាងនេះក្តី ថ្វីបើក្រុមហ៊ុនសហគ្រាសនៅហ្វីលីពីន បានប្រើប្រាស់យន្តការទិញឥណទានប្លាស្ទិក ដើម្បីប៉ះប៉ូវកាតព្វកិច្ចខ្លួន តែទន្ទឹមនឹងនេះ ការផលិតផលិតផលថ្មីៗធ្វើពីប្លាស្ទិក ហាក់ដូចជាមិនបានថយចុះទេនៅហ្វីលីពីន។ លោកស្រី...
Duration:00:06:36
បោះឆ្នោតប្រធានាធិបតីអាមេរិក៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យារវាងបេក្ខជនធំៗទាំង២?
10/31/2024
ថ្ងៃទី៥វិច្ឆិកា គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ នៅតាមរដ្ឋខ្លះ គឺគេបានចាប់ផ្តើមបោះឆ្នោតជាបណ្តើរៗហើយ។ ការស្ទាបស្ទង់មតិបង្ហាញថា បេក្ខជនធំៗទាំង២ គឺលោកដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀកប្រកិតគ្នាខ្លាំងណាស់។ បេក្ខជនទាំង២ កំពុងតែប្រឹងប្រែងធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យានយោបាយ របស់លោកដូណាល់ ត្រាំ និងរបស់លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ?
ការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅដំណាក់កាលចុងក្រោយ មុននឹងថ្ងៃបោះឆ្នោតធំមកដល់ គឺថ្ងៃទី៥វិច្ឆិកា។ គ្រប់ពាក្យសំដីសន្យាទាំងអស់ រវាងលោកដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស គឺវាហាក់ដូចជាផ្ទុយបញ្ច្រាសគ្នាសឹងទាំងស្រុង មិនថាសេដ្ឋកិច្ច សង្គមកិច្ច អន្តោប្រវេសន៍ ឬបរិស្ថាន។ តើបេក្ខជនធំទាំង២នាក់នេះ បានសន្យាអ្វីខ្លះ ហើយថាតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះ?
សេដ្ឋកិច្ច
នៅក្នុងសំណុំរឿងសេដ្ឋកិច្ច វាគឺជាអ្វីដែលប្រជាជនអាមេរិកទន្ទឹងតាមដានបំផុត ព្រោះវាជាបន្ទាត់គូសដៅកត្តាជីវិតរបស់ពួកគេ។ ផ្អែកតាមតួលេខចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ផ្សាយកាលពីថ្ងៃទី៣១តុលា គឺអត្រាផរណា បានធ្លាក់មកត្រឹម២,១% នៅខែកញ្ញា បន្ទាប់ពីបានកើនឡើងខ្ពស់ប្រមាណ៣ឆ្នាំជាប់។ ពោលវាសឹងតែធ្លាក់ទាបដល់កម្មវត្ថុ ដែលរដ្ឋាភិបាលលោកចូ បៃដិនបានកំណត់២%។ តែទោះជាយ៉ាងនេះក្តី បញ្ហាអតិផរណា ទំនិញឡើងថ្លៃ ត្រូវបានលោកដូណាល់ ត្រាំ យកទៅស្រែកបន្លឺ ស្តីបន្ទោសការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ។
ដើម្បីជួយសេដ្ឋកិច្ច លោកដូណាល់ ត្រាំ បានប្រកាសថា លោកនឹងកាត់បន្ថយអត្រាប្រមូលពន្ធលើប្រាក់ចំណូល របស់ប្រជាជនអាមេរិក និងរបស់សហគ្រាស។ លោកបានសន្យាទៀតថា បើលោកជាប់ឆ្នោត គឺលោកនឹងតំឡើងពន្ធនាំចូល ចន្លោះពី១០ទៅ២០% លើទំនិញបរទេសសឹងគ្រប់មុខ។ ហើយចំពោះទំនិញនាំចូលពីចិនវិញ លោកដូណាល់ ត្រាំ សន្យាដំឡើងពន្ធយ៉ាងអន់បំផុតក៏៦០%ដែរ។ លោកដូណាល់ ត្រាំអួតទៀតថា លោកនឹងធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចធំបំផុតនៃវិស័យលុយឌីជីថល។
ចំណែកលោកស្រីកាម៉ាឡា ហារីស វិញ លោកស្រីបានជ្រើសរើសយកផ្លូវកណ្តាល ដើម្បីជួយជីវភាពប្រជាជនអាមេរិកដែលមានជីវភាពមធ្យម។ លោកស្រីកាម៉ាឡា ហារីស សន្យាថានឹងបន្តគោលនយោបាយប្រមូលពន្ធច្រើនពីអ្នកមានធូរធាខ្លាំង ក្នុងអាណត្តិលោកចូ បៃដិន តែដោយបន្ទាបអត្រាប្រមូលពន្ធបន្តិច។ លោកស្រីបានសន្យាដាក់ចុះនូវវិធានការសង្គមកិច្ចមួយចំនួនដែរ ដើម្បីជួយជីវភាព ដូចជាការផ្តល់ឥណទានពន្ធរដ្ឋទៅឲ្យក្រុមគ្រួសារដែលទើបតែមានកូនកើត ការជួយជាហិរញ្ញវត្ថុដើម្បីបានក្លាយជាម្ចាស់កម្មសិទិ្ធផ្ទះ និងការជួយចាប់ផ្តើមបើកក្រុមហ៊ុន ឬមុខរបររកទទួលទានជាដើម។
បើស្តាប់មួយភ្លែត ការសន្យារបស់លោកដូណាល់ ត្រាំ គឺមានភាពទាក់ទាញខ្លាំងណាស់ សម្រាប់ប្រជាជនអាមេរិកទូទៅ។ តែផ្ទុយទៅវិញ ផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការសន្យាកាត់បន្ថយការប្រមូលពន្ធក្នុងស្រុករបស់លោកដូណាល់ ត្រាំ នឹងធ្វើឲ្យរដ្ឋអាមេរិក បាត់បង់ប្រាក់ចំណូលច្រើនសន្ធឹក។ វិធានការសន្យាដោយលោកដូណាល់ ត្រាំ និងធ្វើឲ្យថវិការដ្ឋសហព័ន្ធអាមេរិកជួបឱនភាព ចន្លោះពី៣៦០០ពាន់លានដុល្លារ ទៅ៦៦០០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ។ អ្នកជំនាញលើកឡើងទៀតថា តែផ្ទុយទៅវិញ ការសន្យារបស់លោកស្រីកាម៉ាឡា ហារីស គឺវានឹងជួយសន្សំប្រាក់ ជួយកាត់បន្ថយឱនភាពថវិកាជាតិអាមេរិកប្រមាណជា៤០០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ។
អន្តោប្រវេសន៍
សំណុំរឿងគ្រប់គ្រងអន្តោប្រវេសន៍ គ្រប់គ្រងព្រំដែន វាគឺជាស្នូលធំបំផុតនៃការឃោសនារបស់លោក ដូណាល់ ត្រាំ។សម្តីជេរប្រមាថ ចោទប្រកាន់ទៅលើជនអន្តោប្រវេសន៍ តែងតែត្រូវបានលោកដូណាល់ ត្រាំ ស្រែកបន្លឺជាប្រចាំលើវេទិកាឃោសានា។ ជាក់ស្តែង លោកបាននិយាយថា ពួកអន្តោប្រវេសន៍គឺជាអ្នកមកបំពុលឈាមបរិសុទ្ធ របស់ជនជាតិអាមេរិក។ កាលពីអាណត្តិមុន លោកដូណាល់ ត្រាំបានសន្យាធ្វើរបងជញ្ជាំងតាមបណ្តោយព្រំដែនជាមួយប្រទេសមិកស៊ិក។ តែលើកនេះ លោកបានសន្យាធ្វើខ្លាំងជាងមុនទៀត គឺសន្យាបើកប្រតិបត្តិការចាប់បណ្តេញជនអន្តោប្រវេសខុសច្បាប់ ចេញពីទឹកដីសហរដ្ឋអាមេរិក ឲ្យបានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។
ខាងលោកស្រី កាម៉ាឡា ហារីសវិញ លោកស្រី បានសន្យាថាអាណត្តិលោកស្រី នឹងសន្យារឹតបន្តឹងការអនុវត្តច្បាប់ ការយាមល្បាត និងការរារាំងការលួចឆ្លងព្រំដែន របស់អន្តោប្រវេសន៍ខុសច្បាប់។ ដោយមិនប្រើភាសាខ្លាំង ដៀលជេរ ចោទប្រកាន់ដូចលោកដូណាល់ ត្រាំ លោកស្រីកាម៉ាឡា ហារីស បានលើកឡើងថា អ្នកដែលចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ត្រូវដឹងថាខ្លួននឹងត្រូវប្រឈមនឹងផលវិបាក។
សិទ្ធិរំលូតកូន
សំណុំរឿងមួយទៀត ដែលពុះចែកគ្នារវាងបេក្ខជនបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ គឺបញ្ហាសិទ្ធិរំលោតកូន។ សំណុំរឿងនេះ បានបង្ហាញឲ្យឃើញអំពីទស្សនវិស័យ២ផ្ទុយគ្នាស្រឡះ...
Duration:00:08:09
គូស្វាមីភរិយាអូបាម៉ា គឺជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពល សម្រាប់បេក្ខភាពលោកស្រី កាម៉ាឡា ហារីស
10/27/2024
នៅបាំងមិនដល់១០ថ្ងៃទៀតទេ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងមកដល់។ បេក្ខជនធំៗទាំង២ គឺលោកស្រី កាម៉ាឡា ហារីស និងលោកដូណាល់ ត្រាំ កំពុងតែប្រឹងប្រែងឃោសនារៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រនៅតាមរដ្ឋសំខាន់ៗ ដែលមានចំនួនអ្នកបោះឆ្នោតតំណាងច្រើននាក់។ ជាការកត់សំគាល់ សន្ទុះនៃការគាំទ្រទៅលើបេក្ខជនទាំង២ ហាក់ដូចជាកាន់តែខិតជិតប្រកៀកប្រកិតគ្នាខ្លាំងឡើង។ វត្តមានចូលរួម របស់លោកអូបាម៉ា និងភរិយា នៅក្នុងយុទ្ធនាការឃោសនារបស់លោកស្រី កាម៉ាឡា ហារីស គឺជាកម្លាំងទាក់ទាញដ៏ធំនិងមិនអាចខ្វះបាន ដែលគណបក្សប្រជាធិបតេយ្យសង្ឃឹមថា វាអាចនឹងផ្តល់សន្ទុះចុងក្រោយ រុញឲ្យលោកស្រីកាម៉ាឡា ហារីស បានទទួលជ័យជំនះ លើលោកដូណាល់ ត្រាំ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី កាម៉ាឡា ហារីស បេក្ខជនបក្សប្រជាធិបតេយ្យ គេសង្កេតឃើញថា គូស្វាមីភរិយាអូបាម៉ា បានចូលរួមយ៉ាងសកម្ម។ ម្តងៗ នៅពេលដែលលោកអូបាម៉ា មានវត្តមានកាន់មីក្រូនិយាយ មនុស្សម្នាស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងយ៉ាងអឺងកង។ សកម្មជនអ្នកគាំទ្រលោកស្រី កាម៉ាឡា ហារីស ខ្លះ បានលើកឡើងថា គូស្វាមីភរិយាអូបាម៉ា គឺជានិម្មិតរូបនៃថាមពលវិជ្ជមាន នៃសេចក្តីសង្ឃឹម។ ជាងនេះទៀត វត្តមានរបស់លោកអតីតប្រធានាធិបតី អូបាម៉ា និងភរិយា បានដាស់ឲ្យគេនឹកស្រណោះទៅដល់អតីតកាល ដែលសហរដ្ឋអាមេរិកមិនទាន់បែកបាក់គ្នាឈ្លោះប្រកែកគ្នាដូចពេលឥឡូវនេះ។
អ្នកគាំទ្រខ្លះទៀត បានលើកឡើងថា គេពេញចិត្តលោកអូបាម៉ា និងភរិយាណាស់ ព្រោះពេលលោកនិងភរិយាឡើងថ្លែងសារក្នុងពេលឃោសនាបោះឆ្នោតម្តង គឺច្បាស់ៗ មានហេតុផល ពោរពេញដោយពាក្យដែលមានអត្ថន័យ ចាក់ជ្រៅជាប់ក្នុងចិត្តរបស់អ្នកស្តាប់។ ការចូលរួមរបស់លោក បារ៉ាក់ អូបាម៉ា និងលោកស្រីមីឈែល អូបាម៉ា នៅក្នុងការឃោសនារបស់លោកស្រីកាម៉ាឡា ហារីស គឺជាការផ្តល់កម្លាំង ពង្រឹងភាពរឹងមាំនៃបេក្ខភាពរបស់លោកស្រី កាម៉ាឡា ហារីស។
គួរបញ្ជាក់ថា ចាប់តាំងពីយុទ្ធនាការឃោសនាបានចាប់ផ្តើម គេឃើញលោកបារ៉ាក់ អូបាម៉ា បានចូលរួមយ៉ាងសកម្មតាំងតែពីតំបូង និងបានឡើងថ្លែងសុន្ទរកថាជាច្រើនលើក។ ដោយឡែក លោកស្រី មីឈែល អូបាម៉ា វិញមិនសូវជាចេញមុខប៉ុន្មានទេ។ នៅក្នុងកម្មវិធីឃោសនាធំនៅរដ្ឋមីឈីហ្គែន កាលពីថ្ងៃសៅរ៍ ទី២៦តុលា វាគឺជាលើកទី២ប៉ុណ្ណោះ ដែលលោកស្រីមីឈែល អូបាម៉ា ឡើងថ្លែងសុន្ទរកា។ ក៏ប៉ុន្តែវត្តមានរបស់លោកស្រី មីឈែល អូបាម៉ា នៅលើឆាកម្តងៗ គឺបានទទួលការស្វាគមន៍ ស្រែកហ៊ោរគាំទ្រ យ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ។
នៅចំពោះមុខមហាជនរាប់ម៉ឺននាក់ នៅមីឈីហ្គែន លោកស្រី មីឈែល អូបាម៉ា បានថ្លែងថា លោកស្រីមិនចូលចិត្តនយោបាយទេ។ ក៏ប៉ុន្តែ លោកស្រីបានចំណាយពេលមកចូលរួម ក៏ដោយសារថាកាលៈទេសៈពេលនេះ គឺជាពេលដែលសំខាន់បំផុត។ លោកស្រីអូបាម៉ា បានថ្លែងសារដ៏មានអត្ថន័យ ហៅឲ្យប្រជាពលរដ្ឋអាមេរិកទាំងអស់ ក្រោកឈរឡើងយកសន្លឹកឆ្នោតទៅការពារសិទ្ធិរបស់ស្ត្រី។ លោកស្រីអូបាម៉ា បានលើកឡើងថា យើងទាំងអស់គ្នាជាស្ត្រី ត្រូវតែស្រែកបន្លឺសំឡេងឲ្យមនុស្សប្រុសទាំងអស់ ដែលយើងគោរពស្រលាញ់ ឲ្យពួកគេបានឮ ថាអ្វីទៅដែលជាសារៈសំខាន់ អ្វីទៅដែលជាគ្រោះថ្នាក់នៅពេលនេះ។ យើងត្រូវតែប្រាប់ទៅពួកគេថា ជីវិតរបស់យើង មិនមែនគ្រាន់តែជាម៉ាស៊ីនដើម្បីបង្កើតកូនតែប៉ុណ្ណោះទេ។
គួរកត់សំគាល់ថា សាររបស់លោកស្រីអូបាម៉ា បានផ្តោតសំខាន់ទៅលើសិទ្ធិរំលូតកូនរបស់ស្ត្រីអាមេរិក ដែលលោកដូណាល់ ត្រាំ ក៏ដូចជាបក្សស្តាំអភិរក្សនិយម កំពុងតែរុះរើកកាយកំទេចចោល។ សំណុំរឿងសិទ្ធិរំលូតកូន គឺជាស្នូលដ៏ធំមួយ នៃយុទ្ធនាការឃោសនារបស់លោកស្រី កាម៉ាឡា ហារីស ដើម្បីទាក់ទាញស្ត្រីអាមេរិក ឲ្យងាកមកបោះឆ្នោតរារាំងកុំឲ្យលោកដូណាល់ ត្រាំ អាចឡើងធ្វើជាប្រធានាធិបតីវិញ។
លោកស្រី Sonia Gipson Rankin សាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យនូវូមិចស៊ិក បានលើកឡើងថា លោកបារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល អូបាម៉ា កំពុងតែចូលរួមជួយលោកស្រី កាម៉ាឡា ហារីស តាមបែបរៀងៗខ្លួន។ ជំហរគាំទ្ររបស់លោកបារ៉ាក់ អូបាម៉ា ក្នុងនាមជាអតីតប្រធានាធិបតីដ៏មានប្រជាប្រិយភាព គឺវាជាការបញ្ជាក់ដ៏មានឥទ្ធិពលបំផុត ថាលោកស្រីកាម៉ាឡា ហារីស មានសមត្ថភាពដឹកនាំប្រទេស។ ទំងន់គាំទ្ររបស់លោកអូបាម៉ានេះ គឺវាមានឥទ្ធិពលខ្លាំងណាស់ មិនត្រឹមតែទៅលើក្រុមប្រជាជនអាមេរិកស្បែកខ្មៅប៉ុណ្ណោះទេ តែវាមានឥទ្ធិពលទៅលើប្រជាជនអាមេរិកជាទូទៅទាំងអស់ ដែលមិនចាត់ទុកថាខ្លួនស្ថិតក្នុងចំណោមក្រុមណាមួយ។
ចំណែក លោកស្រី មីឈែល អូបាម៉ា វិញ លោកស្រីគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យដ៏ពិសេសណាស់ នៅក្នុងការប្រើពាក្យពេចន៍ និងឃ្លាឃ្លោងនិយាយ។ សម្រាប់លោកស្រីសាស្ត្រាចារ្យ Sonia Gipson Rankin ក្នុងចំណោមមនុស្សជំនាន់នេះ គឺគេពិបាកទៅរកអ្នកណា ដែលពូកែនិយាយដូចលោកស្រី មីឈែល អូបាម៉ាបានណាស់។ លោកស្រីអូបាម៉ា មានសមត្ថភាពដ៏កម្រ ដែលអាចនិយាយបរិយាយពន្យល់ ជាមួយហេតុផលនិងអត្ថន័យ ដែលចាត់មុតចូលជ្រៅ ក្នុងក្រឳបេះដូងរបស់អ្នកស្តាំ។ អ្នកដែលបានស្តាប់សំដីរបស់លោកស្រីហើយ គឺមានក្តីក្តុកក្តួល...
Duration:00:06:59
មហាសេដ្ឋីElon Musk ឲ្យលុយអ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ ក្នុង១ថ្ងៃ
10/22/2024
មហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោក អេឡុន ម៉ាសក៍ Elon Muskបានប្រកាសផ្តល់លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់អ្នកបោះឆ្នោត ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី៥វិច្ឆិកា។ អ្នកដែលអាចទទួលសែក ឬ មូលប្បទានបត្រ ចំនួន១លានដុល្លារពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរពលក្ខខណ្ឌពីរ។ ទី១ ពួកគេត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទី២ ពួកគេត្រូវចុះហត្ថលេខាលើញត្តិដែលលោកអេឡុន ម៉ាសក៍បានបង្កើតឡើងដើម្បីទាមទារសេរីភាព បញ្ចេញមតិ និងសិទ្ធិកាន់កាប់អាវុធ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍បានជ្រើសរើសស្រ្តីអ្នកគាំទ្រលោកដូណាល់ ត្រាំម្នាក់ ដែលមានសំណាងទទួលបានសែកលុយ១លានដុល្លារ។ ដោយសារយុទ្ធនាការចែកលុយរបស់លោកអេឡុន ម៉ាសក៍ ១លានដុល្លារ ក្នុងមួយថ្ងៃ ធ្វើឡើងតែក្នុងរដ្ឋគន្លឹះ ដូចជានៅរដ្ឋPennsyVania ជាដើម អភិបាលរដ្ឋPennsyvenia ផ្ទាល់ ដែលជាអ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីសបានបង្ហាញក្តីបារម្ភ ខណៈ អ្នកជំនាញច្បាប់លើកឡើងពីការរំលោភច្បាប់បោះឆ្នោត។
មហាសេដ្ឋីដែលមានលុយច្រើនជាងគេបំផុតក្នុងលោក លោកអេឡុន ម៉ាសក៍ បានប្រែក្លាយខ្លួនពីអ្នកជួយលុយធម្មតា មកជាមនុស្សសកម្ម នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ។ នៅតែ២សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៥វិច្ឆិកា មហាសេដ្ឋី អេឡុន ម៉ាសក៍បានចាយលុយលានៗដុល្លារ ដើម្បីអូសទាញសំឡេងអ្នកបោះឆ្នោត នៅក្នុងរដ្ឋគន្លឹះ រដ្ឋដែលសម្រេចជោគវាសនារបស់បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ និងខាម៉ាឡា ហារីស។
ជាក់ស្តែង បន្ទាប់ពីប្រកាសកាលពីខែ សីហា ថាលោកគាំទ្រ និងផ្តល់លុយ៤៥លានដុល្លារ ជារៀងរាល់ខែ ដល់ America PAC ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយចាំជួយការឃោសនាបោះឆ្នោតរបស់បក្សសាធារណរដ្ឋ មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យា SpaceX និងក្រុមហ៊ុនផលិតរថយន្តតេសឡាបានបង្ហាញខ្លួន លេចធ្លោក្នុងយុទ្ធនាការឃោសនាជួយលោកដូណាល់ ត្រាំនៅតាមរដ្ឋគន្លឹះ ដូចជារដ្ឋpennsylvania។
នៅលើវេទិកាដែលមានទង់ជាតិអាមេរិកជាផ្ទាំងបាំងពីខាងក្រោយ លោកអេឡុន ម៉ាសក៍មិនបានស្រែកឃោសនាច្រើនដើម្បីបញ្ចុះបញ្ចូលប្រជាជនអាមេរិកដែលភាគច្រើន គេដឹងថា ជាអ្នកគាំទ្រលោកដូណាល់ ត្រាំ។ ប៉ុន្តែ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ២៤៨ពាន់លានដុល្លារ ប្រើអំណាចទឹកលុយ តាមរយៈការចុចឈ្មោះដោយចៃដន្យ អ្នកដែលត្រូវទទួលសែកដែលមានទឹកលុយ ១លានដុល្លារ។
បើតាមលោក អេឡុន ម៉ាសក៍ ពីថ្ងៃសៅរ៍ទី ១៩តុលា រហូតដល់ថ្ងៃបោះឆ្នោត ពោលគឺជារៀងរាល់ថ្ងៃ លោកនឹងចែកសែក ទឹកប្រាក់១លានដុល្លារ ដល់អ្នកដែលបានចុះហត្ថលេខាលើញត្តិរបស់គណៈកម្មាធិការ America PAC ដែលលោកបង្កើតឡើងដើម្បីឃោសនាជួយឲ្យលោកដូណាល់ ត្រាំឈ្នះឆ្នោត ត្រលប់មកគ្រប់គ្រងសេតវិមានសាជាថ្មី។ លោកអេឡុន ម៉ាសនិយាយថា អ្នកដែលអាចទទួលសែក ទឹកលុយ១លានដុល្លារបាន លុះត្រាអ្នកនោះបានចុះហត្ថលេខាលើញតិ្តដែលគាំទ្ររដ្ឋធម្មនុញ្ញអាមេរិក នោះគឺសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិកាន់កាប់អាវុធ។ លើសពីនោះទៀត អ្នកនោះបានចុះឆ្នោតបោះឆ្នោតរួចហើយ។
ពីខាងគណបក្សប្រជាធិបតេយ្យ ជាពិសេសអរភិបាលរដ្ឋpennsylvania មិនលាក់លៀមពីក្តីបារម្ភ នៅចំពោះមុខយុទ្ធនាការឃោសនាដ៏សម្រុក ទិញទឹកចិត្តអ្នកបោះឆ្នោតយ៉ាងដូច្នេះ។
នៅអាមេរិក ការចាយលុយដើម្បីជំរុញឲ្យគេចុះឈ្មោះបោះឆ្នោត ឬទៅបោះឆ្នោត ជារឿងខុសច្បាប់។ អ្នកដែលចាយលុយ និងអ្នកដែលទទួលលុយ ត្រូវប្រឈមនឹងទោសពិន័យជាប្រាក់១ម៉ឺនដុល្លារ ឬទោសជាប់ពន្ធនាគារ៥ឆ្នាំ។ លោកអេឡុន ម៉ាសក៍ផ្ទាល់មិនបានចាយលុយ ដើម្បីជំរុញឲ្យគេទៅបោះឆ្នោត ដូចការហាមរបស់ច្បាប់ ប៉ុន្តែ ការផ្តល់សែក ១លានដុល្លារសម្រាប់តែអ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយនៅតែក្នុងរដ្ឋគន្លឹះ ដែលជាអ្នកកំណត់ជ័យជំនះរបស់បេក្ខជនប្រធានាធិបតី គឺជារឿងខុសច្បាប់បោះឆ្នោតអាមេរិក។ នេះបើតាមអ្នកជំនាញច្បាប់បោះឆ្នោត លោក Rick HasenនៅលើBlog ផ្ទាល់ខ្លួនរបស់លោក។
មហាសេដ្ឋី Elon Muskជះលុយទាក់ទាញអ្នកបោះឆ្នោត បើទោះជាអាចរងការចោទប្រកាន់ថា រំលោភច្បាប់បោះឆ្នោត។ ហេតុអ្វីមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនSpace X ដាក់ទុនច្រើនសន្ធឹកសន្ធាប់ យ៉ាងដូច្នេះ?
លោកអេឡុន ម៉ាសក៍បានប្រើយុទ្ធសាស្រ្តថ្មី ចាយលុយរាប់លានដុល្លារ ដើម្បីផ្តល់សន្ទុះចុងក្រោយ ជួយលោកដូណាល់ ត្រាំនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋគន្លឹះ ខណៈដែលការស្ទង់មតិបង្ហាញថា បេក្ខជនប្រធានាធិបតីទាំងពីរ មានសំឡេងប្រកៀកប្រកិតគ្នាខ្លាំង ហើយលោកដូណាល់ ត្រាំនាំមុខលោកស្រីខាម៉ាឡា ហារីសបន្តិចបន្តួចប៉ុណ្ណោះ។
នៅក្រោយការពិភាក្សាតទល់រវាងបេក្ខជន ដូណាល់ ត្រាំ និងលោកស្រី ខាម៉ាឡា ហារីស លោកអេឡុន ម៉ាសក៍បានប្រកាសដោយមិនលាក់លៀមថា លោកគាំទ្រ...
Duration:00:06:06
អ្វីជាកម្មវត្ថុរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះលើកទី១៦?
10/21/2024
សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះលើកទី១៦ ដែលចាប់បើកនៅថ្ងៃចន្ទទី២១តុលា២០២៤ នៅក្រុងកាលីប្រទេសកូឡុំប៊ី ជាការណាត់ជួបខ្នាតអន្តរជាតិលើកទីមួយ គិតចាប់តាំងពីពិភពលោកមានផែនការបញ្ឈប់ការបំផ្លិចបំផ្លាញផែនដី មហាសមុទ្ទ និងជីវិតជីវចម្រុះគ្រប់ប្រភេទ ត្រឹមឆ្នាំ២០៣០មក។ ផែនការមានហើយ ឥលូវដល់ពេលត្រូវប្រែក្លាយផែនការឱ្យការពិតជាក់ស្តែង។ តើ១៩៤ប្រទេសជាសមាជិកនៃសន្ធិសញ្ញាដើម្បីជីវចម្រុះ ត្រូវមានសកម្មភាព និងដំណោះស្រាយយ៉ាងណា ដើម្បីធានាសម្រេចកម្មវត្ថុដែលបានព្រមព្រៀងគ្នារួចហើយ?
ប្រព្រឹត្តទៅជារៀងរាល់ពីឆ្នាំម្តងតាំងពីឆ្នាំ១៩៩២មក សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះCOP១៦ បានការចូលរួមជាលើកទីមួយពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលមួយចំនួន ជាង១០ប្រទេស មានអាទិ៍ប្រធានាធិបតីប្រេស៊ីលលូឡា ក្បែរបណ្តារដ្ឋមន្ត្រីជាងមួយរយប្រទេស ព្រមទាំងអ្នកការទូត អ្នកជំនាញ សកម្មជនបរិស្ថាន ឬអង្គការ សហគ្រាសនានា សរុបជាង១៨០០០នាក់។
ជំនួបដ៏ធំសម្បើមនេះ ជាឱកាសពិចារណាថាតើត្រូវធ្វើដូចម្តេចប្រែក្លាយកម្មវត្ថុកំណត់រួចឱ្យក្លាយសកម្មភាពជាក់ស្តែង? កាលពីឆ្នាំ២០២២ ក្នុងសន្និសីទជីវចម្រុះលើកទី១៥ នៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា សមាជិកអង្គការសហប្រជាជាតិទាំងអស់បានអនុម័តកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌការពារជីវចម្រុះពិភពលោក។ មានមហិច្ឆតាខ្លាំង កិច្ចព្រមព្រៀងឈ្មោះ Kunming-Montréal ដែលជាផែនទីចង្អុលផ្លូវ មានកម្មវត្ថុ២៣យ៉ាង សម្រាប់ឈានទៅបញ្ឈប់ការបំផ្លិចបំផ្លាញផែនដី និងមហាសមុទ្ទ៣០% និងស្តារប្រព័ន្ធអេកូសាស្ត្រជីវិតសត្វរុក្ខជាតិគ្រប់ប្រភេទឱ្យបាន៣០%ដែរ នៅឆ្នាំ២០៣០ ហើយកាត់បន្ថយការប្រើថ្នាំសម្លាប់សត្វឱ្យបានពាក់កណ្តាល ព្រមទាំងប្រមូលថវិកាឱ្យបាន២០០ពាន់លានដុល្លារក្នុងឆ្នាំដើម្បីធម្មជាតិ។
កិច្ចសន្យាមានអាយុពីរឆ្នាំ ហើយពួកគេមានពេលត្រឹមតែ៦ឆ្នាំទៀតប៉ុណ្ណោះ តើមានអ្វីជឿនលឿនទៅមុខខ្លះទេ? ចម្លើយគឺគ្មានការជឿនលឿនប៉ុន្មានទេ។ បើតាមអង្គការWWF ពេលកាន់តែខើច ជីវចម្រុះហិនហោចកាន់តែលឿនខ្លាំង។ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ការបាត់បង់សត្វព្រៃមានកំរិតដល់ទៅ៧៣%។ នៅតែកញ្ញា ៨,៣៥%នៃមហាសមុទ្ទ ១៧,៥%នៃផ្ទៃដី ត្រូវបានគេចាត់ទុកថាបានទទួលការការពារ ពោលគឺច្រើនជាងឆ្នាំ២០២២បន្តិច (សមុទ្ទ៨,១៦% និងដី១៥,៨%)។ នេះបើតាមអង្គការWWFដដែល ដោយផ្អែកលើទិន្នន័យបឋមរបស់អង្គការសហប្រជាជាតិ។ តុល្យការផ្លូវការថ្មីនឹងបង្ហាញនៅឆ្នាំ២០២៦ (COP១៧)។
ចំណែកសកម្មភាពរបស់រដ្ឋនីមួយៗគិតត្រឹមថ្ងៃទី ១៦តុលា២០២៤វិញ មានតែ២៩ប្រទេសប៉ុណ្ណោះ បានលម្អិតយុទ្ធសាស្ត្រនិងផែនការជាតិដើម្បីជីវចម្រុះ និង៩១ប្រទេសបានត្រឹមលើកគម្រោងសន្យាត្រួសៗនិងមិនពេញលេញ។ ប្រទេសជាច្រើនទៀត អាចនឹងបង្ហាញផែនការសកម្មជាក់ស្តែងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍សន្និសីទនៅកាលីនេះតែម្តង។ ហេតុដូច្នេះហើយបានជា COP១៦ត្រូវស្វែងរកនិងអនុម័តវិធានរួមមួយ តើត្រូវវាយតម្លៃអំពីប្រសិទ្ធភាពនៃផែនការជាតិដោយឈរលើគោលការណ៍អ្វី ? តើនរណាជាអ្នកត្រួតពិនិត្យដល់កន្លែងថាអ្វីៗពិតជាមានដំណើរការទៅមុខមែន? សម្រាប់ផ្ទៀងផ្ទាត់និងផ្តល់តុល្យការដំបូងនៅឆ្នាំ២០២៥។ COP១៦នៅកាលី ក៏ត្រូវរកឱ្យឃើញក្បួនសម្រាប់អនុវត្តជាមួយក្រុមហ៊ុនឯកជនដើម្បីចៀសវាងកុំឱ្យមានករណីយកបរិស្ថានមកលុបលាង។
ដូចរាល់គ្រប់ដំណោះស្រាយ ថវិកាជាឧបសគ្គដ៏ធំចម្បងមួយទៀត។ តាំងពីប្រកាសបង្កើតមូលនិធិជីវចម្រុះនៅCOP១៥មក ម្ចាស់អំណោយនិងអ្នកទទួលអំណោយចាប់ផ្តើមហែកហួរគ្នា។ ប្រទេសទទួលជំនួយចង់ឱ្យមូលនិធិដើម្បីបរិស្ថានពិភពលោក មានឯករាជ្យនិងមានអភិបាលកិច្ចផ្ទាល់ខ្លួន តែប្រទេសអ្នកផ្តល់វិភាគទាន ស្ថិតនៅជាផ្នែកមួយនៃអង្គការ។ ជារឿងតូចតាចមែនតែការជជែកតឹងសរសៃកខ្លាំង ដោយចំណាយពេលនិងថាមពលអស់ច្រើនណាស់។ ហើយពេលនេះលុយទើបចូលហិបមូលនិធិបានប្រមាណ៤០០លានដុល្លារប៉ុណ្ណោះ ឆ្ងាយពីកម្មវត្ថុ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំដូចមានចែងក្នុងកិច្ចព្រមព្រៀង Kunming Montréalណាស់។ ក្នុងន័យនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ បានអំពាវនាវនៅមួយថ្ងៃមុនការការបើកសន្និសីទ សុំឱ្យអ្នកចរចាទាំងអស់ចាកចេញពីក្រុងកាលីនៅថ្ងៃទី១វិច្ឆិកា ជាមួយការវិនិយោគដ៏ធំធេងផ្តល់មូលនិធិដល់ផែនការជីវចម្រុះពិភពលោក ដោយប្រមូលហិរញ្ញវត្ថុពីគ្រប់ប្រភពសាធារណៈនិងឯកជនដើម្បីធ្វើសកម្មភាពបានពេញទំហឹង។
ជាចុងក្រោយ...
Duration:00:05:09
កៀវ៖ ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី នោះសមរភូមិអ៊ុយក្រែនកាន់តែស្មុគស្មាញ អូសបន្លាយយូរ និងរីកធំ
10/20/2024
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងអ៊ុយក្រែនផ្ទាល់ផងបានរំជើបរំជួល ជ្រួលច្របល់ខ្លាំង នៅចុងសប្តាហ៍នេះ បន្ទាប់មានក្រុមចារកម្មកូរ៉េខាងត្បូងបានប្រកាសដំណឹងថា ទាហានកូរ៉េខាងជើងជាង១ពាន់នាក់ធ្វើដំណើរទៅដល់មូលដ្ឋានទ័ពរុស្ស៊ី នៅVladivostokនៅខែតុលានេះ ដើម្បីចូលរួមប្រយុទ្ធកៀកស្មាជាមួយកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ វត្តមានទ័ពកូរ៉េខាងជើងក្នុងជួរកងទ័ពរុស្ស៊ីនៅសមរភូមិអ៊ុយក្រែន នឹងធ្វើឲ្យសង្រ្គាមដ៏ធំមួយនេះ នៅទឹកដីអឺរ៉ុប ផ្លាស់ប្តូរក្នុងទម្រង់មួយដ៏គួរឲ្យគ្រោះថ្នាក់។ ដោយលូកដៃក្នុងសង្រ្គាមអ៊ុយក្រែន ក្រោមរូបភាពចាប់ដៃសហការយោធាជាមួយភាគីរុស្ស៊ី កូរ៉េខាងជើងបានតម្លើងតួនាទីខ្លួនជាមហាអំណាចនុយក្លេអ៊ែរអាស៊ីដែលគេត្រូវខ្លាចរអា។
លោកខាងលិច និងកូរ៉េខាងត្បូង ជប៉ុន ដែលជាសម្ព័ន្ធមិត្តបញ្ជូនសព្វាអាវុធទៅជួយអ៊ុយក្រែនបានត្រឹមតែស្រែកថ្កោលទោសកូរ៉េខាងជើងដែលបានបញ្ជូនអាវុធទៅឲ្យរុស្ស៊ីយកទៅវាយប្រហារលើអ៊ុយក្រែន ប៉ុន្តែ មិនទាន់ទាញសញ្ញាអាសន្ន ព្រួយបារម្ភខ្លាំងដូចចុងសប្តាហ៍មុនទេ។ នៅថ្ងៃសុក្រទី ១៨តុលា ក្រុមចារកម្មកូរ៉េខាងត្បូងទើបបានចេញសេចក្តីប្រកាសព័ត៌មានដែលនៅក្នុងនោះ ក្រុមចារកម្មកូរ៉េខាងត្បូងអះអាងថា ទាហានកូរ៉េខាងជើងប្រមាណ១៥០០នាក់ ត្រូវបានកប៉ាល់ជើងទឹករុស្ស៊ីដឹកយកទៅដាក់ពង្រាយនៅ មូលដ្ឋានទ័ពក្នុងទឹកដីរុស្ស៊ី។ បើតាមក្រុមចារកម្មកូរ៉េខាងត្បូង នេះគ្រាន់តែជាការចាប់ផ្តើម ព្រោះថា ពីពេលនេះទៅមុខ កូរ៉េខាងជើងនឹងបញ្ជូនជាបន្តបន្ទាប់ទាហានរបស់ខ្លួនទៅរុស្ស៊ី ឲ្យគ្រប់ចំនួន ១២០០០នាក់ ដើម្បីចូលជួយច្បាំងកងទ័ពរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន។
បញ្ជូនទ័ពទៅជួយរុស្ស៊ីមានន័យយ៉ាងណាចំពោះកូរ៉េខាងជើង ?
ចំពោះអ្នកវិភាគ Hong Min របស់វិទ្យាស្ថានកូរ៉េដើម្បីការបង្រួបបង្រួមជាតិ ការបញ្ជូនទ័ពកូរ៉េខាងជើងជាច្រើនពាន់នាក់ទៅជួយច្បាំងកងទ័ពរុស្ស៊ី ជាផ្លែផ្លាមួយនៃកិច្ចព្រមព្រៀងជំនួយយោធា ដែលមេដឹកនាំរុស្ស៊ី និង កូរ៉េខាងជើងបានចុះហត្ថលេខាកាលពីខែ មិថុនាឆ្នាំនេះ។
នៅពាក់កណ្តាលខែតុលានេះ ម៉ូស្គូបានចេញមកបញ្ជាក់ជាថ្មីនៃខ្លឹមសារកិច្ចព្រមព្រៀងយោធា ដែលនៅក្នុងនោះ រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ រងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។ ម៉ូស្គូបញ្ជាក់ពីជំហរទ្វេភាគីជាមួយកូរ៉េខាងជើង ស្របពេលដែលភាពតានតឹងផ្នែកនយោបាយ និង យោធា រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង កំពុងតែកើនឡើងជាលំដាប់។ នៅក្នុងសប្តាហ៍នេះ កូរ៉េខាងជើងបានបំផ្ទុះបំផ្លាញផ្លូវស្ពានតភ្ជាប់ជាមួយកូរ៉េខាងត្បូង និងបានសម្រេចដាក់កូរ៉េខាងត្បូងជាប្រទេសអរិភាពដូចអាមេរិក ដែលមានន័យស្មើនឹងការរលាយសាបសូន្យនៃក្តីសង្ឃឹមបង្រួបបង្រួមបងប្អូនកូរ៉េទាំងពីរ។
ដោយបញ្ជូនទ័ពទៅជួយច្បាំងកងទ័ពរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើងរបស់មេដឹកនាំគីម ជុងអ៊ុនចង់ពង្រឹងសម្ព័ន្ធភាពយោធាជាមួយមហាអំណាចរុស្ស៊ី ក្នុងក្តីសង្ឃឹមទទួលបានឆ័ត្រការពាររបស់រុស្ស៊ី ដូចដែលកូរ៉េខាងត្បូងបានទទួលពីអាមេរិកតាមរយៈកិច្ចព្រមព្រៀងយោធាដែលចែងថា អាមេរិកនឹងជួយការពារកូរ៉េខាងត្បូង។
បើតាមអ្នកវិភាគ Hong Min ដោយបញ្ជូនទាហានជាង១ម៉ឺននាក់ ទៅរុស្ស៊ី មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនមិនត្រឹមចង់បង្វឹក លត់ដំទាហានកូរ៉េខាងជើងឲ្យចេះដកពិសោធន៍ពីយុទ្ធសាស្រ្តធ្វើសង្រ្គាមនៅក្នុងសមរភូមិជាក់ស្តែងតែប៉ុណ្ណោះទេ លោកគីម ជុងអ៊ុនចង់ឆ្លៀតឱកាសនេះ ដើម្បីពង្រឹងតួនាទីរបស់កូរ៉េខាងជើងនៅក្នុងឆាកអន្តរជាតិ។ ចង់ ឬមិនចង់ ជំនួយជាកងទ័ពរបស់កូរ៉េខាងជើង បន្ថែមពីលើការបញ្ជូនសព្វាវុធរាប់ម៉ឺនតោនទៅ រុស្ស៊ីនឹងធ្វើសង្រ្គាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយ និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ភាគីរុស្ស៊ីដែលជាអ្នកឈ្លានពានអ៊ុយក្រែន។
កូរ៉េខាងជើងបានលូកដៃចូលជ្រៅក្នុងសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី ក្នុងនាមជាប្រទេសផ្គត់ផ្គង់អាវុធ ផ្តល់កម្លាំងទ័ពទៅជួយច្បាំងរុស្ស៊ី ដែលកំពុងខ្វះខាតចំនួនទ័ពដើម្បីធ្វើសង្រ្គាមដែលអូសបន្លាយជាង២ឆ្នាំមកនេះ។ កូរ៉េខាងជើងត្រៀមខ្លួនដើម្បីផ្គត់ផ្គង់ទាហានធ្វើសង្រ្គាម។ នៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា វីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNAបានបង្ហាញថា យុវជនកូរ៉េខាងជើងដល់ទៅជាង ១លាន ៤សែននាក់បានចុះឈ្មោះបម្រើកងទ័ពនៅក្នុងរយៈពេលតែ១សប្តាហ៍។
រហូតមកដល់ពេលនេះលោកខាងលិច អាមេរិក សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននិងអូតង់នៅមិនទាន់ចេញមុខបញ្ជាក់ព័ត៌មានរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង។ ម៉ូស្គូវិញ...
Duration:00:05:56
ទប់លែងជាប់ អឺរ៉ុបចង់ធ្វើច្បាប់ដើម្បីពន្លឿនការចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញ?
10/18/2024
ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពីថ្ងៃព្រហស្បតិ៍ ទី១៧តុលាកន្លងទៅ។ សំណុំរឿងដ៏ធំនិងបន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដែលសម្រុកចូលមកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែលអឺរ៉ុបគ្មានដំណោះស្រាយរួមឲ្យមានប្រសិទ្ធភាព។ បញ្ហាអន្តោប្រវេសន៍ គឺជាចំណុចធ្វើឲ្យប្រទេសអឺរ៉ុបប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍។ ឆ្លងកាត់ការប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន ហាក់ដូចជាចង់គាំទ្រឲ្យមានច្បាប់ថ្មី ដែលអនុញ្ញាតឲ្យគេអាចចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រលប់ទៅកាន់ប្រទេសដើមវិញ ឲ្យបានច្រើន និងលឿនរហ័សបំផុត។
ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុប បានស្រុះស្រួលគ្នានៅថ្ងៃទី១៧តុលា អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមប្រទេសសមាជិកនីមួយៗ ត្រូវតែធ្វើយ៉ាងណា ជួយសម្រួល ជួយបង្កើន និងពន្លឿនការបញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីអឺរ៉ុប។ ប្រទេសសមាជិកអឺរ៉ុបទាំង២៧ បានហៅឲ្យគណៈកម្មការអឺរ៉ុបត្រូវតែរៀបចំដាក់ស្នើ សេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីចាត់ចែងកិច្ចការនេះ ឲ្យបានឆាប់បំផុត។
លោកស្រី អួរស៊ូឡា វុនដឹឡេយិន ប្រធានគណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃចន្ទដើមសប្តាហ៍ ថាលោកស្រីនឹងស្នើសេចក្តីព្រាងច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ថ្មី តែដោយមិនបញ្ជាក់លំអិតអំពីកាលបរិច្ឆេទ។ គួរកត់សំគាល់ថា កាលពីឆ្នាំ២០១៨ គណៈកម្មការអឺរ៉ុបធ្លាប់បានស្នើច្បាប់មួយរួចហើយ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ក៏ប៉ុន្តែបានបរាជ័យវិញ ដោយសារប្រទេសសមាជិកទាំង២៧ គ្មានការមូលមតិគ្នា។ ប្រទេសអឺរ៉ុបខ្លះ ដែលមានទំនោរស្តាំនិងជាតិនិយម ទាមទារឲ្យបិទព្រំដែនឲ្យជិត ព្រោះអឺរ៉ុបមិនអាចមានលទ្ធភាពទទួលមនុស្សគ្រប់គ្នាឡើយ។ ចំណែកប្រទេសខ្លះទៀតវិញ ដែលមានទំនោរនយោបាយឆ្វេងនិយម បានលើកឡើងថាអឺរ៉ុបមិនត្រូវបិទទ្វារខ្ទប់ទេ អឺរ៉ុបត្រូវតែទទួលជួយជនភៀសខ្លួន ដែលរត់គេចពីសង្គ្រាមនិងការកាប់សម្លាប់។
"មណ្ឌលរងចាំ" យកតាមគម្រូអ៊ីតាលី
ក៏ប៉ុន្តែ៦ឆ្នាំក្រោយមក គេសង្កេតឃើញថា របត់នយោបាយ ហាក់បានប្រែប្រួលខ្លាំង ដោយប្រទេសអឺរ៉ុបកាន់តែច្រើន យល់ថាត្រូវតែមានច្បាប់រឹតបន្តឹង ទប់ស្កាត់ និងចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអឺរ៉ុប។ មធ្យោបាយមួយនៅក្នុងការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់មិនឲ្យជាន់ដីអឺរ៉ុប ហើយអាចពន្លឿនដល់ការចាប់បញ្ជូនទៅកាន់ប្រទេសដើមវិញនោះ គឺការរៀបចំបង្កើតឲ្យមាន “មណ្ឌលរងចាំ” នៅក្នុងប្រទេសណាមួយ មិនមែនជាសមាជិកអឺរ៉ុប តែស្ថិតនៅមាត់ច្រកចូលព្រំដែនអឺរ៉ុប។ ជនអន្តោប្រវេសន៍ ត្រូវគេបញ្ជូនឲ្យទៅស្នាក់នៅទីនោះបណ្តោះអាសន្ន ដើម្បីរៀបចំដាក់ឯកសារស្របច្បាប់ចូលអឺរ៉ុប។ អ្នកដែលមិនគ្រប់លក្ខខណ្ឌ ទទួលបានសិទ្ធិជ្រកកោនជាជនភៀសខ្លួន គឺគេនឹងចាប់បញ្ជូនទៅប្រទេសដើមវិញ។
ថ្មីៗនេះ រដ្ឋាភិបាលស្តាំនិយមជ្រុលរបស់អ៊ីតាលី ដឹកនាំដោយលោកស្រី ចចា ម៉េឡូនី បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសអាល់បានី ដើម្បីបង្កើតមណ្ឌលរងចាំ សម្រាប់ដាក់ជនអន្តោប្រវេសន៍នៅទីនោះ មុននឹងពួកគេឆ្លងទូកតាមទឹក ឬតាមដីគោកមកដល់ទឹកដីអ៊ីតាលី។ តែយ៉ាងណា សកម្មជននិងអង្គការសិទ្ធិមនុស្ស បានរិះគន់ខ្លាំងណាស់ ទៅលើរដ្ឋាភិបាលអ៊ីតាលី ដោយចាត់ទុកថា “មណ្ឌលរងចាំ” នេះ វាមិនខុសពីមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍នោះឡើយ។ ទោះជាយ៉ាងនេះក្តី នៅក្នុងជំនួបកំពូលអឺរ៉ុប លោកស្រីប្រមុខរដ្ឋាភិបាលអ៊ីតាលី បានឆក់ឱកាសប្រឹងអួតបង្ហាញអំពីគំរូល្អដែលខ្លួនកំពុងធ្វើ ហើយចង់ឲ្យសហភាពអឺរ៉ុបទាំងមូលធ្វើតាមខ្លួន។ ជាក់ស្តែង លោកស្រី ចចា ម៉េឡូនី បានរៀបចំការប្រជុំក្រៅផ្លូវការមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានប្រទេសចូលរួមជាមួយជាងដប់ប្រទេស ក្នុងនោះមាន ហូឡង់ ក្រិក អូទ្រីស ប៉ូឡូញ ហុងគ្រីជាដើម ដែលសុទ្ធតែជាប្រទេសមានទំនោរចង់បិទព្រំដែនទាំងស្រុង។
ដោយឡែកបារាំង និងអាល្លឺម៉ង់ បានស្ថិតនៅឆ្ងាយពីកិច្ចប្រជុំនេះយ៉ាងប្រុងប្រយ័ត្ន ដោយគេមិនគាំទ្រគំនិតបង្កើតមណ្ឌលសម្រាប់ចាប់បង្ឃាំងអន្តោប្រវេសន៍ទុកនៅប្រទេសផ្សេងបែបនេះទេ។ លោកម៉ាក្រុងប្រធានាធិបតីបារាំង ធ្លាប់បានលើកឡើងថា ទង្វើចាប់អន្តោប្រវេសន៍យកទៅទុកក្នុងមណ្ឌលរួមមួយនៅប្រទេសផ្សេង គឺវាផ្ទុយពីគោលការណ៍ច្បាប់របស់បារាំង ដែលគោរពសិទ្ធិមនុស្ស។
ចំណុចវិជ្ជមាននៃអន្តោប្រវេសន៍ស្របច្បាប់
អេស្ប៉ាញជាប្រទេសដែលបានចេញមុខប្រឆាំងដាច់ខាត ទៅនឹងការរឹតបន្តឹងច្បាប់ជ្រុលហួសហេតុ ដើម្បីរាំងរាំងអន្តោប្រវេសន៍មិនឲ្យជាន់ដីអឺរ៉ុប។ លោកប៉េដ្រូ សាន់ឆែស នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងថា ការបង្កើតមណ្ឌលដើម្បីចាប់បង្ឃាំងអន្តោប្រវេសន៍ទុកនៅតាមប្រទេសក្រៅអឺរ៉ុប គឺវាមិនមែនជាដំណោះស្រាយ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ឡើយ។ ផ្ទុយទៅវិញ គឺវាទៅបង្កើតបញ្ហាថ្មីមួយបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានអំពាវនាវថា...
Duration:00:06:54
សង្គ្រាមអ៊ីស្រាអែល-ហេសបូឡា៖ កងទ័ពអង្គការសហប្រជាជាតិនៅលីបង់មានភារកិច្ចអ្វី?
10/13/2024
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ បានថ្លែងដោយចំឈ្មោះជាលើកទីមួយ ឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរក៍ គិតគូរដកកងទ័ពមួកខៀវ ចេញជាបន្ទាន់ ទៅរកកន្លែងមានសុវត្ថិភាព។ តាំងពីថ្ងៃព្រហស្បតិ៍ទី១០តុលាមក គ្រាប់បាញ់ផ្លោងរបស់អ៊ីស្រាអែលបានធ្វើឱ្យទាហានមួកខៀវអង្គការសហប្រជាជាតិយ៉ាងហោច៥នាក់រងរបួស។ តើកងកម្លាំងទ័ពមួកខៀវនៅលីបង់នេះជានរណា? មានតួនាទីយ៉ាងណា បានជាក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់អ៊ីស្រាអែលដែរ?
តាំងពីថ្ងៃព្រហស្បតិ៍ទី១០តុលាមក និងក្នុងរយៈពេលតែ៤៨ម៉ោង កងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំលីបង់ ហៅកាត់ថា Finul បានរងរបួសជាបន្តបន្ទាប់ ក្នុងចំនួនយ៉ាងហោច៥នាក់គិតត្រឹមថ្ងៃអាទិត្យទី១៣តុលា ដោយការវាយប្រហាររបស់អ៊ីស្រាអែល។
ការវាយប្រហារប៉ះដល់ក្រុមFinul បានបង្កបង្កើតឱ្យមានប្រតិកម្មជាច្រើនប្រឆាំងនឹងអ៊ីស្រាអែល។ ជាង៤០ប្រទេស មានអាទិ៍ បារាំងអង់គ្លេស ឥណ្ឌា ចិន កាតា តួកគី ឬឥណ្ឌូណេស៊ី ព្រមទាំងសម្តេចប៉ាប បានចេញសេចក្តីថ្លែងការណ៍ ផ្តល់ការគាំទ្រទាំងស្រុងដល់កងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅលីបង់Finul និងបានជំរុញឱ្យមានការការពារសុវត្ថិភាពក្រុមមួកខៀវ។
អ៊ីស្រាអែលថាសោកស្តាយដែលទាហានFinulរងរបួស ប៉ុន្តែមិនបញ្ឈប់ការផ្លោងវាយប្រហារយ៉ាងប្រសាចលើលីបង់ទេ និងបានបើកយុទ្ធនាការប្រយុទ្ធជើងគោកតតាំងជាមួយចលនាហេសបូឡា នៅតាមតំបន់ជិតព្រំដែនលីបង់-អ៊ីស្រាអែល។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបានអំពាវនាវចំៗ ជាភាសាអង់គ្លេស នៅថ្ងៃអាទិត្យទី ១៣តុលា ឱ្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រេចដកក្រុមFinul ចេញពីភាគខាងត្បូងលីបង់ ទៅរកកន្លែងមានសុវត្ថិភាពភ្លាមនិងជាបន្ទាន់។ សម្រាប់លោក បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដើម្បីសុវត្ថិភាព Finulត្រូវតែចេញពីតំបន់គ្រោះថ្នាក់។
កាលពីថ្ងៃសុក្រFinul បានចោទប្រកាន់យោធាអ៊ីស្រាអែលថាបានបាញ់តម្រង់ និងដោយចេតនាតែម្តងលើទីតាំងរបស់តំណាងអង្គការសហប្រជាជាតិ។ ហេតុអ្វីបានជាអ៊ីស្រាអែលក៏ដៅវាយប្រហារកងកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិដែរ? តើកងកម្លាំងនេះជានរណា?មានតួនាទីអ្វីខ្លះនៅលីបង់?
បង្កើតឡើងនៅឆ្នាំ១៩៧៨ និងមានទីស្នាក់ការនៅក្រុងNaqoura ភាគខាងត្បូងលីបង់ កងកម្លាំងបណ្តោះអាសន្នប្រចាំលីបង់ Finul មានសមាសភាពជាកងទ័ពមួកខៀវ សម្រាប់ជួយតាមដានការដកកងទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់ និងរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយជួយរដ្ឋាភិបាលលីបង់ឱ្យមានអំណាចគ្រប់គ្រង់ប្រទេសពេញលេញ។ ដោយស្ថានភាពភូមិសាស្ត្រនយោបាយចេះតែវិវឌ្ឍ បេសកកម្មរបស់Finul ត្រូវបានកែប្រែ នៅឆ្នាំ១៩៨២ម្តង និងនៅឆ្នាំ២០០០ម្តង។ តាំងពីឆ្នាំ២០០៦មក Finul មានភារៈត្រួតពិនិត្យការបញ្ចប់អំពើហិង្សានៅតំបន់ភាគខាងត្បូងលីបង់និងជួយសម្រួលបេសកកម្មមនុស្សធម៌ឱ្យបានទៅដល់ប្រជាជនស៊ីវិល ព្រមទាំងការសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់អ្នកស្ម័គ្រចិត្ត ឱ្យប្រព្រឹត្តទៅសុវត្ថិភាព។ តែសម្រាប់អ្នកវិភាគ នេះជាបេសកកម្មដែលមិនអាចទៅរួច។
គិតមកទល់ខែមេសា២០២៤ Finul មានសមាជិក១០៥៤១នាក់ ក្នុងនោះ៩៥៣២នាក់ជាទាហាន ២០៧នាក់ជានាយសេនាធិការ ៥៥៣ជាជនស៊ីវិលក្នុងស្រុក និង២៤៩នាក់ជាជនស៊ីវិលមកពីប្រទេសផ្សេង។ ក្រុមមួកខៀវនៅលីបង់ មានទីតាំងឈរជើងតំបន់ទ្រនាប់ តាមបណ្តោយព្រំដែនមិនផ្លូវការរបស់លីបង់-អ៊ីស្រាអែល ប្រវែង១២០គីឡូម៉ែត្រ គូសដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០០។ Finul មានកាតព្វកិច្ចត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចែងអនុញ្ញាតឱ្យតែទាហានលីបង់ និងទាហានមួកខៀវប៉ុណ្ណោះ អាចពង្រាយវត្តមាន នៅក្នុងតំបន់ដែលងំដោយអំពើហិង្សាប្រយុទ្ធតតាំងគ្នាជាញឹកញយរវាងកងទ័ពរដ្ឋាភិបាលលីបង់និងចលនាប្រដាប់អាវុធស្និទ្ធនឹងអ៊ីរ៉ង់ ហេសបូឡា និងរវាងហេសបូឡាជាមួយអ៊ីស្រាអែល។
តែ Finul មានសិទ្ធិត្រឹមការពារខ្លួនទល់នឹងការវាយប្រហារដោយដៅចំខ្លួនតែប៉ុណ្ណោះ។ ដូចជាបណ្តាសមាជិកមួកខៀវអង្គការសហប្រជាជាតិផ្សេងទៀតដែរ កងកម្លាំងបណ្តោះអាសន្នប្រចាំលីបង់ មិនមែនជាកងពលយោធាប្រដាប់អាវុធឬ ទ័ពប្រយុទ្ធទេ។ ក្រុមមួកខៀវFinul បានត្រឹមឈរមើលឃើញសកម្មភាពរបស់គូប្រយុទ្ធហេសបូឡានិងអ៊ីស្រាអែល តែមិនអាចបញ្ចេញសកម្មភាពអ្វីបានទាំងអស់។...
Duration:00:04:22
ភូមា៖ អស់មេដឹកនាំ តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ កំពុងរលត់ដូចភ្លើងទៀនឬ?
10/10/2024
ជាង៣ឆ្នាំ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកអ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយសាបសូន្យម្តងបន្តិចៗ។ លោកស្រីអ៊ុងសាន ស៊ូជី និងសមាជិកធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមានវ័យចំណាស់របស់គណបក្សនេះ បានស្លាប់ម្តងមួយៗ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ គ្មានធនធានមនុស្ស ធ្វើឲ្យក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ដែលរបបសិកបានសន្យាថានឹងរៀបចំធ្វើនៅឆ្នាំក្រោយ។
នៅភូមា មនុស្សដែលជាសរសរគ្រិះនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បើមិនជាប់ឃុំក៏ស្លាប់ម្តងមួយៗ។ លោក ច មីនមូង មនុស្សដ៏សំខាន់ម្នាក់ តាំងតែពីគណបក្សនេះបានកកើតដំបូង បានស្លាប់កាលពីថ្ងៃចន្ទ ទី៧តុលា ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺមហារីកគ្រាប់ឈាម។ មុននឹងស្លាប់ លោកម្នាក់នេះធ្លាប់ត្រូវរបបសិកចាប់ដាក់ឃុំជាច្រើនលើក ប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីខែមិថុនាកន្លងទៅ មេដឹកនាំដ៏សំខាន់ម្នាក់ និងជាស្ថាបនិកមួយរូបនៃគណបក្សរបស់លោកស្រីអ៊ុងសាន ស៊ូជី ក៏បានស្លាប់ដែរ គឺលោក ទិន អ៊ូ អាយុ៩៧ឆ្នាំ។ ក្រោយរដ្ឋប្រហារនៅឆ្នាំ២០២១ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់បានទទួលការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនភូមាក្នុងពេលបោះឆ្នោត ពេលនេះកំពុងតែរលត់អស់ពន្លឺសន្សឹមៗ ប្រៀបបីដូចជាពន្លឺភ្លើងទៀនដែលឆេះអស់ ដោយសារតែអស់មេដឹកនាំ។
របបសិកភូមា មិនបានចាំទាល់តែគណបក្សនេះរលាយរលត់អស់នេះទេ គេបានប្រកាសកាលពីឆ្នាំទៅ រំលាយគណបក្សនេះចោល ក្រោមហេតុផលថា គណបក្សនេះមិនគោរពលក្ខខណ្ឌដែលមានចែងក្នុងច្បាប់បោះឆ្នោត។ លោក Htwe Htwe Thien សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Curtin អូស្ត្រាលី បានលើកឡើងថា របបសិកភូមាកំពុងតែបោសសំអាតឆាកនយោបាយ ដើម្បីត្រៀមយកឈ្នះតែម្នាក់ឯងដោយស្របច្បាប់ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៥។ ខុសពីសហរដ្ឋអាមេរិក ដែលចាត់ទុកការបោះឆ្នោតនេះជាឆាកល្ខោន ចិននិងរុស្ស៊ីវិញបាននាំគ្នាប្រកាសគាំទ្រ កលល្បិចរបស់របបសិកភូមានេះ។
យោងតាមអ្នកវិភាគជាច្រើន ប្រសិនបើការបោះឆ្នោតធ្វើទៅតាមក្រិត្យក្រមប្រជាធិបតេយ្យ វាប្រាកដណាស់ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងឈ្នះគគ្រឹកគគ្រេង។ សមាជិកម្នាក់របស់បក្សនេះ ដែលទើបតែត្រូវបានគេដោះលែងពីគុក បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា សមាជិកសមាជិការបស់បក្ស កំពុងតែខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធ ប្រមូលកម្លាំងឡើងវិញ បើទោះបីជាប្រឈមនឹងការធ្វើទុក្ខម្នេញដ៏សម្បើមពីរបបសិកក៏ដោយ។ ដោយសុំមិនបញ្ចេញឈ្មោះ សមាជិកម្នាក់ទៀត បានអះអាងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងខំប្រឹងតស៊ូ ចូលរួមបោះឆ្នោត ដើម្បីប្រយុទ្ធតទល់នឹងរបបផ្តាច់ការយោធា។
សូមរំលឹកថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៨៨ បន្ទាប់ពីរបបសិកភូមាកាន់អំណាចតាំងតែទសវត្សឆ្នាំ១៩៦០មក បានបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃទៅលើចលនាបះបោរបស់ប្រជាជនភូមា។ អស់រយៈពេលជាង៣០ឆ្នាំ ទង់ពណ៌ក្រហមមានរូបហង្សពណ៌មាសរបស់គណបក្សនេះ បានក្លាយជានិម្មិតរូបនៃការតស៊ូនយោបាយ ដោយសន្តិវិធី ដើម្បីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យភូមា។
ក្រោយរបត់នយោបាយបើកចំហរខ្លះៗ ចាប់ពីឆ្នាំ២០១០ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ចំនួន២លើក ឆ្នាំ២០១៥ និង២០២០។ តែនៅថ្ងៃទៅ១កុម្ភៈ២០២១ កងទ័ពភូមាដឹកនាំដោយលោកមីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី និងចាប់មនុស្សរាប់ពាន់នាក់ដាក់ឃុំ។ ប្រមាណ៣ឆ្នាំជាងមកនេះ ភូមាបានឈានធ្លាក់សឹងតែចូលក្នុងសង្គ្រាមស៊ីវីល ដោយសារតែប្រជាជននិងក្រុមកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានបើកសមរភូមិប្រយុទ្ធជាមួយកងទ័ពជាតិ។ នៅខែកក្កដាឆ្នាំ២០២២ របបសិកភូមា បានប្រហារជីវិតអ្នកទោសម្នាក់ ដែលជាសមាជិកសភាអតីតអ្នកចម្រៀងរ៉េប ដើម្បីជាការព្រមានគំរាមទៅដល់សំឡេងតវ៉ាប្រឆាំងទាំងអស់។
លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យចាស់ជរា ៧៩ឆ្នាំទៅហើយនោះ ក៏មិនខុសពីលោកអតីតប្រធានាធិបតី Win Myint កំពុងស្ថិតនៅក្នុងឃុំ គ្មានសង្ឃឹមថាមានថ្ងៃចេញមានសេរីភាពឡើយ។ តែទោះជាយ៉ាងណា ក្នុងទឹកចិត្តរបស់ប្រជាពលរដ្ឋភូមាទូទៅ គឺពួកគេនៅតែទន្ទឹងរងចាំ និងស្រលាញ់គាំទ្រលោកស្រី អ៊ុងសាន ស៊ូជីជានិច្ច។ តែទន្ទឹមនឹងនេះ យុវជនភូមាមួយចំនួនធំ ដែលធ្លាប់ដើរតាមគន្លងនយោបាយអហិង្សារបស់លោកស្រីអ៊ុងសាន ស៊ូជីនោះ ពេលនេះពួកគេបានភាគច្រើនបានងាកទៅចាប់យកការតស៊ូដោយប្រើកម្លាំង ប្រើអាវុធ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាមិញ “ក្រុមចលនាប្រជាការពារ” គឺជាក្រុមប្រដាប់អាវុធ ត្រូវបានបង្កើតឡើងដោយយុវជនភូមា សហការជាមួយកងកម្លាំងជនជាតិភាគតិចនៅតាមរដ្ឋនានា នៅក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ២០២១។
មិនត្រឹមប៉ុណ្ណោះទេ...
Duration:00:06:17
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជាបដិវត្តន៍ ឬគ្រាន់តែជាដុំប៉ោងដែលប្រហោងក្នុង?
10/8/2024
ប្រមាណ២ឆ្នាំមកនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បីផលិតមាតិកា អត្ថបទ និងរូបភាពនានា។ ភាពល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញខ្លះលើកឡើងថា ការសំរុកបោះទុនវិនិយោគលើបញ្ញាសិប្បនិម្មិត វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវាប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ ការបោះទុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ។
កាលពី២ឆ្នាំមុន ក្រុមហ៊ុន Open AI ដែលបានបង្កើតកម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ChatGPT នៅមិនទាន់មានមនុស្សទូទៅស្គាល់ទេ។ បន្ទាប់ពីបានប្រកាសប្រមូលថវិកាវិនិយោគបាន ៦៦០០លានដុល្លារ ពេលនេះក្រុមហ៊ុន Open AI មានតម្លៃដល់ទៅ ១៥៧ពាន់លានដុល្លារ។ ត្រឹមតែ២ឆ្នាំ Open AI បានក្លាយជាក្រុមហ៊ុននាំមុខគេបំផុត ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហើយបានរុញច្រានក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ឲ្យសម្រេចចិត្តវិនិយោគលើបច្ចេកវិទ្យានេះ បើទោះបីជាពុំទាន់មានសង្ឃឹមថាបានប្រាក់ចំណេញមកវិញ។
តើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជាបដិវដ្តន៍ទំនើបថ្មីនៃបច្ចេកវិទ្យាដែលគ្រប់គ្នាមិនអាចរំលងបាន ឬវាគ្រាន់តែជាការផ្អើលឈូរឆមួយរយៈ ប៉ោងធំតែប្រហោងក្នុង?
សម្រាប់អ្នកជំនាញនៅការិយាល័យ Wedbush ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងរវាង១២ ទៅ១៨ខែទៀត គឺបដិវត្តន៍ឧស្សាហកម្មទី៤ នឹងធ្វើដំណើរមកដល់ហើយ នៅក្នុងវិស័យផលិតឧបករណ៍សឺមីកុងឌុកទ័រ កម្មវិធីបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អ៊ិនធ័រនិត និងទូរស័ព្ទស្មាតហ្វូនជាដើម។ ChatGPT គឺជាចំណុចចាប់ផ្តើមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចកាលជំនាន់ទូរស័ព្ទ iPhone ចេញដំបូង ដែលបានរុញសន្ទុះបដិវត្ត ក្នុងវិស័យទូរស័ព្ទដៃទំនើបដូច្នោះដែរ។ គឺ Open AI ដែលបានបើកផ្លូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានដូចជា Nvidia Microsoft និង Google ជាដើម សម្រេចកំណត់អាទិភាព យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមកប្រើប្រាស់។
លោក Dan Ives អ្នកជំនាញនៅ Wedbush លើកឡើងថា នៅរវាង៣ឆ្នាំទៅមុខទៀតនេះ គ្រប់ក្រុមហ៊ុនទាំងអស់ នឹងចំណាយប្រាក់សរុប ប្រមាណ១០០០ពាន់លានដុល្លារ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោកពន្យល់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើត (AI Generative) គឺត្រូវការចំណាយប្រាក់ច្រើនណាស់ តួយ៉ាង ដើម្បីសរសេរអត្ថបទ ផលិតរូបភាព និងបង្កើតទិន្នន័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ដើម្បីធ្វើឲ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើត អាចដំណើរការទៅបាន គឺត្រូវការឲ្យមានហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាថ្មី ស៊ីថាមពលច្រើន និងត្រូវការវិស្វករមានជំនាញកាន់តែខ្ពស់។
គួរកត់សំគាល់ថា ក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមចំណាយប្រាក់ច្រើនពាន់លានដុល្លារ វិនិយោគក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ជាក់ស្តែងក្រុមហ៊ុន Microsoft បានចំណាយ១៣ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Open AI ព្រមទាំងប្រកាសវិនិយោគ១៥ពាន់លានដុល្លារបន្ថែមទៀត ក្នុងឆ្នាំនេះ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅប្រទេសផ្សេងទៀត ដូចជានៅអាល្លឺម៉ង់ និងឥណ្ឌូណេស៊ីជាដើម។ Google វិញ បានបញ្ចេញប្រាក់១៣ពាន់លានដុល្លារដែរ ក្នុងត្រីមាសទី២ឆ្នាំនេះ ចំណាយទៅលើឧបករណ៍គ្រឿងបរិក្ខាបច្ចេកវិទ្យាទំនើប។ ទំហំចំណាយដ៏ធំនេះ បានឆ្លុះបញ្ចាំងអំពីតម្រូវការ ក្នុងការមានទីតាំងស្តុកទិន្នន័យ និងម៉ាស៊ីនថ្មីទំនើបមានកម្លាំងកាន់តែខ្លាំង។
ក៏ប៉ុន្តែ បើផ្អែកតាមរបាយការណ៍របស់ ធនាគារ Golman Sachs ចេញផ្សាយកាលពីខែមិថុនា គឺការចំណាយទាំងអស់នេះ មិនទាន់បានហុចលទ្ធផលចំណេញថវិកាអ្វីទេ គិតត្រឹមពេលនេះ។ ផលវិជ្ជមានគឺមានតែ ធ្វើឲ្យអ្នកជំនាញអភិវឌ្ឍកម្មវិធី អាចធ្វើការមានប្រសិទ្ធភាពជាងមុនតែប៉ុណ្ណោះ។ លោក Rob Enderle លើកឡើងថា គ្រប់អ្នកវិនិយោគគិតតែពីស្រែកថា ត្រូវតែវិនិយោគលើបញ្ញាសិប្បនិម្មិត តែធាតុពិតមានអតិថិជនតិចណាស់ ដែលត្រូវការទិញបច្ចេកវិទ្យានេះទៅប្រើនៅពេលនេះ។ អ្នកជំនាញរូបនេះអះអាងថា ៨០%នៃគម្រោងប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវបានបិទបញ្ចប់ជាមួយនឹងភាពបរាជ័យ។
យ៉ាងណាក៏ដោយ លោកស្រី Grace Harmon អ្នកវិភាគទីផ្សារនៅ Emarketer បានលើកឡើងថា សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មិនទាន់សម្លឹងចង់បានប្រាក់ចំណេញមកវិញនៅឡើយទេ។ គេប្រឹងវិនិយោគ គឺដោយសារខ្លាចដើរយឺតជាងគេ ក្នុងថ្ងៃអនាគត។
ដោយឡែក លោក Michael Mansard នាយកក្រុមវិភាគនិងស្រាវជ្រាវ Subscribed Institute បានលើកឡើងថា រឿងបញ្ញាសិប្បនិម្មិតប៉ោងប្រហោងក្នុង ឬមិនប្រហោងក្នុង គឺវាមិនសំខាន់ទេក្នុងពេលនេះ។ អ្វីដែលសំខាន់ គឺអ្នកវិយោគក្នុងវិស័យនេះ គេសំឡឹងឃើញសក្តានុពលរបស់វា។ ទន្ទឹមគ្នានេះ លោកពន្យល់ថា...
Duration:00:05:39
ហេតុអ្វីអង្គការសន្ធិសញ្ញាសន្តិសុខរួមរបស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល?
9/22/2024
ក្នុងសប្តាហ៍កន្លងទៅនេះ អង្គការសន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់ដឹកនាំដោយរុស្ស៊ីនោះ បានបើកការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បីប្រជែងកម្លាំងនឹងអូតង់នេះ ហាក់ដូចជាបានធ្លាក់ចុះឥទ្ធិពលជាបន្តបន្ទាប់។ ជាក់ស្តែង ការធ្វើសមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិកម្នាក់ក្នុងចំណោមទាំង៦នាក់ បានអវត្តមានមិនចូលរួមជាមួយទេ។ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូលឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ ក៏បានងាកមុខចេញដែរ។ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការសម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល?
អង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO ឬ OSTC ត្រូវបានបង្កើតឡើងដោយរុស្ស៊ីនៅឆ្នាំ១៩៩២ បន្ទាប់ពីសហភាពសូវៀតដួលរលំទៅ។ អង្គការសម្ព័ន្ធភាពយោធា ដែលគេតែនិយមប្រដូចទៅនឹងអង្គការអូតង់របស់ក្រុមប្រទេសលោកខាងលិចនេះ គឺជាមធ្យោបាយមួយដែលរុស្ស៊ីប្រឹងប្រែងចងសម្ព័ន្ធភាពកងទ័ព ជាមួយក្រុមប្រទេសអតីតសមាជិកសហភាពសូវៀត នៅតំបន់កូកាសនិងតំបន់អាស៊ីកណ្តាល ដែលទើបតែបានឯករាជ្យថ្មីៗ។
កាន់តែខ្សត់សមាជិក
ជាង៣០ឆ្នាំមកនេះ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ បានចុះថយឥទ្ធិពលម្តងបន្តិចៗ ដោយសារវាមានការប្រកួតប្រជែងផ្សេងទៀត ហើយវាថែមទាំងមិនផ្តល់ទំនុកចិត្តឲ្យប្រទេសសមាជិក ឬប្រទេសដែលចាប់អារម្មណ៍ចង់ចូលរួម។ នេះបើផ្អែកតាមការវិភាគ របស់លោក Hakop Badalyan អ្នកជំនាញសិក្សាសន្តិសុខនៅអាម៉េនី។ នៅឆ្នាំ១៩៩៩ ដោយសារមិនឃើញផលប្រយោជន៍ អាស៊ែរបៃហ្សង់ និង ហ្សកហ្ស៊ី បានសម្រេចចិត្តចាកចេញពីសម្ព័ន្ធភាពនេះ។ បន្ទាប់មកទៀត អ៊ូសបេគីស្ថាន បានចាកចេញនៅឆ្នាំ២០១២។ បច្ចុប្បន្ននេះ អង្គការសន្ធិសញ្ញាសន្តិសុខរួមរបស់រុស្ស៊ី មានសមាជិកចំនួនតែ៦ប្រទេស ដែលក្នុងនោះមានរុស្ស៊ីខ្លួនឯង បេឡារុស អាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន។
ឥឡូវនេះ អាមេនី ក៏ចាប់ផ្តើមដកខ្លួនដែរ។ ជាក់ស្តែង សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិធ្វើទៅនៅតំបន់ភ្នំ ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីសប្តាហ៍កន្លងទៅនេះ គឺគ្មានកងទ័ពអាមេនីចូលរួមទេ។ អាមេនីអន់ចិត្តនឹងរុស្ស៊ីខ្លាំងណាស់ ដោយចោទថារុស្ស៊ីកាន់ជើងខាងអាស៊ែបៃហ្សង់ នៅក្នុងជម្លោះតំបន់ការ៉ាបាក់។ លោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pachinian បានលើកឡើងថា កងទ័ពរុស្ស៊ីបានបោះបង់ចោលអាមេនី ធ្វើឲ្យសន្តិសុខនិងអធិបតេយ្យភាពអាមេនីត្រូវប្រឈមគ្រោះថ្នាក់ ដោយសារតែជម្លោះជាមួយអាស៊ែរបៃហ្សង់។ អ្នកនាំពាក្យវិមានក្រេមឡាំង កាលពីថ្ងៃពុធសប្តាហ៍មុន បានព្យាយាមនិយាយធានា ថាសម្ព័ន្ធភាព CSTO មិនបានគំរាមអធិបតេយ្យភាពនិងបូរណភាពទឹកដីអាមេនីទេ។
សង្គ្រាមអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីទន់ខ្សោយបាក់កម្លាំង
គួរកត់សំគាល់ថា នៅក្រោយការលើកទ័ពចូលឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានព្យាយាមដោយជោគជ័យ រឹតបន្តឹងចំណងសហការជាមួយប្រទេសមួយចំនួន ដែលស្ថិតនៅឆ្ងាយៗ ជាក់ស្តែងជាមួយចិន កូរ៉េខាងជើង អ៊ីរ៉ង់ និងបណ្តាប្រទេសអាហ្វ្រិកមួយចំនួន។ ផ្ទុយទៅវិញ នៅក្នុងដែនឥទ្ធិពលតាមប្រទេសអតីតសមាជិកសហភាពសូវៀតវិញ រុស្ស៊ីហាក់ដូចជាត្រូវគេងាកមុខចេញជាបន្តបន្ទាប់។
ក្រៅតែពីបេឡារុស ប្រទេសអតីតកូនចៅសហភាពសូវៀតសឹងតែទាំងអស់ គឺគ្មាននរណាពេញចិត្តឡើយ ដែលឃើញរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។ ជាងនេះទៀត សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយទៅជិតៗឆ្នាំមកនេះ បានបង្ហាញថា រុស្ស៊ីបានតែសម្តីតែគ្មានកម្លាំងជាក់ស្តែងឯណា ទៅយកឈ្នះសង្គ្រាមដូចខ្លួនអួត។ កម្លាំងទ័ពរុស្ស៊ី ត្រូវកេណ្ឌទៅសមរភូមិអ៊ុយក្រែនសឹងទាំងអស់ ដូច្នេះរុស្ស៊ីលែងមានកម្លាំងទ័ពឯណាទៀត មកអន្តរាគម ឬដោះស្រាយជម្លោះ រវាងប្រទេសសមាជិកCSTOឡើយ។ ជាក់ស្តែង កៀហ្ស៊ីស៊ីស្ថាន មានបញ្ហាឈ្លោះប្រកែកជាមួយតាជីគីស្ថាន ខណៈអាមេនីវិញឈ្លោះជាមួយអាស៊ែរបៃហ្សង់។ លោក Hakop Badalyan បានពន្យល់ថា រុស្ស៊ីរវល់ជាប់ដៃប្រយុទ្ធនៅអ៊ុយក្រែន គ្មានសមត្ថភាព រំលែកកម្លាំងទ័ព ហើយក៏លែងមានមធ្យោបាយធ្វើជាមេដឹកនាំ ចាត់ចែងបោះមេ ធ្វើអាជ្ញាកណ្តាលនៅក្នុងក្របខណ្ឌសម្ព័ន្ធភាព CSTO ទៀតឡើយ។
រុស្ស៊ីអាចការពារសមាជិក CSTOមែន?
តែយ៉ាងណាក៏ដោយ លោក Vladimir Jarikhine អគ្គនាយករងវិទ្យាស្ថានប្រទេសអតីតសហភាពសូវៀត នៅទីក្រុងមូស្គូ បានអះអាងថា សម្ព័ន្ធភាពCSTO នៅតែបន្តដើរតួនាទីសំខាន់ ធានាការពារឲ្យមានស្ថិរភាពនៅតំបន់អាស៊ីកណ្តាល ជាពិសេសនៅតំបន់ដែលមានព្រំដែនជាប់អាហ្វហ្កានីស្ថាន បន្ទាប់ពីប្រទេសនេះបានធ្លាក់ទៅក្នុងរបបរបស់ក្រុមតាលីបង់សាជាថ្មី។ មន្ត្រីរុស្ស៊ីរូបនេះ បានរំលើកថា ខុសពីអាហ្វហ្កានីស្ថានដែលរងការវាយប្រហាររបស់ក្រុមជីហាតភេរវកម្មជាញឹកញាប់ ប្រទេសអាស៊ីកណ្តាលទាំងអស់មានសន្តិសុខ ក៏ដោយសារតែមានមូលដ្ឋានទ័ពរុស្ស៊ីប្រចាំការនៅតាហ្ស៊ីគីស្ថាន និងនៅកៀហ្ស៊ីស៊ីស្ថាន។
តែទន្ទឹមគ្នានេះ...
Duration:00:08:10
ថៃ៖ ជាង២០ឆ្នាំ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយពីឆាកនយោបាយថៃ
9/9/2024
នៅថៃ រដ្ឋាភិបាលថ្មីរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច កាលពីថ្ងៃសុក្រទី៦កញ្ញាកន្លងទៅ។ លោកស្រី ភែថងថាន គឺជាមនុស្សទី៣ហើយ នៃវង្សត្រកូលស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត្រ មិនបានទៅណាឆ្ងាយឡើយ ពីឆាកនយោបាយថៃ ហើយបន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។
មុនលោកស្រី ភែថងថាន មនុស្សក្នុងវង្សត្រកូលស៊ីណាវ៉ាត្រ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចំនួន២នាក់រួចមកហើយ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ឪពុករបស់លោកស្រីភែថងថាន គឺជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ២០០១ ដល់២០០៦។ ចំណែកលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីរបស់លោកថាក់ស៊ីន កាន់មុខតំណែងនេះពីឆ្នាំ២០១១ដល់២០១៤។ នេះនៅមិនទាន់រាប់លោក សុមឆៃ វង់សាវ៉ាតផងទេ ដែលលោកគឺជាស្វាមីរបស់លោកស្រី យ៉ាវវ៉ាផា ស៊ីណាវ៉ាត្រ វង់សាវ៉ាត ប្អូនស្រីបង្កើតរបស់លោកថាក់ស៊ីន។ លោកសុមឆៃ វង់សាវ៉ាត អតីតប្រធានគណបក្សផាឡាំងប្រាឆាឈុន ធ្លាប់ឡើងធ្វើជានាយករដ្ឋមន្ត្រីថៃ បាន២ខែដែរនៅឆ្នាំ២០០៨។
គ្រួសារដ៏មានឥទ្ធិពលលើនយោបាយថៃ
របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ដែលមានចំណាស់ជិតមួយសតវត្សមកហើយនេះ គឺគ្មានវង្សត្រកូលគ្រួសារណាមួយ ដែលអាចមានឥទ្ធិពលលើនយោបាយថៃ ដូចគ្រួសារស៊ីណាវ៉ាត្រឡើយ។ ហើយក៏គ្មាននរណាផ្សេងទៀត អាចមានឥទ្ធិពលធ្វើឲ្យប្រទេសថៃពុះចែកនិន្នាកាជាពីរ ដូចលោកថាក់ស៊ីនឡើយ។
នៅអំឡុងមុនឆ្នាំ២០០០ លោកថាក់ស៊ីន គឺជាអ្នកជំនួញដ៏មានប្រជាប្រិយភាព មុននឹងចូលមកដឹកនាំបក្សភឿថៃ ហើយបានឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី។ ការដឹកនាំបែបថ្មីរបស់លោក ត្រូវបានអ្នកវិភាគសំឡឹងឃើញថា មានលាយទៅដោយគំនិតសេរីនិយមផង និងប្រើអំណាចផ្តាច់ការលាយឡំផង។ លោកបានទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីប្រជាជនថៃក្រីក្រនៅតាមជនបទ បន្ទាប់ពីលោកបានអនុវត្តផែនការនយោបាយជួយអ្នកក្រីក្រ ដែលរងការលំបាកក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៩៧។
តែទន្ទឹមនឹងនេះ គូប្រជែងនយោបាយរបស់លោកថាក់ស៊ីន ដែលសុទ្ធតែអ្នកមានអំណាចចាស់ឆ្នាំ ស្និទ្ធនឹងព្រះបរមរាជវាំង ស្និទ្ធនឹងក្រុមយោធាថៃ បានចោទថាលោកថាក់ស៊ីន គឺជាមនុស្សប្រជាភិថុត បោកប្រាស់ទិញទឹកចិត្តប្រជាជន ពុករលួយ និងគិតតែចំណេញក្នុងមុខជំនួញខ្លួន។ នៅឆ្នាំ២០០៦ ១ឆ្នាំបន្ទាប់ពីលោកកាន់អំណាចអាណត្តិទី២ ក្រុមយោធាអភិរក្សនិយម បានធ្វើរដ្ឋប្រហារទំលាក់លោក។ ការប្រឈមមុខដាក់គ្នារវាងក្រុមអភិរក្សនិយម និងក្រុមលោកថាក់ស៊ីន បានពុះចែកប្រទេសថៃជា២ អស់រយៈពេលជាច្រើនឆ្នាំ។ កំឡុងឆ្នាំ២០១០ បាតុកម្មហិង្សាប្រទូស្តរាយគ្នាយ៉ាងខ្លាំង រវាងក្រុមអាលឿងដែលគាំទ្រក្រុមអភិរក្សនិយម និងក្រុមអាវក្រហមដែលគាំទ្រលោកថាក់ស៊ីន។
ស្ងប់បន្តិចមក លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីពៅរបស់លោកថាក់ស៊ីន បានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១១។ តែបានតែជាង២ឆ្នាំ រដ្ឋប្រហារយោធាថ្មីមួយទៀត បានទម្លាក់លោកស្រីពីតំណែងនៅខែឧសភាឆ្នាំ២០១៤។ ក្រុមយោធាថៃបានបន្តដឹកនាំប្រទេស រហូតដល់ឆ្នាំ២០២៣ មុននឹងបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ ហើយបានហុចឱកាស ឲ្យក្រុមគ្រួសារស៊ីណាវ៉ាត្រ ត្រលប់មកកៀកនឹងអំណាចសាជាថ្មី។
គ្រួសារស៊ីណាវ៉ាត្រ អាចត្រឡប់មកកាន់អំណាចវិញដោយរបៀបណា?
អ្វីដែលជាការកត់សំគាល់ ការវិលត្រលប់មកកាន់អំណាចរបស់គ្រួសារស៊ីណាវ៉ាត្រ នៅលើកនេះ គឺកើតឡើងដោយយុទ្ធសាស្ត្រចាប់ដៃជាមួយអតីតសត្រូវ ពោលគឺក្រុមយោធាថៃ។ រដ្ឋាភិបាលថ្មីរបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ ដែលបានស្បថចូលកាន់អំណាចកាលពីថ្ងៃសុក្រទី៦កញ្ញាថ្មីៗនេះ គឺជារដ្ឋាភិបាលចម្រុះ កើតចេញពីការប្រមូលផ្តុំរវាងបក្សភឿថៃ និងបក្សតូចប្រមាណ១០គណបក្សទៀត។ ក្នុងចំណោមបក្សតូចៗទាំងនេះ គឺមានមនុស្សមួយចំនួន ត្រូវគេស្គាល់យ៉ាងច្បាស់ ថាមានទំនោរស្និទ្ធនឹងក្រុមយោធាថៃ។
សម្ព័ន្ធភាពរវាងបក្សភឿថៃ និងក្រុមយោធាអភិរក្សនិយម ដែលកាលពីអតីតកាល ធ្លាប់ជារឿងដែលមិនអាចទៅរួចនោះ បានលេចចេញជារូបរាងនៅរវាងឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនៅខែឧសភា។ ការបោះឆ្នោតដែលផ្តល់លទ្ធផលជ័យជំនះដ៏គគ្រឹកគគ្រេង ជូនគណបក្សថ្មីមួយដឹកនាំដោយមនុស្សវ័យក្មេង គឺគណបក្ស Move Forward។ គណបក្សនេះបានទទួលការគាំទ្រខ្លាំងណាស់ ពិសេសពីសំណាក់យុវជនថៃ ដោយសារតែបក្សនេះមានគោលនយោបាយធ្វើកំណែទម្រង់ស៊ីជំរៅ បើកទំព័រសក្ករាជថ្មី បិទបញ្ចប់អំណាចផ្តាច់មុខរបស់ក្រុមអ្នកស្និទ្ធនឹងរាជវង្សឬក្រុមយោធា។ តែនៅទីបំផុត គណបក្ស Move Forward ត្រូវគេរារាំងមិនឲ្យបង្កើតរដ្ឋាភិបាលបាន។
ផ្អែកតាមការវិភាគរបស់លោក Khemthong Tonsakulrungruang សាស្ត្រាចារ្យនៅសកលវិទ្យាល័យជូឡាឡុងកន ការស្ទុះហក់ឡើងដ៏ខ្លាំងក្លានៃគណបក្ស Move Forward គឺជាការគំរាមមួយដ៏ធំ មកលើក្រុមអ្នកមានអំណាចអ្នកមានឥទ្ធិពលចាក់ឬសយូរឆ្នាំ ក្នុងបណ្តុំក្រុមយោធានិងរាជានិយមថៃ។ ដោយហេតុនេះហើយ ទើបគេងាកទៅបង្កើតសម្ព័ន្ធភាពជាមួយបក្សភឿថៃវិញ...
Duration:00:07:34
តើហេតុអ្វី បានជាការភៀសខ្លួលទៅឥណ្ឌារបស់លោកស្រីស្ហេក្ខ ហាស៊ីណា ធ្វើឲ្យឥណ្ឌាទើសទាល់ចិត្ត?
9/3/2024
១៥ឆ្នាំក្រោយការកាន់អំណាចយ៉ាងណែននៅបង់ក្លាដែស លោកស្រីនាយករដ្ឋមន្ត្រី ស្ហេក្ខ ហាស៊ីណា បានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៥សីហា ដោយសារតែកំហឹងបាតុកម្មបណ្តេញ របស់យុវជននិស្សិតបង់ក្លាដែស។ មិនបាន១ខែស្រួលបួលផង វត្តមានរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ បានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌា មានការទើសទាល់ចិត្តជាខ្លាំង។ តើមានមូលហេតុអ្វីទៅ?
លោកស្រីស្ហេក្ខ ហាស៊ីណា ត្រូវមកទទួលខុសត្រូវចំពោះមុខច្បាប់នៅបង់ក្លាដែស
កំហឹងបាតុកម្មរបស់យុវជនបង់ក្លាដែស កាលពីដើមខែសីហា បានធ្វើឲ្យលោកស្រីស្ហេក្ខ ហាស៊ីណា រត់គេចប្រាសអាយុ ឡើងឧទ្ថម្ភាគចក្រចាកចេញពីទីក្រុងដាកា ឆ្ពោះទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃទី៥សីហា។ ក៏ប៉ុន្តែវត្តមានស្នាក់នៅឥណ្ឌា របស់លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ កំពុងតែធ្វើឲ្យមានភាពតានតឹងខ្លាំងណាស់ ទៅលើទំនាក់ទំនងការទូត រវាងឥណ្ឌានិងបង់ក្លាដែស។
ចលនានិស្សិតដែលប្រឆាំងនឹងអតីតរដ្ឋាភិបាលផ្តាច់ការរបស់លោកស្រីស្ហេក ហាស៊ីណា បានទាមទារឲ្យឥណ្ឌា ត្រូវតែបញ្ជូនលោកស្រី ស្ហេក្ខ ហាស៊ីណា ឲ្យត្រលប់មកបង់ក្លាដែសវិញជាបន្ទាន់។ ពួកគេទាមទារថា លោកស្រីហាស៊ីណា ត្រូវប្រឈមចំពោះមុខច្បាប់ ទាក់ទិនការបង្ក្រាបយ៉ាងសាហាវទៅលើបាតុករ បណ្តាលឲ្យស្លាប់មនុស្សជាច្រើនរយនាក់។
គួរកត់សំគាល់ថា កាលៈទេសៈពេលនេះ ឥណ្ឌាកំពុងស្ថិតនៅក្នុងស្ថានភាពមួយទើសទាល់ ហាស្លាក់ខ្ជាក់ស្លែង។ ក្នុងនាមជាមហាអំណាចតំបន់ ឥណ្ឌាមានឥទ្ធិពលធំណាស់ទៅលើបង់ក្លាដែស តាំងតែពីឆ្នាំ២០០៩មក។ លោក Michael Kugelman អ្នកវិភាគនៅ Wilson Center បានលើកឡើងថា អ្វីៗនឹងល្អប្រសើរទៅថ្ងៃអនាគតសម្រាប់ទំនាក់ទំនងរវាងឥណ្ឌានិងបង់ក្លាដែស ប្រសិនបើឥណ្ឌាព្រមបញ្ជូនលោកស្រីហាស៊ីណាមកឲ្យបង់ក្លាដែស។ តែទន្ទឹមនឹងនេះ បើរដ្ឋាភិបាលឥណ្ឌាធ្វើបែបនេះ គឺវានឹងធ្វើឲ្យប្រទេសផ្សេងៗទៀតក្នុងតំបន់ លែងមានទំនុកចិត្តលើឥណ្ឌា។ មេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ នឹងបារម្ភថាពេលមានរឿងអ្វីមួយទៅថ្ងៃមុខ ឥណ្ឌានឹងមិនអាចការពារខ្លួនគេបានឡើយ។
ឥណ្ឌាខ្លាចប្រទេសផ្សេងលែងទុកចិត្តខ្លួន
ជាការពិតណាស់ បាត់បង់ទំនុកចិត្តពីប្រទេសក្នុងតំបន់ វាមិនមែនជារឿងល្អទេសម្រាប់ឥណ្ឌា ក្នុងបរិបទមួយដែលចិនក៏កំពុងតែប្រជែងយកមុខមាត់ខ្លាំងណាស់ដែរ ក្នុងតំបន់អាស៊ីខាងត្បូង។ លោក Thomas Kean អ្នកវិភាគនៅ International Crisis Group បានលើកឡើងថា វាច្បាស់ណាស់ ដែលឥណ្ឌាគ្មានបំណងចាប់បញ្ជូនលោកស្រីហាស៊ីណា ប្រគល់ទៅឲ្យបង់ក្លាដែសនោះឡើយ ព្រោះឥណ្ឌាមិនអាចធ្វើឲ្យមេដឹកនាំប្រទេសផ្សេងទៀតភ័យបារម្ភលែងទុកចិត្តខ្លួនឡើយ។
គួររំលឹកថា ឥណ្ឌាទើបបានបាត់បង់សម្ព័ន្ធមិត្តមួយរបស់ខ្លួនឲ្យរបូតទៅខាងចិន គឺប្រទេសម៉ាល់ឌីវ បន្ទាប់ពីលោកប្រធានាធិបតីថ្មីទើបឈ្នះឆ្នោត មានទំនោរទៅរកចិននិងស្អប់ឥណ្ឌាខ្លាំង។ ហើយពេលនេះ ឥណ្ឌាបានបាត់បង់ បង់ក្លាដែសមួយទៀត ដោយសារតែលោកស្រីស្ហេក្ខ ហាស៊ីណា ដែលធ្លាប់ជាមិត្តពិសេសរបស់ឥណ្ឌា បានធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី។ ការប្រកែកមិនព្រមបញ្ជូនលោកស្រីហាស៊ីណា ទៅឲ្យបង់ក្លាដែស បានរឹងរឹតតែធ្វើឲ្យប្រជាជនបង់ក្លាដែសក្តៅក្រេវក្រោធ ខឹងស្អប់ចោទថាឥណ្ឌា ជាអ្នកជួយការពារមេដឹកនាំផ្តាច់ការរូបនេះ។
ឥណ្ឌាធ្វើឲ្យប្រជាជនបងក្លាដែសខកចិត្ត?
លោក Fakhrul Islam Alamgir មេដឹកនាំបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងដ៏ធំបំផុត បានថ្លែងថា លោកខកចិត្តណាស់ ដែលឃើញឥណ្ឌាតាមការពារលោកស្រីហាស៊ីណា ដោយមិនខ្វល់ពីប្រយោជន៍របស់បង់ក្លាដែស។ លោកបន្តថា ប្រជាជនបង់ក្លាដែសចង់រាប់អានគ្នាដោយសុខសាន្តជាមួយឥណ្ឌា តែក៏មិនដល់ថ្នាក់ យក ប្រយោជន៍ជាតិខ្លួនទៅដូរដែរ។
គួរកត់សំគាល់ថា ប្រមាណ២សប្តាហ៍មកនេះ ការមិនទុកចិត្តគ្នា រិះគន់គ្នា បានស្ទុះហក់ឡើងយ៉ាងខ្លាំងរវាងប្រជាជនបង់ក្លាដែសនិងឥណ្ឌា ជាពិសេសនៅលើបណ្តាញសង្គម។ សូម្បីតែទឹកជំនន់បណ្តាលឲ្យស្លាប់មនុស្សប្រមាណជាង៤០នាក់នៅបង់ក្លាដែស កាលពីពេលថ្មីៗនេះ ក៏បានក្លាយជាហេតុផលមួយ ដែលអ្នកលេងបណ្តាញសង្គមបង់ក្លាដែសខ្លះ និយាយចោទប្រកាន់ថាឥណ្ឌាជាអ្នកបង្ហូរទឹកមកឲ្យលិចលង់បង់ក្លាដែស។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ បានតម្រូវឲ្យក្រសួងការបរទេសឥណ្ឌាចេញមុខប្រកាស បដិសេធចោលថា វាគឺជាគ្រោះមហន្តរាយបាក់ទំនប់ ហើយទឹកជំនន់នេះ ក៏បណ្តាលឲ្យមានប្រជាជនឥណ្ឌាស្លាប់ជាង២០នាក់ដែរ។
អ្វីទៅជាអាទិភាពរបស់បង់ក្លាដែស?
សូមរំលឹកថា ឥណ្ឌានិងបង់ក្លាដែស បានចុះសន្ធិសញ្ញាធ្វើបច្ចាប័នបញ្ជូនជនចាប់ចោទគ្នាទៅវិញទៅមក នៅឆ្នាំ២០១៣។ ក៏ប៉ុន្តែ ក្នុងសន្ធិសញ្ញានេះ មានមាត្រាមួយបានចែងថា ប្រទេសសាមី អាចបដិសេធមិនអនុវត្តការទាមទារធ្វើបច្ចាប័ន ប្រសិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសដែលមានលក្ខណៈនយោបាយ។
គិតត្រឹមពេលនេះ រដ្ឋាភិបាលថ្មីបណ្តោះអាសន្នបង់ក្លាដែសដឹកនាំដោយលោក Muhammad Yunus មិនបាននិយាយលើកឡើងអ្វីទាំងអស់ជាសាធារណៈ ទាក់ទិននឹងការភៀសខ្លួនទៅឥណ្ឌា...
Duration:00:05:24
តើហេតុផលអ្វី ទើបលោកលោកចូ បៃដិន ស្នើគម្រោងធ្វើកំណែទម្រង់តុលាការកំពូល?
7/30/2024
កាលពីថ្ងៃចន្ទទី២៩កក្កដា លោកចូ បៃដិនបានប្រកាសអំពីគម្រោងរបស់លោក ដែលស្នើឲ្យមានកំណែទម្រង់ទៅលើតុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌កំពូលនៃសហរដ្ឋអាមេរិក។ បើតាមសន្ទរកថារបស់លោកចូ បៃដិន ការស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងចរន្តគំនិតជ្រុលនិយម នៅក្នុងស្ថាប័នកំពូលនេះ ខណៈចៅក្រុមភាគច្រើន សុទ្ធសឹងតែជាចៅក្រុមអភិរក្សនិយម។ តែយ៉ាងណា គម្រោងរបស់លោកចូ បៃដិននេះ គឺគ្មានសង្ឃឹមថាអាចសម្រេចបានដូចបំណងឡើយ ដោយសារតែឧបសគ្គរៀបចំឡើង ដោយគណបក្សសាធារណរដ្ឋ។
ប្រយុទ្ធប្រឆាំងនឹង "ចរន្តគំនិតជ្រុលនិយម"
ការពិតទៅ លោកចូ បៃដិន ដឹងច្បាស់ណាស់ ថាគម្រោងធ្វើកំណែទម្រង់តុលាការកំពូលសហរដ្ឋអាមេរិក មិនអាចបានជោគជ័យដោយងាយឡើយ។ ក៏ប៉ុន្តែលោក ចូ បៃដិន បានស្នើគំនិតនេះឡើង ព្រោះវាមានន័យជានិម្មិតរូបនិងប្រវត្តិសាស្ត្រ។ វាមិនមែនជារឿងចៃដន្យទេ ដែលលោកចូ បៃដិន បានប្រកាសអំពីគម្រោងធ្វើកំណែទម្រង់នេះ ចេញពីបណ្ណាល័យលោកប្រធានាធិបតីកំណែទម្រង់ ដ៏សំខាន់បំផុតមួយនៃសហរដ្ឋអាមេរិក គឺលោក Lyndon Baines Johnson នៅទីក្រុងAustin រដ្ឋតិចសាស់។ ហើយថ្ងៃទី២៩កក្កដា គឺជាឱកាសបុណ្យខួប៦០ឆ្នាំ នៃការអនុម័តច្បាប់ផ្តល់សិទ្ធិពលរដ្ឋស្មើៗគ្នា និងបានបិទបញ្ចប់ការរើសអើងប្រកាន់ពូជសាសន៍ ស្បែកសស្បែកខ្មៅ។ ទាំងអស់នេះ គឺសុទ្ធតែជានិម្មិតរូប ដែលលោកចូ បៃដិនចង់រំលេចឡើង និងគូសបញ្ជាក់ តាមរយៈគម្រោងកំណែទម្រង់តុលាការកំពូលដែលលោកបានប្រកាស បើទោះបីដឹងថាការពិតគម្រោងនេះ នឹងមិនអាចសម្រេចដូចបំណង។
ឆ្លើយដោយគ្មានលាក់លៀមទៅកាន់អ្នកកាសែត Washington Post លោកចូ បៃដិនបានបញ្ជាក់ថា ហេតុផលដែលជំរុញឲ្យលោកស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹង “ចរន្តគំនិតជ្រុលនិយម” ដែលកំពុងតែរឹតសង្កត់ មកលើសង្គមអាមេរិក មិនឲ្យរីកចម្រើន។ លោកចូ បៃដិនបានលើកឡើងថា ភាពជ្រុលនិយម បានបំផ្លាញទំនុកចិត្តរបស់ប្រជាជនអាមេរិក ទៅលើសេចក្តីសម្រេចនានារបស់តុលាការកំពូល។
បិទបញ្ចប់អាណត្តិមួយជីវិតរបស់ចៅក្រមតុលាការកំពូល
សូមបញ្ជាក់ថា គម្រោងកំណែទម្រង់តុលាការកំពូល ដែលលោកចូ បៃដិនបានប្រកាស គឺមាន៣ចំណុច។ ទីមួយ គឺលប់ចោលអាណត្តិមួយជីវិត របស់ចៅក្រមតុលាការកំពូលទាំង៩នាក់។ លោក ចូ បៃដិន បានស្នើឲ្យអាណត្តិមានត្រឹមរយៈពេល១៨ឆ្នាំ ហើយការផ្លាស់ប្តូរអាចធ្វើទៅបានរៀងរាល់២ឆ្នាំម្តង។ ចំណុចកំណែទម្រង់ទី១នេះ គឺដើម្បីបញ្ចៀស កុំឲ្យប្រធានាធិបតីតែម្នាក់ ក្នុងអាណត្តិតែ១ អាចតែងតាំងចៅក្រមច្រើននាក់ ហើយធ្វើឲ្យប្រែប្រួលខ្លាំង ដល់សមាសភាពនៃតុលាការកំពូល។
ជាក់ស្តែង កាលពីក្នុងពេលកាន់អំណាច លោកដូណាល់ ត្រាំ បានតែងតាំងចៅក្រុមតុលាការកំពូលដល់ទៅ៣នាក់ ដែលសុទ្ធតែជាមនុស្សទំនោរអភិរក្សនិយមជ្រុល។ គឺដោយប្រការនេះហើយ បានជាក្នុងចំណោមចៅក្រមតុលាការកំពូលទាំង៩រូប គឺមាន៦រូបជាចៅក្រុមអភិរក្សនិយម រីឯ៣នាក់ទៀត ជាចៅក្រមមានទំនោរចម្រើននិយម។ លោក Keith Bybee សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Syracuse បានលើកឡើងថា ការតែងតាំងចៅក្រមស្តាំអភិរក្សនិយមដល់ទៅ៣នាក់ ពីសំណាក់លោកដូណាល់ ត្រាំ គឺជាទង្វើជំរុញលើកទឹកចិត្ត ឲ្យតុលាការកំពូល ចេញសេចក្តីសម្រេច ដែលមានទំនោរអភិរក្សនិយមកាន់តែខ្លាំង ទាញសង្គមឲ្យដើរថយក្រោយ។ តួយ៉ាង កាលពីឆ្នាំ២០២២ តុលាការកំពូលបានសម្រេច លុបសេចក្តីសម្រេចឆ្នាំ១៩៧៣មួយ ដែលមានតម្លៃជា “យុត្តិសាស្ត្រ” ការពារសិទ្ធិរំលូតកូនរបស់ស្ត្រី។ តាមរយៈសេចក្តីសម្រេចថ្មីនៅឆ្នាំ២០២២ តុលាការកំពូលបានបើកសិទ្ធិឲ្យរដ្ឋនីមួយៗ អាចធ្វើច្បាប់ហាមឃាត់ការរំលូតកូនបាន។ មានន័យថា សិទ្ធិរបស់ស្ត្រីអាមេរិកបានដើរថយក្រោយ ដោយសារតែអាណត្តិរបស់លោកដូណាល់ ត្រាំ។
ជាងនេះទៀត ដោយសារតែមានការរីកចម្រើនផ្នែកសុខាភិបាល ចៅក្រមម្នាក់ៗនៅអង្គុយកៅអី បានកាន់តែយូរ។ ពោលគឺ ពីមុនឆ្នាំ១៩៧០ ចៅក្រមតុលាការកំពូលអាមេរិក មានរយៈពេលកាន់មុខនាទីជាមធ្យម១៦ឆ្នាំ តែឥឡូវវិញ រយៈពេលកាន់មុខងារនេះ គឺមានដល់ទៅ២៨ឆ្នាំឯណោះ មុនឈឺស្លាប់ ត្រូវមានអ្នកថ្មីមកជំនួស។ ដោយឡែកគំនិតមួយទៀត ដែលលោកចូ បៃដិនគាំទ្រដែរ គឺចង់បង្កើនចំនួនចៅក្រមតុលាការកំពូល ឲ្យលើសពី៩នាក់។ ធ្វើបែបនេះ គឺដើម្បីធ្វើឲ្យទំនោរអភិរក្សនិយម ដែលមានក្នុងសមាសភាពបច្ចុប្បន្ន ត្រូវថមថយកម្លាំងខ្លះ។ ចំនួនចៅក្រមតុលាការកំពូលដែលមាន៩នាក់ នាពេលបច្ចុប្បន្ននេះ គឺត្រូវបានកំណត់ដោយច្បាប់មួយនៅឆ្នាំ១៨៦៩ ពោលគឺមិនមែនចែងដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទេ មានន័យថាចំនួននេះ អាចប្រែប្រួលបានទៅថ្ងៃមុខ ប្រសិនមានការត្រូវរ៉ូវគ្នាណាមួយនៅក្នុងសភាខុនហ្ក្រេស។
អភ័យឯកសិទ្ធិប្រធានាធិបតីដែលប្រព្រឹត្តិបទឧក្រិដ្ឋ
ចំណុចទី២ ដែលលោកចូ បៃដិនបានស្នើ គឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញតែម្តង ដើម្បីឈានទៅចាត់ទុកជាមោឃៈ នូវសេចក្តីសម្រេចថ្មីមួយរបស់តុលាការកំពូល...
Duration:00:07:07
កីឡាអូឡាំពិក និង ឥទ្ធិពល នៃភូមិសាស្ត្រនយោបាយអន្តរជាតិ
7/26/2024
កីឡាអូឡាពិក គឺ ជាព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលមានមនុស្សតាមដានច្រើងជាងគេបំផុត។ ជាក់ស្តែង នៅរៀងរាល់ការប្រកួត កីឡាអូឡាំពិកម្តងៗ មានអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ មិនក្រោម ១ពាន់ ៥០០ លាននាក់ ពីជុំវិញពិភពលោក។ សារៈសំខាន់ និងប្រជាប្រិយភាព ដ៏ធំសម្បើមនេះហើយ ដែលជាមូលហេតុ នាំឲ្យកីឡាអូឡាំពិក តែងរងសម្ពាធ និង ឥទ្ធិពល ពីបរិបទភូមិសាស្ត្រនយោបាយសកល។
កីឡាអូឡាំពិកលើកទី ៣៣ ដែលបើកសម្ពោធជាផ្លូវការ នៅថ្ងៃសុក្រ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងទីក្រុងប៉ារីស ក៏ពុំអាចជៀសផុតពីភាពរំជើបរំជួល នៃភូមិសាស្ត្រនយោបាយអន្តរជាតិ បច្ចុប្បន្ន បានឡើយ។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជាង ២ឆ្នាំ ការវិលមកកាន់អំណាចឡើងវិញនៃពួកតាលីបង់នៅអាហ្វហ្កានីស្ថាន ព្រមទាំងសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស សុទ្ធសឹងជាមូលហេតុចម្បង ដែលកំពុងរុញច្រានពិភពលោក ឲ្យធ្លាក់ក្នុងភាពតានតឹង និង ការផ្ទុះកំហឹងដាក់គ្នា។
ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយពិភពលលោក លើកីឡាអូឡាំពិក ក្នុងអតីតកាល
គិតមកទល់ពេលនេះ មានតឹកតាងប្រវត្តិសាស្ត្រជាច្រើន ដែលបង្ហាញច្បាស់អំពី ផលប៉ះពាល់នៃភូមិសាស្ត្រនយោបាយពិភពលោក លើការប្រកួតកីឡាអូឡាំពិក។ ជាឧទាហរណ៍ នៅឆ្នាំ ១៩៥៦ ក្នុងពិធីកីឡាអូឡាំពិក នៅទីក្រុង Melbourne ប្រទេសអូស្តា្រលី ប្រទេសចំនួន ៧ បានធ្វើពហិការ មិនចូលរួមប្រកួត។ ក្នុងនោះ ចិនបដិសេធមិនចូលរួម ដោយសារវត្តមានតៃវ៉ាន់ ដែលខ្លួនមិនទទួលស្គាល់ថា ជាប្រទេសឯករាជ្យ ចែកដាច់ពីរដ្ឋអំណាចចិនតែមួយ។ រីឯប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ និង លីបង់ បានប្រឆាំងតវ៉ា នឹងការចូលលុកលុយឈ្លានពាន របស់អ៊ីស្រាអែល ក្នុងទឹកដីអេហ្ស៊ីប។ បារាំង និង អង់គ្លេស កាលណោះ កំពុងជួបវិបត្តិព្រែកជីក ស៊ុយអេ។ ចំណែក ប្រទេសហូឡង់ និង ស្វីស វិញ បានដកខ្លួនពីការប្រកួត ដើម្បីសម្តែងការប្រឆាំងចំពោះ ទង្វើឈ្លានពាននៃសហភាពសូវៀត ក្នុងប្រទេសហុងគ្រី។
ឧទាហរណ៍មួយទៀត មាននៅក្នុងឱកាសកីឡាអូឡាំពិក នៅទីក្រុង Montréal ប្រទេសកាណាដា ក្នុងឆ្នាំ ១៩៧៦។ ពេលនោះ ប្រទេសអាហ្វ្រិកជាច្រើន បាននាំគ្នាធ្វើពហិការ មិនចូលរួមព្រឹត្តិការណ៍នេះ ដើម្បីប្រឆាំងនឹងប្រទេសណូវែលហ្ស៊េឡង់ ដែលមិនព្រមលុបចោលការប្រកួតកីឡាតទល់ជាមួយ អាហ្វ្រិកខាងត្បូង ដែលពេលនោះ បានរងការចោទប្រកាន់ ថាជាប្រទេសរឿសអើងជាតិសាសន៍។
ភាពតានតឹងកើនឡើងខ្លាំងមួយកម្រិតទៀត ក្នុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ឆ្នាំ ១៩៨០ និង នៅ ទីក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្នាំ ១៩៨៤។ គ្រានោះ អាមេរិក និង សហភាពសូវៀត ធ្វើពហិការដាក់គ្នា ទៅវិញទៅមក។ ជារួម ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ កីឡាអូឡាំពិក បានក្លាយជាសង្វៀន តតាំងគ្នា យ៉ាងក្តៅគគុក រវាងក្រុមប្រទេសមូលធននិយម និងសង្គមនិយម។
គ្មានទង់ជាតិរុស្ស៊ី ក្នុងកីឡាអូឡាំពិក ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស
បច្ចុប្បន្ន សង្គ្រាមនៅអ៊ុយក្រែន ដែលបន្តហែកហួរពិភពលោក ចែកជាបក្សសម្ព័ន្ធដាច់ពីគ្នា គឺជាដើមចម តម្រូវឲ្យគណៈកម្មាធិការកីឡាអូឡាំពិក ដាក់ពិន័យលើរុស្ស៊ី និង បេឡារុស ដែលជាប្រទេសក្នុងសហព័ន្ធតែមួយ ដោយរឹតត្បិតវត្តមាននៃប្រទេសទាំងពីរនេះ ក្នុងពេលប្រកួត។ ជាផ្លូវការ មានអត្តពលិក រុស្ស៊ី និង ប៊េឡារុស សរុបទាំងអស់ មិនដល់ ៤០ នាក់ផង ដែលមានសិទ្ធិចូលរួមប្រកួត។ កីឡាករទាំងនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងល្អិតល្អន់បំផុត ដើម្បីប្រាកដថា ពួកគេគ្មានជាប់ទាក់ទងជាមួយកងទ័ពរុស្ស៊ី និង គ្មានបង្ហាញជំហរគាំទ្រ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លើសពីនេះទៀត កីឡាករខាងលើ គ្មានសិទ្ធិកាន់ទង់ជាតិតំណាងឲ្យប្រទេសខ្លួនឡើយ ពោលគឺត្រូវ ប្រើទង់អព្យាក្រិត្យ ដែលគ្មានរូបតំណាងជាតិអ្វីទាំងអស់។ ទន្ទឹមគ្នានេះ ពួកគេក៏គ្មានសិទ្ធិចូលរួមក្នុងក្បួនដង្ហែ ក្នុងពិធីបើកសម្ពោធកីឡាអូឡាំពិក នៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា នេះដែរ។ ទង្វើនេះ បណ្តាលឲ្យរុស្ស៊ីខឹងសម្បា ហើយចោទគណៈកម្មាធិការអូឡាំពិកថា រើសអើងជាតិសាសន៍ និង ដើរលើគន្លងនៃរបបណាហ្ស៊ីថ្មី។
អាហ្វហ្កានីស្ថាន អាចចូលរួមប្រកួត តែមានលក្ខខណ្ឌ
ក្រៅពីរុស្ស៊ី អាហ្វហ្កានីស្ថាន ក៏រងពិន័យដូចគ្នាដែរ៊។ ជាក់ស្តែង គណៈប្រតិភូតំណាងថ្នាក់ដឹកនាំប្រទេសនេះ ដែលបច្ចុប្បន្នជាក្រុមតាលីបង់ មិនត្រូវគេអនុញ្ញាតឲ្យបង្ហាញវត្តមាន ក្នុងកម្មវិធីប្រកួតនេះឡើយ។ ចំពោះកីឡាករ ចូលរួមប្រកួតវិញ គឺមានចំនួនទាំងអស់ ៦ នាក់ ដោយក្នុងនោះ មានប្រុស ៣ នាក់ និងស្រី ៣ នាក់ ពោលគឺស្មើភាពគ្នារវាងភេទទាំងពីរ។ នេះ គឺជាលក្ខខណ្ឌ ដែលគណៈកម្មាធិការអូឡាំពិក តម្រូវឲ្យក្រុមតាលីបង់គោរពតាម ដើម្បីអាចចូលរួមប្រកួតបាន។ គួររំឭកថា ចាប់តាំងពីរក្រុមតាលីបង់ត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន មនុស្សស្រី ត្រូវអាជ្ញាធរហាមឃាត់ មិនឲ្យលេងកីឡា មិនឲ្យចូលក្នុងបរិវេណហាត់កីឡា និង គ្មានសិទ្ធិរៀនលើសពីថ្នាក់បឋមសិក្សា។
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និង បរិយាកាសនយោបាយដ៏តានតឹង
ងាកទៅដើមបូព៌ាវិញ ក្រោយការចូលសម្លាប់រង្គាល របស់ក្រុមហាម៉ាស ក្នុងទឹកដីអ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង និងបន្តឆាបឆេះ...
Duration:00:05:00
ចិនកំពុងអូសជើងចង់ចំណេញខ្លាំង លើគម្រោងបំពង់បង្ហូរឧស្ម័ន “Power of Siberia 2” របស់រុស្ស៊ី
6/7/2024
ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញបំពង់បង្ហូរឧស្ម័នដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន។ ស្របពេលដែលប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួលបាននូវប្រភពចំណូលដ៏ច្រើនសន្ធឹក។ តែយ៉ាងណា គម្រោងដ៏ធំនេះហាក់នៅឆ្ងាយសន្លឹម មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប កំពុងតែអូសជើង និងដាក់លក្ខខណ្ឌកេងចំណេញខ្លាំងបំផុត។
ក្រុមហ៊ុនGazprom ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់រុស្ស៊ី មានគម្រោងជាមួយចិន សាងសង់បណ្តាញបំពង់បង្ហូរឧស្ម័ន ឈ្មោះថា Power of Siberia 2 តភ្ជាប់ពីតំបន់ស៊ីបេរី ឆ្ពោះទៅខេត្តស៊ីនជាំង។ Power of Siberia 2 មានប្រវែងសរុប៦០០០គីឡូម៉ែត្រ ពោលគឺវែងលើសបណ្តាញបំពង់ Power of Siberia 1 ដែលសាងសង់រួចកាលពី៥ឆ្នាំមុន ដល់ទៅ៣ដង។ នៅពេលសាងសង់រួច បំពង់បង្ហូរឧស្ម័ន Power of Siberia 2 នឹងមានសមត្ថភាពនាំឧស្ម័នលក់ទៅឲ្យចិន ក្នុងទំហំ៥ម៉ឺនលានម៉ែត្រគូបក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា គម្រោងនេះជាក្តីសង្ឃឹមធំណាស់ សម្រាប់រុស្ស៊ី ដែលកំពុងតែត្រូវការប្រាក់ជាខ្លាំង ក្នុងអំឡុងពេលនេះ។ ក្រុមហ៊ុនGazprom ជាប្រភពចំណូលមួយដ៏សំខាន់របស់រដ្ឋរុស្ស៊ី ក៏ប៉ុន្តែប្រមាណ១ឆ្នាំមកនេះ ក្រុមហ៊ុនGazprom ហាក់កំពុងឆ្លងកាត់ការលំបាកខ្លាំងណាស់ផ្នែកហិរញ្ញវត្ថុ នេះបើផ្អែកតាមកាសែត Financial Times ដែលបានពិនិត្យ របាយការណ៍មួយរបស់ Gazprom។ តួលេខបូកសរុបឆ្នាំ២០២៣ បង្ហាញថាក្រុមហ៊ុនGazprom ខាតប្រាក់ចំនួនដល់ទៅ ៦៩០០លានដុល្លារ។ វិបត្តិខ្វះចំណូល ដោយសារតែបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាឈប់ទិញឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។
ប្រឈមនឹងបញ្ហានេះ រុស្ស៊ីត្រូវតែរកមធ្យោបាយ រកអតិថិជនថ្មីដែលអាចទិញឧស្ម័នរបស់រុស្ស៊ីក្នុងទំហំធំ ឲ្យបានឆាប់បំផុត។ ដោយផ្អែកលើកត្តាចំនួនប្រជាជន និងកត្តាភូមិសាស្ត្រ គឺអតិថិជនថ្មីនេះ គ្មាននរណាល្អជាងចិនទេ សម្រាប់រុស្ស៊ី។ ហេតុដូច្នេះហើយ បានជារុស្ស៊ីបានប្រឹងប្រែងជំរុញឲ្យចិនចុះហត្ថលេខា កសាងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ជាមួយខ្លួន។
ថ្វីបើភាគីរុស្ស៊ី ធ្លាប់អួតថា ការដ្ឋានសាងសង់អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤នេះ តែធាតុពិតជាក់ស្តែង អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងថា គ្មានសង្ឃឹមទេ។ ចិនដឹងថាខ្លួនមានប្រៀប កំពុងតែប្រើយុទ្ធសាស្ត្រអូសបន្លាយពេលវេលា។ លោក Thierry Bros អ្នកជំនាញវិស័យថាមពលដែលតាមដានគម្រោងនេះ បានលើកឡើងថា ចិនអាចត្រូវការឧស្ម័នបន្ថែមពីរុស្ស៊ី ខ្ទង់ប្រហែលជាឆ្នាំ២០៣៥ឯណោះ ព្រោះថាបច្ចុប្បន្ននេះ ចិនមិនខ្វះអ្នកផ្គត់ផ្គង់ឲ្យទេ។ ម្លោះហើយ ចិនប្រើវិធី ធ្វើឲ្យអ្នកផ្គត់ផ្គង់ឲ្យខ្លួន ប្រកួតប្រជែងគ្នា។ ជាក់ស្តែងចិនទើបតែចុះកិច្ចសន្យាទិញឧស្ម័នរបស់អ៊ីរ៉ាក់ ធ្វើឲ្យរុស្ស៊ីកាន់តែចាញ់ប្រៀប។
បន្ថែមពីនេះ ភាគីចិនបានដាក់លក្ខខណ្ឌច្រើនខ្លាំងណាស់ ទៅលើភាគីរុស្ស៊ី។ ប្រើប្រៀបធៀបទៅតម្លៃ ដែលរុស្ស៊ីធ្លាប់លក់ឲ្យប្រទេសអឺរ៉ុប គឺរុស្ស៊ីលក់ឲ្យចិនថោកជាងរួចទៅហើយរាល់ថ្ងៃនេះ។ តែចាប់ពីពេលនេះទៅ ចិនបានទាមទារថា រុស្ស៊ីត្រូវតែលក់ឧស្ម័នឲ្យខ្លួន ក្នុងតម្លៃមួយស្មើនឹងតម្លៃលក់ទៅឲ្យប្រជាជនរុស្ស៊ីក្នុងស្រុក។ ជាងនេះទៀត ចិនបានទាមទារថា ក្រុមហ៊ុន Gazprom ត្រូវជាអ្នកចំណាយថ្លៃសាងសង់ បណ្តាញបំពង់បង្ហូរ Power of Siberia 2 ទាំងស្រុង។ បើតាមសម្តីលោក Thierry Bros មានន័យថា ក្រុមហ៊ុន Gazprom ច្បាស់ជាត្រូវខាតដើមហើយគ្រានេះ។
ពាក្យថា “មិត្តភាពគ្មានទីបំផុតរវាងចិននិងរុស្ស៊ី” ដែលលោកស៊ី ជីនពីងបានប្រកាសនោះ បែបពិបាកលេបបន្តិចហើយ សម្រាប់លោកពូទីន។ យ៉ាងណាក៏ដោយ ជម្រើសមានតិចណាស់ សម្រាប់ភាគីរុស្ស៊ី។ រដ្ឋរុស្ស៊ីមានហ៊ុនពាក់កណ្តាលក្នុង ក្រុមហ៊ុន Gazprom ដូច្នេះរុស្ស៊ីមិនអាចបណ្តោយឲ្យក្រុមហ៊ុននេះរលំបានទេ។ ជាងនេះទៀត វិស័យនាំចេញឧស្ម័នគឺជាប្រភពការងារដ៏សំខាន់ សម្រាប់ប្រជាជនរុស្ស៊ីនៅតាមតំបន់ដាច់ស្រយ៉ាលដែលមិនសូវមានសកម្មភាពសេដ្ឋកិច្ច។ បើអត់ការងារធ្វើ កំហឹងប្រជាជនរុស្ស៊ីទល់នឹងការដឹកនាំរបស់លោកពូទីនក៏នឹងកាន់តែមានខ្លាំង។
កាលពីថ្ងៃចន្ទ ទី៣មិថុនា នៅពេលអ្នកកាសែតចោទសួរអំពីការវិវឌ្ឍន៍នៃគម្រោង Power of Siberia 2 លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានឆ្លើយឲ្យតែផុតពីមាត់ ថាកុំភ័យគម្រោងនេះ ចិននឹងរុស្ស៊ីប្រាកដជាត្រូវរ៉ូវគ្នាមិនខានទេ។ ជាការកត់សំគាល់ជាក់ស្តែង គឺភាគីរុស្ស៊ីដឹងខ្លួនថា គម្រោងនេះមិនអាចចេញរួចឆាប់ៗនេះទេ ដោយសារតែចិនវាយឫក។ យ៉ាងណាមិញ ពេលលោកពូទីនធ្វើដំណើរទៅប៉េកាំង កាលពីខែឧសភាថ្មីៗនេះ លោក Alexei Miller អគ្គនាយកGazprom មិនទាំងទៅជាមួយផង។ មានន័យថា រុស្ស៊ីគ្មានសង្ឃឹមថាអាចមាន កិច្ចព្រមព្រៀងចុងក្រោយអនុម័តគម្រោងនេះទេ។ តែលោក Thierry Bros បានពន្យល់ថា ទោះជាយ៉ាងណា ចិនក៏មិនចង់ឲ្យរបបរបស់លោកពូទីនរង្គោះរង្គោះដែរ។...
Duration:00:04:58
តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននឹងធ្វើឲ្យស្ថានការណ៍សង្រ្គាមនៅហ្កាហ្សាប្រែប្រួលដែរឬទេ?
5/28/2024
ប្រទេសចំនួន៣ អេស្ប៉ាញ អៀរឡង់ និងន័រវែសបានចេញមុខទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារទី ២៨ឧសភា។ របត់នយោបាយការទូតរបស់ប្រទេស អឺរ៉ុបទាំងបីតាមរយៈការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានធ្វើឲ្យអ៊ីស្រាអែលខឹងឆេះដុំ នៅប៉ុន្មានថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹមកោះហៅអ្នកតំណាងទូតរបស់ប្រទេសទាំងបីមកព្រមាន ប៉ុន្តែ នៅបានចោទប្រកាន់អេស្ប៉ាញនាំមុខគេក្នុងចំណោមប្រទេសទាំងបីថា កំពុងផ្តល់អំណោយដល់ក្រុមហាម៉ាស និងឃុបឃិត ចូលរួមអំពាវនាវឲ្យមានការសម្លាប់ប្រល័យពូជសាសន៍ប្រជាជនជ្វីហ្វ។
មួយសប្តាហ៍ក្រោយ ការប្រកាសរួមគ្នារបស់ថ្នាក់ដឹកនាំអេស្ប៉ាញ អៀរឡង់ និងន័វែស ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសអឺរ៉ុបទាំងបីបានចូលជាធរមាន ចាប់ពីថ្ងៃអង្គារទី២៨ឧសភា។ នៅថ្ងៃដដែល នាយករដ្ឋមន្រ្តីអេស្ប៉ាញបានចេញមកបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីឈានទៅបង្កើតសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ម្យ៉ាងវាមានន័យ ផ្តល់យុត្តិធម៌ដល់ប្រជាជនប៉ាឡេស្ទីន។
ចំពោះប្រមុខរដ្ឋាភិបាលអេស្ប៉ាញ ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មានលក្ខណៈជានិមិត្តរូប ដែលអាចលើកទឹកចិត្តឲ្យប្រទេសអឺរ៉ុបដទៃទៀតធ្វើតាម។ គោលដៅចុងក្រោយរបស់អេស្ប៉ាញ ន័វែស និងអៀរឡង់ គឺ ការដាក់សម្ពាធផ្នែកការទូតលើភាគីជម្លោះទាំងពីរ អ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីឈានទៅអនុវត្តបទឈប់បាញ់នៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។
នៅចំពោះមុខ ការបាត់បង់ជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ជារៀងរាល់ថ្ងៃ នៅក្នុងសង្រ្គាមសងសឹករបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាសនៅហ្កាហ្សាជាង៨ខែ រួមផ្សំនឹងការព្រងើយកន្តើយរបស់អ៊ីស្រាអែល ដែលមិនខ្វល់នឹងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលទាមទារឲ្យអ៊ីស្រាអែលឈប់ជាបន្ទាន់ការវាយប្រហារសម្លាប់មនុស្សនៅភាគខាងត្បូងហ្កាហ្សា អេស្ប៉ាញ អៀរឡង់ និងន័រវែសប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីចង់បង្ហាញថា ពួកគេគ្មានជម្រើសអ្វីផ្សេង ក្រៅពីផ្លាស់ប្តូរនយោបាយការបរទេសជាមួយអ៊ីស្រាអែល។ និយាយម្យ៉ាងថា ទោះដឹងថា អ៊ីស្រាអែល ខឹងក្តៅក្រហាយ ប៉ុន្តែ អេស្ប៉ាញ អៀរឡង់ និងន័រវែស នៅតែងាកបែរទៅទទួលស្គាល់ជាផ្លូវការ រដ្ឋប៉ាឡេស្ទីន។
គិតរហូតមកដល់ពេលនេះ បីភាគបួននៃប្រទេសសមាជិកអង្គការសហប្រជាជាតិ ចំនួន១៣៩ប្រទេស ទទួលស្គាល់ជាផ្លូវការ រដ្ឋប៉ាឡេស្ទីន ដោយមានហ្សេរុយសាឡឹមជាអនាគតរដ្ឋធានី។ បណ្តាប្រទេសអាស៊ីនាំមុខដោយចិន ឥណ្ឌា អាហ្វ្រិក និងអាមេរិកឡាទីន បានសម្រេចជាបន្តបន្ទាប់គ្នា ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយនៅសល់តែបណ្តាប្រទេសអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក អ្នកគាំទ្រដោយឥតងាករេ រដ្ឋអ៊ីស្រាអែល។
ប៉ុន្តែ ការវាយប្រហារយ៉ាងឃោឃៅរបស់ទាហានអ៊ីស្រាអែល និងជំហរដាច់ណាត់របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលក្នុងការបញ្ជាឲ្យគាស់រំលើងក្រុមហាម៉ាសនៅភាគខាងត្បូងហ្កាហ្សា ទោះមានការថ្កោលទោសរបស់សហគមន៍អន្តរជាតិ បានបណ្តាលចិត្តរបស់ប្រទេសអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ម្តងមួយៗឲ្យចេញមុខគាំទ្រការបង្កើតរដ្ឋពីរជិតគ្នា គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ដោយសារតែអ៊ីស្រាអែលមិនព្រមស្តាប់ និងផ្គើនចង់វាយលុកចូលរាហ្វា ដោយមិនខ្វល់ពីការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនស៊ីវិលប៉ាឡេស្ទីន អាមេរិកផ្ទាល់ធ្លាប់បានព្រមានអ៊ីស្រាអែលពីការផ្អាកបញ្ជូនអាវុធ និងជំរុញឲ្យភាគីអ៊ីស្រាអែលត្រូវតែចរចាជាមួយអាជ្ញាធរប៉ាឡេស្ទីនដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា។ ប៉ុន្តែ អ៊ីស្រាអែលមិនព្រមស្តាប់ចូលត្រចៀក។ បារាំង និងប៊ែលហ្សិកវិញ ធ្លាប់និយាយថា ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារឿងចាំបាច់ ប៉ុន្តែ គេត្រូវរង់ចាំឲ្យភាគីទាំងពីរត្រលប់ចូលតុចរចាសិន ទើបប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនតាមក្រោយ។
បើទោះបីជាប្រទេសអឺរ៉ុបទាំងបី អេស្ប៉ាញ ន័រវែស និងអៀរឡង់ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងរូបភាពនិមិត្តរូបក្តី ប៉ុន្តែ ចង់ ឬមិនចង់ វានឹងអាចធ្វើឲ្យអ៊ីស្រាអែលកាន់តែឯកោ បាត់ការគាំទ្រនៅក្នុងឆាកអន្តរជាតិ។
ផ្ទុយទៅវិញ វានឹងជំរុញឲ្យប៉ាឡេស្ទីន ដែលសព្វថ្ងៃមានឋានៈត្រឹមជារដ្ឋសង្កេតការណ៍ អាចក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។
ការណ៍នេះនឹងធ្វើឲ្យអ៊ីស្រាអែលងាយប្រឈមនឹងការផ្តន្ទាទោស ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មសម្លាប់ជនជាតិរបស់រដ្ឋសមាជិកមួយទៀតរបស់អង្គការសហប្រជាជាតិ។
ជាថ្មីម្តងទៀត ការប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ នឹងមានលក្ខណៈនិមិត្តរូប ជាជាងដំណោះស្រាយពិតប្រាកដសម្រាប់រកច្រកចេញវិបត្តិសង្រ្គាមនៅហ្កាហ្សា។ ម្យ៉ាង វាក៏មិនបានទៅដោះស្រាយបញ្ហាពិតប្រាកដ ដូចជាថា តើខ្សែបន្ទាត់ព្រំដែនប៉ាឡេស្ទីន និងអ៊ីស្រាអែលស្ថិតនៅចំណុចណា? តើ ទឹកដីប៉ាឡេស្ទីន...
Duration:00:04:29
សង្រ្គាមហ្កាហ្សា៖ កាតាជាតួអង្គមិនអាចខ្វះបាន នៅក្នុងការចរចាបទឈប់បាញ់ និងដោះដូរចំណាប់ខ្មាំង
2/27/2024
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានីផ្តើមទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅប្រទេសបារាំង។ ក្រៅតែពីជំរុញទំនាក់ទំនងបារាំង និងកាតា ដែលជាប្រទេសមហាសេដ្ឋីប្រេង ទស្សនកិច្ចជាលើកទី១របស់ព្រះចៅកាតា នៅទីក្រុងប៉ារីស នឹងផ្តោតសំខាន់លើការចរចាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលត្រៀមលក្ខណៈវាយប្រហារជើងគោកចូលទីក្រុងរ៉ាហ្វា ដែលជាជំរកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន នៅហ្កាហ្សា បារាំង អេហ្ស៊ីប និងអាមេរិកងាកទៅជំនួយពីកាតា ដែលជាអន្តរការី ធ្លាប់ដើរតួសំខាន់ នៅក្នុងការចរចាឲ្យមានការផ្អាកបាញ់ នៅហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងជាង ១០០នាក់ កាលពីខែវិច្ឆិកាឆ្នាំមុន។ ហេតុអ្វីបានជាកាតាជាតួអង្គមិនអាចខ្វះបាន នៅក្នុងការចរចាស្តីការដោះដូរចំណាប់ខ្មាំង ឬបទឈប់បាញ់នៅ ហ្កាហ្សា?
នៅប៉ុន្មានថ្ងៃមកនេះ យុទ្ធនាការចរចាដើម្បីជំរុញឲ្យមានបទឈប់បាញ់នៅហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល មានកាន់តែច្រើន ជាពិសេស នៅចំពោះមុខវិបត្តិមនុស្សធម៌ដ៏អាក្រក់ក្រៃលែងនៅហ្កាហ្សា និងការគំរាមរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដើម្បីបើកសមរភូមិជើងគោកសម្រុកចូលក្រុងរ៉ាហ្វា ដែលជាជំរកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីន។
នៅចំពោះមុខស្ថានការណ៍បន្ទាន់ ប្រធានាធិបតីអាមេរិក លោកចូ បៃដិនប្រកាសនៅថ្ងៃចន្ទថា អ៊ីស្រាអែលយល់ព្រមបទឈប់បាញ់នៅហ្កាហ្សា នៅអំឡុងបុណ្យតមអាហាររបស់អ្នកកាន់សាសនាអ៊ីស្លាម។ មួយថ្ងៃក្រោយ អ្នកនាំពាក្យរបស់ក្រសួងការបរទេសកាតាវិញបាននិយាយថា កាតាសង្ឃឹម ជំរុញឲ្យមានបទឈប់បាញ់ឲ្យបាន នៅមុនពិធីបុណ្យតមអាហារ ឬ រ៉ាម៉ាដង់ ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១១មីនាខាងមុខ។ កាតាមិនទាន់ប្រាកដក្នុងចិត្តថានឹងអាចមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ព្រោះថា អ្វីៗអាចប្រែប្រួលគ្រប់ពេលវេលាទៅតាមការសម្រេចចិត្តរបស់ភាគីជម្លោះជាពិសេស អ៊ីស្រាអែល ដែលធ្លាប់ប្តេជ្ញាចិត្តបិទផ្លូវ លែងចរចាជាមួយក្រុមហាម៉ាស។
ក្រុមហាម៉ាសផ្ទាល់ដែលជាភាគីជម្លោះនៅក្នុងសង្រ្គាមហ្កាហ្សាក៏បានពន្លយដែរថា ការដោះលែង ឬមិនដោះលែងចំណាប់ខ្មាំង អាស្រ័យទៅលើលទ្ធផលចរចានៅទីក្រុងប៉ារីស។ ក្រុមហាម៉ាសចង់សំដៅដល់វត្តមានរបស់អេមៀររបស់កាតា លោកតាមីម បិន ហាម៉ាដ អាល់ ថានី នៅទីក្រុងប៉ារីស ជាទីដែលប្រមុខរដ្ឋរបស់មហាសេដ្ឋីប្រេងមួយនេះត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងស្តីពីការដោះដូរចំណាប់ខ្មាំង។ ការដោះដូរចំណាប់ខ្មាំងជាបញ្ហាអាទិភាពសម្រាប់បារាំង ដែលមានជនជាតិរបស់ខ្លួន៣នាក់កំពុងជាប់ក្នុងដៃរបស់ក្រុមហាម៉ាស។
ជាមួយអាមេរិក អេហ្ស៊ីប និងបារាំង កាតាបានដើរតួជាអន្តរការីដ៏សំខាន់នៅក្នុងការចរចារវាងភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ គិតចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សា កាលពីដើមខែតុលា កាតាធ្លាប់បង្ហាញស្នាដៃដែលគេមិនអាចមិនកោតសរសើរបាន នោះគឺការជួយសម្របសម្រួល បញ្ចុះបញ្ចូលរហូតដល់មានបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា និងឈានទៅដល់ការដោះលែងចំណាប់ខ្មាំងប្រមាណ១០០នាក់ ដែលក្រុមហាម៉ាសចាប់អូសយកទៅលាក់ទុកនៅហ្កាហ្សានៅថ្ងៃធ្វើភេរវកម្ម ៧តុលា។
ជោគជ័យរបស់កាតាក្នុងនាមជាអន្តរការីនៅក្នុងការចរចារវាងភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានរំលេចឲ្យឃើញពីភាពប៉ិនប្រសប់នយោបាយការទូតរបស់ប្រទេសកូនរដ្ឋដ៏តូចមួយនេះនៅឈូងសមុទ្រពែរ្ស៍។ ជាមហាសេដ្ឋីឧស្ម័នធម្មជាតិ លំដាប់លេខ៣ នៅក្នុងពិភពលោក កាតាចេះប្រកាន់ជំហរពិសេស នោះគឺចុះសម្រុងជាមួយគ្រប់គ្នា។ នៅដៃម្ខាង កាតាចាប់ដៃល្អូកល្អឺនជាមួយមហាអំណាចលោកខាងលិច ប៉ុន្តែ នៅដៃម្ខាងទៀត កាតានៅតែចាប់ក្រសោប រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមជ្រុលនិយម ដូចជាក្រុមប្រដាប់អាវុធហាម៉ាស ឬអ៊ីរ៉ង់ដែលជារដ្ឋសំអប់របស់សម្ព័ន្ធមិត្តអាមេរិករបស់កាតា។ សម្រាប់អ្នកជំនាញ នៅក្នុងការចរចាស្តីពីវិបត្តិនៅហ្កាហ្សា កាតាមានសមត្ថភាពពិសេសដែលគ្មានអន្តរការីណាមានដូចខ្លួន។ កាតាផ្តល់ទីតាំងសម្រាប់ឲ្យក្រុមហាម៉ាសមានទីស្នាក់ការផ្លូវការរបស់ខ្លួននៅទីក្រុងដូហា ក្រោមភ្លើងខៀវរបស់អាមេរិកដែលចង់មានខ្សែទាក់ទងចរចាជាមួយក្រុមនេះម្តងម្កាល។
តាមមន្រ្តីកាតា ការិយាល័យនយោបាយរបស់ក្រុមហាម៉ាសនៅ ទីក្រុងដូហា ធ្លាប់ទាក់ទងជាមួយរដ្ឋបាលអាមេរិកជាច្រើនដើម្បីធានាស្ថានភាពនៅហ្កាហ្សា និងនៅអ៊ីស្រាអែល។ ម្យ៉ាង ដោយសារតែកាតាជាអ្នកឧបត្ថម្ភយ៉ាងទៀងទាត់ទឹកប្រាក់៣០លានដុល្លារសម្រាប់បើកប្រាក់ខែឲ្យមន្រ្តីហាម៉ាសនៅហ្កាហ្សាជាង ១០ឆ្នាំមកនេះ ចង់ឬមិនចង់កាតា ដែលជាអ្នកចិញ្ចឹមចលនាហាម៉ាសនៅហ្កាហ្សា មានទំនាក់ទំនងពិសេស មានទឹកមាត់ប្រៃនៅក្នុងរឿងចរចាជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។
ដោយសារតែកាតាមានទំនាក់ទំនង និងឧបត្ថម្ភក្រុមប្រដាប់អាវុធហាម៉ាសដែលអាមេរិកចាត់ចូលក្នុងបញ្ជីភេរវនិយម និងមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ដែលជាសត្រូវស៊ូពូជរបស់ អាមេរិក និងអ៊ីស្រាអែល...
Duration:00:07:17
មានស៊ុយអែតជាសមាជិកមួយទៀត តើតំបន់សមុទ្របាល់ទិក នឹងក្លាយជា “បឹងរបស់អូតង់”?
2/26/2024
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យប្រទេសស៊ុយអែត ក្លាយជាសមាជិកថ្មីនៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមានរបស់ស៊ុយអែត ក្នុងនាមជាសមាជិកទី៣២របស់អូតង់នេះ នឹងហុចអត្ថប្រយោជន៍ជាច្រើន ដល់សមត្ថភាពការពារ របស់អូតង់នៅក្នុងតំបន់សមុទ្របាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់នៅជុំវិញសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជាសមាជិកអូតង់។ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូចជាបឹងមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អូតង់ ឬមួយក៏រុស្ស៊ីនៅតែអាច មានលទ្ធភាពគំរាមបាន?
ជាមួយនឹងការចូលជាសមាជិក ពីសំណាក់ហ្វាំងឡង់កាលពីឆ្នាំមុន និងពេលនេះថែមស៊ុយអែតមួយទៀត មានន័យថា ប្រទេសទាំងអស់ដែលនៅព័ទ្ធសងខាងសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជាសមាជិករបស់អង្គការសម្ព័ន្ធមិត្តអូតង់។ អ្នកវិភាគខ្លះ បានសំឡឹងឃើញថា ចាប់ពីពេលនេះទៅ សមុទ្របាល់ទិក ប្រៀបបីដូចជា បឹងមួយរបស់អូតង់ ដែលអង្គការសម្ព័ន្ធមិត្តនេះ អាចមានលទ្ធភាពធំ ក្នុងការត្រួតត្រា រារាំងទៅលើចរាចរណ៍របស់នាវាចម្បាំងរុស្ស៊ី ក្នុងករណីមានបញ្ហាវិវាទណាមួយកើតឡើង។
តែទន្ទឹមគ្នានេះ អ្នកវិភាគខ្លះ បានរំឭកថា មិនត្រូវប្រមើលមើលនិងវិភាគ ដោយសាមញ្ញបែបនេះទេ ព្រោះថាអ្វីៗអាចមិនស្រួលដូចការគិត។ ស៊ុយអែតចូលជាសមាជិកអូតង់ អាចធ្វើឲ្យអូតង់មានលទ្ធភាពការពារបណ្តាប្រទេសបាល់ទិកបានកាន់តែច្រើនក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា រុស្ស៊ីនឹងឈប់ធ្វើសកម្មភាពគំរាមតទៅទៀតនោះដែរ។ រុស្ស៊ីនៅតែអាចគំរាមមកលើសន្តិសុខតំបន់បាល់ទិក បានជានិច្ច តួយ៉ាងតាមរយៈការប្រើប្រាស់តំបន់ កាលីនីនហ្ក្រាដ ដែលរុស្ស៊ីបានដាក់បញ្ឈរអាវុធយ៉ាងសន្ធឹកនៅទីនោះ។
លោកស្រី Minna Alander អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិហ្វាំងឡង់ បានលើកឡើងថា បើយើងក្រឡេកមើលភូមិសាស្ត្រតំបន់សមុទ្របាល់ទិក គឺយើងអាចយល់ថា តំបន់នេះនឹងក្លាយជាបឹងមួយ ក្រោមការគ្រប់គ្រងរបស់អូតង់ផ្តាច់មុខ។ តែធាតុពិត វាមិនស្រួលប៉ុន្មានទេ សម្រាប់អូតង់។ បើរាប់ចាប់ពីថ្ងៃដែលរុស្ស៊ី បានលើកទ័ពចូលទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៤កុម្ភៈ ២០២២ គេបានសង្កេតឃើញនូវ ហេតុការណ៍ជាច្រើនករណី។ ជាក់ស្តែង ករណីផ្ទុះបំពង់បង្ហូរឧស្ម័ន នៅក្រោមបាតសមុទ្របាល់ទិក និងករណីដាច់ខ្សែកាបអុបទិក បាតសមុទ្រជាដើម ដែលបញ្ជាក់ថាអូតង់មានចំណុចខ្សោយ ឬមានការខ្វះខាតក្នុងការគ្រប់គ្រងតំបន់នេះ។
កាលពីខែ កញ្ញាឆ្នាំ២០២២ បំពង់បង្ហូរឧស្ម័ន Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅកាន់អឺរ៉ុប ត្រូវបានជនមិនស្គាល់មុខ វាយប្រហារឲ្យផ្ទុះបែកធ្លាយ។ ជាងមួយឆ្នាំហើយ គេនៅរកមុខអ្នកធ្វើអំពើនេះ មិនទាន់ឃើញផងទេ។ ហើយកាលពីខែតុលាឆ្នាំ២០២៣ បំពង់បង្ហូរឧស្ម័ន និងខ្សែកាបអុបទិកបាតសមុទ្រ ដែលតភ្ជាប់រវាវ ហ្វាំងឡង់ ស៊ុយអែត និងអេស្តូនី ក៏បានរងការខូចខាតដែរ។ ផ្អែកតាមសមត្ថកិច្ចហ្វាំងឡង់ ករណីខូចខាតនេះ គឺដោយសារនាវាដឹកទំនិញមួយ របស់ចិន។
ក្រោយករណីគ្រោះថ្នាក់ផ្ទួនៗនេះ អូតង់បានព្យាយាមបង្កើនសមត្ថភាព និងមធ្យោបាយនាវា ដើម្បីធ្វើយ៉ាងណា តាមដានការពារសន្តិសុខ សុវត្ថិភាព ក្នុងតំបន់បាល់ទិកឲ្យម៉ដ្ឋចត់ជាងមុន។ តែយ៉ាងណា ការតាមដានសកម្មភាពនៅក្រោមបាតសមុទ្រ វាមិនមែនជារឿងងាយនោះឡើយ។ លោក Julian Pawlak អ្នកស្រាវជ្រាវម្នាក់នៅសកលវិទ្យាល័យកងទ័ពអាល្លឺម៉ង់ បានលើកឡើងថា ករណីវាយប្រហារនៅបំពង់បង្ហូរឧស្ម័ន Nord Stream បានបង្ហាញថា វាជារឿងលំបាកខ្លាំងណាស់ ក្នុងការតាមដានការពារសុវត្ថិភាពបាតសមុទ្រ។
បើយើងក្រឡេកទៅមើលមួយផ្នែកទៀត វត្តមានជាសមាជិកអូតង់ របស់ស៊ុយអែត គឺមិនត្រឹមតែនឹងផ្តល់ឆ្នេរឡោមព័ទ្ធសមុទ្របាល់ទិកប៉ុណ្ណោះទេ គឺអូតង់អាចមានលទ្ធភាពឈរជើង ខិតមកក្នុងកណ្តាលសមុទ្រតែម្តង តាមរយៈកោះ Gotland របស់ស៊ុយអែត។ កោះនេះ គឺជាទីតាំងយុទ្ធសាស្ត្រជួរមុខ រវាងស៊ុយអែត និងឡេតូនី ហើយប្រការនេះ នឹងអនុញ្ញាតឲ្យ អូតង់អាចបិទផ្លូវឆ្លងកាត់ ឬរាំងខ្ទប់ត្រង់ចំនុចនេះតែម្តង។
តែទន្ទឹមនឹងនេះ រុស្ស៊ី នៅមិនទាន់អស់ក្រឡាដើរនោះទេ។ រុស្ស៊ីនៅមានមូលដ្ឋានយុទ្ធសាស្ត្រមួយ គឺតំបន់កាលីនីនហ្ក្រាដ។ តំបន់ដែលស្ថិតនៅចំងាយជាង១០០០គីឡូម៉ែត្រ ដាច់ពីទីក្រុងម៉ូស្គូនេះ គឺជាទីតាំងជួរមុខលយចូលជ្រៅមកខាងអឺរ៉ុប សម្រាប់ឲ្យកងទ័ពរុស្ស៊ីអាចបើកប្រតិបត្តិការវាយប្រហារបាន។ តំបន់កាលីនីនហ្ក្រាដ ដែលស្ថិតនៅចន្លោះ រវាងប៉ូឡូញ និងលីទុយអានីនេះ គឺជាដែនដីដែលមានវត្តមានយោធា និងគ្រឿងសព្វាវុធដ៏ច្រើនជាងតំបន់ណាៗ ទាំងអស់ទូទាំងអឺរ៉ុប ក្នុងនោះរុស្ស៊ីបានដាក់បញ្ឈរកម្លាំងប្រព័ន្ធនុយក្លេអ៊ែរថែមទៀតផង។
ផ្អែកតាមលោក John Deni អ្នកស្រាវជ្រាវនៅសាលាសិកសង្គ្រាមអាមេរិក គឺធាតុពិតទៅ បើនិយាយពីនាវាចម្បាំងរបស់រុស្ស៊ីប្រចាំការនៅតំបន់សមុទ្របាល់ទិក គឺតិចតួច និងចាស់ៗណាស់ បើប្រៀបធៀបទៅសម័យសង្គ្រាមត្រជាក់។...
Duration:00:06:30