Focus on the world-logo

Focus on the world

RFI

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Location:

Paris, France

Networks:

RFI

Description:

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាច​លោកដូណាល់ ត្រាំ​វិលត្រលប់​មកដឹកនាំ​អាមេរិក​សាជាថ្មី?

11/4/2024
ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារ​ទី ៥វិច្ឆិកានេះ។ ជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវការ​ពឹងផ្អែកខ្លាំង​លើជំនួយ​យោធា​របស់​អាមេរិក តៃវ៉ាន់​ដឹងច្បាស់ថា អាមេរិក​នឹងនៅតែ​បន្ត​លក់សព្វាវុធ​ទៅ​ឲ្យតៃវ៉ាន់ មិនថា ​បេក្ខជន​ណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីស​ឈ្នះឆ្នោត​ចូលដឹកនាំ​អាមេរិក​៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​មិន​ច្បាស់ និង​បារម្ភ​នៅត្រង់ថា តើលោក​ដូណាល់ ត្រាំ​នឹង​ចេញមុខ​ជួយ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ចិន​ចូល​ឈ្លានពានដែរ​តៃវ៉ាន់​ដែរ​ឬទេ? អាមេរិកជា​សម្ព័ន្ធមិត្តយូរអង្វែង និងជា​អ្នកលក់ផ្គត់ផ្គង់សព្វាវុធ​ធំជាងគេ​របស់​តៃវ៉ាន់។ ប៉ុន្តែ អាមេរិក​នៅតែ​ប្រកាន់ជំហរ យុទ្ធសាស្រ្ត​ស្រពិចស្រពិល នៅពេល​និយាយ​ដល់​រឿង​ពង្រាយទ័ព​ការពារ​តៃវ៉ាន់។ នៅក្នុង​អាណត្តិ​៤ឆ្នាំមកនេះ លោកប្រធានាធិបតី​ចូ បៃដិន​ធ្លាប់​បាន​និយាយ​ថា លោក​នឹងអាច​លូកដៃ​អន្តរាគមន៍​ជួយ​តៃវ៉ាន់ បើសិនចាំបាច់។ ប៉ុន្តែ រាល់​លើក សេតវិមាន​បាន​ចេញមក​បកស្រាយវិញ ​ដើម្បី​បន្ថយ​ភាពតានតឹង​ជាមួយ​ប្រទេស​ចិន។ នៅក្នុងករណី​របស់​លោក​ដូណាល់ ត្រាំ និង​លោកស្រី ខាម៉ាឡា ហារីស ដែលជា​បេក្ខជន​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លើកនេះ គ្មាន​នរណា​ម្នាក់​ចេញមក​បញ្ជាក់​ជំហរច្បាស់លាស​ពីរឿង​តៃវ៉ាន់​នោះ​ទេ។ លោកស្រី ខាម៉ាឡា ហារីស​ផ្ទាល់​ហាក់​មាន​ជំហរ​ចង្អៀត​ចង្អល់​ច្រើន មិន​សូវ​បើកទូលាយ​ក្នុង​សំណុំរឿង​អន្តរជាតិ ដូច​លោក​ចូ បៃដិន នោះបើទោះបីជា​អ្នកទាំងពីរ​មកពីគណបក្ស​តែមួយ បក្ស​ប្រជាធិបតេយ្យ។ នៅក្នុង​បទសម្ភាសន៍កាលពីពេលថ្មីៗនេះ បេក្ខនារី​របស់​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស​ធ្លាប់​លើកឡើង​ថា អាមេរិក​មិន​គួរ​បង្កើតជម្លោះ​ជាមួយ​នឹង​ចិន​នោះទេ។ លោកស្រី​នៅ​បាន​បដិសេធ​មិន​ឆ្លើយ នៅពេល​គេសួរថា តើ​អាមេរិក​នឹង​បញ្ជូន​ទ័ពទៅជួយគាំទ្រ​តៃវ៉ាន់ដែរឬទេ? ជំហរ​មិន​ច្បាស់លាស់​របស់​លោក​ខាម៉ាឡា ហារីស​ជា​ចំណុចមួយដែលធ្វើ​ប្រជាជន​តៃវ៉ាន់​មិន​សូវ​ស្ងប់​ក្នុង​ចិត្ត​ប៉ុន្តែ មិន​ដល់​ថ្នាក់​បារម្ភ​ខ្លាំង នៅពេល​គិតថា លោក​ដូណាល់ ត្រាំ​អាច​ឈ្នះឆ្នោត ត្រលប់​មក​ដឹកនាំ​អាមេរិកសាជាថ្មី។ ហេតុអ្វី​បានជា​ដូច្នេះ? នៅក្នុងអាណត្តិ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ កាលពី​៥ឆ្នាំ​មុន អាមេរិក និង​តៃវ៉ាន់​មាន​ទំនាក់ទំនងល្អ មិន​អាក្រក់​ពេក​នោះទេ។ លោក​ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក​លើកដំបូងគេ ដែល​​ទូរស័ព្ទ​ភ្លាម​ទៅ​អបអរ​លោកស្រី ត្សៃ អ៊ីងវេន ដែល​ទើប​ឈ្នះឆ្នោតជា​ប្រធានាធិបតី​តៃវ៉ាន់​ទៀតផង។ ប៉ុន្តែ ប្រជាជន​តៃវ៉ាន់​មិន​ល្ងង់សោះឡើយ ព្រោះគេ​ដឹងថា លោក​ដូណាល់ ត្រាំ ធ្វើដូច្នេះ គឺដើម្បីបញ្ឈឺចិត្ត ចិន​ដែលគូជម្លោះពាណិជ្ជកម្ម​របស់អាមេរិក។ បើតាម​លោក Fang Yu Chen អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយនៃ​សកលវិទ្យាល័យ Soochow University នៅទីក្រុង​តៃប៉ិ នៅចំពោះមុខ​ការគំរាមកំហែង សមយុទ្ធយោធា​ឡោមព័ទ្ធ​របស់​ចិន ជាពិសេស​នៅក្រោយ លោក​ស៊ី ជីនពីង​បញ្ជា​ឲ្យ​កងទ័ព​ត្រៀមខ្លួន​ដើម្បីធ្វើ​សង្រ្គាម អនាគត​របស់តៃវ៉ាន់​កាន់តែ​មិនច្បាស់លាស់​ថែមទៀត បើសិន​លោកដូណាល់ ត្រាំ ត្រលប់​មក​កាន់តំណែង​ជាប្រធានាធិបតីអាមេរិក​សាជាថ្មី។ អ្នកជំនាញ​ខាងលើ​បាន​រំលឹកថា នៅក្នុង​បទសម្ភាសន៍ជាច្រើន នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក លោក​ដូណាល់ ត្រាំ​បានអះអាងថា អាមេរិក​មិនអាច​ការពារ​តៃវ៉ាន់​បានទេ ព្រោះថា អាមេរិក​ចង់​ចរចា តថ្លៃ​ជាមួយ​ចិន។ ពាក្យ​ប៉ុន្មានម៉ាត់នេះ​អាច​ឲ្យ​តៃវ៉ាន់​ដឹងច្បាស់ថា ខ្លួន​នឹង​ក្លាយជា​កូនអុកដែលលោកដូណាល់ ត្រាំ​យកទៅប្រើ​ដើម្បី​ទាញយក​ផលប្រយោជន៍ នៅពេល​ចរចា​ជាមួយចិន។ តៃវ៉ាន់​កាន់តែ​បារម្ភ នៅមិនស្រណុក​ក្នុងចិត្ត បន្ទាប់ពី​លឺ​លោកដូណាល់ ត្រាំ​និយាយ​គំរាម​ឲ្យ​បង់ប្រាក់​ឲ្យ​អាមេរិក​ដែល​បាន​ការពារ​តៃវ៉ាន់។ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​ផ្តោត​លើខ្លឹមសារ ផលប្រយោជន៍អាមេរិក​ដំបូងគេ លោកដូណាល់ នៅបាន​ចោទប្រកាន់​តៃវ៉ាន់ ដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិក ថា បាន​លួច​ឧស្សាហកម្ម​សឺមីកុងឌុចទ័រ​ពី​អាមេរិក។ លោកដូណាល់ ត្រាំ​និយាយ​ដូច្នេះ ក៏ដោយសារ​តែ​ក្រុមហ៊ុន​តៃវ៉ាន់​ជាអ្នកផ្គត់ផ្គង់​សឺមីកុងឌុចទ័រធំជាងគេ​បង្អស់​ក្នុងពិភពលោក។ ជារួម គេអាច​និយាយ​បាន​ថា ទោះ​អាមេរិក​មាន​ដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ ឬ​លោកស្រី ខាម៉ាឡា ហារីស ផ្លូវធ្វើ​ដំណើរ​របស់តៃវ៉ាន់ដើម្បីការពារខ្លួន នៅចំពោះមុខការ​គំរាមកំហែង​របស់​ចិន នឹង​មិន​រលូន​ដូច​ក្នុង​អាណត្តិ​របស់​លោក​ចូ បៃដិន​នោះ​ទេ ប៉ុន្តែ វា​នឹងរដិបរដុប​ខ្លាំងតែម្តង បើសិន​លោកដូណាល់ ត្រាំ ត្រលប់មក​គ្រប់គ្រង​សេតវិមាន។ លោក​ដូណាល់ ត្រាំ ជា​អនាគត​ប្រធានាធិបតី​អាមេរិក នឹង​ទៅដាក់​បន្ទុក​បន្ថែម​លើ​តៃវ៉ាន់​ដែលកំពុង​ជួបបញ្ហា​ក្នុងការធ្វើទំនើបកម្មកងទ័ព ដើម្បី​ប្រឈមតទល់នឹង​ចិន​ដីគោក។ នៅ​ឆ្នាំ ២០២៤ តៃវ៉ាន់​បានចំណាយ​ថវិកា បំបែកកំណត់ត្រា ដល់​ទៅ ១៩ពាន់លាន​ដុល្លារ​ដើម្បីទិញ យន្តហោះចម្បាំង មីស៊ីល​របស់​ក្រុមហ៊ុន​អាមេរិក...

Duration:00:05:15

Ask host to enable sharing for playback control

តើការប្រឹង​ប្រែង​របស់​​ហ្វីលីពីន​ក្នុងការ​កាត់បន្ថយ​សំរាម​​ប្លាស្ទិក បានលទ្ធផល​យ៉ាងណាខ្លះ​?

11/3/2024
កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ​ ប្រមាណ​មួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ បានចាប់​ផ្តើម​អនុវត្តវិធានការ​មួយចំនួន ដើម្បីឈានទៅកាត់បន្ថយ​ការប្រើប្រាស់ និងការ​បោះចោល​កាកសំណល់​ប្លាស្ទិក​ទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ​ ដែលបាន​ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយ​ការប្រើផលិត​ផល​ប្លាស្ទិក និង​ចូលរួមជាថវិកា​ដើម្បីកែច្នៃសំរាម​។ តើបទពិសោធន៍​កន្លងមកនេះរបស់ហ្វីលីពីន បានទទួល​ផលវិជ្ជមានយ៉ាងណាខ្លះ ? បញ្ហា​កាកសំណល់ប្លាស្ទិក គឺជំងឺរបស់ពិភពលោក​ទាំងមូល។ កាកសំណល់​ប្លាស្ទិក មិនត្រឹមតែធ្វើឲ្យខូច​​សោភណ្ឌភាពធម្មជាតិ បំផ្លាញប្រព័ន្ធជីវចម្រុះប៉ុណ្ណោះទេ តែល្អងតូចល្អិតរបស់ប្លាស្ទិក អាចជ្រាបចូលមកដល់ក្នុងខ្លួនមនុស្ស តាមរយៈចំណីអាហារ ជាប្រភពបង្កបញ្ហាសុខភាពជាច្រើន​។ យោងតាមតួលេខរបស់អង្គការ OCDE បើគិតចាប់ពីឆ្នាំ​១៩៥០មក ផលិត​ផលធ្វើពីប្លាស្ទិក បាន​កើនឡើងចំនួនដល់ទៅ ​២៣០ដង ពោលគឺប្រមាណ​៤៦០លានតោនក្នុងមួយឆ្នាំ​។​ ហើយ​ប្រសិនបើគ្មានវិធានការកាត់បន្ថយ​ទេ កាកសំណល់ប្លាស្ទិកក្នុងធម្មជាតិ និងកើនចំនួន​១គុណជា​៣ ពោលគឺក្នុងទំហំប្រមាណ ​១២០០លានតោន នៅរវាងឆ្នាំ​២០៦០។ ហ្វីលីពីន​ដែល​ជាប្រទេសប្រជុំកោះ មានប្រជាជនប្រមាណ​១៣០លាននាក់ ត្រូវគេស្គាល់ថា គឺជាប្រទេសដែល​បោះចោលចូលទៅក្នុងសមុទ្រ នូវកាកសំណល់​ប្លាស្ទិក​គ្រប់ប្រភេទ ច្រើនជាងប្រទេសណាៗទាំងអស់ទូទាំងពិភពលោក​។ មិនខុសពីប្រជាជននៅអាស៊ីជាទូទៅ ប្រជាជនហ្វីលីពីន មានទំលាប់​ប្រើប្រាស់ដោយ​ឥតសំចៃ នូវផលិត​ផលធ្វើប្លាស្ទិកគ្រប់ប្រភេទ ដូចជា​​ថង់ប្លាស្ទិក បំពង់បឺត ប្រអប់ស្នោ និង​សម្ភារៈប្រើប្រាស់ឬវេចខ្ចប់ផ្សេងៗទៀត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលហ្វីលីពីនបានទទួលស្គាល់នូវបញ្ហានេះ ហើយ​បាន​ព្យាយាមចេញវិធានការមួយចំនួន ដើម្បីកាត់​បន្ថយ​ការប្រើប្រាស់ប្លាស្ទិក​។ ក្នុង​ន័យនេះ ហ្វីលីពីនគឺជាប្រទេសដំបូងគេ​នៅតំបន់អាស៊ីអាគ្នេយ៍ ដែល​បានធ្វើច្បាប់ ដាក់ពិន័យទៅលើក្រុមហ៊ុនសហគ្រាស ដែល​បញ្ចេញចោលនូវកាកសំណល់​ប្លាស្ទិក។ ច្បាប់ថ្មីនេះ​ បានចូលជាធរមានប្រមាណ​១ឆ្នាំមកហើយ។ បទពិសោធន៍​របស់ហ្វ៊ីលីពីន កំពុងត្រូវគេសំឡឹងរងចាំមើល​យ៉ាងយកចិត្តទុកដាក់ ដើម្បីយកធ្វើជាគំរូ​ ស្របពេលដែលសហគមន៍អន្តរជាតិ កំពុងប្រឹងប្រែងស្វែងរក​មធ្យោបាយ ដោះស្រាយបញ្ហា​កាកសំណល់​ប្លាស្ទិក។ គួរបញ្ជាក់ថា យោងតាមតួលេខរបស់ធនាគារពិភពលោក ក្នុងមួយឆ្នាំ​ ហ្វីលីពីន​ចោល​កាកសំណល់​ប្លាស្ទិក ចំនួន​១លាន​៧សែនតោន។ នៅហ្វ៊ីលីពីន ១ភាគ៣នៃកាកសំណល់ប្លាស្ទិក ត្រូវបានគេដឹកយកទៅទីកន្លែងចាក់សំរាម ខណៈនៅមាន​៣៥% ដែល​ត្រូវគេបោះចោលពាសវាលពាលកាល ដោយ​គ្មានការគ្រប់គ្រង​។​ ច្បាប់គ្រប់គ្រងកាកសំណល់​ប្លាស្ទិករបស់ហ្វ៊ីលីពីន​​ មានកម្មវត្ថុធ្វើ​ឲ្យ​ហ្វ៊ីលីពីន ឈានទៅមានអព្យាក្រិត្យភាពប្លាស្ទិក។ ច្បាប់នេះ ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាស ត្រូវតែចូលរួមចំណែក​ នៅក្នុង​ប្រតិបត្តិ​ការ​បំប្លែងកម្ទេចសំរាមប្លាស្ទិកឲ្យ​បាន​២០% នៃ​ទំហំប្លាស្ទិកសរុបដែលខ្លួនប្រើប្រាស់មិនថាដោយផ្ទាល់ឬដោយប្រយោល​។ ទំហំកាតព្វកិច្ចនេះ នឹងឡើងដល់ ៨០% នៅរវាងឆ្នាំ​២០២៨​។ ដូច្នេះ សហគ្រាសនៅហ្វីលីពីនមានកាតព្វកិច្ច ត្រូវតែ​បញ្ចូលកម្មវត្ថុ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក នៅក្នុង​ប្រតិបត្តិការ​ផលិត​របស់ខ្លួន។ ហើយ​មិនត្រឹមតែប៉ុណ្ណោះទេ ច្បាប់នេះបានបង្កើតយន្តការពិសេសមួយ អនុញ្ញាតឲ្យ​សហគ្រាសអាចចូលរួមជាថវិកា នៅក្នុងដំណើរការ​ប្រមូលយកមកកែច្នៃ ឬកម្ទេចចោល នូវសំរាមប្លាស្ទិកដែលមាន​នៅក្នុង​ធម្មជាតិ​។ សហគ្រាស អាចជ្រើសយក​យន្តការនេះ តាមរយៈការប្រគល់តួនាទីទៅឲ្យ​អង្គភាពមួយផ្សេងទៀត ដោយ​ប្រើប្រាស់កញ្ចប់ថវិកាចំណាយ ដែលគេហៅថា ឥណទានប្លាស្ទិក។ មានន័យថា សហគ្រាសអាចចំណាយ​ប្រាក់ ​ទិញ​លិខិតបញ្ជាក់​ថាប្លាស្ទិក​ក្នុងទំហំ១តោន ​ត្រូវបាន​គេ​ប្រមូលយកពីក្នុងធម្មជាតិ យក​មក​កែច្នៃប្រើប្រាស់ឡើងវិញ ឬុយកទៅដុតចោល ឬមួយក៏ប្រើប្រាស់​ដើម្បីផលិ​តថាមពលជាដើម​។ ក្រុមហ៊ុនមួយឈ្មោះថា PCX Solutions បានក្លាយជាតួអង្គមួយដ៏សំខាន់ នៅក្នុងយន្តការ​ឥណទានប្លាស្ទិកនៅហ្វីលីពីន។ ក្រុមហ៊ុននេះ បានប្រើប្រាស់ថវិកា ក្នុងទំហំចន្លោះពី​១០០ទៅ៥០០ដុល្លារ សម្រាប់ឲ្យ​ទៅប្រជាជនហ្វីលីពីន ដែលចូលរូម​ប្រមូល​សំរាមប្លាស្ទិក។ វាគឺជាមធ្យោបាយ​មួយ ដើម្បីជំរុញលើកទឹកចិត្តប្រជាជន ឲ្យចូលរួមនៅក្នុងការប្រមូល​ប្លាស្ទីក បញ្ជូនយកទៅ​ទីតាំងកែច្នៃសំរាម​។ ប្រជាជនហ្វីលីពីន ដែលប្រកបរបរ​ជា​អ្នកទិញ​សំរាម​ប្លាស្ទិក​ ក៏អាចទទួលបានផលចំណេញដែរ នៅក្នុងបណ្តាញ​ការងារនេះ​។ ក្នុងមួយគីឡូប្លាស្ទិក គេអាចលក់ចំណេញ​បានដល់ទៅ​២៥%ជាមធ្យម​។​ ទោះជាយ៉ាងនេះក្តី ថ្វីបើ​ក្រុមហ៊ុនសហគ្រាសនៅហ្វីលីពីន បានប្រើប្រាស់យន្តការទិញឥណទាន​ប្លាស្ទិក ដើម្បី​ប៉ះប៉ូវ​កាតព្វកិច្ចខ្លួន តែទន្ទឹមនឹងនេះ ការផលិត​ផលិតផល​ថ្មីៗធ្វើពីប្លាស្ទិក ហាក់ដូចជាមិនបានថយចុះទេនៅហ្វីលីពីន​។ លោកស្រី...

Duration:00:06:36

Ask host to enable sharing for playback control

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?

10/31/2024
ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ​បានចាប់ផ្តើម​បោះឆ្នោតជាបណ្តើរៗហើយ​។ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា បេក្ខជន​ធំៗទាំង​២ គឺលោក​ដូណាល់ ត្រាំ និ​ងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀក​ប្រកិត​គ្នា​ខ្លាំងណាស់។ បេក្ខជនទាំង​២ កំពុងតែប្រឹងប្រែង​ធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យា​នយោបាយ របស់​លោកដូណាល់ ត្រាំ និងរបស់​លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ? ការឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ កំពុងប្រព្រឹត្តិទៅ​យ៉ាងសកម្ម​ នៅ​ដំណាក់​កាលចុងក្រោយ មុននឹងថ្ងៃបោះឆ្នោតធំ​មកដល់ គឺថ្ងៃទី​៥វិច្ឆិកា​។ គ្រប់ពាក្យ​សំដីសន្យា​ទាំងអស់ រវាង​​លោក​ដូណាល់ ត្រាំ និង​លោក​ស្រី កាម៉ាឡា ហារីស គឺវាហាក់ដូចជា​ផ្ទុយបញ្ច្រាសគ្នា​សឹងទាំងស្រុង មិនថាសេដ្ឋកិច្ច​ សង្គមកិច្ច អន្តោប្រវេសន៍ ឬបរិស្ថាន​។ តើបេក្ខជនធំទាំង២នាក់នេះ បាន​សន្យា​អ្វីខ្លះ​ ហើយថាតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះ​? សេដ្ឋកិច្ច នៅក្នុងសំណុំរឿង​សេដ្ឋកិច្ច​ វាគឺជាអ្វី​ដែល​ប្រជាជនអាមេរិក​ទន្ទឹងតាមដានបំផុត ព្រោះវា​ជាបន្ទាត់គូសដៅ​កត្តាជីវិតរបស់ពួកគេ​។ ផ្អែកតាមតួលេខចុងក្រោយរបស់ក្រសួង​ពាណិជ្ជកម្មអាមេរិក ផ្សាយ​កាលពីថ្ងៃទី​៣១តុលា​​ គឺអត្រាផរណា បានធ្លាក់​មកត្រឹម​២,១% នៅខែកញ្ញា​​ បន្ទាប់ពីបានកើនឡើងខ្ពស់​ប្រមាណ​៣ឆ្នាំជាប់។ ពោលវាសឹងតែ​ធ្លាក់ទាប​​ដល់​កម្មវត្ថុ​ ដែលរដ្ឋាភិបាល​លោកចូ បៃដិន​បានកំណត់២%។ តែទោះជាយ៉ាងនេះក្តី បញ្ហា​អតិផរណា ទំនិញឡើងថ្លៃ ត្រូវបាន​លោកដូណាល់ ត្រាំ យកទៅ​ស្រែកបន្លឺ ស្តីបន្ទោសការដឹកនាំរបស់​គណបក្សប្រជាធិបតេយ្យ។ ដើម្បីជួយសេដ្ឋកិច្ច​ លោកដូណាល់ ត្រាំ បានប្រកាស​ថា លោក​នឹង​កាត់បន្ថយ​អត្រាប្រមូលពន្ធ​លើប្រាក់ចំណូល របស់​​ប្រជាជន​អាមេរិក​ និង​របស់​​សហគ្រាស។ លោក​បានសន្យាទៀតថា បើលោកជាប់ឆ្នោត គឺលោក​នឹងតំឡើងពន្ធនាំចូល ​ចន្លោះពី​១០ទៅ​២០% លើទំនិញ​បរទេសសឹងគ្រប់មុខ។ ហើយចំពោះទំនិញនាំចូល​ពីចិនវិញ លោកដូណាល់ ត្រាំ សន្យាដំឡើងពន្ធ​យ៉ាងអន់​បំផុត​ក៏​៦០%ដែរ​។ លោកដូណាល់ ត្រាំអួតទៀតថា លោក​នឹងធ្វើឲ្យសហរដ្ឋអាមេរិក​ ក្លាយជាមហាអំណាចធំបំផុត​នៃ​វិស័យ​​លុយឌីជីថល​​។ ចំណែក​លោកស្រីកាម៉ាឡា ហារីស វិញ លោកស្រីបាន​ជ្រើសរើសយកផ្លូវកណ្តាល ដើម្បីជួយ​ជីវភាព​ប្រជាជនអាមេរិក​​​​ដែល​មានជីវភាពមធ្យម។ លោកស្រី​កាម៉ាឡា ហារីស សន្យា​ថានឹងបន្តគោលនយោបាយ​ប្រមូលពន្ធ​ច្រើនពីអ្នកមាន​ធូរធាខ្លាំង ក្នុងអាណត្តិ​​លោកចូ បៃដិន​ តែដោយ​បន្ទាបអត្រាប្រមូលពន្ធបន្តិច​។ លោកស្រី​បាន​សន្យាដាក់ចុះនូវ​វិធានការសង្គមកិច្ចមួយចំនួនដែរ ដើម្បីជួយជីវភាព ដូចជាការ​ផ្តល់ឥណទាន​ពន្ធរដ្ឋទៅឲ្យ​ក្រុមគ្រួសារដែលទើបតែមាន​កូន​កើត ការជួយជាហិរញ្ញវត្ថុ​ដើម្បីបាន​ក្លាយជា​ម្ចាស់កម្មសិទិ្ធផ្ទះ និង​ការជួយចាប់ផ្តើម​បើកក្រុមហ៊ុន ឬមុខរបររកទទួលទានជាដើម​។ បើស្តាប់មួយភ្លែត ការសន្យា​របស់លោ​កដូណាល់ ត្រាំ គឺមានភាពទាក់ទាញខ្លាំងណាស់ សម្រាប់ប្រជាជនអាមេរិក​ទូទៅ។ តែផ្ទុយទៅវិញ ផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការសន្យា​​កាត់បន្ថយ​ការប្រមូលពន្ធក្នុងស្រុករបស់​លោកដូណាល់ ត្រាំ នឹងធ្វើឲ្យរដ្ឋអាមេរិក បាត់បង់ប្រាក់ចំណូលច្រើនសន្ធឹក។ វិធានការសន្យាដោយ​លោកដូណាល់ ត្រាំ និងធ្វើ​ឲ្យ​​ថវិការដ្ឋសហព័ន្ធ​អាមេរិក​​ជួបឱនភាព ចន្លោះពី៣៦០០ពាន់​លានដុល្លារ ទៅ​៦៦០០ពាន់លានដុល្លារ ក្នុង​រយៈពេល​១០ឆ្នាំ​។ អ្នកជំនាញ​លើកឡើងទៀតថា តែផ្ទុយទៅវិញ ការសន្យា​របស់​លោកស្រីកាម៉ាឡា ហារីស គឺ​វានឹងជួយសន្សំ​ប្រាក់ ជួយកាត់​បន្ថយ​​​ឱនភាពថវិកាជាតិអាមេរិក​ប្រមាណ​ជា​៤០០ពាន់​លានដុល្លារ​ ក្នុងរយៈពេល១០ឆ្នាំ​។ អន្តោប្រវេសន៍ សំណុំរឿងគ្រប់គ្រងអន្តោប្រវេសន៍ គ្រប់គ្រងព្រំដែន វាគឺជាស្នូលធំបំផុត​នៃ​ការឃោសនារបស់​លោក ដូណាល់ ត្រាំ។សម្តីជេរប្រមាថ ចោទប្រកាន់ទៅលើជនអន្តោប្រវេសន៍ តែងតែត្រូវបាន​លោក​ដូណាល់ ត្រាំ ស្រែក​បន្លឺជាប្រចាំ​លើវេទិកាឃោសានា។ ជាក់ស្តែង លោក​បាន​និយាយថា ពួកអន្តោប្រវេស​ន៍​គឺ​ជាអ្នកមកបំពុលឈាម​បរិសុទ្ធ របស់ជនជាតិអាមេរិក។ កាលពីអាណត្តិមុន លោក​ដូណាល់ ត្រាំបាន​សន្យា​ធ្វើរបងជញ្ជាំងតាមបណ្តោយ​ព្រំដែនជាមួយ​ប្រទេសមិកស៊ិក។ តែលើកនេះ លោក​បានសន្យាធ្វើខ្លាំងជាងមុនទៀត​ គឺសន្យាបើកប្រតិបត្តិការ​ចាប់​បណ្តេញ​​ជនអន្តោប្រវេសខុសច្បាប់ ចេញពីទឹកដីសហរដ្ឋអាមេរិក ឲ្យ​បានចំនួន​ច្រើនបំផុត​ក្នុងប្រវត្តិសាស្ត្រ​។ ខាងលោកស្រី​ កាម៉ាឡា ហារីសវិញ លោកស្រី បានសន្យាថាអាណត្តិលោកស្រី នឹងសន្យារឹតបន្តឹង​ការ​អនុវត្តច្បាប់ ការយាមល្បាត និងការ​រារាំងការលួ​ចឆ្លងព្រំដែន​ របស់អន្តោប្រវេសន៍​ខុសច្បាប់។ ដោយ​មិនប្រើភាសាខ្លាំង ដៀលជេរ ចោទប្រកាន់ដូចលោកដូណាល់ ត្រាំ លោកស្រី​កាម៉ាឡា ហារីស បាន​លើកឡើងថា អ្នកដែលចូល​មកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ត្រូវដឹងថាខ្លួន​នឹងត្រូវប្រឈមនឹង​ផល​វិបាក។ សិទ្ធិរំលូតកូន​ សំណុំរឿងមួយទៀត ដែលពុះចែក​គ្នារវាងបេក្ខជនបក្សសាធារណរដ្ឋនិងបក្ស​ប្រជាធិបតេយ្យ គឺបញ្ហាសិទ្ធិរំលោតកូន​។​ សំណុំរឿងនេះ បានបង្ហាញ​ឲ្យ​ឃើញ​អំពី​ទស្សនវិស័យ​២ផ្ទុយគ្នាស្រឡះ...

Duration:00:08:09

Ask host to enable sharing for playback control

គូស្វាមីភរិយាអូបាម៉ា គឺជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពល​ សម្រាប់បេក្ខភាព​លោកស្រី កាម៉ាឡា ហារីស

10/27/2024
នៅបាំងមិនដល់១០ថ្ងៃទៀតទេ ការបោះឆ្នោតប្រធានាធិបតី​អាមេរិក​នឹងមកដល់។ បេក្ខជនធំៗទាំង២ គឺលោកស្រី​ កាម៉ាឡា ហារីស និ​ងលោកដូណាល់ ត្រាំ កំពុងតែ​ប្រឹង​ប្រែងឃោសនារៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រនៅតាមរដ្ឋ​សំខាន់ៗ ដែល​មាន​ចំនួន​អ្នកបោះឆ្នោតតំណាង​ច្រើន​នាក់​។ ជាការកត់សំគាល់ សន្ទុះនៃការគាំទ្រ​​ទៅលើ​បេក្ខ​ជនទាំង២ ហាក់ដូចជាកាន់តែខិតជិតប្រកៀកប្រកិតគ្នាខ្លាំងឡើង។ វត្តមានចូលរួម របស់​លោកអូបាម៉ា និង​ភរិយា នៅក្នុងយុទ្ធនាការឃោសនា​របស់​លោកស្រី កាម៉ាឡា ហារីស គឺជាកម្លាំងទាក់ទាញ​ដ៏ធំនិងមិនអាចខ្វះបាន​ ដែលគណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹមថា វា​អាចនឹងផ្តល់សន្ទុះ​ចុងក្រោយ​ រុញ​ឲ្យ​លោកស្រី​កាម៉ាឡា ហារីស បានទទួលជ័យជំនះ លើលោកដូណាល់ ត្រាំ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់​លោកស្រី កាម៉ាឡា ហារីស បេក្ខជនបក្សប្រជាធិបតេយ្យ គេសង្កេតឃើញថា គូស្វាមី​ភរិយាអូបាម៉ា បានចូលរួមយ៉ាងសកម្ម។ ម្តងៗ​ នៅ​ពេលដែល​លោកអូបាម៉ា មានវត្តមានកាន់មីក្រូនិយាយ មនុស្សម្នាស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងយ៉ាង​អឺងកង។ សកម្មជនអ្នកគាំទ្រ​លោកស្រី​ កាម៉ាឡា ហារីស ខ្លះ បាន​លើកឡើងថា គូស្វាមីភរិយាអូបាម៉ា គឺជានិម្មិតរូប​នៃ​ថាមពល​វិជ្ជមាន នៃសេចក្តីសង្ឃឹម។ ជាងនេះទៀត វត្តមានរបស់​លោកអតីតប្រធានាធិបតី​ អូបាម៉ា និង​ភរិយា បានដាស់ឲ្យ​គេ​នឹកស្រណោះទៅ​ដល់អតីតកាល ដែលសហរដ្ឋអាមេរិក​មិនទាន់បែកបាក់គ្នា​ឈ្លោះប្រកែកគ្នាដូចពេលឥឡូវនេះ​។ អ្នកគាំទ្រខ្លះទៀត បាន​លើកឡើងថា គេពេញចិត្ត​លោកអូបាម៉ា និង​ភរិយាណាស់ ព្រោះពេល​លោក​និងភរិយាឡើងថ្លែងសារ​ក្នុងពេលឃោសនាបោះឆ្នោតម្តង គឺច្បាស់ៗ មានហេតុផល ពោរពេញដោយពាក្យ​ដែលមានអត្ថន័យ ចាក់ជ្រៅជាប់ក្នុង​ចិត្តរបស់អ្នកស្តាប់។ ការចូលរួម​របស់​លោក បារ៉ាក់ អូបាម៉ា និ​ងលោកស្រីមីឈែល អូបាម៉ា​ នៅក្នុងការឃោសនារបស់​លោកស្រីកាម៉ាឡា ហារីស គឺជា​ការផ្តល់​កម្លាំង ពង្រឹងភាពរឹងមាំនៃបេក្ខភាព​របស់​លោកស្រី កាម៉ាឡា ហារីស។ គួរបញ្ជាក់ថា ចាប់តាំងពី​យុទ្ធនាការឃោសនាបានចាប់ផ្តើម គេឃើញលោកបារ៉ាក់ អូបាម៉ា បានចូលរួម​យ៉ាងសកម្មតាំងតែពីតំបូង និង​បានឡើងថ្លែងសុន្ទរកថាជាច្រើនលើក។ ដោយឡែក លោកស្រី​ មីឈែល អូបាម៉ា ​វិញមិនសូវជាចេញមុខប៉ុន្មានទេ។ នៅក្នុងកម្មវិធីឃោសនាធំនៅ​រដ្ឋមីឈីហ្គែន កាលពីថ្ងៃសៅរ៍ ទី​២៦តុលា វាគឺជាលើកទី​២ប៉ុណ្ណោះ ដែល​លោកស្រីមីឈែល អូបាម៉ា ឡើងថ្លែងសុន្ទរកា។ ក៏ប៉ុន្តែ​វត្តមាន​របស់​លោកស្រី មីឈែល អូបាម៉ា នៅលើឆាកម្តងៗ គឺបានទទួល​ការស្វាគមន៍​ ស្រែក​ហ៊ោរគាំទ្រ យ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ។ នៅចំពោះ​មុខមហាជន​រាប់ម៉ឺននាក់ នៅមីឈីហ្គែន លោកស្រី មីឈែល អូបាម៉ា បាន​ថ្លែងថា​ លោកស្រីមិនចូលចិត្តនយោបាយ​ទេ។ ក៏ប៉ុន្តែ​ លោកស្រី​បានចំណាយ​ពេល​មកចូលរួម ក៏ដោយសារថាកាលៈទេសៈពេលនេះ គឺជាពេល​ដែល​សំខាន់បំផុត។ លោកស្រីអូបាម៉ា បានថ្លែងសារ​ដ៏មានអត្ថន័យ ហៅ​ឲ្យ​ប្រជាពលរដ្ឋអាមេរិក​ទាំងអស់ ក្រោកឈរឡើងយកសន្លឹកឆ្នោតទៅ​ការពារ​សិទ្ធិ​របស់ស្ត្រី​។ លោកស្រី​អូបាម៉ា បានលើកឡើងថា យើងទាំងអស់គ្នាជាស្ត្រី ត្រូវតែ​ស្រែក​បន្លឺសំឡេង​ឲ្យ​មនុស្ស​ប្រុសទាំងអស់ ដែលយើងគោរពស្រលាញ់ ឲ្យ​ពួកគេ​បានឮ ថាអ្វីទៅដែលជាសារៈសំខាន់ អ្វីទៅដែលជាគ្រោះថ្នាក់នៅពេលនេះ​។ យើងត្រូវ​តែប្រាប់ទៅពួកគេថា ជីវិតរបស់​យើង មិនមែន​គ្រាន់តែជាម៉ាស៊ីន​ដើម្បី​បង្កើតកូនតែប៉ុណ្ណោះទេ។ គួរកត់សំគាល់ថា សាររបស់លោកស្រីអូបាម៉ា បាន​ផ្តោតសំខាន់ទៅលើសិទ្ធិរំលូតកូនរបស់ស្ត្រី​អាមេរិក ដែល​លោក​ដូណាល់ ត្រាំ ក៏ដូចជាបក្សស្តាំអភិរក្សនិយម កំពុងតែរុះរើកកាយកំទេចចោល​។ សំណុំរឿងសិទ្ធិរំលូតកូន គឺជាស្នូល​ដ៏ធំមួយ នៃយុទ្ធនាការឃោសនារបស់​លោកស្រី កាម៉ាឡា ហារីស ដើម្បីទាក់ទាញ​ស្ត្រី​អាមេរិក​ ឲ្យ​ងាក​មកបោះឆ្នោតរារាំងកុំឲ្យ​លោកដូណាល់ ត្រាំ អាចឡើងធ្វើជាប្រធានាធិបតីវិញ​។ លោកស្រី Sonia Gipson Rankin សាស្ត្រាចារ្យច្បាប់​នៅ​សកលវិទ្យាល័យ​នូវូមិចស៊ិក បាន​លើកឡើងថា លោក​បារ៉ាក់ អូបាម៉ា និង​លោកស្រី មីឈែល អូបាម៉ា កំពុងតែចូលរួមជួយ​លោកស្រី​ កាម៉ាឡា ហារីស តាមបែបរៀងៗខ្លួន​។ ជំហរគាំទ្ររបស់​លោកបារ៉ាក់ អូបាម៉ា ក្នុងនាមជាអតីតប្រធានាធិបតី​ដ៏មានប្រជាប្រិយភាព គឺវាជា​ការបញ្ជាក់ដ៏មាន​ឥទ្ធិពលបំផុត ថាលោកស្រីកាម៉ាឡា ហារីស មានសមត្ថភាពដឹកនាំប្រទេស​។ ទំងន់គាំទ្ររបស់​លោកអូបាម៉ានេះ គឺវាមានឥទ្ធិពលខ្លាំងណាស់ មិនត្រឹមតែ​ទៅលើក្រុម​ប្រជា​ជន​​អាមេរិកស្បែកខ្មៅប៉ុណ្ណោះទេ តែវាមានឥទ្ធិពលទៅលើ​ប្រជាជនអាមេរិកជាទូទៅទាំងអស់​ ដែល​​មិនចាត់ទុកថាខ្លួនស្ថិតក្នុងចំណោមក្រុមណាមួយ។ ចំណែក​ ​លោកស្រី មីឈែល អូបាម៉ា វិញ លោកស្រី​គឺជា​មនុស្ស​ម្នាក់ដែលមានទេពកោសល្យ​ដ៏ពិសេសណាស់ នៅក្នុងការប្រើពាក្យ​ពេចន៍​ និងឃ្លាឃ្លោង​និយាយ​។ សម្រាប់​លោកស្រីសាស្ត្រាចារ្យ Sonia Gipson Rankin ក្នុងចំណោម​មនុស្ស​ជំនាន់នេះ គឺគេពិបាក​ទៅរកអ្នកណា ដែល​ពូកែនិយាយដូចលោកស្រី មីឈែល អូបាម៉ាបានណាស់​។ លោកស្រីអូបាម៉ា មានសមត្ថភាពដ៏កម្រ ដែល​អាចនិយាយបរិយាយពន្យល់ ជាមួយហេតុផលនិងអត្ថន័យ​ ដែលចាត់មុតចូលជ្រៅ ក្នុងក្រឳបេះដូងរបស់អ្នកស្តាំ។ អ្នកដែល​បានស្តាប់សំដីរបស់​លោកស្រី​ហើយ គឺមានក្តីក្តុកក្តួល...

Duration:00:06:59

Ask host to enable sharing for playback control

មហាសេដ្ឋីElon Musk ឲ្យលុយ​​​អ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ​ ក្នុង១ថ្ងៃ

10/22/2024
មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក អេឡុន ម៉ាសក៍ Elon Musk​បាន​ប្រកាស​ផ្តល់​លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់​អ្នកបោះឆ្នោត ពីពេលនេះ រហូត​ដល់ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៥​វិច្ឆិកា។ អ្នកដែលអាច​ទទួល​សែក ឬ មូលប្បទានបត្រ ចំនួន​១លាន​ដុល្លារ​ពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរព​លក្ខខណ្ឌពីរ។ ទី១ ពួកគេ​ត្រូវមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត និងទី២ ពួកគេ​ត្រូវ​ចុះ​ហត្ថលេខា​លើញត្តិ​ដែល​លោក​អេឡុន ម៉ាសក៍​បាន​បង្កើតឡើង​ដើម្បី​ទាមទារ​សេរីភាព បញ្ចេញមតិ និង​សិទ្ធិ​កាន់កាប់អាវុធ។ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍​បាន​ជ្រើសរើស​ស្រ្តី​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​ម្នាក់ ដែល​មានសំណាងទទួល​បាន​សែក​លុយ​១លានដុល្លារ។ ដោយសារ​យុទ្ធនាការ​ចែកលុយ​របស់​លោក​អេឡុន ម៉ាសក៍ ១លាន​ដុល្លារ ក្នុងមួយថ្ងៃ ​ធ្វើឡើង​តែ​ក្នុង​រដ្ឋ​គន្លឹះ ដូចជា​នៅរដ្ឋ​PennsyVania ជាដើម អភិបាល​រដ្ឋ​Pennsyvenia ​ផ្ទាល់ ដែលជា​អ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីស​បាន​បង្ហាញ​ក្តីបារម្ភ ខណៈ អ្នកជំនាញ​ច្បាប់​លើកឡើង​ពី​ការរំលោភ​ច្បាប់​បោះឆ្នោត។ មហាសេដ្ឋី​ដែល​មាន​លុយច្រើន​ជាងគេ​បំផុត​ក្នុង​លោក លោក​អេឡុន ម៉ាសក៍ បាន​ប្រែក្លាយខ្លួន​ពីអ្នកជួយ​លុយធម្មតា មកជា​មនុស្សសកម្ម នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកដូណាល់ ត្រាំ។ នៅតែ​២សប្តាហ៍មុន​ការបោះឆ្នោតប្រធានាធិបតី​អាមេរិក ដែលត្រូវ​ប្រព្រឹត្តទៅនៅថ្ងៃទី ៥​វិច្ឆិកា មហាសេដ្ឋី អេឡុន ម៉ាសក៍​បាន​ចាយលុយ​លានៗ​ដុល្លារ ដើម្បី​អូសទាញ​សំឡេងអ្នកបោះឆ្នោត នៅ​ក្នុង​រដ្ឋ​គន្លឹះ រដ្ឋដែល​សម្រេចជោគវាសនា​របស់​បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ និង​ខាម៉ាឡា ហារីស។ ជាក់ស្តែង​ បន្ទាប់ពី​ប្រកាសកាលពីខែ សីហា ថា​លោក​គាំទ្រ និង​​ផ្តល់​លុយ​៤៥លាន​ដុល្លារ ជារៀងរាល់​ខែ ដល់ America PAC ដែលជា​គណៈកម្មាធិការ​សកម្មភាពនយោបាយ​ចាំ​ជួយ​ការឃោសនាបោះឆ្នោត​របស់​បក្ស​សាធារណ​រដ្ឋ​ មហាសេដ្ឋី ​ម្ចាស់ក្រុមហ៊ុន​បច្ចេកវិទ្យា SpaceX និងក្រុមហ៊ុនផលិតរថយន្ត​​តេសឡា​បាន​បង្ហាញ​ខ្លួន​ លេចធ្លោ​ក្នុង​យុទ្ធនាការ​ឃោសនាជួយ​លោកដូណាល់ ត្រាំ​នៅតាម​រដ្ឋ​គន្លឹះ ដូចជារដ្ឋ​​pennsylvania។ នៅលើ​វេទិកា​ដែលមានទង់ជាតិអាមេរិកជាផ្ទាំងបាំងពីខាងក្រោយ លោកអេឡុន ម៉ាសក៍​មិន​បាន​ស្រែក​ឃោសនា​ច្រើន​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជនអាមេរិក​ដែល​ភាគច្រើន គេដឹងថា ជាអ្នកគាំទ្រ​លោកដូណាល់ ត្រាំ។ ប៉ុន្តែ មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៤៨ពាន់​លានដុល្លារ ប្រើអំណាចទឹកលុយ តាមរយៈ​ការចុចឈ្មោះ​ដោយ​ចៃដន្យ អ្នកដែលត្រូវ​ទទួល​សែកដែលមាន​ទឹកលុយ ១លានដុល្លារ។ បើតាម​លោក អេឡុន ម៉ាសក៍ ពីថ្ងៃសៅរ៍ទី ១៩​តុលា រហូត​ដល់​ថ្ងៃ​បោះឆ្នោត ពោលគឺ​ជារៀងរាល់ថ្ងៃ លោក​នឹង​ចែកសែក ទឹកប្រាក់​១លានដុល្លារ ដល់​អ្នកដែល​បាន​ចុះហត្ថលេខាលើ​​ញត្តិ​របស់គណៈកម្មាធិការ ​America PAC ​ដែលលោក​បង្កើតឡើង​ដើម្បីឃោសនាជួយឲ្យលោកដូណាល់ ត្រាំឈ្នះឆ្នោត ​ត្រលប់មក​គ្រប់គ្រង​សេតវិមានសាជាថ្មី។ លោក​អេឡុន ម៉ាស​និយាយ​ថា អ្នកដែល​អាច​ទទួល​សែក ទឹកលុយ​១លាន​ដុល្លារបាន​ លុះត្រា​អ្នកនោះ​បានចុះ​ហត្ថលេខា​លើ​ញតិ្ត​ដែលគាំទ្រ​រដ្ឋធម្មនុញ្ញអាមេរិក នោះគឺ​សិទ្ធិសេរីភាពបញ្ចេញមតិ និង​សិទ្ធិកាន់កាប់អាវុធ។ លើសពីនោះទៀត អ្នកនោះ​បាន​ចុះឆ្នោត​បោះឆ្នោត​រួចហើយ។ ពីខាង​គណបក្ស​ប្រជាធិបតេយ្យ ជាពិសេស​អរភិបាល​រដ្ឋ​pennsylvania ​មិន​លាក់លៀម​ពីក្តីបារម្ភ​ នៅចំពោះ​មុខ​យុទ្ធនាការ​ឃោសនា​ដ៏សម្រុក ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត​យ៉ាងដូច្នេះ។​ នៅអាមេរិក ការចាយលុយ​ដើម្បីជំរុញ​​ឲ្យ​គេ​ចុះឈ្មោះបោះឆ្នោត ឬ​ទៅ​បោះ​ឆ្នោត ជា​រឿងខុសច្បាប់។ អ្នកដែល​ចាយលុយ និងអ្នកដែលទទួលលុយ ត្រូវប្រឈម​នឹង​ទោសពិន័យជា​ប្រាក់១ម៉ឺនដុល្លារ ឬ​ទោស​ជាប់ពន្ធនាគារ​៥ឆ្នាំ។ លោក​អេឡុន​ ម៉ាសក៍ផ្ទាល់មិនបាន​ចាយលុយ​​ ដើម្បីជំរុញ​ឲ្យ​គេ​ទៅបោះឆ្នោត ដូច​ការហាម​របស់ច្បាប់​ ប៉ុន្តែ ការផ្តល់​សែក ១លាន​ដុល្លារ​សម្រាប់តែ​អ្នកដែលបានចុះឈ្មោះ​បោះឆ្នោត ហើយ​នៅតែក្នុង​រដ្ឋ​គន្លឹះ ដែល​ជា​អ្នកកំណត់​ជ័យជំនះ​របស់​បេក្ខជន​ប្រធានាធិបតី គឺ​ជា​រឿង​ខុសច្បាប់​បោះឆ្នោត​អាមេរិក។ នេះបើតាម​អ្នកជំនាញ​ច្បាប់បោះឆ្នោត លោក Rick Hasen​នៅ​លើ​Blog ផ្ទាល់ខ្លួន​របស់​លោក​។ មហាសេដ្ឋី Elon Muskជះលុយទាក់ទាញអ្នកបោះឆ្នោត បើទោះជាអាច​រងការចោទប្រកាន់​ថា រំលោភច្បាប់បោះឆ្នោត។ ហេតុអ្វី​មហាសេដ្ឋី​ម្ចាស់ក្រុមហ៊ុន​Space X ដាក់ទុនច្រើនសន្ធឹកសន្ធាប់ ​យ៉ាងដូច្នេះ? លោក​អេឡុន ម៉ាសក៍​បាន​ប្រើ​​យុទ្ធសាស្រ្ត​ថ្មី ចាយលុយ​រាប់លាន​ដុល្លារ ដើម្បីផ្តល់សន្ទុះ​ចុងក្រោយ ជួយ​លោកដូណាល់ ត្រាំ​នៅក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោតនៅ​ក្នុង​រដ្ឋ​គន្លឹះ ខណៈដែល​​ការស្ទង់មតិ​បង្ហាញថា បេក្ខជន​ប្រធានាធិបតី​ទាំងពីរ មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​ខ្លាំង ហើយ​លោកដូណាល់ ត្រាំ​នាំមុខ​លោកស្រី​ខាម៉ាឡា ហារីស​បន្តិចបន្តួចប៉ុណ្ណោះ។ នៅក្រោយ​ការពិភាក្សា​តទល់​រវាង​បេក្ខជន​ ដូណាល់​ ត្រាំ និង​លោកស្រី ខាម៉ាឡា ហារីស លោក​អេឡុន ម៉ាសក៍បាន​ប្រកាស​ដោយ​មិន​លាក់​លៀមថា លោក​គាំទ្រ...

Duration:00:06:06

Ask host to enable sharing for playback control

អ្វី​ជា​កម្មវត្ថុ​របស់​សន្និសីទ​​អង្គការ​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ​លើក​ទី​១៦?

10/21/2024
សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ជីវ​ចម្រុះ​លើក​ទី​១៦ ដែល​ចាប់​បើក​នៅ​​ថ្ងៃ​ចន្ទទី​២១​តុលា​២០២៤ នៅក្រុង​កាលី​ប្រទេស​កូឡុំប៊ី ជា​ការ​ណាត់ជួប​​ខ្នាត​អន្តរជាតិ​លើក​ទីមួយ​ គិត​ចាប់​តាំងពី​ពិភពលោក​មាន​ផែនការ​បញ្ឈប់ការ​បំផ្លិច​បំផ្លាញផែន​​ដី​ មហា​សមុទ្ទ និង​ជីវិតជីវចម្រុះ​គ្រប់​ប្រភេទ ត្រឹម​ឆ្នាំ​២០៣០មក។ ​ផែនការមាន​ហើយ ​ឥលូវ​ដល់​ពេល​ត្រូវប្រែក្លាយ​ផែនការ​ឱ្យ​ការ​ពិត​ជាក់​ស្តែង។ តើ១៩៤​ប្រទេស​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ដើម្បី​ជីវចម្រុះ ត្រូវមាន​សកម្មភាព និង​ដំណោះស្រាយ​​យ៉ាងណា ដើម្បី​ធានា​សម្រេច​កម្មវត្ថុ​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ? ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ពី​ឆ្នាំ​ម្តងតាំងពី​ឆ្នាំ​១៩៩២មក សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ជីវ​ចម្រុះCOP១៦ បាន​ការ​ចូល​រួមជា​លើក​ទី​មួយ​ពី​សំណាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​មួយចំនួន​ ជាង​១០ប្រទេស មាន​អាទិ៍​ប្រធានាធិបតី​ប្រេស៊ីល​លូឡា ក្បែរ​​បណ្តា​រដ្ឋមន្ត្រីជាង​មួយ​រយ​​ប្រទេស​ ព្រមទាំង​អ្នក​ការទូត អ្នក​ជំនាញ សកម្មជន​បរិស្ថាន ឬ​អង្គការ​ សហគ្រាស​នានា សរុប​ជាង​១៨០០០នាក់។ ជំនួប​ដ៏​ធំ​សម្បើម​នេះ ជា​ឱកាស​ពិចារណា​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ប្រែក្លាយ​កម្មវត្ថុ​កំណត់​រួចឱ្យ​ក្លាយ​សកម្មភាព​ជាក់​ស្តែង? កាលពី​ឆ្នាំ​២០២២ ក្នុង​សន្និសីទ​ជីវចម្រុះ​លើក​ទី​១៥ នៅ​ទីក្រុង​ម៉ុងរ៉េអាល់​ប្រទេស​កាណាដា សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់​បាន​​អនុម័តកិច្ចព្រមព្រៀង ក្នុង​ក្រប​ខ័ណ្ឌ​ការពារ​ជីវចម្រុះពិភពលោក។ មាន​​មហិច្ឆតាខ្លាំង​ ​កិច្ចព្រមព្រៀង​ឈ្មោះ ​Kunming-Montréal ដែល​ជា​​ផែនទី​ចង្អុល​ផ្លូវ​ មាន​កម្មវត្ថុ​២៣យ៉ាង សម្រាប់​ឈាន​ទៅ​បញ្ឈប់ការ​បំផ្លិច​បំផ្លាញ​ផែន​ដី និងមហាសមុទ្ទ​៣០% និងស្តារ​ប្រព័ន្ធ​អេកូសាស្ត្រ​​ជីវិត​សត្វ​រុក្ខជាតិ​គ្រប់​ប្រភេទឱ្យ​បាន​៣០%​ដែរ នៅ​ឆ្នាំ​២០៣០ ហើយ​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ឱ្យ​បាន​ពាក់​កណ្តាល ព្រមទាំង​ប្រមូល​ថវិកា​ឱ្យ​បាន​២០០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដើម្បី​ធម្មជាតិ។ កិច្ច​សន្យាមាន​អាយុ​​ពីរ​ឆ្នាំ​​ ហើយ​ពួក​គេ​មាន​ពេល​ត្រឹម​តែ​៦ឆ្នាំ​ទៀត​ប៉ុណ្ណោះ តើ​មាន​អ្វី​ជឿន​លឿន​ទៅ​មុខ​ខ្លះទេ? ចម្លើយ​គឺគ្មាន​ការ​ជឿន​លឿន​ប៉ុន្មាន​ទេ។ ​បើ​តាម​អង្គការ​WWF ពេល​កាន់តែ​ខើច​ ជីវចម្រុះ​​ហិនហោច​កាន់​តែ​លឿនខ្លាំង​។ ក្នុង​រយៈ​ពេល​៥០​ឆ្នាំចុងក្រោយនេះ​ ការ​បាត់​បង់​​សត្វព្រៃ​មាន​កំរិត​ដល់​ទៅ​៧៣%។ នៅ​តែ​កញ្ញា ៨,៣៥%​នៃ​មហាសមុទ្ទ ១៧,៥%​នៃ​ផ្ទៃដី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បាន​ទទួល​ការ​ការពារ ពោល​គឺ​ច្រើន​ជាង​ឆ្នាំ​២០២២​បន្តិច (សមុទ្ទ​៨,១៦% និង​ដី​១៥,៨%)​។ នេះ​បើ​តាម​អង្គការ​WWFដដែល ដោយ​ផ្អែក​លើ​ទិន្នន័យ​បឋម​របស់​អង្គការសហប្រជាជាតិ។ តុល្យការ​ផ្លូវការ​ថ្មី​នឹង​បង្ហាញ​នៅ​ឆ្នាំ​២០២៦ (COP១៧)។ ចំណែក​សកម្មភាព​របស់​រដ្ឋនីមួយៗ​គិត​ត្រឹម​ថ្ងៃទី ១៦​តុលា​២០២៤វិញ​ ​មាន​តែ​២៩​ប្រទេស​ប៉ុណ្ណោះ​ បានលម្អិត​​យុទ្ធសាស្ត្រ​និង​ផែនការជាតិ​​ដើម្បី​ជីវចម្រុះ​ និង​៩១​ប្រទេស​បានត្រឹម​​លើក​គម្រោង​សន្យា​ត្រួសៗ​និងមិន​ពេញ​លេញ​។ ប្រទេស​ជា​ច្រើន​ទៀត អាច​នឹង​បង្ហាញ​ផែនការ​សកម្ម​ជាក់​ស្តែង​របស់​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​សន្និសីទនៅ​កាលី​នេះ​តែ​ម្តង។ ហេតុដូច្នេះ​ហើយ​បាន​ជា COP១៦ត្រូវ​ស្វែងរក​និង​អនុម័ត​វិធាន​រួម​មួយ​ ​ តើ​ត្រូវ​វាយតម្លៃអំពី​ប្រសិទ្ធភាព​នៃ​​ផែនការ​ជាតិ​ដោយ​ឈរ​លើ​គោលការណ៍អ្វី ? តើ​នរណា​ជា​អ្នក​ត្រួត​ពិនិត្យ​ដល់​កន្លែង​ថា​អ្វីៗ​ពិត​ជា​មាន​ដំណើរការ​ទៅ​មុខ​មែន? សម្រាប់​ផ្ទៀង​ផ្ទាត់និង​ផ្តល់​តុល្យការ​ដំបូង​នៅ​ឆ្នាំ​២០២៥។ COP១៦នៅកាលី ក៏​ត្រូវ​រក​ឱ្យ​ឃើញ​ក្បួន​សម្រាប់អនុវត្ត​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ករណី​យក​បរិស្ថានមក​លុប​លាង។ ដូច​រាល់​គ្រប់​ដំណោះស្រាយ​ ថវិកា​ជាឧបសគ្គ​ដ៏​ធំ​ចម្បង​មួយ​ទៀត។ ​តាំង​ពី​ប្រកាស​បង្កើត​មូលនិធិ​ជីវចម្រុះ​នៅ​COP១៥​មក ម្ចាស់​អំណោយ​និង​អ្នក​ទទួល​អំណោយ​ចាប់​ផ្តើម​ហែកហួរ​គ្នា។ ប្រទេស​ទទួល​ជំនួយ​ចង់​ឱ្យ​មូលនិធិ​ដើម្បី​បរិស្ថានពិភពលោក មា​ន​ឯករាជ្យ​និង​មាន​អភិបាល​កិច្ច​ផ្ទាល់​ខ្លួន​ តែ​ប្រទេស​អ្នក​ផ្តល់​វិភាគទាន ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​អង្គការ។ ជា​រឿងតូច​តាច​​មែន​តែ​ការ​ជជែក​តឹង​សរសៃ​ក​ខ្លាំង ដោយ​ចំណាយពេល​និង​ថាមពល​អស់​ច្រើន​ណាស់។ ហើយ​ពេល​នេះ​លុយ​ទើប​​ចូល​ហិប​មូលនិធិ​បាន​ប្រមាណ​៤០០​លាន​ដុល្លារ​ប៉ុណ្ណោះ ឆ្ងាយ​ពី​កម្មវត្ថុ​២៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង Kunming Montréalណាស់។ ក្នុង​ន័យ​នេះ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូទែរក៍ បាន​អំពាវនាវ​នៅ​មួយ​ថ្ងៃ​មុន​ការ​ការ​បើក​សន្និសីទ​ សុំ​ឱ្យ​អ្នក​ចរចា​ទាំងអស់​ចាក​ចេញ​ពី​ក្រុង​កាលី​នៅថ្ងៃទី​១​វិច្ឆិកា ជាមួយ​ការ​វិនិយោគ​ដ៏​ធំធេង​ផ្តល់មូលនិធិ​ដល់​ផែនការ​ជីវចម្រុះ​ពិភពលោក ដោយ​​ប្រមូល​​​ហិរញ្ញវត្ថុ​ពី​​​គ្រប់​ប្រភពសាធារណៈ​និង​ឯកជន​ដើម្បី​ធ្វើ​សកម្មភាព​បាន​ពេញ​ទំហឹង។ ជា​ចុងក្រោយ​...

Duration:00:05:09

Ask host to enable sharing for playback control

កៀវ៖ ​ទ័ពកូរ៉េខាងជើងជួយច្បាំងរុស្ស៊ី​ នោះស​​មរភូមិអ៊ុយក្រែន​​កាន់តែស្មុគស្មាញ ​អូសបន្លាយយូរ និងរីកធំ

10/20/2024
សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន រួមទាំង​អ៊ុយក្រែន​ផ្ទាល់ផង​បាន​រំជើបរំជួល​ ជ្រួលច្របល់​ខ្លាំង នៅ​ចុងសប្តាហ៍នេះ បន្ទាប់មាន​ក្រុមចារកម្ម​កូរ៉េខាងត្បូង​បានប្រកាស​​ដំណឹងថា ​ទាហាន​កូរ៉េខាងជើង​ជាង​១ពាន់នាក់​ធ្វើដំណើរ​ទៅដល់​មូលដ្ឋានទ័ព​រុស្ស៊ី នៅ​Vladivostok​នៅ​ខែតុលា​នេះ ដើម្បី​ចូលរួមប្រយុទ្ធកៀកស្មា​ជាមួយ​កងទ័ពរុស្ស៊ី នៅក្នុង​សមរភូមិអ៊ុយក្រែន។ វត្តមានទ័ព​កូរ៉េខាងជើង​ក្នុងជួរកងទ័ពរុស្ស៊ីនៅ​សមរភូមិអ៊ុយក្រែន​ នឹង​ធ្វើ​ឲ្យ​សង្រ្គាមដ៏ធំមួយនេះ នៅទឹកដី​អឺរ៉ុប ​​ផ្លាស់ប្តូរក្នុងទម្រង់មួយ​ដ៏គួរ​ឲ្យគ្រោះថ្នាក់។ ដោយ​លូកដៃ​ក្នុង​សង្រ្គាម​អ៊ុយក្រែន ក្រោម​រូបភាព​ចាប់ដៃ​សហការយោធា​ជាមួយ​ភាគីរុស្ស៊ី កូរ៉េខាងជើង​បាន​តម្លើង​តួនាទីខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ដែល​គេ​ត្រូវ​ខ្លាចរអា។ លោកខាងលិច និងកូរ៉េខាងត្បូង ជប៉ុន​ ដែលជា​សម្ព័ន្ធមិត្តបញ្ជូនសព្វា​អាវុធ​ទៅ​ជួយអ៊ុយក្រែនបាន​ត្រឹម​តែ​ស្រែកថ្កោលទោសកូរ៉េខាងជើង​ដែល​បាន​បញ្ជូន​អាវុធ​ទៅឲ្យរុស្ស៊ី​យកទៅ​វាយប្រហារ​លើ​អ៊ុយក្រែន ប៉ុន្តែ មិនទាន់ទាញសញ្ញាអាសន្ន ព្រួយបារម្ភខ្លាំង​ដូច​ចុងសប្តាហ៍មុនទេ។ នៅ​ថ្ងៃ​សុក្រទី ១៨​តុលា ក្រុមចារកម្ម​កូរ៉េខាងត្បូង​ទើបបាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​ដែល​នៅក្នុង​នោះ ក្រុមចារកម្ម​កូរ៉េខាងត្បូង​អះអាងថា ទាហាន​កូរ៉េខាងជើង​ប្រមាណ​១៥០០នាក់ ត្រូវ​បាន​កប៉ាល់​ជើងទឹករុស្ស៊ី​ដឹកយកទៅដាក់​ពង្រាយ​នៅ មូលដ្ឋានទ័ព​ក្នុងទឹកដី​រុស្ស៊ី។ បើតាម​ក្រុមចារកម្ម​កូរ៉េខាងត្បូង នេះគ្រាន់តែ​ជា​ការចាប់ផ្តើម ព្រោះថា ពីពេលនេះទៅមុខ កូរ៉េខាងជើង​នឹង​បញ្ជូនជាបន្តបន្ទាប់​ទាហាន​របស់ខ្លួន​ទៅ​រុស្ស៊ី ឲ្យគ្រប់ចំនួន ១២០០០នាក់ ដើម្បី​ចូលជួយច្បាំង​​កងទ័ពរុស្ស៊ីនៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន។ បញ្ជូនទ័ពទៅ​ជួយ​រុស្ស៊ី​មានន័យយ៉ាងណា​ចំពោះ​កូរ៉េខាងជើង ? ចំពោះអ្នកវិភាគ​ Hong Min របស់​វិទ្យាស្ថាន​កូរ៉េដើម្បី​ការបង្រួបបង្រួមជាតិ ការបញ្ជូនទ័ពកូរ៉េខាងជើង​ជាច្រើនពាន់​នាក់​ទៅជួយច្បាំង​កងទ័ពរុស្ស៊ី​ ជាផ្លែផ្លាមួយនៃ​កិច្ចព្រមព្រៀងជំនួយយោធា ដែល​មេដឹកនាំ​រុស្ស៊ី និង កូរ៉េខាងជើងបាន​ចុះហត្ថលេខា​កាលពី​ខែ មិថុនា​ឆ្នាំនេះ។ នៅ​ពាក់កណ្តាល​ខែ​តុលានេះ ម៉ូស្គូបាន​ចេញមក​បញ្ជាក់ជាថ្មី​នៃខ្លឹមសារ​កិច្ចព្រមព្រៀង​យោធា​ ដែលនៅក្នុង​នោះ រុស្ស៊ី និង កូរ៉េខាងជើង នឹងធ្វើអន្តរាគមយោធា ជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរនេះ រងការឈ្លានពាន ឬ ការប្រកាសសង្គ្រាមជាផ្លូវការ ពីសំណាក់ប្រទេសខាងក្រៅ។ ម៉ូស្គូបញ្ជាក់​ពីជំហរទ្វេភាគីជាមួយ​កូរ៉េខាងជើង ស្របពេលដែលភាពតានតឹងផ្នែកនយោបាយ និង យោធា រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង កំពុងតែកើនឡើងជាលំដាប់។ នៅ​ក្នុង​សប្តាហ៍នេះ កូរ៉េខាងជើង​បាន​បំផ្ទុះបំផ្លាញ​ផ្លូវស្ពាន​តភ្ជាប់ជាមួយ​កូរ៉េខាងត្បូង និង​បាន​សម្រេច​ដាក់​កូរ៉េខាងត្បូង​ជា​ប្រទេស​អរិភាពដូច​អាមេរិក ដែលមានន័យ​ស្មើនឹង​ការរលាយសាបសូន្យ​នៃក្តីសង្ឃឹម​បង្រួបបង្រួម​បងប្អូន​កូរ៉េទាំងពីរ។ ដោយ​បញ្ជូនទ័ពទៅជួយច្បាំង​កងទ័ពរុស្ស៊ី​នៅក្នុង​សង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើង​របស់​មេដឹកនាំ​គីម ជុងអ៊ុន​ចង់​ពង្រឹង​សម្ព័ន្ធភាពយោធា​ជាមួយមហាអំណាច​រុស្ស៊ី ក្នុងក្តីសង្ឃឹម​ទទួលបាន​ឆ័ត្រ​ការពាររបស់​រុស្ស៊ី ដូចដែល​កូរ៉េខាងត្បូង​បាន​ទទួលពីអាមេរិក​តាមរយៈ​កិច្ចព្រមព្រៀងយោធាដែលចែងថា អាមេរិក​នឹង​​ជួយការពារ​កូរ៉េខាងត្បូង។ បើតាម​អ្នកវិភាគ ​ Hong Min ដោយបញ្ជូន​ទាហានជាង​១ម៉ឺននាក់ ​ទៅ​រុស្ស៊ី មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​​មិនត្រឹម​ចង់​បង្វឹក លត់ដំ​ទាហាន​កូរ៉េខាងជើង​ឲ្យចេះដកពិសោធន៍ពីយុទ្ធសាស្រ្ត​ធ្វើសង្រ្គាម​នៅក្នុង​សមរភូមិជាក់ស្តែងតែប៉ុណ្ណោះទេ លោកគីម ជុងអ៊ុន​ចង់ឆ្លៀត​ឱកាស​នេះ ដើម្បី​ពង្រឹង​តួនាទី​របស់​កូរ៉េខាងជើងនៅក្នុង​ឆាកអន្តរជាតិ។ ចង់ ឬ​មិនចង់ ជំនួយ​ជាកងទ័ពរបស់​កូរ៉េខាងជើង បន្ថែម​ពីលើ​ការបញ្ជូនសព្វាវុធ​រាប់​ម៉ឺន​តោន​ទៅ​ ​រុស្ស៊ី​​នឹង​ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន​កាន់តែ​អូសបន្លាយ និង​ផ្តល់​ប្រយោជន៍​កាន់តែច្រើន​ដល់​ភាគីរុស្ស៊ីដែល​ជាអ្នកឈ្លានពាន​អ៊ុយក្រែន។ កូរ៉េខាងជើង​បានលូកដៃ​ចូលជ្រៅក្នុង​សេដ្ឋកិច្ច​សង្រ្គាម​របស់​រុស្ស៊ី ក្នុង​នាមជា​ប្រទេស​ផ្គត់ផ្គង់អាវុធ ផ្តល់​កម្លាំងទ័ព​ទៅជួយ​ច្បាំង​រុស្ស៊ី ដែលកំពុង​ខ្វះខាត​ចំនួនទ័ពដើម្បី​ធ្វើសង្រ្គាម​ដែលអូសបន្លាយ​ជាង​២ឆ្នាំមកនេះ។ កូរ៉េខាងជើង​ត្រៀមខ្លួន​ដើម្បី​ផ្គត់ផ្គង់​ទាហាន​​ធ្វើ​សង្រ្គាម។ នៅថ្ងៃព្រហស្បតិ៍ទី ១៧​តុលា វីដេអូ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង KCNAបាន​បង្ហាញថា យុវជន​កូរ៉េខាងជើង​ដល់ទៅជាង ១លាន ៤សែននាក់​បាន​ចុះឈ្មោះបម្រើកងទ័ព​នៅក្នុង​រយៈពេល​តែ​១សប្តាហ៍។ ​រហូតមកដល់ពេលនេះលោកខាងលិច អាមេរិក សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែននិងអូតង់​នៅមិនទាន់ចេញមុខ​បញ្ជាក់​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង។ ម៉ូស្គូវិញ...

Duration:00:05:56

Ask host to enable sharing for playback control

ទប់លែងជាប់ អឺរ៉ុបចង់ធ្វើច្បាប់ដើម្បី​​​ពន្លឿនការចាប់បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ចេញ​?

10/18/2024
ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧ បានជួបប្រជុំគ្នាក្នុងជំនួបកំពូលកាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១៧​តុលាកន្លងទៅ​។ សំណុំរឿងដ៏ធំនិង​បន្ទាន់បំផុត គឺបញ្ហាអន្តោប្រវេសន៍​ខុសច្បាប់ ដែលសម្រុកចូល​មកក្នុងទឹកដីអឺរ៉ុបឥតដាច់ ស្របពេលដែល​អឺរ៉ុបគ្មានដំណោះស្រាយ​រួម​ឲ្យ​មានប្រសិទ្ធភាព​។ បញ្ហាអន្តោប្រវេសន៍ គឺជា​ចំណុចធ្វើឲ្យ​ប្រទេសអឺរ៉ុប​ប្រកែកទាស់ទែងគ្នា ខណៈប្រទេសខ្លះចង់បិទទ្វារខ្ទប់​ ប្រទេសខ្លះទៀតចង់បើកចំហទទួលអន្តោប្រវេសន៍​​។ ឆ្លងកាត់ការ​​ប្រជុំជជែកគ្នាយ៉ាងតឹងតែង គេសង្កេតឃើញថា ប្រទេសសមាជិកអឺរ៉ុបកាន់តែច្រើន ហាក់ដូចជាចង់គាំទ្រ​​ឲ្យ​មានច្បាប់ថ្មី ដែលអនុញ្ញាត​ឲ្យគេអាចចាប់បញ្ជូន​ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រលប់ទៅកាន់ប្រទេសដើមវិញ ឲ្យ​បានច្រើន និង​លឿនរហ័សបំផុត។ ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុប បានស្រុះស្រួលគ្នានៅថ្ងៃទី​១៧តុលា អំពាវនាវឲ្យ​អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមប្រទេសសមាជិកនីមួយៗ ត្រូវតែ​ធ្វើយ៉ាងណា ជួយសម្រួល ជួយបង្កើន និងពន្លឿនការបញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ចេញពីទឹកដីអឺរ៉ុប​។ ប្រទេសសមាជិកអឺរ៉ុបទាំង​២៧​ បានហៅឲ្យ​​​គណៈកម្មការអឺរ៉ុបត្រូវតែរៀបចំដាក់ស្នើ​ សេច​ក្តីព្រាងច្បាប់ថ្មី​មួយ ដើម្បីចាត់ចែងកិច្ចការនេះ ឲ្យ​បានឆាប់បំផុត។ លោកស្រី អួរស៊ូឡា វុនដឹឡេយិន ប្រធាន​គណៈកម្មការអឺរ៉ុប​បាន​ប្រកាស​កាលពីថ្ងៃចន្ទដើមសប្តាហ៍ ថាលោកស្រីនឹងស្នើសេចក្តីព្រាងច្បាប់គ្រប់គ្រងអន្តោប្រវេសន៍​ថ្មី តែដោយ​មិន​បញ្ជាក់លំអិត​អំពីកាលបរិច្ឆេទ​។ គួរកត់សំគាល់ថា កាលពីឆ្នាំ​២០១៨ គណៈកម្មការអឺរ៉ុបធ្លាប់បានស្នើច្បាប់មួយរួចហើយ ដើម្បី​ដោះស្រាយ​បញ្ហាអន្តោប្រវេសន៍​ខុសច្បាប់ ក៏ប៉ុន្តែបានបរាជ័យវិញ ដោយសារប្រទេសសមាជិកទាំង​២៧​ គ្មានការមូលមតិគ្នា​។ ប្រទេសអឺរ៉ុបខ្លះ ដែលមានទំនោរស្តាំនិងជាតិនិយម ទាមទារឲ្យបិទព្រំដែន​ឲ្យជិត ព្រោះអឺរ៉ុបមិនអាចមានលទ្ធភាព​ទទួល​​មនុស្សគ្រប់គ្នាឡើយ​។ ចំណែក​ប្រទេសខ្លះទៀតវិញ ដែលមានទំនោរ​នយោបាយ​ឆ្វេងនិយម បាន​លើកឡើងថាអឺរ៉ុប​មិនត្រូវបិទទ្វារខ្ទប់ទេ អឺរ៉ុបត្រូវតែ​ទទួល​ជួយ​ជនភៀសខ្លួន ដែលរត់គេចពីសង្គ្រាម​និងការកាប់សម្លាប់។ "មណ្ឌលរងចាំ" យកតាមគម្រូអ៊ីតាលី​ ក៏ប៉ុន្តែ​៦ឆ្នាំក្រោយមក គេសង្កេត​ឃើញថា របត់នយោបាយ ហាក់​បានប្រែប្រួលខ្លាំង​​ ដោយ​ប្រទេសអឺរ៉ុបកាន់តែច្រើន​ យល់ថាត្រូវតែ​មានច្បាប់រឹតបន្តឹង ទប់ស្កាត់ និងចាប់បញ្ជូន​អន្តោប្រវេសន៍ខុសច្បាប់ចេញ​ពី​អឺរ៉ុប​។ មធ្យោបាយមួយនៅក្នុងការទប់ស្កាត់អន្តោប្រវេសន៍​ខុសច្បាប់មិន​ឲ្យជាន់ដីអឺរ៉ុប ហើយ​អាចពន្លឿនដល់ការចាប់បញ្ជូនទៅ​កាន់ប្រទេសដើមវិញនោះ គឺ​ការ​រៀបចំបង្កើតឲ្យ​មាន​ “មណ្ឌល​រងចាំ” នៅក្នុងប្រទេសណាមួយ មិនមែនជាសមាជិកអឺរ៉ុប តែស្ថិតនៅមាត់ច្រកចូលព្រំដែនអឺរ៉ុប។ ជន​អន្តោប្រវេសន៍​ ត្រូវគេបញ្ជូន​ឲ្យ​ទៅស្នាក់នៅ​ទីនោះបណ្តោះអាសន្ន ដើម្បីរៀបចំដាក់ឯកសារស្របច្បាប់ចូលអឺរ៉ុប។ អ្នកដែល​មិនគ្រប់លក្ខខណ្ឌ​ ទទួលបានសិទ្ធិជ្រកកោន​ជា​ជនភៀសខ្លួន គឺគេ​នឹងចាប់បញ្ជូនទៅ​ប្រទេសដើមវិញ​។ ថ្មីៗនេះ រដ្ឋាភិបាលស្តាំនិយមជ្រុល​របស់​អ៊ីតាលី ដឹកនាំដោយលោកស្រី ចចា ម៉េឡូនី បានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយ​ប្រទេសអាល់បានី ដើម្បី​បង្កើត​មណ្ឌលរងចាំ សម្រាប់ដាក់​ជនអន្តោប្រវេសន៍​នៅទីនោះ មុននឹងពួកគេឆ្លងទូកតាមទឹក ឬតាមដីគោកមកដល់ទឹកដីអ៊ីតាលី​។ តែយ៉ាងណា សកម្មជននិងអង្គការសិទ្ធិមនុស្ស បាន​​​រិះគន់ខ្លាំងណាស់ ទៅលើ​រដ្ឋាភិបាល​អ៊ីតាលី ដោយចាត់ទុកថា “មណ្ឌលរងចាំ” នេះ វា​មិនខុសពី​មន្ទីរឃុំឃាំងជនអន្តោប្រវេសន៍​នោះឡើយ​។ ទោះជាយ៉ាងនេះក្តី នៅក្នុង​ជំនួបកំពូលអឺរ៉ុប លោកស្រី​ប្រមុខរដ្ឋាភិបាលអ៊ីតាលី បានឆក់ឱកាស​ប្រឹងអួត​បង្ហាញអំពីគំរូ​ល្អដែលខ្លួនកំពុងធ្វើ ហើយចង់ឲ្យ​សហភាពអឺរ៉ុបទាំងមូលធ្វើតាមខ្លួន​។ ជាក់ស្តែង លោកស្រី ចចា ម៉េឡូនី បាន​រៀបចំ​ការប្រជុំ​ក្រៅផ្លូវការមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយ​មានប្រទេស​ចូលរួម​ជាមួយជាងដប់ប្រទេស ក្នុងនោះមាន​ ហូឡង់ ក្រិក អូទ្រីស ប៉ូឡូញ ហុងគ្រីជាដើម ដែលសុទ្ធតែជាប្រទេសមានទំនោរចង់​បិទព្រំដែនទាំងស្រុង​។ ដោយឡែក​បារាំង និង​អាល្លឺម៉ង់ បានស្ថិតនៅឆ្ងាយពីកិច្ច​ប្រជុំនេះ​​​យ៉ាង​​​ប្រុងប្រយ័ត្ន ដោយ​គេមិនគាំទ្រគំនិត​បង្កើតមណ្ឌលសម្រាប់​ចាប់បង្ឃាំងអន្តោប្រវេសន៍​ទុកនៅប្រទេសផ្សេងបែបនេះទេ។ លោក​ម៉ាក្រុងប្រធានាធិបតី​បារាំង ធ្លាប់បាន​លើកឡើងថា ទង្វើចាប់អន្តោប្រវេសន៍​​យកទៅ​ទុកក្នុងមណ្ឌល​រួម​មួយ​នៅប្រទេសផ្សេង គឺវាផ្ទុយពីគោលការណ៍​ច្បាប់​របស់បារាំង ដែលគោរពសិទ្ធិមនុស្ស​។ ចំណុចវិជ្ជមាន​នៃអន្តោប្រវេសន៍​ស្របច្បាប់​ អេស្ប៉ាញជាប្រទេសដែលបានចេញមុខប្រឆាំងដាច់ខាត ទៅនឹងការរឹតបន្តឹងច្បាប់ជ្រុលហួសហេតុ​ ដើម្បីរាំងរាំងអន្តោប្រវេសន៍​មិន​ឲ្យជាន់ដីអឺរ៉ុប​។ លោក​ប៉េដ្រូ សាន់ឆែស នាយករដ្ឋមន្ត្រីអេស្ប៉ាញ​ បានថ្លែងថា​​ ការបង្កើតមណ្ឌលដើម្បីចាប់បង្ឃាំងអន្តោប្រវេសន៍​​ទុកនៅតាមប្រទេសក្រៅអឺរ៉ុប គឺវាមិនមែនជាដំណោះស្រាយ​ ដើម្បី​ទប់ស្កាត់អន្តោប្រវេសន៍​ខុសច្បាប់ឡើយ។ ផ្ទុយទៅវិញ គឺវាទៅបង្កើតបញ្ហាថ្មីមួយបន្ថែមទៀត។ លោក​នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានអំពាវនាវថា...

Duration:00:06:54

Ask host to enable sharing for playback control

សង្គ្រាមអ៊ីស្រាអែល-ហេសបូឡា​៖ ​​កង​ទ័ពអង្គការ​សហប្រជាជាតិ​​នៅលីបង់មាន​ភារកិច្ចអ្វី?

10/13/2024
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ បាន​ថ្លែង​ដោយ​ចំឈ្មោះ​ជា​លើក​ទីមួយ ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គូទែរក៍​ គិត​គូរ​ដក​កងទ័ព​មួក​ខៀវ​ ចេញ​ជា​បន្ទាន់ ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។ តាំងពី​ថ្ងៃព្រហស្បតិ៍​ទី​១០​តុលា​មក គ្រាប់​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឱ្យ​ទាហាន​មួក​ខៀវ​អង្គការ​សហប្រជាជាតិ​យ៉ាង​ហោច​៥​នាក់​​​​រង​របួស។ តើ​កងកម្លាំង​ទ័ព​មួក​ខៀវនៅលីបង់​​នេះ​ជា​នរណា? មាន​តួនាទីយ៉ាង​ណា បាន​ជា​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ដែរ? តាំងពី​​ថ្ងៃព្រហស្បតិ៍​ទី​១០​តុលាមក និង​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង​ កងកម្លាំង​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ប្រចាំ​លីបង់ ហៅកាត់​ថា Finul បានរង​របួស​ជាបន្ត​​បន្ទាប់ ក្នុង​ចំនួន​យ៉ាង​ហោច​៥នាក់គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​១៣​តុលា ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ការ​វាយប្រហារ​ប៉ះដល់​ក្រុម​Finul បាន​បង្ក​បង្កើតឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ប្រឆាំង​នឹងអ៊ីស្រាអែល។ ​ជាង​៤០​ប្រទេស មាន​អាទិ៍ បារាំង​អង់គ្លេស ឥណ្ឌា ចិន​ កាតា តួកគី ឬ​ឥណ្ឌូណេស៊ី ព្រមទាំង​សម្តេច​ប៉ាប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ផ្តល់​ការ​គាំទ្រ​ទាំង​ស្រុង​ដល់​កងកម្លាំងបណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​លីបង់​Finul និង​បាន​ជំរុញ​ឱ្យ​មានការ​ការពារ​សុវត្ថិភាព​ក្រុមមួក​ខៀវ​។ ​​អ៊ីស្រាអែលថា​​សោក​ស្តាយ​​ដែល​ទាហានFinulរង​របួស ប៉ុន្តែ​មិន​បញ្ឈប់​ការ​ផ្លោង​​វាយប្រហារ​យ៉ាង​ប្រសាច​លើ​លីបង់ទេ​ និងបាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ជើង​គោក​​តតាំងជាមួយ​​​ចលនា​ហេសបូឡា នៅ​តាមតំបន់​ជិត​​ព្រំដែន​លីបង់-អ៊ីស្រាអែល​។ ក្នុង​​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ ​លោក​​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​អំពាវនាវ​ចំៗ ជា​ភាសា​អង់គ្លេស​ នៅ​ថ្ងៃអាទិត្យ​ទី ១៣​តុលា ឱ្យ​​​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​សម្រេច​ដក​ក្រុម​Finul ចេញ​ពី​ភាគ​ខាង​ត្បូង​លីបង់ ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ភ្លាម​និង​ជា​បន្ទាន់។ សម្រាប់លោក បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ដើម្បី​សុវត្ថិភាព Finul​ត្រូវ​តែ​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់។ កាលពី​ថ្ងៃ​សុក្រ​​Finul បាន​ចោទ​ប្រកាន់​យោធា​អ៊ីស្រាអែល​ថា​បាន​បាញ់​តម្រង់​ និង​ដោយ​ចេតនា​តែ​ម្តង​លើ​ទី​តាំង​របស់​តំណាង​អង្គការ​សហប្រជាជាតិ។​ ហេតុ​អ្វី​បាន​ជាអ៊ីស្រាអែល​ក៏​ដៅ​វាយប្រហារ​​កង​កម្លាំង​បណ្តោះ​អាសន្ន​អង្គការ​សហប្រជាជាតិ​ដែរ? តើ​កងកម្លាំង​នេះ​ជា​នរណា?​មាន​តួនាទី​អ្វីខ្លះនៅលីបង់? ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៨ និង​មាន​ទីស្នាក់ការ​នៅក្រុង​​Naqoura ភាគ​ខាង​ត្បូង​លីបង់ កងកម្លាំង​បណ្តោះ​អាសន្ន​ប្រចាំ​លីបង់ Finul មាន​សមាសភាព​ជា​កង​ទ័ព​មួក​ខៀវ​ សម្រាប់​ជួយ​តាមដាន​​ការ​ដក​កងទ័ព​អ៊ីស្រាអែល​ចេញពី​ភាគ​ខាង​ត្បូង​លីបង់ និង​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ហើយ​ជួយ​រដ្ឋាភិបាល​លីបង់​ឱ្យ​មាន​អំណាច​គ្រប់​គ្រង់​ប្រទេស​ពេញ​លេញ។ ដោយស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ចេះ​តែ​វិវឌ្ឍ បេសកកម្ម​​របស់​Finul ត្រូវ​បាន​កែប្រែ នៅឆ្នាំ​១៩៨២​ម្តង និង​នៅ​ឆ្នាំ​២០០០ម្តង។ ​តាំងពី​ឆ្នាំ​២០០៦​មក ​Finul មាន​ភារៈ​ត្រួត​ពិនិត្យ​ការ​បញ្ចប់​អំពើ​ហិង្សានៅ​តំបន់​ភាគ​ខាង​ត្បូង​លីបង់​និង​ជួយ​សម្រួល​បេសកកម្ម​មនុស្សធម៌​ឱ្យ​បាន​ទៅ​ដល់​ប្រជាជន​ស៊ីវិល ព្រមទាំង​ការ​សម្រួលការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ ឱ្យ​ប្រព្រឹត្ត​ទៅ​សុវត្ថិភាព។ តែ​សម្រាប់អ្នក​វិភាគ​ នេះ​ជា​បេសកកម្ម​ដែល​មិន​អាច​ទៅ​រួច។ គិត​មក​ទល់​ខែ​មេសា​២០២៤ Finul មាន​សមាជិក​១០៥៤១​នាក់ ក្នុង​នោះ​៩៥៣២នាក់​ជា​ទាហាន​ ២០៧​នាក់​ជា​នាយ​សេនាធិការ ៥៥៣​ជា​ជនស៊ីវិលក្នុង​ស្រុក និង​២៤៩នាក់​ជា​ជន​ស៊ីវិល​មក​ពី​ប្រទេស​ផ្សេង។ ក្រុម​មួក​ខៀវនៅ​លីបង់​ មាន​ទីតាំង​​ឈរ​ជើង​តំបន់​ទ្រនាប់ តាម​បណ្តោយ​ព្រំដែនមិន​ផ្លូវ​ការ​របស់​​លីបង់​-អ៊ីស្រាអែល ប្រវែង​១២០គីឡូម៉ែត្រ​ គូស​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០០។ Finul មាន​កាតព្វកិច្ច​ត្រួត​ពិនិត្យ​ការ​អនុវត្ត​​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ចែង​អនុញ្ញាត​ឱ្យ​តែ​ទាហាន​លីបង់ និង​ទាហាន​មួកខៀវប៉ុណ្ណោះ អាច​ពង្រាយ​វត្តមាន នៅក្នុង​តំបន់​ដែល​ងំ​ដោយអំពើ​ហិង្សា​​ប្រយុទ្ធ​តតាំង​គ្នា​ជា​ញឹក​ញយ​រវាង​កងទ័ព​រដ្ឋាភិបាលលីបង់​​និង​ចលនា​​ប្រដាប់​អាវុធ​ស្និទ្ធ​នឹង​អ៊ីរ៉ង់ ហេសបូឡា និង​​រវាង​ហេសបូឡា​ជាមួយ​​អ៊ីស្រាអែល។ តែ Finul មា​ន​សិទ្ធិ​ត្រឹម​ការពារ​ខ្លួនទល់​នឹង​ការ​វាយប្រហារ​ដោយ​ដៅ​ចំខ្លួន​​​តែ​ប៉ុណ្ណោះ។​ ដូច​ជា​បណ្តា​សមាជិក​មួកខៀវ​អង្គការ​សហប្រជាជាតិ​ផ្សេង​ទៀត​ដែរ កងកម្លាំង​បណ្តោះអាសន្ន​ប្រចាំ​លីបង់​ មិនមែន​ជា​កង​ពល​យោធា​ប្រដាប់​អាវុធឬ ទ័ព​ប្រយុទ្ធ​ទេ។ ក្រុមមួក​ខៀវ​Finul បាន​ត្រឹម​ឈរ​មើល​ឃើញ​សកម្មភាព​របស់​គូ​ប្រយុទ្ធ​​​ហេសបូឡានិង​​អ៊ីស្រាអែល​ តែ​​​មិន​អាច​បញ្ចេញ​សកម្មភាព​អ្វី​បាន​ទាំងអស់។​...

Duration:00:04:22

Ask host to enable sharing for playback control

ភូមា៖ អស់មេដឹកនាំ តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​ កំពុងរលត់ដូចភ្លើងទៀនឬ?

10/10/2024
ជាង៣ឆ្នាំ​ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ របស់លោក​អ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយ​សាបសូន្យ​ម្តងបន្តិច​ៗ។ លោកស្រីអ៊ុងសាន ស៊ូជី​ និងសមាជិក​ធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមាន​វ័យចំណាស់របស់គណបក្សនេះ បាន​ស្លាប់ម្តងមួយៗ។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ​ គ្មានធនធានមនុស្ស​ ធ្វើ​ឲ្យ​ក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ដែលរបបសិកបានសន្យាថានឹងរៀបចំធ្វើនៅឆ្នាំ​ក្រោយ​។ នៅភូមា មនុស្សដែលជាសរសរគ្រិះនៃគណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (NLD) បើមិនជាប់ឃុំក៏ស្លាប់​ម្តង​មួយ​ៗ។ លោក ច មីនមូង មនុស្សដ៏សំខាន់ម្នាក់​ តាំងតែពីគណបក្សនេះ​បានកកើតដំបូង បាន​ស្លាប់កាលពីថ្ងៃចន្ទ ទី​៧តុលា ក្នុងជន្មាយុ​៧២ឆ្នាំ​ ដោយជំងឺ​មហារីកគ្រាប់ឈាម​។ មុននឹងស្លាប់ លោកម្នាក់នេះ​ធ្លាប់ត្រូវរបបសិកចាប់ដាក់ឃុំជាច្រើនលើក ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​។ កាលពីខែមិថុនាកន្លងទៅ មេដឹកនាំដ៏សំខាន់ម្នាក់ និងជាស្ថាបនិកមួយរូបនៃគណបក្ស​របស់​លោក​ស្រីអ៊ុងសាន ស៊ូជី ក៏​បាន​ស្លាប់​ដែរ គឺលោក ទិន អ៊ូ អាយុ​៩៧ឆ្នាំ​។ ក្រោយ​រដ្ឋប្រហារ​នៅឆ្នាំ​២០២១ គណបក្ស​​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់បានទទួលការគាំទ្រភ្លូកទឹកភ្លូកដី​ពីប្រជាជនភូមាក្នុងពេលបោះឆ្នោត ពេលនេះកំពុងតែ​រលត់អស់ពន្លឺសន្សឹមៗ ប្រៀបបីដូចជាពន្លឺ​ភ្លើងទៀនដែល​ឆេះ​អស់ ដោយសារតែអស់មេដឹកនាំ។ របបសិកភូមា មិនបានចាំទាល់តែគណបក្សនេះ​រលាយរលត់អស់នេះទេ គេបានប្រកាសកាលពីឆ្នាំទៅ រំលាយ​គណបក្ស​នេះ​​ចោល ក្រោមហេតុផលថា គណបក្សនេះ​មិន​គោរពលក្ខខណ្ឌ​ដែល​មានចែងក្នុង​ច្បាប់បោះឆ្នោត​។ លោក Htwe Htwe Thien សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ Curtin អូស្ត្រាលី បាន​លើកឡើងថា របបសិកភូមាកំពុងតែបោសសំអាតឆាកនយោបាយ​ ដើម្បីត្រៀមយកឈ្នះ​តែម្នាក់​ឯងដោយស្របច្បាប់​ នៅក្នុងការបោះឆ្នោត​ឆ្នាំ​២០២៥។ ខុសពី​សហរដ្ឋអាមេរិក ដែលចាត់ទុកការបោះឆ្នោតនេះជាឆាកល្ខោន ចិននិង​រុស្ស៊ីវិញ​​បាននាំគ្នា​ប្រកាសគាំទ្រ​ ​កលល្បិចរបស់របបសិកភូមា​នេះ​។ យោងតាមអ្នកវិភាគជាច្រើន ប្រសិន​បើការ​បោះឆ្នោត​ធ្វើទៅ​តាមក្រិត្យក្រមប្រជាធិបតេយ្យ វាប្រាកដណាស់ ដែល​គណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងឈ្នះ​គគ្រឹកគគ្រេង​។ សមាជិកម្នាក់​របស់​បក្សនេះ ដែលទើបតែត្រូវបាន​គេដោះលែងពីគុក បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា សមាជិកសមាជិការបស់​បក្ស​ កំពុងតែខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធ ប្រមូល​កម្លាំងឡើងវិញ បើទោះបីជា​ប្រឈមនឹងការធ្វើទុក្ខម្នេញ​ដ៏សម្បើម​ពីរបបសិកក៏ដោយ​។ ដោយ​សុំមិនបញ្ចេញឈ្មោះ សមាជិក​ម្នាក់ទៀត បានអះអាងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹង​ខំប្រឹងតស៊ូ​ ចូលរួមបោះឆ្នោត​ ដើម្បី​ប្រយុទ្ធតទល់នឹងរបបផ្តាច់ការយោធា​។ សូមរំលឹកថា គណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ បានចាប់បដិសន្ធិឡើងនៅ​ឆ្នាំ​១៩៨៨ បន្ទាប់ពី​របបសិកភូមា​កាន់អំណាចតាំងតែទសវត្សឆ្នាំ​១៩៦០មក បានបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ​ទៅលើចលនាបះបោរបស់ប្រជាជនភូមា​។ អស់រយៈពេលជាង​៣០​ឆ្នាំ ទង់ពណ៌ក្រហមមានរូបហង្សពណ៌មាសរបស់គណបក្សនេះ បានក្លាយជានិម្មិតរូបនៃ​ការតស៊ូនយោបាយ ដោយសន្តិវិធី ដើម្បីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ​ភូមា​។ ក្រោយរបត់នយោបាយ​បើកចំហរខ្លះៗ ចាប់ពីឆ្នាំ​២០១០ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី​ ចំនួន២លើក ឆ្នាំ២០១៥ និង​២០២០។ តែនៅថ្ងៃទៅ​១កុម្ភៈ២០២១ កងទ័ពភូមាដឹកនាំដោយ​លោក​មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រីអ៊ុងសាន ស៊ូជី និងចាប់​មនុស្ស​រាប់ពាន់នាក់ដាក់ឃុំ។ ប្រមាណ​៣ឆ្នាំជាង​មកនេះ ភូមាបានឈានធ្លាក់សឹងតែចូលក្នុងសង្គ្រាមស៊ីវីល ដោយសារតែ​ប្រជាជន​និងក្រុមកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បាន​បើកសមរភូមិប្រយុទ្ធជាមួយ​កងទ័ពជាតិ​។ នៅខែកក្កដា​ឆ្នាំ​២០២២ របបសិកភូមា បាន​ប្រហារជីវិតអ្នកទោស​ម្នាក់ ដែលជាសមាជិកសភាអតីតអ្នកចម្រៀងរ៉េប ដើម្បី​ជាការព្រមាន​គំរាម​ទៅ​ដល់​សំឡេងតវ៉ាប្រឆាំងទាំងអស់​។ លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យចាស់ជរា ៧៩ឆ្នាំទៅហើយនោះ ក៏មិនខុសពី​លោកអតីតប្រធានាធិបតី​​ Win Myint កំពុងស្ថិតនៅក្នុងឃុំ​ គ្មានសង្ឃឹមថាមានថ្ងៃចេញ​មានសេរីភាពឡើយ​។ តែទោះជាយ៉ាងណា ក្នុងទឹកចិត្ត​របស់​ប្រជាពលរដ្ឋភូមាទូទៅ​ គឺពួកគេនៅតែទន្ទឹងរងចាំ និង​ស្រលាញ់គាំទ្រលោកស្រី អ៊ុងសាន ស៊ូជីជានិច្ច​។ តែទន្ទឹមនឹងនេះ យុវជនភូមាមួយចំនួនធំ ដែលធ្លាប់ដើរតាម​គន្លង​នយោបាយ​អហិង្សារបស់​លោកស្រីអ៊ុងសាន ស៊ូជីនោះ ពេលនេះពួកគេ​បាន​ភាគច្រើនបានងាកទៅចាប់យកការតស៊ូ​ដោយ​ប្រើ​កម្លាំង ប្រើអាវុធ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ យ៉ាងណាមិញ “ក្រុមចលនា​ប្រជាការពារ” គឺជាក្រុម​ប្រដាប់អាវុធ​ ត្រូវបាន​បង្កើតឡើងដោយ​យុវជន​ភូមា សហការជាមួយកងកម្លាំងជនជាតិភាគតិចនៅតាមរដ្ឋនានា​​ នៅក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ​២០២១។ មិនត្រឹមប៉ុណ្ណោះទេ...

Duration:00:06:17

Ask host to enable sharing for playback control

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ គឺជា​បដិវត្ត​ន៍ ឬគ្រាន់តែជា​ដុំប៉ោងដែល​​ប្រហោងក្នុង​​?

10/8/2024
ប្រមាណ២ឆ្នាំមកនេះ​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​គេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បី​ផលិត​មាតិកា អត្ថបទ​ និងរូបភាពនានា​។ ភាព​ល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុន​វិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញ​ខ្លះលើកឡើងថា ការសំរុក​បោះទុនវិនិយោគលើ​បញ្ញាសិប្បនិម្មិត​ វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវា​ប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ ការបោះទុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ​។ កាលពី២ឆ្នាំមុន ក្រុមហ៊ុន Open AI ដែលបាន​បង្កើត​កម្មវិធី​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ChatGPT នៅ​មិនទាន់​មានមនុស្សទូទៅស្គាល់ទេ។ បន្ទាប់ពី​បាន​ប្រកាសប្រមូលថវិកា​វិនិយោគ​បាន ៦៦០០លានដុល្លារ ពេលនេះក្រុមហ៊ុន Open AI មានតម្លៃដល់ទៅ ១៥៧ពាន់​លានដុល្លារ​។ ត្រឹមតែ២ឆ្នាំ Open AI បាន​ក្លាយ​ជាក្រុមហ៊ុននាំមុខគេ​​បំផុត ក្នុងវិស័យបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ហើយបានរុញច្រាន​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ឲ្យ​សម្រេចចិត្ត​វិនិយោគលើ​បច្ចេកវិទ្យានេះ​ បើទោះបី​ជាពុំទាន់មានសង្ឃឹមថាបានប្រាក់ចំណេញ​មកវិញ​។ តើ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជា​បដិវដ្តន៍​​ទំនើបថ្មីនៃបច្ចេកវិទ្យាដែលគ្រប់គ្នា​មិនអាច​រំលងបាន​ ឬវាគ្រាន់តែជា​ការផ្អើលឈូរឆមួយរយៈ ប៉ោងធំតែប្រហោងក្នុង? សម្រាប់អ្នកជំនាញ​នៅការិយាល័យ Wedbush ជាមួយ​នឹង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងរវាង​១២ ទៅ​១៨ខែទៀត គឺ​បដិវត្តន៍ឧស្សាហកម្មទី៤ នឹងធ្វើដំណើរ​​មកដល់​ហើយ នៅក្នុ​ងវិស័យ​ផលិត​ឧបករណ៍​សឺមីកុងឌុកទ័រ កម្មវិធី​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អ៊ិនធ័រនិត និង​​ទូរស័ព្ទស្មាតហ្វូនជាដើម​។ ChatGPT គឺជា​ចំណុចចាប់ផ្តើមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចកាលជំនាន់ទូរស័ព្ទ iPhone ចេញដំបូង ដែល​បានរុញសន្ទុះ​បដិវត្ត ក្នុងវិស័យទូរស័ព្ទដៃទំនើបដូច្នោះដែរ​​។ គឺ Open AI ដែល​បានបើក​ផ្លូវឲ្យ​​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ មានដូចជា Nvidia Microsoft និង​​ Google ជាដើម​ សម្រេច​កំណត់អាទិភាព យកបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិតមកប្រើប្រាស់។​ លោក Dan Ives អ្នកជំនាញ​នៅ Wedbush លើកឡើងថា នៅរវាង​៣ឆ្នាំទៅមុខទៀតនេះ គ្រប់ក្រុមហ៊ុន​ទាំងអស់ នឹងចំណាយ​ប្រាក់​សរុប ប្រមាណ​១០០០ពាន់លានដុល្លារ នៅក្នុងបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​។ លោកពន្យល់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​បង្កើត​​ (AI Generative) គឺត្រូវការចំណាយ​ប្រាក់ច្រើនណាស់ តួយ៉ាង ដើម្បី​សរសេរអត្ថបទ ផលិត​រូបភាព​ និងបង្កើត​​ទិន្នន័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ដើម្បីធ្វើ​ឲ្យ​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​បង្កើត អាចដំណើរការទៅបាន​ គឺត្រូវការ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យាថ្មី ស៊ីថាមពលច្រើន និង​ត្រូវការ​វិស្វករ​មានជំនាញកាន់តែខ្ពស់។ គួរកត់សំគាល់ថា ក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើម​ចំណាយ​ប្រាក់ច្រើន​ពាន់លានដុល្លារ​ វិនិយោគក្នុងវិស័យ​បញ្ញាសិប្បនិម្មិត។ ជាក់ស្តែងក្រុមហ៊ុន Microsoft បានចំណាយ១៣ពាន់​លានដុល្លារ ទៅក្នុង​ក្រុមហ៊ុន Open AI ព្រមទាំងប្រកាស​វិនិយោគ​១៥ពាន់លានដុល្លារបន្ថែមទៀត ក្នុងឆ្នាំ​នេះ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​នៅ​ប្រទេសផ្សេងទៀត ដូចជានៅ​អាល្លឺម៉ង់ និង​ឥណ្ឌូណេស៊ីជាដើម​។ Google វិញ បានបញ្ចេញ​ប្រាក់​១៣ពាន់​លានដុល្លារដែរ ក្នុងត្រីមាស​ទី​២ឆ្នាំនេះ ចំណាយទៅលើ​ឧបករណ៍គ្រឿងបរិក្ខា​បច្ចេកវិទ្យា​ទំនើប។ ទំហំចំណាយ​ដ៏ធំនេះ បានឆ្លុះបញ្ចាំង​អំពីតម្រូវការ​ ក្នុងការ​មាន​ទីតាំងស្តុកទិន្នន័យ និង​ម៉ាស៊ីន​ថ្មីទំនើប​មានកម្លាំង​កាន់តែខ្លាំង​។ ក៏ប៉ុន្តែ បើ​ផ្អែកតាម​របាយការណ៍​របស់ ធនាគារ Golman Sachs ចេញផ្សាយ​កាលពីខែមិថុនា គឺការចំណាយទាំង​អស់នេះ មិនទាន់​បានហុចលទ្ធផល​ចំណេញថវិកា​អ្វីទេ គិតត្រឹមពេលនេះ​។ ផល​វិជ្ជមានគឺមានតែ ធ្វើ​ឲ្យ​អ្នកជំនាញ​​​អភិវឌ្ឍ​កម្មវិធី ​ ​អាច​ធ្វើការ​មានប្រសិទ្ធភាពជាងមុនតែប៉ុណ្ណោះ។ លោក Rob Enderle លើកឡើងថា គ្រប់អ្នកវិនិយោគ​​​គិតតែពីស្រែកថា ត្រូវតែ​វិនិយោគលើ​បញ្ញាសិប្បនិម្មិត តែ​ធាតុពិត​មានអតិថិជនតិចណាស់ ដែលត្រូវការ​ទិញ​​បច្ចេកវិទ្យានេះ​ទៅប្រើនៅពេលនេះ​​។ អ្នកជំនាញរូបនេះអះអាងថា ៨០%នៃគម្រោង​ប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវបាន​បិទបញ្ចប់ជាមួយនឹងភាពបរាជ័យ​។ យ៉ាងណាក៏ដោយ លោកស្រី Grace Harmon អ្នកវិភាគទីផ្សារនៅ Emarketer បានលើកឡើងថា សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មិនទាន់សម្លឹងចង់បានប្រាក់ចំណេញមកវិញនៅឡើយទេ។ គេប្រឹងវិនិយោគ គឺដោយសារខ្លាចដើរយឺតជាងគេ ក្នុងថ្ងៃអនាគត។ ដោយឡែក លោក Michael Mansard នាយកក្រុមវិភាគនិងស្រាវជ្រាវ Subscribed Institute បានលើកឡើងថា រឿងបញ្ញាសិប្បនិម្មិតប៉ោង​ប្រហោងក្នុង ​ឬមិនប្រហោងក្នុង គឺវាមិនសំខាន់ទេក្នុងពេលនេះ។ អ្វីដែលសំខាន់ គឺអ្នកវិយោគក្នុងវិស័យនេះ​ គេសំឡឹងឃើញ​សក្តានុពលរបស់វា។ ទន្ទឹមគ្នានេះ លោក​ពន្យល់ថា...

Duration:00:05:39

Ask host to enable sharing for playback control

ហេតុអ្វី​​​​អង្គការសន្ធិសញ្ញា​សន្តិសុខរួម​​របស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល​?

9/22/2024
ក្នុងសប្តាហ៍​កន្លងទៅនេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់​​ដឹកនាំដោយ​រុស្ស៊ីនោះ បាន​បើក​ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ​ នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេត​ឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បី​ប្រជែងកម្លាំងនឹង​អូតង់នេះ ហាក់ដូចជា​​បានធ្លាក់ចុះឥទ្ធិ​ពល​ជាបន្តបន្ទាប់។ ជាក់ស្តែង ការធ្វើសមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិក​ម្នាក់​ក្នុងចំណោម​ទាំង​៦នាក់ បានអវត្តមាន​មិនចូលរួម​ជាមួយទេ។​ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូល​ឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ​​ ក៏បាន​ងាកមុខចេញដែរ​។​ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការ​​សម្ព័ន្ធភាព​យោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល​? អង្គការ​សន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO ឬ OSTC ត្រូវបាន​បង្កើតឡើងដោយ​រុស្ស៊ីនៅឆ្នាំ​១៩៩២ បន្ទាប់ពីសហភាពសូវៀតដួលរលំទៅ។ អង្គការសម្ព័ន្ធភាពយោធា ដែលគេតែនិយមប្រដូចទៅនឹងអង្គការអូតង់របស់​ក្រុមប្រទេសលោកខាងលិចនេះ គឺជា​មធ្យោបាយ​មួយ​ដែល​រុស្ស៊ី​ប្រឹងប្រែងចងសម្ព័ន្ធ​​ភាព​​កងទ័ព ជាមួយ​ក្រុមប្រទេសអតីតសមាជិក​សហភាពសូវៀត នៅ​​តំបន់កូកាសនិងតំបន់អាស៊ីកណ្តាល​​ ដែលទើបតែបានឯករាជ្យ​ថ្មីៗ។ កាន់តែខ្សត់សមាជិក​ ជាង៣០ឆ្នាំមកនេះ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ បានចុះថយ​ឥទ្ធិពលម្តងបន្តិចៗ ដោយសារ​វាមាន​ការប្រកួតប្រជែងផ្សេងទៀត ហើយវាថែម​ទាំង​​មិនផ្តល់ទំនុកចិត្ត​ឲ្យ​ប្រទេសសមាជិក ឬប្រទេសដែលចាប់អារម្មណ៍ចង់ចូលរួម។ នេះបើផ្អែកតាមការវិភាគ របស់​លោក Hakop Badalyan អ្នកជំនាញ​សិក្សាសន្តិសុខនៅអាម៉េនី។ នៅឆ្នាំ​១៩៩៩ ដោយសារ​មិនឃើញផលប្រយោជន៍ អាស៊ែរបៃហ្សង់ និង​ ហ្សកហ្ស៊ី បានសម្រេចចិត្ត​ចាកចេញ​ពីសម្ព័ន្ធភាពនេះ។ បន្ទាប់មកទៀត អ៊ូសបេគីស្ថាន បានចាកចេញនៅឆ្នាំ​២០១២។ បច្ចុប្បន្ន​នេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមរបស់រុស្ស៊ី​​ មានសមាជិក​ចំនួនតែ​​៦​ប្រទេស ដែលក្នុងនោះមានរុស្ស៊ីខ្លួនឯង បេឡារុស អាមេនី​ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន។ ឥឡូវនេះ អាមេនី ក៏ចាប់ផ្តើម​ដកខ្លួនដែរ។ ជាក់ស្តែង​ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិធ្វើទៅ​នៅតំបន់​ភ្នំ ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីសប្តាហ៍​កន្លងទៅនេះ គឺគ្មានកងទ័ពអាមេនីចូលរួមទេ។ អាមេនីអន់ចិត្តនឹងរុស្ស៊ីខ្លាំងណាស់ ដោយចោទថារុស្ស៊ី​កាន់ជើងខាងអាស៊ែបៃហ្សង់ នៅក្នុងជម្លោះតំបន់ការ៉ាបាក់។ លោកនាយករដ្ឋមន្ត្រី​អាមេនី Nikol Pachinian បានលើកឡើងថា កងទ័ពរុស្ស៊ី​បានបោះបង់ចោលអាមេនី ធ្វើ​ឲ្យ​សន្តិសុខ​និង​អធិបតេយ្យ​ភាពអាមេនី​ត្រូវប្រឈមគ្រោះថ្នាក់ ដោយសារតែជម្លោះជាមួយអាស៊ែរបៃហ្សង់។ អ្នកនាំពាក្យវិមានក្រេមឡាំង កាលពីថ្ងៃពុធសប្តាហ៍​មុន បានព្យាយាមនិយាយធានា ថា​សម្ព័ន្ធ​ភាព​ CSTO មិនបានគំរាម​អធិបតេយ្យ​ភាពនិងបូរណភាពទឹកដីអាមេនីទេ។ សង្គ្រាមអ៊ុយក្រែន ធ្វើ​ឲ្យរុស្ស៊ីទន់ខ្សោយ​បាក់កម្លាំង​ គួរកត់សំគាល់ថា នៅក្រោយ​ការលើកទ័ពចូលឈ្លានពាន​អ៊ុយក្រែន រុស្ស៊ីបានព្យាយាមដោយ​ជោគជ័យ រឹតបន្តឹងចំណងសហការជាមួយប្រទេសមួយចំនួន ដែលស្ថិតនៅឆ្ងាយ​ៗ ជាក់ស្តែងជាមួយ​ចិន កូរ៉េខាងជើង អ៊ីរ៉ង់ និង​បណ្តាប្រទេសអាហ្វ្រិក​មួយចំនួន។ ផ្ទុយទៅវិញ នៅ​ក្នុង​ដែន​ឥទ្ធិពលតាមប្រទេស​អតីតសមាជិកសហភាពសូវៀតវិញ រុស្ស៊ីហាក់ដូចជា​ត្រូវគេងាកមុខចេញ​ជាបន្តបន្ទាប់​។ ក្រៅតែពីបេឡារុស ប្រទេសអតីតកូនចៅ​សហភាពសូវៀតសឹងតែទាំងអស់ គឺគ្មាននរណាពេញចិត្តឡើយ ដែលឃើញរុស្ស៊ីលើកទ័ពចូលឈ្លានពាន​អ៊ុយក្រែន។​ ជាងនេះទៀត សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយ​ទៅជិតៗឆ្នាំមកនេះ បានបង្ហាញថា រុស្ស៊ីបានតែសម្តី​តែគ្មានកម្លាំងជាក់​ស្តែងឯណា ទៅយក​ឈ្នះសង្គ្រាមដូចខ្លួនអួត។ កម្លាំងទ័ពរុស្ស៊ី ត្រូវកេណ្ឌទៅសមរភូមិអ៊ុយក្រែនសឹងទាំងអស់ ដូច្នេះរុស្ស៊ីលែងមានកម្លាំងទ័ពឯណាទៀត មកអន្តរាគម ឬដោះស្រាយជម្លោះ​​ រវាងប្រទេសសមាជិកCSTOឡើយ។ ជាក់ស្តែង កៀហ្ស៊ីស៊ីស្ថាន មានបញ្ហា​ឈ្លោះប្រកែកជាមួយ​តាជីគីស្ថាន ខណៈអាមេនីវិញឈ្លោះជាមួយ​អាស៊ែរបៃហ្សង់។ លោក Hakop Badalyan បានពន្យល់ថា រុស្ស៊ីរវល់ជាប់ដៃ​ប្រយុទ្ធនៅអ៊ុយក្រែន គ្មានសមត្ថភាព រំលែកកម្លាំងទ័ព ហើយក៏លែងមានមធ្យោបាយធ្វើជាមេដឹកនាំ ចាត់ចែងបោះមេ ធ្វើអាជ្ញាកណ្តាល​នៅក្នុងក្របខណ្ឌ​សម្ព័ន្ធភាព​​ CSTO ទៀតឡើយ។ រុស្ស៊ីអាចការពារសមាជិក CSTOមែន?​ តែយ៉ាងណាក៏ដោយ លោក Vladimir Jarikhine អគ្គនាយករងវិទ្យាស្ថាន​ប្រទេសអតីតសហភាពសូវៀត នៅទីក្រុងមូស្គូ បាន​អះអាងថា សម្ព័ន្ធភាពCSTO នៅតែបន្តដើរតួនាទីសំខាន់ ធានាការពារ​ឲ្យ​មាន​ស្ថិរភាពនៅតំបន់អាស៊ីកណ្តាល ជាពិសេសនៅតំបន់​ដែល​មានព្រំដែនជាប់អាហ្វហ្កានីស្ថាន​ បន្ទាប់ពី​ប្រទេសនេះបានធ្លាក់ទៅក្នុងរបបរបស់ក្រុមតាលីបង់សាជាថ្មី​។ មន្ត្រីរុស្ស៊ីរូបនេះ​ បានរំលើកថា ខុសពីអាហ្វហ្កានីស្ថានដែលរងការ​វាយប្រហាររបស់ក្រុមជីហាតភេរវកម្ម​ជាញឹកញាប់ ប្រទេសអាស៊ីកណ្តាលទាំងអស់​មានសន្តិសុខ​ ក៏​ដោយសារតែ​មានមូលដ្ឋានទ័ពរុស្ស៊ីប្រចាំការ​នៅតាហ្ស៊ីគីស្ថាន និងនៅ​កៀហ្ស៊ីស៊ីស្ថាន​។ តែទន្ទឹមគ្នានេះ...

Duration:00:08:10

Ask host to enable sharing for playback control

ថៃ៖ ជាង២០ឆ្នាំ​ ក្រុមគ្រួសារស៊ីណាវ៉ាត្រ មិនទៅណាឆ្ងាយ​ពីឆាកនយោបាយថៃ

9/9/2024
នៅថៃ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ បានស្បថចូលកាន់អំណាច​ កាលពីថ្ងៃសុក្រទី​៦​កញ្ញាកន្លងទៅ​។ លោកស្រី ភែថងថាន គឺជាមនុស្សទី​៣ហើយ នៃវង្សត្រកូល​ស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលថៃ។ ប្រមាណជាង​២០ឆ្នាំមកនេះ ក្រុមគ្រួសារត្រកូល​ស៊ីណាវ៉ាត្រ មិនបាន​ទៅណាឆ្ងាយ​ឡើយ​ ពីឆាកនយោបាយ​ថៃ ហើយ​បន្តមានឥទ្ធិពលជានិច្ច ទៅលើជីវិតនយោបាយថៃ​​​ បើទោះបីជាមានព្យុះឧបសគ្គរារាំងយ៉ាងណា។ មុន​លោកស្រី ភែថងថាន មនុស្សក្នុងវង្សត្រកូលស៊ីណាវ៉ាត្រ បាន​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចំនួន​២នាក់រួចមកហើយ។ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ឪពុករបស់លោកស្រីភែថងថាន គឺជានាយករដ្ឋមន្ត្រីចន្លោះពីឆ្នាំ​២០០១ ដល់២០០៦។ ចំណែក​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូន​ស្រីរបស់​លោកថាក់ស៊ីន កាន់មុខតំណែងនេះ​ពីឆ្នាំ​២០១១ដល់​២០១៤។ នេះនៅមិនទាន់​រាប់លោក សុមឆៃ វង់សាវ៉ាតផងទេ ដែលលោក​គឺជា​ស្វាមីរបស់​លោកស្រី យ៉ាវវ៉ាផា ស៊ីណាវ៉ាត្រ វង់សាវ៉ាត ប្អូនស្រីបង្កើតរបស់​លោកថាក់ស៊ីន​។ លោកសុមឆៃ​ វង់សាវ៉ាត អតីតប្រធានគណបក្សផាឡាំង​ប្រាឆាឈុន ធ្លាប់ឡើងធ្វើជានាយករដ្ឋមន្ត្រីថៃ បាន​២ខែដែរ​នៅឆ្នាំ​២០០៨។ គ្រួសារដ៏មានឥទ្ធិពល​លើនយោបាយថៃ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ដែលមានចំណាស់ជិតមួយសតវត្សមកហើយនេះ គឺគ្មានវង្សត្រកូលគ្រួសារ​ណាមួយ ដែល​អាចមានឥទ្ធិពល​លើនយោបាយថៃ ដូចគ្រួសារស៊ីណាវ៉ាត្រឡើយ​។ ហើយក៏គ្មាននរណាផ្សេងទៀត អាចមានឥទ្ធិពលធ្វើ​ឲ្យ​ប្រទេសថៃពុះចែក​និន្នាកាជាពីរ ដូចលោក​ថាក់ស៊ីនឡើយ​។ នៅអំឡុង​មុន​ឆ្នាំ​២០០០ លោកថាក់ស៊ីន គឺជាអ្នកជំនួញ​ដ៏មានប្រជាប្រិយ​ភាព​ មុននឹងចូលមកដឹកនាំ​បក្សភឿថៃ ហើយ​បាន​ឈ្នះឆ្នោតក្លាយ​ជានាយករដ្ឋមន្ត្រី។ ការដឹកនាំបែបថ្មី​របស់​លោក ត្រូវបាន​អ្នកវិភាគសំឡឹងឃើញថា មានលាយទៅដោយ​គំនិត​សេរីនិយមផង និង​ប្រើអំណាចផ្តាច់ការលាយឡំផង។ លោកបានទទួលការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​ពី​ប្រជាជនថៃក្រីក្រនៅតាមជនបទ បន្ទាប់ពីលោក​បានអនុវត្ត​ផែនការនយោបាយជួយអ្នកក្រីក្រ ដែល​រងការលំបាក​ក្រោយវិបត្តិសេដ្ឋកិច្ច​ឆ្នាំ​១៩៩៧​។ តែទន្ទឹមនឹងនេះ គូប្រជែង​នយោបាយ​របស់លោកថាក់ស៊ីន ដែលសុទ្ធតែអ្នកមានអំណាចចាស់ឆ្នាំ ស្និទ្ធនឹង​ព្រះបរមរាជវាំង ស្និទ្ធ​នឹង​​ក្រុមយោធាថៃ បានចោទ​ថាលោកថាក់ស៊ីន គឺ​ជាមនុស្សប្រជាភិថុត បោកប្រាស់ទិញទឹកចិត្តប្រជាជន​ ពុករលួយ និង​​គិតតែចំណេញក្នុងមុខជំនួញខ្លួន​។ នៅឆ្នាំ​២០០៦ ១ឆ្នាំបន្ទាប់ពីលោក​កាន់អំណាចអាណត្តិទី​២ ក្រុមយោធាអភិរក្សនិយម បានធ្វើរដ្ឋប្រហារទំលាក់​លោក​។ ការប្រឈមមុខដាក់គ្នារវាងក្រុមអភិរក្សនិយម និង​ក្រុម​លោកថាក់ស៊ីន បាន​ពុះ​ចែក​ប្រទេសថៃជា​២ អស់រយៈពេលជាច្រើនឆ្នាំ។ កំឡុងឆ្នាំ​២០១០ បាតុកម្មហិង្សាប្រទូស្តរាយគ្នាយ៉ាងខ្លាំង រវាង​ក្រុមអាលឿងដែលគាំទ្រក្រុមអភិរក្សនិយម និងក្រុមអាវក្រហម​ដែលគាំទ្រ​លោកថាក់ស៊ីន​។ ស្ងប់បន្តិចមក លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីពៅរបស់​លោកថាក់ស៊ីន បានឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ​២០១១។ តែបានតែជាង​២ឆ្នាំ រដ្ឋប្រហារយោធាថ្មីមួយទៀត បានទម្លាក់លោកស្រីពី​តំណែងនៅខែ​ឧសភាឆ្នាំ​២០១៤។ ក្រុមយោធាថៃបាន​បន្តដឹកនាំប្រទេស រហូតដល់ឆ្នាំ​២០២៣ មុននឹងបើកផ្លូវ​ឲ្យ​មានការបោះឆ្នោតឡើងវិញ ហើយ​បានហុចឱកាស​ ឲ្យក្រុមគ្រួសារស៊ីណាវ៉ាត្រ ត្រលប់​មក​កៀកនឹងអំណាចសាជាថ្មី​។ គ្រួសារស៊ីណាវ៉ាត្រ អាចត្រឡប់មក​កាន់អំណាចវិញដោយរបៀបណា? អ្វីដែលជាការកត់សំគាល់ ការវិលត្រលប់​មកកាន់អំណាច​របស់​គ្រួសារស៊ីណាវ៉ាត្រ​ នៅលើកនេះ គឺ​កើតឡើងដោយយុទ្ធសាស្ត្រ​ចាប់ដៃជាមួយអតីតសត្រូវ ពោលគឺក្រុមយោធាថៃ។​ រដ្ឋាភិបាលថ្មីរបស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ ដែល​បានស្បថចូលកាន់អំណាចកាលពីថ្ងៃសុក្រទី​៦កញ្ញាថ្មីៗនេះ គឺជារដ្ឋាភិបាលចម្រុះ កើតចេញពី​ការប្រមូលផ្តុំរវាងបក្សភឿថៃ និងបក្សតូចប្រមាណ១០គណបក្សទៀត។ ក្នុងចំណោមបក្សតូចៗទាំងនេះ គឺមាន​មនុស្សមួយចំនួន ត្រូវគេស្គាល់យ៉ាងច្បាស់ ថាមានទំនោរស្និទ្ធនឹងក្រុមយោធាថៃ​។ សម្ព័ន្ធភាព​រវាងបក្សភឿថៃ និងក្រុមយោធាអភិរក្សនិយម ដែលកាលពីអតីតកាល​ ធ្លាប់ជារឿងដែល​មិន​អាចទៅរួចនោះ បានលេចចេញជារូបរាងនៅរវាងឆ្នាំ​២០២៣ ក្រោយការបោះឆ្នោត​នៅខែឧសភា។ ការបោះឆ្នោត​ដែលផ្តល់លទ្ធផលជ័យជំនះដ៏គគ្រឹកគគ្រេង ជូន​គណបក្សថ្មីមួយ​ដឹកនាំដោយ​មនុស្ស​វ័យក្មេង គឺគណបក្ស​ Move Forward។ គណបក្សនេះបានទទួលការគាំទ្រខ្លាំងណាស់ ពិសេសពីសំណាក់យុវជនថៃ ដោយសារតែបក្សនេះ​មានគោលនយោបាយធ្វើកំណែទម្រង់ស៊ីជំរៅ បើកទំព័រសក្ករាជ​ថ្មី បិទបញ្ចប់អំណាចផ្តាច់មុខ​របស់​ក្រុមអ្នកស្និទ្ធនឹងរាជវង្សឬក្រុមយោធា​។​ តែនៅទីបំផុត​ គណបក្ស Move Forward ត្រូវ​គេរារាំង​មិន​ឲ្យបង្កើតរដ្ឋាភិបាល​បាន​។ ផ្អែកតាមការវិភាគរបស់​លោក Khemthong Tonsakulrungruang សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ​ជូឡាឡុងកន ការស្ទុះហក់ឡើងដ៏ខ្លាំងក្លានៃគណបក្ស​ Move Forward គឺជាការ​គំរាមមួយដ៏ធំ មកលើក្រុមអ្នកមានអំណាចអ្នកមានឥទ្ធិពលចាក់ឬសយូរឆ្នាំ ក្នុងបណ្តុំក្រុមយោធានិងរាជានិយមថៃ​។ ដោយហេតុនេះហើយ ទើបគេងាកទៅបង្កើតសម្ព័ន្ធភាពជាមួយ​បក្ស​ភឿថៃវិញ...

Duration:00:07:34

Ask host to enable sharing for playback control

តើហេតុអ្វី បានជា​ការភៀសខ្លួល​ទៅឥណ្ឌារបស់​លោកស្រី​ស្ហេក្ខ ហាស៊ីណា​ ធ្វើ​ឲ្យឥណ្ឌាទើសទាល់ចិត្ត​?

9/3/2024
១៥ឆ្នាំ​ក្រោយ​ការកាន់អំណាចយ៉ាងណែននៅបង់ក្លាដែស លោកស្រីនាយករដ្ឋមន្ត្រី ស្ហេក្ខ ហាស៊ីណា បាន​ភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅកាន់​ប្រទេសឥណ្ឌា កាលពី​ថ្ងៃទី​៥សីហា ដោយសារតែ​កំហឹងបាតុកម្មបណ្តេញ របស់​យុវជននិស្សិតបង់ក្លាដែស។ មិនបាន​១ខែស្រួលបួល​ផង វត្តមាន​របស់​លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស​រូបនេះ បានធ្វើឲ្យ​​​រដ្ឋាភិបាល​ឥណ្ឌា មានការទើសទាល់ចិត្តជាខ្លាំង។ តើមាន​​មូលហេតុអ្វីទៅ? លោកស្រី​ស្ហេក្ខ ហាស៊ីណា ត្រូវមកទទួលខុសត្រូវចំពោះមុខច្បាប់​នៅបង់ក្លាដែស​ កំហឹងបាតុកម្ម​របស់​យុវជន​បង់​ក្លាដែស កាលពីដើមខែសីហា បានធ្វើ​ឲ្យ​លោកស្រី​ស្ហេក្ខ ហាស៊ីណា រត់គេចប្រាសអាយុ ឡើងឧទ្ថម្ភាគចក្រចាកចេញពី​ទីក្រុង​ដាកា ឆ្ពោះទៅ​កាន់​ប្រទេសឥណ្ឌា​នៅថ្ងៃទី​៥សីហា​។ ក៏ប៉ុន្តែវត្តមានស្នាក់​នៅ​ឥណ្ឌា របស់​លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ កំពុងតែធ្វើ​ឲ្យ​មានភាព​តានតឹងខ្លាំងណាស់ ទៅលើទំនាក់ទំនង​ការទូត រវាង​ឥណ្ឌានិង​បង់ក្លាដែស​។ ចលនានិស្សិតដែល​ប្រឆាំងនឹង​អតីតរដ្ឋាភិបាល​ផ្តាច់​ការរបស់​លោកស្រី​ស្ហេក ហាស៊ីណា​ បានទាមទារ​ឲ្យ​ឥណ្ឌា ត្រូវតែបញ្ជូន​លោកស្រី ស្ហេក្ខ ហាស៊ីណា ឲ្យត្រលប់​មកបង់ក្លាដែសវិញជាបន្ទាន់។ ពួកគេ​ទាមទារថា​ លោកស្រីហាស៊ីណា ត្រូវ​ប្រឈមចំពោះមុខច្បាប់ ទាក់ទិនការបង្ក្រាបយ៉ាងសាហាវទៅលើបាតុករ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាច្រើនរយនាក់​។ គួរកត់សំគាល់ថា កាលៈទេសៈពេលនេះ ឥណ្ឌា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មួយទើសទាល់ ហាស្លាក់ខ្ជាក់ស្លែង​។ ក្នុងនាម​ជាមហាអំណាចតំបន់ ឥណ្ឌា​មានឥទ្ធិពលធំណាស់ទៅលើបង់ក្លាដែស តាំងតែពីឆ្នាំ​២០០៩មក​។ លោក Michael Kugelman អ្នកវិភាគនៅ Wilson Center បាន​លើកឡើងថា អ្វីៗនឹងល្អប្រសើរទៅថ្ងៃអនាគតសម្រាប់ទំនាក់ទំនង​រវាង​ឥណ្ឌានិង​បង់ក្លាដែស ប្រសិន​បើឥណ្ឌា​ព្រម​បញ្ជូន​​លោកស្រីហាស៊ី​ណា​មក​ឲ្យ​បង់ក្លាដែស។ តែទន្ទឹមនឹងនេះ បើរដ្ឋាភិបាល​ឥណ្ឌាធ្វើបែបនេះ គឺវានឹង​ធ្វើ​ឲ្យ​ប្រទេសផ្សេងៗទៀតក្នុងតំបន់ លែងមានទំនុកចិត្ត​លើឥណ្ឌា។ មេដឹកនាំ​នៃបណ្តាប្រទេសក្នុង​តំបន់ នឹងបារម្ភថាពេល​មានរឿងអ្វី​មួយទៅថ្ងៃមុខ ឥណ្ឌានឹងមិនអាចការពារខ្លួន​គេបានឡើយ​។ ឥណ្ឌាខ្លាចប្រទេស​ផ្សេងលែងទុកចិត្តខ្លួន​ ជាការពិតណាស់ បាត់បង់ទំនុកចិត្ត​ពីប្រទេសក្នុងតំបន់ វាមិនមែនជារឿងល្អទេសម្រាប់ឥណ្ឌា ក្នុងបរិបទមួយ​ដែលចិន​ក៏កំពុងតែប្រជែងយកមុខមាត់ខ្លាំងណាស់ដែរ ក្នុងតំបន់អាស៊ីខាងត្បូង​។ លោក Thomas Kean អ្នកវិភាគ​នៅ​ International Crisis Group បាន​លើកឡើងថា វាច្បាស់ណាស់ ដែល​ឥណ្ឌា​គ្មានបំណង​ចាប់បញ្ជូន​លោកស្រី​ហាស៊ីណា ប្រគល់ទៅ​ឲ្យ​បង់ក្លាដែសនោះឡើយ ព្រោះឥណ្ឌា​មិនអាចធ្វើ​ឲ្យ​មេដឹកនាំប្រទេសផ្សេងទៀតភ័យបារម្ភលែងទុកចិត្តខ្លួនឡើយ​។​ គួររំលឹកថា ឥណ្ឌាទើបបានបាត់បង់​សម្ព័ន្ធមិត្ត​មួយ​របស់ខ្លួនឲ្យរបូតទៅខាងចិន​ គឺប្រទេសម៉ាល់ឌីវ បន្ទាប់​ពី​លោកប្រធានាធិបតី​ថ្មីទើបឈ្នះឆ្នោត មានទំនោរទៅរកចិននិងស្អប់ឥណ្ឌាខ្លាំង។ ហើយពេលនេះ ឥណ្ឌា​បានបាត់​បង់​ បង់ក្លាដែសមួយទៀត ដោយសារតែ​​លោកស្រី​ស្ហេក្ខ ហាស៊ីណា ដែលធ្លាប់ជាមិត្តពិសេសរបស់ឥណ្ឌា បានធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី។ ការប្រកែក​មិន​ព្រមបញ្ជូនលោកស្រី​ហាស៊ីណា ទៅឲ្យ​បង់ក្លាដែស បានរឹងរឹតតែធ្វើ​ឲ្យ​ប្រជាជន​​បង់ក្លាដែសក្តៅក្រេវក្រោធ ខឹងស្អប់ចោទថាឥណ្ឌា ជាអ្នកជួយ​ការពារមេដឹកនាំផ្តាច់ការរូបនេះ។​ ឥណ្ឌាធ្វើ​ឲ្យ​ប្រជាជនបងក្លាដែសខកចិត្ត​? លោក Fakhrul Islam Alamgir មេដឹកនាំបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងដ៏ធំបំផុត បាន​ថ្លែងថា លោកខកចិត្តណាស់ ដែល​ឃើញឥណ្ឌា​តាម​ការពារ​​លោកស្រីហាស៊ីណា ដោយ​មិនខ្វល់ពីប្រយោជន៍របស់​បង់ក្លាដែស។ លោក​បន្តថា ប្រជាជន​បង់​ក្លាដែស​ចង់រាប់អានគ្នាដោយសុខសាន្តជាមួយឥណ្ឌា តែក៏មិន​ដល់ថ្នាក់ យក​ ប្រយោជន៍ជាតិខ្លួនទៅដូរ​ដែរ​។​ គួរកត់សំគាល់ថា ប្រមាណ​២សប្តាហ៍​មកនេះ ការមិនទុកចិត្តគ្នា រិះគន់គ្នា បាន​ស្ទុះហក់ឡើងយ៉ាងខ្លាំងរវាងប្រជាជន​បង់ក្លាដែសនិងឥណ្ឌា ជាពិសេសនៅលើបណ្តាញសង្គម​។ សូម្បីតែទឹកជំនន់​បណ្តាល​ឲ្យស្លាប់មនុស្សប្រមាណ​ជាង​៤០នាក់នៅបង់ក្លាដែស កាលពីពេលថ្មីៗនេះ ក៏បាន​ក្លាយ​ជាហេតុផលមួយ ដែល​អ្នកលេងបណ្តាញសង្គមបង់ក្លាដែសខ្លះ ​និយាយចោទប្រកាន់ថាឥណ្ឌាជាអ្នកបង្ហូរទឹក​មក​ឲ្យលិចលង់​បង់ក្លាដែស​។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ បានតម្រូវ​ឲ្យ​​ក្រសួងការបរទេស​ឥណ្ឌាចេញមុខប្រកាស បដិសេធចោលថា វាគឺជាគ្រោះមហន្តរាយ​បាក់ទំនប់ ហើយទឹកជំនន់នេះ ក៏បណ្តាល​ឲ្យ​មានប្រជាជនឥណ្ឌាស្លាប់​ជាង​២០នាក់ដែរ​។​ អ្វីទៅជាអាទិភាព​របស់បង់ក្លាដែស? សូមរំលឹកថា ឥណ្ឌានិងបង់ក្លាដែស បានចុះ​​សន្ធិសញ្ញា​ធ្វើបច្ចាប័នបញ្ជូន​ជនចាប់ចោទគ្នាទៅវិញទៅមក នៅឆ្នាំ​២០១៣។ ក៏ប៉ុន្តែ​ ក្នុងសន្ធិសញ្ញានេះ មានមាត្រាមួយបានចែងថា ប្រទេសសាមី អាច​បដិសេធមិនអនុវត្តការទាមទារធ្វើបច្ចាប័ន ប្រសិន​មាន​ជាប់ពាក់ព័ន្ធនឹង​បទល្មើសដែលមានលក្ខណៈនយោបាយ​។ គិតត្រឹមពេលនេះ រដ្ឋាភិបាល​ថ្មីបណ្តោះអាសន្ន​បង់ក្លាដែសដឹកនាំដោយ​លោក Muhammad Yunus មិនបាន​និយាយលើកឡើងអ្វីទាំងអស់ជាសាធារណៈ​ ទាក់ទិននឹង​ការភៀសខ្លួនទៅឥណ្ឌា...

Duration:00:05:24

Ask host to enable sharing for playback control

តើហេតុផលអ្វី​ ទើបលោក​​លោក​ចូ បៃដិន ស្នើគម្រោង​ធ្វើ​​​កំណែ​ទម្រង់​តុលាការកំពូល​​​?

7/30/2024
កាលពី​ថ្ងៃចន្ទទី​២៩កក្កដា លោក​ចូ បៃដិន​បានប្រកាសអំពី​គម្រោងរបស់​លោក​ ដែល​ស្នើឲ្យ​មានកំណែទម្រង់​ទៅលើ​តុលាការកំពូល ដែលជាស្ថាប័ន​យុត្តិធម៌កំពូលនៃសហរដ្ឋអាមេរិក​។ បើតាមសន្ទរកថារបស់​លោកចូ បៃដិន ការស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បី​ប្រយុទ្ធប្រឆាំងនឹងចរន្តគំនិត​ជ្រុលនិយម នៅក្នុងស្ថាប័ន​កំពូលនេះ ខណៈចៅក្រុម​ភាគច្រើន សុទ្ធសឹងតែជា​ចៅក្រុមអភិរក្សនិយ​ម។ តែយ៉ាងណា គម្រោងរបស់​លោក​ចូ បៃដិននេះ គឺ​គ្មានសង្ឃឹមថាអាច​សម្រេចបានដូច​​បំណងឡើយ ដោយ​សារតែឧបសគ្គ​រៀបចំ​ឡើង ដោយគណ​បក្សសាធារណ​រដ្ឋ​។ ប្រយុទ្ធប្រឆាំងនឹង "ចរន្តគំនិតជ្រុលនិយម"​ ការពិតទៅ លោក​ចូ បៃដិន​ ដឹងច្បាស់ណាស់ ថាគម្រោងធ្វើកំណែទម្រង់តុលាការកំពូលសហរដ្ឋអាមេរិក មិនអាចបានជោគជ័យ​ដោយ​ងាយ​ឡើយ។ ក៏ប៉ុន្តែ​លោក​ ចូ បៃដិន បានស្នើគំនិតនេះ​ឡើង ព្រោះវាមានន័​យជានិម្មិតរូប​និ​ងប្រវត្តិសាស្ត្រ​។ វាមិនមែនជារឿងចៃដន្យទេ ដែល​លោក​ចូ បៃដិន​ បាន​ប្រកាស​អំពី​គម្រោង​ធ្វើកំណែទម្រង់នេះ ចេញពី​បណ្ណាល័យលោក​ប្រធានាធិបតី​កំណែទម្រង់​ ដ៏សំខាន់​បំផុ​ត​មួយនៃសហរដ្ឋអាមេរិក គឺលោក Lyndon Baines Johnson ​នៅ​ទីក្រុង​Austin រដ្ឋតិចសាស់។ ហើយ​ថ្ងៃ​ទី​២៩កក្កដា គឺជា​​ឱកាស​បុណ្យខួប​៦០ឆ្នាំ នៃ​ការ​អនុម័តច្បាប់​ផ្តល់សិទ្ធិពលរដ្ឋស្មើៗគ្នា និងបានបិទបញ្ចប់​ការរើសអើង​ប្រកាន់ពូជសាសន៍ ស្បែកសស្បែកខ្មៅ។ ទាំងអស់នេះ គឺសុទ្ធតែជានិម្មិតរូប ដែល​លោកចូ បៃដិន​ចង់រំលេចឡើង និងគូសបញ្ជាក់ តាម​រយៈគម្រោងកំណែទម្រង់​តុលាការ​កំពូល​ដែល​លោក​បាន​ប្រកាស បើទោះបីដឹងថាការពិត​គម្រោងនេះ​ នឹងមិនអាច​សម្រេចដូចបំណង​។​ ឆ្លើយ​ដោយ​គ្មានលាក់លៀមទៅកាន់អ្នកកាសែត Washington Post លោក​ចូ បៃដិន​បានបញ្ជាក់ថា ហេតុផលដែលជំរុញ​ឲ្យ​លោកស្នើ​គំនិតធ្វើកំណែទម្រង់នេះ គឺ​ដើម្បីប្រយុទ្ធប្រឆាំងនឹង “​ចរន្តគំនិត​ជ្រុល​និយម” ដែល​កំពុង​តែរឹតសង្កត់ ​មកលើសង្គមអាមេរិក​ មិន​ឲ្យរីកចម្រើន​។ លោក​ចូ បៃដិន​បានលើកឡើងថា ភាពជ្រុលនិយម បានបំផ្លាញទំនុកចិត្តរបស់​ប្រជាជនអាមេរិក​ ទៅលើ​សេចក្តីសម្រេចនានារបស់តុលាការកំពូល​។ បិទបញ្ចប់អាណត្តិមួយជីវិតរបស់​ចៅក្រមតុលាការកំពូល​ សូមបញ្ជាក់ថា គម្រោង​កំណែទម្រង់​តុលាការកំពូល ដែល​លោកចូ បៃដិន​បាន​ប្រកាស គឺមាន​៣ចំណុច។ ទីមួយ​ គឺលប់ចោល​អាណត្តិ​មួយជីវិត របស់​ចៅក្រម​​តុលាការកំពូលទាំង​៩នាក់។ លោក ចូ បៃដិន បាន​ស្នើ​ឲ្យអាណត្តិ​មានត្រឹមរយៈពេល​១៨ឆ្នាំ ហើយ​ការ​ផ្លាស់​ប្តូរអាចធ្វើទៅ​បាន​រៀងរាល់២ឆ្នាំម្តង។ ចំណុចកំណែទម្រង់​ទី១នេះ គឺដើម្បី​បញ្ចៀស​ កុំឲ្យប្រធានាធិបតី​តែម្នាក់ ក្នុងអាណត្តិ​តែ១ អាចតែងតាំងចៅក្រមច្រើននាក់ ហើយធ្វើឲ្យ​ប្រែប្រួលខ្លាំង​ ដល់​សមាសភាព​នៃតុលាការកំពូល​។ ជាក់ស្តែង កាលពីក្នុងពេលកាន់អំណាច ​លោកដូណាល់ ត្រាំ បានតែងតាំងចៅក្រុម​តុលាការកំពូល​ដល់ទៅ​៣នាក់ ដែលសុទ្ធតែជាមនុស្ស​ទំនោរអភិរក្សនិយមជ្រុល​។ គឺ​ដោយ​ប្រការនេះហើយ បានជាក្នុងចំណោមចៅក្រមតុលាការកំពូល​ទាំង​៩រូប គឺមាន​៦រូបជាចៅក្រុម​អភិរក្សនិយម រីឯ៣នាក់ទៀត ជាចៅក្រម​មានទំនោរចម្រើននិយម។ លោក Keith Bybee សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ Syracuse​ បានលើកឡើងថា ការតែងតាំង​ចៅក្រម​ស្តាំអភិរក្សនិយមដល់​ទៅ​៣នាក់ ពីសំណាក់លោកដូណាល់ ត្រាំ គឺជាទង្វើជំរុញលើកទឹកចិត្ត​ ឲ្យ​តុលាការកំពូល ចេញសេចក្តី​សម្រេច ​ដែល​មានទំនោរ​អភិរក្សនិយម​កាន់តែខ្លាំង​ ទាញសង្គម​ឲ្យដើរថយក្រោយ​​។ តួយ៉ាង កាលពីឆ្នាំ​២០២២ តុលាការ​កំពូល​បាន​សម្រេច ​លុបសេចក្តីសម្រេចឆ្នាំ​១៩៧៣​មួយ ​ដែល​មាន​​តម្លៃជា “យុត្តិសាស្ត្រ” ​ការពារ​​​សិទ្ធិរំលូតកូនរបស់ស្ត្រី។ តាមរយៈសេចក្តី​សម្រេចថ្មីនៅ​ឆ្នាំ​​២០២២ តុលាការកំពូល​បាន​បើកសិទ្ធិ​ឲ្យរដ្ឋនីមួយ​ៗ អាចធ្វើច្បាប់​ហាមឃាត់ការរំលូតកូនបាន​។ មានន័យថា សិទ្ធិរបស់ស្ត្រីអាមេរិក​បានដើរថយក្រោយ​​​ ដោយសារតែអាណត្តិរបស់​លោកដូណាល់ ត្រាំ​។ ជាងនេះទៀត ដោយ​សារតែមានការរីកចម្រើនផ្នែកសុខាភិបាល ចៅក្រមម្នាក់ៗ​នៅ​អង្គុយកៅអី បាន​កាន់តែយូរ។ ពោលគឺ ពី​មុន​ឆ្នាំ​១៩៧០ ចៅក្រមតុលាការកំពូលអាមេរិក ​មានរយៈពេល​កាន់មុខនាទី​ជាមធ្យម១៦ឆ្នាំ តែឥឡូវវិញ រយៈពេល​កាន់មុខងារនេះ គឺ​​មាន​​ដល់ទៅ​២៨ឆ្នាំ​ឯណោះ មុន​ឈឺស្លាប់ ត្រូវមានអ្នកថ្មីមកជំនួស។​ ដោយឡែកគំនិតមួយទៀត ដែល​លោកចូ បៃដិនគាំទ្រដែរ គឺ​ចង់បង្កើន​ចំនួន​ចៅក្រមតុលាការកំពូល ឲ្យ​លើស​ពី​៩នាក់។ ធ្វើបែបនេះ​ គឺ​​ដើម្បី​ធ្វើឲ្យ​ទំនោរ​អភិរក្សនិយម ​ដែលមានក្នុងសមាសភាពបច្ចុប្បន្ន​​ ត្រូវថមថយកម្លាំង​ខ្លះ​។ ចំនួន​ចៅក្រមតុលាការកំពូលដែលមាន៩នាក់ ​នាពេលបច្ចុប្បន្ននេះ គឺត្រូវបាន​កំណត់ដោយច្បាប់​មួយនៅឆ្នាំ​១៨៦៩ ពោលគឺមិនមែន​ចែងដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទេ មានន័យថាចំនួន​នេះ​ អាចប្រែប្រួល​បាន​ទៅថ្ងៃមុខ ​ប្រសិន​មាន​ការត្រូវរ៉ូវគ្នាណាមួយនៅក្នុងសភាខុនហ្ក្រេស​។ អភ័យ​ឯកសិទ្ធិប្រធានាធិបតី​ដែល​ប្រព្រឹត្តិបទឧក្រិដ្ឋ​ ចំណុចទី២ ដែលលោកចូ បៃដិន​បានស្នើ គឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញតែម្តង ដើម្បី​ឈាន​​​ទៅ​ចាត់ទុកជាមោឃៈ នូវសេចក្តី​សម្រេចថ្មី​​មួយ​​​របស់តុលាការកំពូល​...

Duration:00:07:07

Ask host to enable sharing for playback control

កីឡាអូឡាំពិក និង ឥទ្ធិពល នៃភូមិសាស្ត្រនយោបាយអន្តរជាតិ

7/26/2024
កីឡាអូឡាពិក​ គឺ ជាព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលមានមនុស្សតាមដានច្រើងជាងគេបំផុត។ ជាក់ស្តែង នៅរៀងរាល់ការប្រកួត កីឡាអូឡាំពិកម្តងៗ មានអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ មិនក្រោម ១ពាន់ ៥០០ លាននាក់ ពីជុំវិញពិភពលោក។ សារៈសំខាន់ និងប្រជាប្រិយភាព ដ៏ធំសម្បើមនេះហើយ ដែលជាមូលហេតុ នាំឲ្យកីឡាអូឡាំពិក តែងរងសម្ពាធ និង ឥទ្ធិពល ពីបរិបទភូមិសាស្ត្រនយោបាយសកល។ កីឡាអូឡាំពិកលើកទី ៣៣ ដែលបើកសម្ពោធជាផ្លូវការ នៅថ្ងៃសុក្រ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងទីក្រុងប៉ារីស ក៏ពុំអាចជៀសផុតពីភាពរំជើបរំជួល នៃភូមិសាស្ត្រនយោបាយអន្តរជាតិ បច្ចុប្បន្ន បានឡើយ។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយអស់រយៈពេលជាង ២ឆ្នាំ ការវិលមកកាន់អំណាចឡើងវិញនៃពួកតាលីបង់នៅអាហ្វហ្កានីស្ថាន ព្រមទាំងសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស សុទ្ធសឹងជាមូលហេតុចម្បង ដែលកំពុងរុញច្រានពិភពលោក ឲ្យធ្លាក់ក្នុងភាពតានតឹង និង ការផ្ទុះកំហឹងដាក់គ្នា។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយពិភពលលោក លើកីឡាអូឡាំពិក ក្នុងអតីតកាល គិតមកទល់ពេលនេះ មានតឹកតាងប្រវត្តិសាស្ត្រជាច្រើន ដែលបង្ហាញច្បាស់អំពី ផលប៉ះពាល់នៃភូមិសាស្ត្រនយោបាយពិភពលោក លើការប្រកួតកីឡាអូឡាំពិក។ ជាឧទាហរណ៍ នៅឆ្នាំ ១៩៥៦ ក្នុងពិធីកីឡាអូឡាំពិក នៅទីក្រុង Melbourne ប្រទេសអូស្តា្រលី ប្រទេសចំនួន ៧ បានធ្វើពហិការ មិនចូលរួមប្រកួត។ ក្នុងនោះ ចិនបដិសេធមិនចូលរួម ដោយសារវត្តមានតៃវ៉ាន់ ដែលខ្លួនមិនទទួលស្គាល់ថា​ ជាប្រទេសឯករាជ្យ ចែកដាច់ពីរដ្ឋអំណាចចិនតែមួយ។ រីឯប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ និង លីបង់ បានប្រឆាំងតវ៉ា នឹងការចូលលុកលុយឈ្លានពាន របស់អ៊ីស្រាអែល ក្នុងទឹកដីអេហ្ស៊ីប។ បារាំង និង អង់គ្លេស កាលណោះ កំពុងជួបវិបត្តិព្រែកជីក ស៊ុយអេ។ ចំណែក ប្រទេសហូឡង់ និង ស្វីស វិញ បានដកខ្លួនពីការប្រកួត ដើម្បីសម្តែងការប្រឆាំងចំពោះ ទង្វើឈ្លានពាននៃសហភាពសូវៀត ក្នុងប្រទេសហុងគ្រី។ ឧទាហរណ៍មួយទៀត មាននៅក្នុងឱកាសកីឡាអូឡាំពិក នៅទីក្រុង Montréal ប្រទេសកាណាដា ក្នុងឆ្នាំ ១៩៧៦។ ពេលនោះ ប្រទេសអាហ្វ្រិកជាច្រើន បាននាំគ្នាធ្វើពហិការ មិនចូលរួមព្រឹត្តិការណ៍នេះ ដើម្បីប្រឆាំងនឹងប្រទេសណូវែលហ្ស៊េឡង់ ដែលមិនព្រមលុបចោលការប្រកួតកីឡាតទល់ជាមួយ អាហ្វ្រិកខាងត្បូង ដែលពេលនោះ បានរងការចោទប្រកាន់ ថាជាប្រទេសរឿសអើងជាតិសាសន៍។ ភាពតានតឹងកើនឡើងខ្លាំងមួយកម្រិតទៀត ក្នុងពេលប្រកួតកីឡាអូឡាំពិក នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ឆ្នាំ ១៩៨០ និង នៅ ទីក្រុង Los Angeles សហរដ្ឋអាមេរិក ឆ្នាំ ១៩៨៤។ គ្រានោះ អាមេរិក និង សហភាពសូវៀត ធ្វើពហិការដាក់គ្នា ទៅវិញទៅមក។ ជារួម ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ កីឡាអូឡាំពិក បានក្លាយជាសង្វៀន តតាំងគ្នា យ៉ាងក្តៅគគុក រវាងក្រុមប្រទេសមូលធននិយម និងសង្គមនិយម។ គ្មានទង់ជាតិរុស្ស៊ី ក្នុងកីឡាអូឡាំពិក ឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស បច្ចុប្បន្ន សង្គ្រាមនៅអ៊ុយក្រែន ដែលបន្តហែកហួរពិភពលោក ចែកជាបក្សសម្ព័ន្ធដាច់ពីគ្នា គឺជាដើមចម តម្រូវឲ្យគណៈកម្មាធិការកីឡាអូឡាំពិក ដាក់ពិន័យលើ​រុស្ស៊ី និង បេឡារុស ដែលជាប្រទេសក្នុងសហព័ន្ធតែមួយ ដោយរឹតត្បិតវត្តមាននៃប្រទេសទាំងពីរនេះ ក្នុងពេលប្រកួត។ ជាផ្លូវការ មានអត្តពលិក រុស្ស៊ី និង ប៊េឡារុស សរុបទាំងអស់ មិនដល់ ៤០ នាក់ផង ដែលមានសិទ្ធិចូលរួមប្រកួត។ កីឡាករទាំងនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងល្អិតល្អន់បំផុត ដើម្បីប្រាកដថា ពួកគេគ្មានជាប់ទាក់ទងជាមួយកងទ័ពរុស្ស៊ី និង គ្មានបង្ហាញជំហរគាំទ្រ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លើសពីនេះទៀត កីឡាករខាងលើ គ្មានសិទ្ធិកាន់ទង់ជាតិតំណាងឲ្យប្រទេសខ្លួនឡើយ ពោលគឺត្រូវ ប្រើទង់អព្យាក្រិត្យ​ ដែលគ្មានរូបតំណាងជាតិអ្វីទាំងអស់។ ទន្ទឹមគ្នានេះ ពួកគេក៏គ្មានសិទ្ធិចូលរួមក្នុងក្បួនដង្ហែ ក្នុងពិធីបើកសម្ពោធកីឡាអូឡាំពិក នៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា នេះដែរ។ ទង្វើនេះ បណ្តាលឲ្យរុស្ស៊ីខឹងសម្បា ហើយចោទគណៈកម្មាធិការអូឡាំពិកថា រើសអើងជាតិសាសន៍ និង ដើរលើគន្លងនៃរបបណាហ្ស៊ីថ្មី។ អាហ្វហ្កានីស្ថាន អាចចូលរួមប្រកួត តែមានលក្ខខណ្ឌ ក្រៅពីរុស្ស៊ី អាហ្វហ្កានីស្ថាន ក៏រងពិន័យដូចគ្នាដែរ៊។ ជាក់ស្តែង គណៈប្រតិភូតំណាងថ្នាក់ដឹកនាំប្រទេសនេះ ដែលបច្ចុប្បន្នជាក្រុមតាលីបង់ មិនត្រូវគេអនុញ្ញាតឲ្យបង្ហាញវត្តមាន ក្នុងកម្មវិធីប្រកួតនេះឡើយ។ ចំពោះកីឡាករ ចូលរួមប្រកួតវិញ គឺមានចំនួនទាំងអស់ ៦ នាក់ ដោយក្នុងនោះ មានប្រុស ៣ នាក់ និងស្រី ៣ នាក់ ពោលគឺស្មើភាពគ្នារវាងភេទទាំងពីរ។​ នេះ គឺជាលក្ខខណ្ឌ ដែលគណៈកម្មាធិការអូឡាំពិក តម្រូវឲ្យក្រុមតាលីបង់គោរពតាម ដើម្បីអាចចូលរួមប្រកួតបាន។ គួររំឭកថា ចាប់តាំងពីរក្រុមតាលីបង់ត្រឡប់មកកាន់អំណាចឡើងវិញ នៅអាហ្វហ្កានីស្ថាន មនុស្សស្រី ត្រូវអាជ្ញាធរហាមឃាត់ មិនឲ្យលេងកីឡា មិនឲ្យចូលក្នុងបរិវេណហាត់កីឡា និង គ្មានសិទ្ធិរៀនលើសពីថ្នាក់បឋមសិក្សា។ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និង បរិយាកាសនយោបាយដ៏តានតឹង ងាកទៅដើមបូព៌ាវិញ ក្រោយការចូលសម្លាប់រង្គាល របស់ក្រុមហាម៉ាស ក្នុងទឹកដីអ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង និងបន្តឆាបឆេះ...

Duration:00:05:00

Ask host to enable sharing for playback control

ចិនកំពុងអូសជើងចង់ចំណេញខ្លាំង​ លើ​គម្រោងបំពង់បង្ហូរឧស្ម័ន​ “Power of Siberia 2” របស់រុស្ស៊ី

6/7/2024
ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញ​​​បំពង់បង្ហូរឧស្ម័ន​ដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពី​តំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន​។ ស្របពេល​ដែល​ប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួល​បាននូវ​​​ប្រភពចំណូលដ៏ច្រើនសន្ធឹក​។ តែយ៉ាងណា គម្រោង​ដ៏ធំនេះហាក់នៅឆ្ងាយ​សន្លឹម​ មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប ​កំពុងតែអូសជើង និង​ដាក់លក្ខខណ្ឌកេង​ចំណេញ​ខ្លាំងបំផុត​។ ក្រុម​ហ៊ុនGazprom ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់រុស្ស៊ី មានគម្រោងជាមួយចិន សាងសង់​បណ្តាញបំពង់បង្ហូរឧស្ម័ន ឈ្មោះថា Power of Siberia 2 តភ្ជាប់ពី​តំបន់ស៊ីបេរី ឆ្ពោះទៅខេត្ត​ស៊ីនជាំង​​។ Power of Siberia 2 មានប្រវែងសរុប៦០០០គីឡូម៉ែត្រ ពោលគឺ​វែងលើស​​បណ្តាញ​បំពង់ Power of Siberia 1 ដែលសាងសង់រួចកាលពី​​៥ឆ្នាំមុន ដល់ទៅ​៣ដង។​ នៅពេលសាងសង់រួច បំពង់បង្ហូរឧស្ម័ន​ Power of Siberia 2 នឹងមានសមត្ថភាព​​នាំឧស្ម័ន​លក់ទៅ​ឲ្យ​ចិន ក្នុងទំហំ៥ម៉ឺនលានម៉ែត្រគូបក្នុងមួយឆ្នាំ។ គួរបញ្ជាក់ថា គម្រោងនេះជាក្តីសង្ឃឹមធំណាស់ សម្រាប់រុស្ស៊ី ដែលកំពុងតែត្រូវការប្រាក់ជាខ្លាំង​ ក្នុងអំឡុងពេលនេះ​។ ក្រុមហ៊ុន​Gazprom ជាប្រភពចំណូល​មួយដ៏សំខាន់របស់រដ្ឋរុស្ស៊ី ក៏ប៉ុន្តែ​ប្រមាណ​១ឆ្នាំមកនេះ ក្រុមហ៊ុន​Gazprom ហាក់កំពុងឆ្លងកាត់ការលំបាកខ្លាំងណាស់ផ្នែកហិរញ្ញវត្ថុ នេះ​បើ​ផ្អែកតាម​កាសែត Financial Times ដែល​បាន​ពិនិត្យ​ របាយការណ៍​មួយរបស់ Gazprom។ តួលេខបូកសរុប​ឆ្នាំ​​២០២៣ បង្ហាញថាក្រុមហ៊ុនGazprom ខាត​ប្រាក់ចំនួន​ដល់ទៅ ៦៩០០លានដុល្លារ​។ វិបត្តិ​ខ្វះចំណូល ដោយសារតែបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាឈប់ទិញឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពី​រុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន​។ ប្រឈមនឹងបញ្ហានេះ រុស្ស៊ីត្រូវតែរកមធ្យោបាយ រកអតិថិជនថ្មីដែលអាចទិញឧស្ម័នរបស់រុស្ស៊ីក្នុងទំហំធំ ឲ្យ​បានឆាប់បំផុត។ ដោយ​ផ្អែកលើកត្តាចំនួន​ប្រជាជន និង​កត្តាភូមិសាស្ត្រ គឺអតិថិជនថ្មីនេះ គ្មាននរណា​ល្អជាងចិនទេ សម្រាប់រុស្ស៊ី​។ ហេតុដូច្នេះហើយ បានជារុស្ស៊ី​បានប្រឹងប្រែង​ជំរុញឲ្យ​ចិន​​ចុះហត្ថលេខា កសាងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ជាមួយខ្លួន។ ថ្វីបើភាគីរុស្ស៊ី ធ្លាប់អួតថា​ ការដ្ឋានសាងសង់អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ​២០២៤នេះ តែធាតុពិត​ជាក់ស្តែង អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងថា គ្មានសង្ឃឹមទេ។ ចិនដឹងថាខ្លួនមានប្រៀប កំពុងតែប្រើយុទ្ធសាស្ត្រអូសបន្លាយ​ពេលវេលា​។ លោក Thierry Bros អ្នកជំនាញ​វិស័យថាមពល​ដែល​តាមដានគម្រោងនេះ បាន​លើកឡើងថា ចិនអាចត្រូវការ​ឧស្ម័ន​បន្ថែមពីរុស្ស៊ី ខ្ទង់ប្រហែលជាឆ្នាំ​២០៣៥ឯណោះ ព្រោះថា​​បច្ចុប្បន្ននេះ ចិនមិនខ្វះ​​អ្នកផ្គត់ផ្គង់ឲ្យទេ។ ម្លោះហើយ ចិន​ប្រើវិធី​ ធ្វើ​ឲ្យអ្នកផ្គត់ផ្គង់ឲ្យខ្លួន​ ប្រកួតប្រជែងគ្នា​។ ជាក់ស្តែង​ចិនទើបតែចុះកិច្ចសន្យាទិញឧស្ម័ន​​របស់អ៊ីរ៉ាក់ ធ្វើឲ្យរុស្ស៊ីកាន់តែ​ចាញ់ប្រៀប។ បន្ថែមពីនេះ ភាគីចិនបានដាក់លក្ខខណ្ឌច្រើនខ្លាំងណាស់ ទៅលើភាគីរុស្ស៊ី​។ ប្រើប្រៀបធៀបទៅតម្លៃ ដែលរុស្ស៊ីធ្លាប់​លក់ឲ្យ​ប្រទេសអឺរ៉ុប គឺរុស្ស៊ីលក់ឲ្យ​ចិនថោក​ជាងរួចទៅហើយរាល់ថ្ងៃនេះ។ តែ​ចាប់ពីពេលនេះទៅ ចិនបាន​ទាមទារថា រុស្ស៊ីត្រូវតែលក់ឧស្ម័ន​ឲ្យខ្លួន ​ក្នុង​តម្លៃមួយ​ស្មើនឹងតម្លៃលក់ទៅឲ្យ​ប្រជាជនរុស្ស៊ីក្នុងស្រុក។ ជាងនេះទៀត ចិនបានទាមទារថា ក្រុមហ៊ុន​ Gazprom ត្រូវជាអ្នកចំណាយថ្លៃសាងសង់ បណ្តាញបំពង់បង្ហូរ​ Power of Siberia 2 ទាំងស្រុង​។​ បើតាមសម្តី​លោក Thierry Bros មានន័យថា ក្រុមហ៊ុន Gazprom ច្បាស់ជាត្រូវខាតដើមហើយ​គ្រានេះ​។ ពាក្យ​ថា “មិត្តភាពគ្មានទីបំផុតរវាងចិននិងរុស្ស៊ី” ដែល​លោកស៊ី ជីនពីងបានប្រកាស​នោះ បែបពិបាកលេបបន្តិចហើយ សម្រាប់លោកពូទីន​។ យ៉ាងណាក៏ដោយ ជម្រើសមានតិចណាស់ សម្រាប់ភាគីរុស្ស៊ី។ រដ្ឋរុស្ស៊ីមានហ៊ុនពាក់កណ្តាលក្នុង ក្រុមហ៊ុន Gazprom ដូច្នេះរុស្ស៊ីមិន​អាចបណ្តោយ​ឲ្យក្រុមហ៊ុននេះរលំបានទេ​។ ជាងនេះទៀត វិស័យ​នាំចេញឧស្ម័នគឺជាប្រភពការងារ​ដ៏សំខាន់ សម្រាប់ប្រជាជនរុស្ស៊ីនៅតាមតំបន់ដាច់ស្រយ៉ាលដែលមិនសូវមានសកម្មភាពសេដ្ឋកិច្ច​។ បើអត់ការងារធ្វើ កំហឹងប្រជាជនរុស្ស៊ីទល់​នឹងការដឹកនាំរបស់លោកពូទីនក៏នឹងកាន់តែមានខ្លាំង​។ កាលពីថ្ងៃចន្ទ ទី​៣មិថុនា នៅពេលអ្នកកាសែតចោទសួរអំពី​ការវិវឌ្ឍន៍​នៃ​​គម្រោង Power of Siberia 2 លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រេមឡាំង បានឆ្លើយឲ្យតែផុតពីមាត់ ថា​កុំភ័យគម្រោងនេះ ចិននឹងរុស្ស៊ី​ប្រាកដជា​ត្រូវរ៉ូវគ្នាមិនខានទេ​។ ជាការកត់សំគាល់ជាក់ស្តែង គឺភាគីរុស្ស៊ី​ដឹងខ្លួនថា គម្រោងនេះមិនអាចចេញរួចឆាប់ៗ​នេះទេ ដោយសារតែចិន​វាយឫក។ យ៉ាងណាមិញ ពេល​លោក​ពូទីនធ្វើដំណើរទៅ​ប៉េកាំង កាលពីខែឧសភាថ្មីៗនេះ លោក​ Alexei Miller អគ្គនាយកGazprom មិនទាំងទៅជាមួយផង​។​ មានន័យថា រុស្ស៊ីគ្មានសង្ឃឹមថាអាច​មាន​ កិច្ច​ព្រមព្រៀង​ចុងក្រោយអនុម័ត​​គម្រោងនេះទេ។ តែលោក Thierry Bros បានពន្យល់ថា ទោះជាយ៉ាងណា ចិនក៏​មិនចង់ឲ្យ​របបរបស់​លោកពូទីន​រង្គោះរង្គោះដែរ។...

Duration:00:04:58

Ask host to enable sharing for playback control

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​នឹងធ្វើឲ្យស្ថានការណ៍សង្រ្គាម​នៅ​​ហ្កាហ្សាប្រែប្រួលដែរឬទេ?

5/28/2024
ប្រទេស​ចំនួន៣ អេស្ប៉ាញ អៀរឡង់ និង​ន័រវែសបាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារ​ទី ២៨​ឧសភា។ របត់នយោបាយការទូតរបស់​ប្រទេស​ អឺរ៉ុប​ទាំងបី​តាមរយៈ​ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងឆេះដុំ នៅប៉ុន្មាន​ថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹម​​កោះហៅ​អ្នកតំណាងទូត​របស់​ប្រទេស​ទាំងបីមកព្រមាន ប៉ុន្តែ នៅបាន​ចោទប្រកាន់​អេស្ប៉ាញនាំមុខគេ​ក្នុង​ចំណោមប្រទេស​ទាំងបី​ថា កំពុងផ្តល់អំណោយដល់​ក្រុមហាម៉ាស និង​​ឃុបឃិត​ ចូលរួម​អំពាវនាវ​ឲ្យ​មានការសម្លាប់ប្រល័យពូជសាសន៍​ប្រជាជនជ្វីហ្វ។ មួយសប្តាហ៍ក្រោយ ការប្រកាសរួមគ្នា​របស់​ថ្នាក់ដឹកនាំ​អេស្ប៉ាញ អៀរឡង់ និង​ន័វែស ការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេស​អឺរ៉ុប​ទាំងបី​បាន​ចូលជា​ធរមាន ចាប់ពីថ្ងៃ​អង្គារ​ទី​២៨​ឧសភា។ នៅថ្ងៃ​ដដែល នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​បាន​ចេញមក​បញ្ជាក់​ពីភាពចាំបាច់ និង​សារៈសំខាន់​នៃការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ដើម្បី​ឈាន​ទៅ​បង្កើត​សន្តិភាព​រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ម្យ៉ាង​វាមានន័យ​ ផ្តល់​យុត្តិធម៌​ដល់ប្រជាជនប៉ាឡេស្ទីន។ ចំពោះ​ប្រមុខរដ្ឋាភិបាល​អេស្ប៉ាញ ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន មាន​លក្ខណៈ​ជានិមិត្តរូប ដែល​អាច​លើកទឹកចិត្ត​ឲ្យ​ប្រទេស​អឺរ៉ុប​ដទៃទៀត​ធ្វើតាម។ គោលដៅ​ចុងក្រោយរបស់​អេស្ប៉ាញ ន័វែស និងអៀរឡង់ គឺ ការដាក់សម្ពាធ​ផ្នែកការទូត​លើ​ភាគីជម្លោះទាំងពីរ អ៊ីស្រាអែល និង​ក្រុមហាម៉ាស ដើម្បី​ឈាន​ទៅ​អនុវត្តបទឈប់បាញ់​នៅហ្កាហ្សា និងការដោះលែង​ចំណាប់ខ្មាំង។ នៅចំពោះមុខ ការបាត់បង់ជីវិត​របស់ប្រជាជន​ប៉ាឡេស្ទីន ជារៀងរាល់ថ្ងៃ នៅក្នុង​សង្រ្គាមសងសឹក​របស់អ៊ីស្រាអែលទៅលើ​ក្រុមហាម៉ាសនៅ​ហ្កាហ្សាជាង​៨ខែ រួមផ្សំ​នឹង​ការព្រងើយកន្តើយ​របស់​អ៊ីស្រាអែល​ ដែលមិនខ្វល់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិដែលទាមទារ​ឲ្យអ៊ីស្រាអែល​ឈប់ជាបន្ទាន់​ការវាយប្រហារ​សម្លាប់មនុស្ស​នៅ​ភាគខាងត្បូងហ្កាហ្សា អេស្ប៉ាញ អៀរឡង់ និង​ន័រវែសប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន ដើម្បី​ចង់បង្ហាញថា ពួកគេ​​គ្មាន​ជម្រើសអ្វីផ្សេង ក្រៅពីផ្លាស់ប្តូរ​នយោបាយការបរទេសជាមួយអ៊ីស្រាអែល។ និយាយ​ម្យ៉ាងថា ទោះដឹងថា អ៊ីស្រាអែល​ ខឹងក្តៅក្រហាយ ប៉ុន្តែ អេស្ប៉ាញ អៀរឡង់ និង​ន័រវែស​ នៅតែ​ងាកបែរ​ទៅទទួលស្គាល់ជាផ្លូវការ ​រដ្ឋប៉ាឡេស្ទីន។ គិត​រហូតមកដល់​ពេលនេះ បីភាគបួន​នៃ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ចំនួន១៣៩​ប្រទេស ​ទទួលស្គាល់​ជាផ្លូវការ រដ្ឋប៉ាឡេស្ទីន ដោយ​មាន​ហ្សេរុយសាឡឹម​ជា​អនាគត​រដ្ឋធានី។ បណ្តាប្រទេស​អាស៊ីនាំមុខដោយ​ចិន ឥណ្ឌា អាហ្វ្រិក និង​អាមេរិកឡាទីន បាន​សម្រេច​ជាបន្តបន្ទាប់គ្នា ប្រកាស​​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ដោយ​នៅសល់​តែ​បណ្តាប្រទេសអឺរ៉ុប ដែលជា​សម្ព័ន្ធមិត្ត​របស់​​អាមេរិក អ្នកគាំទ្រដោយ​ឥតងាករេ រដ្ឋ​អ៊ីស្រាអែល។ ប៉ុន្តែ ការវាយប្រហារយ៉ាងឃោឃៅ​របស់​ទាហាន​អ៊ីស្រាអែល និង​ជំហរដាច់ណាត់​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលក្នុងការបញ្ជា​ឲ្យគាស់រំលើង​ក្រុមហាម៉ាស​នៅភាគខាងត្បូង​ហ្កាហ្សា ទោះមាន​ការថ្កោលទោស​របស់​សហគមន៍អន្តរជាតិ បានបណ្តាលចិត្ត​របស់​ប្រទេស​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល ម្តងមួយៗឲ្យ​ចេញមុខ​គាំទ្រ​​ការបង្កើតរដ្ឋពីរជិតគ្នា គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ដោយសារ​តែ​អ៊ីស្រាអែល​មិន​ព្រម​ស្តាប់ និងផ្គើន​ចង់​វាយលុកចូលរាហ្វា ​ដោយមិន​ខ្វល់​ពីការស្លាប់បាត់បង់ជីវិតរបស់​ប្រជា​ជនស៊ីវិលប៉ាឡេស្ទីន អាមេរិកផ្ទាល់​ធ្លាប់​បានព្រមាន​អ៊ីស្រាអែល​ពីការផ្អាកបញ្ជូនអាវុធ និងជំរុញ​ឲ្យ​ភាគីអ៊ីស្រាអែលត្រូវ​តែ​ចរចាជាមួយ​អាជ្ញាធរប៉ាឡេស្ទីនដើម្បី​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​នៅ​ហ្កាហ្សា។ ប៉ុន្តែ អ៊ីស្រាអែល​មិន​ព្រម​ស្តាប់ចូលត្រចៀក។ បារាំង​ និង​ប៊ែលហ្សិក​វិញ ធ្លាប់និយាយ​ថា ការប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន ជា​រឿងចាំបាច់ ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ឲ្យ​ភាគីទាំងពីរ​ត្រលប់ចូលតុចរចាសិន ទើប​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​តាមក្រោយ។ បើទោះបីជា​ប្រទេស​អឺរ៉ុប​ទាំងបី អេស្ប៉ាញ ន័រវែស និងអៀរឡង់​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​​ ក្នុងរូបភាពនិមិត្តរូបក្តី ប៉ុន្តែ ចង់ ឬ​មិន​ចង់ វា​នឹងអាច​ធ្វើ​ឲ្យអ៊ីស្រាអែល​កាន់តែ​ឯកោ បាត់ការគាំទ្រ​នៅក្នុង​ឆាកអន្តរជាតិ។ ផ្ទុយទៅវិញ វានឹង​ជំរុញ​ឲ្យ​ប៉ាឡេស្ទីន ដែល​សព្វថ្ងៃមានឋានៈ​ត្រឹម​​ជា​រដ្ឋសង្កេតការណ៍ ​អាច​ក្លាយទៅជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ។ ការណ៍នេះនឹ​ងធ្វើឲ្យអ៊ីស្រាអែល​ងាយ​ប្រឈម​នឹង​ការផ្តន្ទាទោស ក្នុងបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់ជនជាតិរបស់​រដ្ឋសមាជិកមួយទៀត​របស់​អង្គការ​សហប្រជាជាតិ។ ជាថ្មីម្តងទៀត ការប្រកាសទទួលស្គាល់​ប៉ាឡេស្ទីន​ជារដ្ឋ នឹង​មាន​លក្ខណៈនិមិត្តរូប​ ជាជាង​ដំណោះស្រាយពិតប្រាកដសម្រាប់​រកច្រកចេញ​វិបត្តិសង្រ្គាមនៅហ្កាហ្សា។ ម្យ៉ាង វា​ក៏​មិនបានទៅដោះស្រាយ​បញ្ហា​ពិតប្រាកដ ដូចជាថា តើ​ខ្សែបន្ទាត់ព្រំដែនប៉ាឡេស្ទីន និងអ៊ីស្រាអែល​ស្ថិតនៅ​ចំណុចណា? តើ​ ទឹកដីប៉ាឡេស្ទីន...

Duration:00:04:29

Ask host to enable sharing for playback control

សង្រ្គាមហ្កាហ្សា៖ កាតាជា​តួអង្គមិនអាចខ្វះបាន នៅក្នុង​ការចរចា​បទឈប់បាញ់ និង​ដោះដូរ​ចំណាប់ខ្មាំង

2/27/2024
ប្រមុខរដ្ឋកាតា អេមៀ តាមីម បិន ហាម៉ាដ អាល់ ថានី​ផ្តើមទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​បារាំង។ ក្រៅតែពីជំរុញ​ទំនាក់ទំនង​បារាំង និងកាតា ដែលជា​ប្រទេស​មហា​សេដ្ឋីប្រេង ទស្សនកិច្ច​ជាលើកទី១​របស់​ព្រះចៅកាតា នៅ​ទីក្រុង​ប៉ារីស នឹង​ផ្តោតសំខាន់​លើ​ការចរចា​បទឈប់បាញ់ និង​ការដោះលែង​ចំណាប់ខ្មាំង។ ខណៈដែលនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ត្រៀមលក្ខណៈ​វាយប្រហារ​ជើងគោក​ចូល​ទីក្រុង​រ៉ាហ្វា ដែលជា​ជំរកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា បារាំង អេហ្ស៊ីប និងអាមេរិក​ងាកទៅ​ជំនួយ​ពីកាតា ដែលជាអន្តរការី ធ្លាប់ដើរតួសំខាន់ នៅ​ក្នុង​ការចរចា​ឲ្យមានការផ្អាកបាញ់ នៅហ្កាហ្សា ជាថ្នូរនឹង​ការដោះលែង​ចំណាប់ខ្មាំងជាង ១០០នាក់​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន។ ហេតុអ្វីបានជា​កាតា​ជាតួអង្គមិនអាច​ខ្វះបាន នៅក្នុងការចរចា​ស្តីការដោះដូរ​ចំណាប់ខ្មាំង ឬបទឈប់បាញ់​នៅ ហ្កាហ្សា? នៅប៉ុន្មានថ្ងៃ​មកនេះ យុទ្ធនាការចរចាដើម្បី​ជំរុញ​ឲ្យ​មាន​បទឈប់បាញ់​នៅហ្កាហ្សា ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល មាន​កាន់​តែ​ច្រើន ជាពិសេស នៅចំពោះមុខ​វិបត្តិមនុស្សធម៌​ដ៏អាក្រក់ក្រៃលែងនៅហ្កាហ្សា និងការគំរាម​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដើម្បី​បើកសមរភូមិជើងគោកសម្រុកចូលក្រុង​រ៉ាហ្វា ដែលជា​ជំរកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន។ នៅចំពោះមុខស្ថានការណ៍បន្ទាន់ ​ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​ប្រកាសនៅថ្ងៃចន្ទថា អ៊ីស្រាអែល​យល់ព្រម​បទឈប់បាញ់នៅហ្កាហ្សា ​នៅអំឡុងបុណ្យតមអាហារ​របស់​អ្នកកាន់សាសនាអ៊ីស្លាម។ មួយថ្ងៃក្រោយ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​កាតា​វិញបាន​និយាយ​ថា កាតា​សង្ឃឹម​ ជំរុញ​ឲ្យមានបទឈប់បាញ់ឲ្យបាន ​នៅមុន​ពិធីបុណ្យតមអាហារ ឬ រ៉ាម៉ាដង់ ដែលត្រូវចាប់ផ្តើម​នៅថ្ងៃទី​១១​មីនាខាងមុខ។ កាតាមិនទាន់ប្រាកដក្នុងចិត្ត​ថា​នឹងអាច​មានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ព្រោះថា អ្វីៗ​អាច​ប្រែប្រួលគ្រប់ពេលវេលាទៅតាម​ការសម្រេចចិត្តរបស់ភាគីជម្លោះជាពិសេស អ៊ីស្រាអែល ដែលធ្លាប់​ប្តេជ្ញាចិត្ត​បិទផ្លូវ លែងចរចាជាមួយក្រុមហាម៉ាស។ ក្រុមហាម៉ាសផ្ទាល់ដែលជា​ភាគីជម្លោះ​នៅក្នុង​សង្រ្គាមហ្កាហ្សា​ក៏បាន​ពន្លយ​ដែរថា ការដោះលែង ឬ​មិន​ដោះលែងចំណាប់ខ្មាំង អាស្រ័យទៅលើលទ្ធផលចរចា​នៅទីក្រុង​ប៉ារីស។ ក្រុមហាម៉ាស​ចង់សំដៅ​ដល់​វត្តមាន​របស់​អេមៀររបស់កាតា លោកតាមីម បិន ហាម៉ាដ អាល់ ថានី នៅទីក្រុង​ប៉ារីស ជាទីដែល​ប្រមុខរដ្ឋ​របស់​មហាសេដ្ឋីប្រេងមួយនេះ​ត្រូវ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតីបារាំងស្តីពីការដោះដូរចំណាប់ខ្មាំង។ ការដោះដូរចំណាប់ខ្មាំង​ជា​បញ្ហាអាទិភាព​សម្រាប់បារាំង ដែលមានជនជាតិ​របស់ខ្លួន​៣នាក់កំពុងជាប់ក្នុងដៃ​របស់​ក្រុមហាម៉ាស។ ជាមួយអាមេរិក អេហ្ស៊ីប​ និង​បារាំង កាតា​បានដើរតួជាអន្តរការីដ៏សំខាន់នៅក្នុងការចរចា​រវាងភាគីជម្លោះអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន។ គិតចាប់តាំងពី​ផ្ទុះសង្រ្គាម​ហ្កាហ្សា កាលពី​ដើម​ខែ​តុលា កាតា​ធ្លាប់​បង្ហាញ​ស្នាដៃ​ដែលគេ​មិនអាច​មិនកោតសរសើរបាន នោះ​គឺការ​ជួយសម្របសម្រួល បញ្ចុះបញ្ចូល​រហូតដល់​មាន​បទឈប់បាញ់មនុស្សធម៌នៅ​ហ្កាហ្សា និង​​ឈានទៅដល់​ការដោះលែង​ចំណាប់ខ្មាំង​ប្រមាណ​១០០នាក់ ដែល​ក្រុមហាម៉ាស​ចាប់អូសយកទៅ​លាក់​ទុកនៅហ្កាហ្សា​នៅ​ថ្ងៃ​ធ្វើភេរវកម្ម​ ៧តុលា។ ជោគជ័យ​របស់​កាតា​ក្នុងនាមជា​អន្តរការី​នៅក្នុង​ការចរចារវាង​ភាគីជម្លោះអ៊ីស្រាអែល និង​ក្រុមហាម៉ាស​បាន​រំលេច​ឲ្យឃើញពីភាពប៉ិនប្រសប់​នយោបាយការទូត​របស់​ប្រទេសកូនរដ្ឋ​ដ៏តូចមួយនេះ​នៅ​ឈូងសមុទ្រ​ពែរ្ស៍។ ជា​មហាសេដ្ឋីឧស្ម័ន​ធម្មជាតិ លំដាប់លេខ៣ នៅក្នុងពិភពលោក កាតាចេះប្រកាន់ជំហរពិសេស​ នោះគឺចុះសម្រុងជាមួយគ្រប់គ្នា។ នៅដៃម្ខាង កាតាចាប់ដៃល្អូកល្អឺនជាមួយ​មហាអំណាច​លោកខាងលិច ប៉ុន្តែ នៅដៃម្ខាងទៀត កាតានៅតែ​ចាប់ក្រសោប​ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមជ្រុលនិយម ដូចជា​ក្រុមប្រដាប់អាវុធហាម៉ាស ឬអ៊ីរ៉ង់ដែលជារដ្ឋ​សំអប់របស់​សម្ព័ន្ធមិត្តអាមេរិក​របស់កាតា។ សម្រាប់អ្នកជំនាញ នៅក្នុង​ការចរចា​ស្តីពីវិបត្តិនៅហ្កាហ្សា កាតា​មាន​សមត្ថភាពពិសេស​ដែលគ្មានអន្តរការីណា​មានដូចខ្លួន។ កាតា​ផ្តល់ទីតាំងសម្រាប់ឲ្យក្រុមហាម៉ាសមានទីស្នាក់ការផ្លូវការរបស់ខ្លួននៅទីក្រុង​ដូហា ក្រោមភ្លើងខៀវរបស់អាមេរិកដែលចង់មានខ្សែទាក់ទងចរចាជាមួយក្រុមនេះម្តងម្កាល។ តាមមន្រ្តីកាតា ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស​នៅ ទីក្រុង​ដូហា ធ្លាប់​ទាក់ទង​ជាមួយរដ្ឋបាលអាមេរិកជាច្រើនដើម្បីធានា​ស្ថានភាពនៅហ្កាហ្សា និង​នៅអ៊ីស្រាអែល។ ម្យ៉ាង ដោយសារ​តែកាតាជាអ្នកឧបត្ថម្ភយ៉ាងទៀងទាត់​ទឹកប្រាក់​៣០លាន​ដុល្លារសម្រាប់​បើកប្រាក់ខែ​ឲ្យ​មន្រ្តីហាម៉ាស​នៅហ្កាហ្សា​ជាង ១០ឆ្នាំមកនេះ ចង់ឬមិនចង់កាតា ដែលជាអ្នកចិញ្ចឹមចលនាហាម៉ាសនៅហ្កាហ្សា មានទំនាក់ទំនងពិសេស មាន​ទឹកមាត់ប្រៃ​នៅក្នុងរឿងចរចា​​ជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង។ ដោយសារតែកាតាមានទំនាក់ទំនង និងឧបត្ថម្ភក្រុមប្រដាប់អាវុធហាម៉ាសដែលអាមេរិកចាត់ចូលក្នុងបញ្ជីភេរវនិយម និងមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ដែលជា​សត្រូវស៊ូពូជរបស់ អាមេរិក និងអ៊ីស្រាអែល...

Duration:00:07:17

Ask host to enable sharing for playback control

មានស៊ុយអែតជាសមាជិកមួយទៀត​ តើតំបន់សមុទ្របាល់ទិក នឹងក្លាយជា “បឹង​របស់អូតង់”?

2/26/2024
កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យ​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមាន​របស់ស៊ុយអែត ក្នុងនាមជា​សមាជិក​ទី​៣២របស់អូតង់​នេះ នឹង​ហុចអត្ថប្រយោជន៍​​​ជាច្រើន ដល់សមត្ថភាព​ការពារ របស់​អូតង់នៅក្នុងតំបន់សមុទ្រ​​បាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជា​សមាជិក​អូតង់។​ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូច​​​ជាបឹងមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អូតង់ ឬមួយក៏រុស្ស៊ីនៅតែអាច​ មានលទ្ធភាព​​គំរាម​បាន​? ជាមួយនឹង​​​ការចូលជាសមាជិក ពីសំណាក់ហ្វាំងឡង់​កាលពីឆ្នាំមុន និង​​ពេល​នេះ​ថែម​​ស៊ុយអែតមួយទៀត មានន័យថា ប្រទេសទាំងអស់​ដែល​នៅព័ទ្ធសងខាងសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែ​​ជាសមាជិក​របស់អង្គការសម្ព័ន្ធមិត្ត​អូតង់។ អ្នកវិភាគខ្លះ បានសំឡឹងឃើញថា ចាប់ពីពេលនេះទៅ សមុទ្របាល់ទិក ប្រៀបបីដូចជា​ បឹងមួយរបស់អូតង់ ដែល​អង្គការសម្ព័ន្ធមិត្តនេះ អាចមានលទ្ធភាព​ធំ ក្នុង​ការ​ត្រួតត្រា រារាំង​​ទៅលើចរាចរណ៍​របស់នាវា​​ចម្បាំង​រុស្ស៊ី​​​ ក្នុងករណី​មាន​បញ្ហាវិវាទណាមួយ​កើតឡើង​។​ តែទន្ទឹមគ្នា​នេះ អ្នកវិភាគខ្លះ បាន​រំឭកថា មិនត្រូវប្រមើលមើលនិងវិភាគ ដោយសាមញ្ញបែបនេះ​ទេ ព្រោះថា​អ្វីៗអាចមិនស្រួល​​ដូចការគិត​។ ស៊ុយអែតចូលជាសមាជិកអូតង់ អាចធ្វើឲ្យអូតង់មានលទ្ធភាព​ការពារ​​បណ្តា​ប្រទេសបាល់ទិក​​បាន​​កាន់តែច្រើន​​ក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា ​រុស្ស៊ី​នឹងឈប់​ធ្វើសកម្មភាព​គំរាមតទៅទៀតនោះដែរ។ រុស្ស៊ី​នៅតែ​អាច​គំរាមមកលើសន្តិសុខតំបន់បាល់ទិក បានជានិច្ច តួយ៉ាងតាមរយៈការប្រើប្រាស់តំបន់ កាលី​នីនហ្ក្រាដ ដែលរុស្ស៊ីបានដាក់បញ្ឈរអាវុធ​យ៉ាងសន្ធឹកនៅទីនោះ។ លោកស្រី Minna Alander អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​​​ហ្វាំងឡង់ បាន​លើកឡើងថា បើយើងក្រឡេកមើលភូមិសាស្ត្រតំបន់​សមុទ្រ​បាល់ទិក គឺយើងអាចយល់ថា តំបន់​នេះ​នឹងក្លាយ​ជាបឹងមួយ ក្រោមការគ្រប់គ្រង​​​​របស់​​អូតង់​ផ្តាច់មុខ​។ តែធាតុពិត វាមិនស្រួល​ប៉ុន្មានទេ សម្រាប់អូតង់។ បើរាប់ចាប់​ពី​ថ្ងៃដែល​រុស្ស៊ី​ បានលើកទ័ពចូលទៅធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី២៤កុម្ភៈ ២០២២​ គេបាន​សង្កេតឃើញ​នូវ ហេតុការណ៍ជាច្រើនករណី។ ជាក់ស្តែង ករណីផ្ទុះ​បំពង់បង្ហូរឧស្ម័ន ​នៅ​ក្រោម​បាតសមុទ្របាល់ទិក និង​ករណី​​ដាច់ខ្សែកាបអុបទិក បាតសមុទ្រជាដើម ដែលបញ្ជាក់ថាអូតង់មានចំណុចខ្សោយ ឬមានការខ្វះខាតក្នុងការ​គ្រប់គ្រងតំបន់​នេះ​។ កាលពីខែ​ កញ្ញា​ឆ្នាំ​២០២២ បំពង់បង្ហូរឧស្ម័ន​ Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅ​កាន់អឺរ៉ុប ត្រូវបាន​ជនមិនស្គាល់​មុខ វាយ​ប្រហារ​ឲ្យ​ផ្ទុះ​បែកធ្លាយ។ ជាង​មួយឆ្នាំហើយ គេនៅរកមុខអ្នកធ្វើអំពើនេះ​ មិនទាន់​ឃើញផងទេ​។ ហើយ​កាលពីខែ​តុលាឆ្នាំ​២០២៣ បំពង់បង្ហូរឧស្ម័ន និង​ខ្សែកាបអុបទិកបាតសមុទ្រ ដែលតភ្ជាប់​រវាវ​ ហ្វាំង​ឡង់ ស៊ុយអែត និងអេស្តូនី ក៏បានរងការខូចខាតដែរ។ ផ្អែកតាមសមត្ថកិច្ចហ្វាំងឡង់ ករណី​ខូចខាតនេះ គឺដោយ​សារ​នាវាដឹកទំនិញមួយ របស់ចិន។​ ក្រោយករណី​គ្រោះថ្នាក់​ផ្ទួនៗនេះ អូតង់បាន​ព្យាយាម​បង្កើនសមត្ថភាព និង​មធ្យោបាយ​នាវា ដើម្បីធ្វើយ៉ាងណា តាមដានការពារសន្តិសុខ សុវត្ថិភាព ក្នុងតំបន់បាល់ទិកឲ្យ​ម៉ដ្ឋចត់ជាងមុន។ តែយ៉ាងណា ការ​​តាមដាន​សកម្ម​ភាព​នៅក្រោម​បាតសមុទ្រ វាមិនមែន​ជារឿងងាយនោះឡើយ​។ លោក​ Julian Pawlak អ្នក​ស្រាវជ្រាវម្នាក់​នៅសកលវិទ្យាល័យ​កងទ័ពអាល្លឺម៉ង់ បាន​លើកឡើងថា ករណីវាយ​ប្រហារ​នៅ​បំពង់បង្ហូរឧស្ម័ន​ Nord Stream បានបង្ហាញថា វាជារឿងលំបាក​ខ្លាំងណាស់ ក្នុង​ការតាមដានការពារសុវត្ថិភាពបាតសមុទ្រ​។ បើយើងក្រឡេកទៅមើលមួយ​ផ្នែកទៀត វត្តមានជាសមាជិកអូតង់ របស់ស៊ុយអែត គឺមិនត្រឹមតែនឹង​ផ្តល់ឆ្នេរឡោមព័ទ្ធសមុទ្របាល់ទិក​ប៉ុណ្ណោះទេ គឺអូតង់​អាចមាន​លទ្ធភាព​ឈរជើង ខិតមកក្នុងកណ្តាល​សមុទ្រតែម្តង តាមរយៈកោះ Gotland របស់ស៊ុយអែត។ កោះនេះ គឺជា​ទីតាំងយុទ្ធសាស្ត្រ​ជួរមុខ រវាង​ស៊ុយអែត និង​ឡេតូនី ហើយ​ប្រការនេះ នឹងអនុញ្ញាតឲ្យ​ អូតង់អាចបិទផ្លូវ​ឆ្លងកាត់ ឬរាំងខ្ទប់ត្រង់ចំនុចនេះតែម្តង​។ តែ​ទន្ទឹមនឹងនេះ រុស្ស៊ី នៅ​មិនទាន់អស់ក្រឡាដើរនោះទេ។ រុស្ស៊ីនៅមាន​មូលដ្ឋាន​យុទ្ធសាស្ត្រមួយ គឺតំបន់កាលីនីនហ្ក្រាដ។ តំបន់​ដែលស្ថិតនៅ​ចំងាយ​ជាង​១០០០គីឡូម៉ែត្រ ដាច់ពីទីក្រុងម៉ូស្គូ​នេះ គឺ​ជាទីតាំង​ជួរមុខ​លយចូលជ្រៅមកខាងអឺរ៉ុប សម្រាប់ឲ្យកងទ័ពរុស្ស៊ីអាចបើ​កប្រតិបត្តិការវាយប្រហារបាន​។ តំបន់កាលីនីនហ្ក្រាដ ដែល​ស្ថិតនៅចន្លោះ រវាងប៉ូឡូញ និង​លីទុយអានីនេះ គឺជាដែនដី​ដែល​មាន​វត្តមានយោធា និងគ្រឿងសព្វាវុធដ៏ច្រើនជាង​តំបន់ណាៗ ទាំងអស់ទូទាំងអឺរ៉ុប ក្នុងនោះរុស្ស៊ីបាន​ដាក់បញ្ឈរកម្លាំងប្រ​ព័ន្ធ​នុយក្លេអ៊ែរថែមទៀតផង​។ ផ្អែកតាម​លោក John Deni អ្នកស្រាវជ្រាវនៅ​សាលាសិកសង្គ្រាម​អាមេរិក គឺធាតុពិតទៅ បើនិយាយពី​នាវាចម្បាំងរបស់រុស្ស៊ី​ប្រចាំការនៅ​តំបន់​សមុទ្របាល់ទិក គឺ​តិចតួច និងចាស់ៗ​ណាស់ បើ​ប្រៀប​ធៀបទៅសម័យសង្គ្រាមត្រជាក់​។...

Duration:00:06:30